វិធី​ថែទាំ​ទារក​និង​កុមារ​តូច​អាយុ​ក្រោម​១​ឆ្នាំ​នៅ​រដូវ​វស្សា

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ទារក​ទើប​កើត អាច​ប្រឈម​មុខ​នឹង​ជំងឺ​ជាច្រើន បើ​សិន​ស្ត្រី​ជា​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។ គ្រូពេទ្យ​ជំនាញ លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប ត្រូវ​បំបៅ​ដោះ​កូន​តូច​ឲ្យ​បាន​យ៉ាង​តិច ៦​ខែ និង​ត្រូវ​យក​កូន​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ។

តើ​ស្ត្រី​ជា​ម្តាយ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ការពារ​ទារក​ឲ្យ​គេច​ផុត​ពី​ជំងឺ?

ទារក​ដែល​កើត​មក​ភ្លាម ត្រូវ​ឲ្យ​បៅ​ដោះ​ម្តាយ​ភ្លាម។ ស្ត្រី​ជា​ម្តាយ មុន​ឲ្យ​ទារក​បៅ​ដោះ ត្រូវ​លាង​សម្អាត​ដើម​ទ្រូង​ជា​មុន​សិន។ ការ​ឲ្យ​ទារក​ដែល​ទើប​នឹង​កើត​បោះ​ដៅ​ម្តាយ​ភ្លាម​នោះ គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​ស្ត្រី​ជា​ម្តាយ គឺ​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់​ល្អ និង​បង្ការ​ការ​ធ្លាក់​ឈាម​ខុស​ប្រក្រតី។ សម្រាប់​ទារក​វិញ តាម​រយៈ​ទឹក​ដោះ​ម្តាយ ទារក​អាច​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ ហើយ​ទឹក​ដោះ​ម្តាយ​អាច​បណ្ដាល​ឲ្យ​ពោះវៀន​ស្រូប​បាន​ល្អ​នូវ​អាហារ និង​អាច​បង្ការ​មិន​ឲ្យ​ទារក​កើត​ជំងឺ​ខាន់លឿង​ក្រោយ​ពេល​កើត។

លើស​ពី​នេះ​ទៅ​ទៀត ការ​បំបៅ​ដោះ​ដោយ​ផ្អាប់​ទារក​នៅ​នឹង​ដើម​ទ្រូង​ម្តាយ អាច​ជួយ​ការពារ​ការ​បាត់​កម្ដៅ និង​ផ្តល់​ទម្លាប់​ឲ្យ​កូន​បាន​ស្តាប់​សំឡេង​បេះដូង​ម្តាយ​ដូច​កាល​ពី​នៅ​ក្នុង​ផ្ទៃ និង​អាច​ជៀសវាង​កុំ​ឲ្យ​ទារក​គេង​ភ្ញាក់ៗ​ដូច​ចាស់​ពាក្យ​ពោល​ថា «ម្តាយ​ដើម​លង»។

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ទារក និង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត លឹម វណ្ណនិត ពន្យល់​ថា ការ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦​ខែ ជា​អ្វី​ដែល​ម្តាយ​គ្រប់​រូប​ត្រូវ​តែ​អនុវត្ត មុន​នឹង​ផ្តល់​ចំណី​អាហារ​ដល់​ទារក៖ «»។

ស្ត្រី​ជា​ម្តាយ​គ្រប់​រូប អាច​ផ្តល់​អាហារ​ផ្សេងៗ មាន​ដូចជា បន្លែ សាច់​ត្រី ស្ករ ឬ​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប អាច​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ទារក​ទទួល​ទាន​បាន បន្ទាប់​ពី​បាន​បៅ​ដោះ​ម្តាយ​បាន ៦​ខែ។

តើ​បបរ​ខាប់​គ្រប់​គ្រឿង​ជា​អ្វី និង​មាន​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ទារក?

បបរ​ខាប់​គ្រប់​គ្រឿង មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ទារក​ដែល​មាន​អាយុ​លើស​ពី ៦​ខែ។ ការ​ទទួល​ទាន​បបរ​ខាប់​គ្រប់​គ្រឿង អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ទឹក​ដោះ​គោ និង​ភេសជ្ជៈ​មួយ​ចំនួន​ផ្សេង​ទៀត។ បបរ​ខាប់​គ្រប់​គ្រឿង ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត​ដែល​ក្រសួង​សុខាភិបាល លើក​ទឹក​ចិត្ត​ឲ្យ​ម្តាយ​គ្រប់​រូប​ធ្វើ​ឲ្យ​កូន​តូច​ទទួល​ទាន។

«ចម្រៀង​បបរ​ខាប់​គ្រប់​គ្រឿង»

ស្ត្រី​ជា​ម្តាយ​គ្រប់​រូប មិន​ត្រូវ​ព​កូន​តូច​ទើប​កើត​ដើរ​ហាល​ក្តៅ​យូរ​នោះ​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​តូច​ក្តៅ រាករូស ក្អក ក្អួត និង​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​មួយ​ចំនួន ជាអាទិ៍ គ្រុន​ឈាម រលាក​សួត និង​ផ្លូវ​ដង្ហើម​ស្រួចស្រាល់។

ប្រសិន​បើ​លោក​អ្នក​ចង់​យក​កូន​ទៅ​វត្ត​នៅ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នេះ លោក​អ្នក​ត្រូវ​ប្រើ​កន្ទប ឬ​ក្រណាត់​ស្អាត​ស្លៀក​ពាក់​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​សត្វ​មូស​ខាំ និង​ធូលី​ដី​ប៉ើង​ប៉ះ។ ជា​ប្រការ​ល្អ លោក​អ្នក​មិន​គួរ​យក​ទារក​ដើរ​ឆ្ងាយ​ទេ ព្រោះ​ថា​រដូវ​ធាតុ​អាកាស​ត្រជាក់​ដែល​ងាយ​ឲ្យ​កុមារ​តូច​ប្រឈម​នឹង​ជំងឺ​ឆ្លង។

ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ទារក​ពន្យល់​ថា ចាប់​ពី​កើត​ដល់​អាយុ ៣​ខែ រយៈពេល​នេះ​ទារក​កំពុង​តែ​លូតលាស់​សរសៃ​ប្រសាទ ម្ល៉ោះ​ហើយ​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​ត្រូវ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​តម្កាត់​ឲ្យ​សោះ។

តើ​ត្រូវ​តែ​យក​ទារក​ទៅ​ចាក់​ថ្នាំ​ការពារ​ដែរ​ឬ​ទេ?

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រសួង​សុខាភិបាល បញ្ជាក់​ថា ដើម្បី​អាច​ជួយ​ការពារ​ទារក​ទើប​កើត​កុំ​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ ចាំបាច់​ស្ត្រី​ជា​ម្តាយ​ត្រូវ​យក​ទារក​ទៅ​ចាក់​ថ្នាំ​ការពារ​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក។

សូម​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប ធ្វើ​តាម​ការ​ណែនាំ​របស់​បុគ្គលិក​សុខាភិបាល​នៅ​តាម​មណ្ឌល​សុខភាព។ ស្ត្រី​ជា​ម្តាយ ត្រូវ​ចងចាំ​ថា ការ​ហត់​នឿយ​បន្តិចបន្តួច​ក្នុង​ការ​ថែទាំ​កូន​តូច ដូចជា​ក្តៅ​ខ្លួន​ក្រោយ​ពេល​ចាក់​ថ្នាំ​ការពារ គឺ​ប្រសើរ​ជាង​ការ​យក​ជីវិត​ទារក​ទៅ​ប្រឡែង​លេង​នឹង​ជំងឺ​សាហាវ​ផ្សេងៗ ព្រោះ​ថា ទារក​តូច​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ​ណាស់ ដែល​ហេតុ​មិន​អាច​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ដែល​ងាយ​ឆ្លង​បាន​នោះ​ឡើយ។

ប្រសិន​បើ​ស្ត្រី​ជា​ម្តាយ​មិន​យក​ទារក​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ទេ​នោះ ក្មេង​តូចៗ​អាច​ប្រឈម​មុខ​នឹង​ជំងឺ ហើយ​អាច​បង្ក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​អាប់​បញ្ញា​ស្មារតី ខ្វាក់ ថ្លង់ គ្រុន​ស្វិត​ដៃ​ជើង ប្រកាច់ ទឹក​ដក់​ក្នុង​ក្បាល ជំងឺ​របេង រលាក​ស្រោម​ខួរ​ក្បាល និង​ជំងឺ​ផ្សេង​ទៀត ដែល​បណ្ដាល​មក​ពី​មិន​បាន​ចាក់​ថ្នាំ​សម្រាប់​ការពារ​ទារក​ទុក​ជា​មុន។

ទារក​ដែល​ទើប​កើត​ភ្លាម មាន​ជាប់​លើ​ខ្លួន​ដូច​ខ្លាញ់​គោ តើ​នេះ​ជា​ផល​វិបាក​បណ្ដាល​មក​ពី​ស្ត្រី​ជា​ម្តាយ​ហូប​ខ្យងខ្ចៅ​មែន​ទេ?

ប្រធាន​គ្លីនិក​សើ​ស្បែក​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក​វេជ្ជបណ្ឌិត ថៃ គា បញ្ជាក់​ថា ជាតិ​ស្អិត​លើ​ខ្លួន​ទារក​នោះ គឺ​ជួយ​ការពារ​ស្បែក​របស់​ទារក​ឲ្យ​មាន​សុខភាព​ល្អ និង​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ចំពោះ​ទារក​នោះ​ទេ។ ម្ល៉ោះ​ហើយ លោក​អ្នក​មិន​ត្រូវ​ជូត​សម្អាត ព្រោះ​វា​នឹង​ស្រូប​បាត់​អស់​ទៅ​វិញ​ក្នុង​រយៈពេល ២ ទៅ ៣​ថ្ងៃ​ក្រោយ៖ «»។

តើ​អនាម័យ​ក្នុង​ការ​រស់នៅ​របស់​ទារក​សំខាន់​យ៉ាង​ណា​ចំពោះ​សុខភាព​កូន​តូច?

ស្ត្រី​ជា​ម្តាយ ត្រូវ​ងូត​សម្អាត​ទង​ផ្ចិត​ដែល​មិន​ទាន់​ជ្រុះ​ឲ្យ​ស្អាត​ល្អ។ លោក​អ្នក​ត្រូវ​ប្រើ​កន្ទប​ដែល​ស្អាត ដោយ​ជៀសវាង​កន្ទប​ចាស់​ពេក។ កន្ទប​ចាស់​អាច​មាន​ផ្ទុក​នូវ​មេរោគ បាក់តេរី ធូលី ដែល​អាច​បណ្ដាល​ឲ្យ​ទារក​ងាយ​ក្អក រមាស់ ផ្ដាសាយ ជាដើម។ លោក​អ្នក​មិន​ត្រូវ​ថើប​ទារក​ជា​ដាច់ខាត នៅ​ពេល​លោក​អ្នក​កំពុង​មាន​ជំងឺ​ផ្ដាសាយ ផ្ដាសាយ​ធំ ព្រោះ​អាច​ចម្លង​ទៅ​ទារក​បាន​យ៉ាង​ងាយ​បំផុត។

ប្រការ​សំខាន់​មួយ​ទៀត កន្លែង​គេង​របស់​ទារក​ត្រូវ​មាន​ពន្លឺ​គ្រប់គ្រាន់ ខ្យល់​អាកាស​ល្អ​បរិសុទ្ធ​គ្រប់គ្រាន់​សម្រាប់​ដក​ដង្ហើម និង​មិន​ត្រូវ​ឲ្យ​មាន​ផ្សែង ឬ​ធូលី​ដី​ប៉ះ​ផ្ទាល់​ចំពោះ​ទារក​ជា​ដាច់ខាត។

ឯកសារ​សុខភាព​បញ្ជាក់​ថា លោក​អ្នក​មិន​ត្រូវ​ចិញ្ចឹម​សត្វ​ឆ្កែ ឆ្មារ មាន់ ទា នៅ​ក្បែរ​ទារក ព្រោះ​ថា​កូន​តូចៗ​ងាយ​ឆ្លង​ជំងឺ​ពី​សត្វ។

«ចម្រៀង​លាង​ដៃ​នឹង​សាប៊ូ»

ប្រការ​គួរ​ចងចាំ​មួយ​ទៀត​នោះ គឺ​ស្ត្រី​ជា​ម្តាយ​គ្រប់​រូប ត្រូវ​លាង​សម្អាត​ដៃ និង​ដើម​ទ្រូង​ឲ្យ​បាន​ស្អាត​ល្អ មុន​នឹង​បំបៅ​ដោះ ឬ​ប៉ះ​ទារក។ ទន្ទឹម​នឹង​នេះ​ដែរ លោក​អ្នក​ត្រូវ​លាង​ចាន ឆ្នាំង​ឲ្យ​ស្អាត និង​ត្រូវ​ប្រើ​ទឹក​ស្អាត​មាន​សុវត្ថិភាព មុន​នឹង​ឲ្យ​ទារក​ទទួល​ទាន ឬ​ងូត​សម្អាត។ ការ​លាង​ដៃ និង​សម្ភារៈ​ប្រើ​ផ្សេងៗ ចាំបាច់​ត្រូវ​ប្រើប្រាស់​សាប៊ូ​ជាប់​ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។