តើ​រោគ​សញ្ញា​នៃ​ជំងឺ​អូទីហ្សីម (Autism) មាន​អ្វីខ្លះ?

ដោយ ម៉ៅ សុធានី
2021.07.01
តើ​រោគ​សញ្ញា​នៃ​ជំងឺ​អូទីហ្សីម (Autism) មាន​អ្វីខ្លះ? ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​​កូនប្រុស​តូច​ដែល​​មាន​ជំងឺ​អូទីហ្សឹម កាល​​រស់នៅ​លាក់​ខ្លួន​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ជំងឺ​អូទីហ្សឹម (Autism) អាច​កើត​មានឡើង​ចំពោះ​ទារក នៅ​ពេល​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្ដាយ។ ភាគច្រើន​កុមារ​ដែល​កើត​ជំងឺ​នេះ បង្ហាញ​រោគ​សញ្ញា នៅ​ពេល​អាយុ ចន្លោះ​ពី ៣​ខែ ទៅ​២​ឆ្នាំ។ គេ​អាច​កត់​សំគាល់​ថា កុមារ​កើត​ជំងឺ​អូទីហ្សឹម ដោយសារ​កុមារ​នោះ​ចូលចិត្ត​នៅ​ម្នាក់ឯង មិន​ចាប់អារម្មណ៍​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្លួន អាយុ​ដល់​២​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ចេះ​និយាយ និង​ពេល​ខឹង​ម្តងៗ​មិន​ចង់​ឱ្យ​គេ​លួងលោម ជាដើម។

តើ​អាច​មាន​វិធី​ណាខ្លះ ដើម្បី​ការពារ​និង​ព្យាបាល​អ្នកជំងឺ​អូទីហ្សឹម?

ក្រុម​គ្រូពេទ្យ​ជំនាញ​កុមារ ឱ្យ​ដឹង​ថា ជំងឺ​អូទីហ្សឹម គឺជា​ប្រភេទ​ពិការភាព នៃ​ការ​អភិវឌ្ឍ​ខួរក្បាល​និង​ផ្លូវចិត្ត​របស់​កុមារ ដែល​ជា​ហេតុនាំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការលូតលាស់​រាងកាយ សតិបញ្ញា​ស្មារតី ប៉ះពាល់​ផ្នែក​ទំនាក់ទំនង​សង្គម និង​ការ​ស្ដែង​ចេញ​នូវ​អាកប្បកិរិយា​របស់​កុមារ​។ កុមារ​អូទីហ្សឹម ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ រួម​មាន ឪពុកម្ដាយ បងប្អូន និង​កុមារ​ដទៃ ដោយ​បង្ហាញ​កាយវិការ ចរិត​ឫកពារ ខុសប្លែក​ពី​មនុស្ស​ធម្មតា។

គេហទំព័រ​សុខភាព​វិបអឹមឌី (WebMD) នៅ​សហរដ្ឋអាមេរិក ឱ្យ​ដឹង​ថា កុមារ​កើត​ជំងឺ​អូទីហ្សឹម ភាគច្រើន​បង្ហាញ​រោគសញ្ញា​ក្នុង​អាយុ​ចន្លោះ​ចាប់ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ ដូចជា កុមារ​នោះ​ចូលចិត្ត​ធ្វើ​កាយវិការ​ក្ដាប់ដៃ ទះដៃ បក់ដៃ យក​ក្បាល​ទៅ​បោក​ទង្គិច​នឹង​វត្ថុ​ដែល​នៅ​ជិត​ខ្លួន រឹងរូស ស្រែកយំ​ខ្លាំងៗ​ទាមទារ​អ្វីមួយ មាន​អារម្មណ៍​ឆាប់​ប្រែប្រួល ខឹង​ឆេវឆាវ​ច្រើន ជាដើម​។ បន្ថែម​ពី​នេះ កុមារ​កើត​អូទីហ្សឹ​ម អាយុ​២​ឆ្នាំ​ហើយ មិន​អាច​ឆ្លើយ​តប នៅ​ពេល​ហៅ​ចំ​ឈ្មោះ មិន​ចូលចិត្ត​សម្លឹង​មើល​ភ្នែក​អ្នកណា​ឡើយ ហើយ​ស្ថានភាព​របស់​ពួកគេ អាច​ប្រែប្រួល​ទៅតាម​កុមារ​នីមួយៗ និង​កម្រិត​ពិការភាព។

គេហទំព័រ​ដដែល​បន្ត​ថា គេ​មិន​អាច​ដឹង​ច្បាស់​ពី​មូលហេតុ​នាំ​ឱ្យ​កុមារ​ជំងឺ​អូទីហ្សឹម​ទេ ក៏ប៉ុន្តែ​ជំងឺ​នេះ អាច​បណ្តាល​មក​ពី ហ្យីន (Gene) ឬ​តំណពូជ និង​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ចាប់កំណើត រួមផ្សំ​នឹង​កត្តា​បរិស្ថាន​។ គេ​នៅ​មិនទាន់​មាន​ការស្រាវជ្រាវ​ណាមួយ​ដែល​បញ្ជាក់​អំពី​មូលហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​អូទីហ្សឹម ដោយសារ​ចាក់​វ៉ាក់សាំង​ការពារ ឬ​ម្ដាយ​ឆ្លង​មេរោគ​នៅពេល​មានគភ៌​នោះ នៅ​ឡើយ​ទេ។ ក្នុង​ករណី​កម្រ​ខ្លះ ទារក​មាន​ពិការភាព​ដោយសារ​ម្ដាយ​ប៉ះពាល់ ឬ​ស្រូប​ក្លិន​គីមី នៅ​ពេល​មាន​គភ៌។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​កើត​ជំងឺ​អូទីហ្សឹម វិវត្ត​ខុសៗ​គ្នា​និង​ចែកចេញជា​៣​ដំណាក់កាល​។ លោក​បន្ត​ថា កុមារ​ដែល​មាន​ជំងឺ​អូទីហ្សឹម ត្រូវការ​កិច្ច​គាំទ្រ​ខ្លាំង ពី​ឪពុកម្ដាយ សមាជិក​ក្នុង​គ្រួសារ ឬ​អាណាព្យាបាល និង​ទទួល​សេវា​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ៖ «ជំងឺ​អូទីហ្សឹម​ចែកចេញជា ៣ ដែល​ដំណាក់កាល​ទី​១ អ្នកជំងឺ​យើង​អាច​មើល​ជា យើង​អាច​ជួយ​គាត់​បាន​។ ដំណាក់កាល​ទី​២ អាច​ឲ្យ​គាត់​និយាយ​ម្នាក់ឯង វង្វេងវង្វាន់ ហើយ​គិត​ច្រើន ជួនកាល​គិត​ខុស​រឿង។ ដំណាក់កាល​ទី​៣ ដូច​មនុស្ស​ឆ្កួត​អ៊ីចឹង ដើរ​ពេញ​ផ្លូវ​និយាយ​តែម្នាក់ឯង​។ ក្នុង​សង្គម​យើង​សព្វថ្ងៃ ឃើញ​មនុស្ស​អ៊ីចឹង​ហើយ យើង​មិន​លើកទឹកចិត្ត​បែរជា​ស្តី​ឲ្យ វាយ​ធ្វើបាប​គ្នា កាន់តែ​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​កាន់តែ​ខ្លាំង​...»

គេហទំព័រ​សុខភាព​វិបអឹមឌី (WebMD) ឲ្យ​ដឹងផង​ដែរ​ថា ជំងឺ​អូទីហ្សឹម​នេះ​គេ​មិន​អាច​ធ្វើតេស្ត​ឈាម ឬ​ថត​ខួរក្បាល ដើម្បី​បញ្ជាក់​ពី​រោគសញ្ញា​ទាំងនេះ​បានទេ ក៏ប៉ុន្តែ​សំខាន់​បំផុត មាតាបិតា​ត្រូវ​យក​កូន​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​កុមារ ឬ​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ ដើម្បី​សាកសួរ និង​ពិនិត្យ​មើល ពី​សកម្មភាព និង​កាយវិការ​របស់​ពួកគេ។

ការស្រាវជ្រាវ​បង្ហាញ​ថា ការ​ស្វះ​ស្វែង​រក​ជំនួយ​ភ្លាមៗ ដល់​កុមារ​កើត​ជំងឺ​អូទីហ្សឹ​ម​នៅ​អាយុ​ក្មេង នឹង​អាច​ផ្ដល់​លទ្ធផល​ជា​វិជ្ជមាន​ដល់​ពួកគេ ក្នុង​ជីវិត​រស់នៅ​ទៅ​ថ្ងៃ​អនាគត​។ ទោះបី​ថា អូទីហ្សឹម​ពាក់ព័ន្ធ ការ​លូតលាស់​និង​សរសៃប្រសាទ​ក៏ដោយ ក៏​ក្មេង​មួយ​ចំនួន​អាច​មាន​សមត្ថភាព​ក្នុង​ការ​រៀនសូត្រ ការ​គិត និង​ការ​ដោះស្រាយ​បញ្ហា​បាន​លឿន​យ៉ាង​ឆាប់រហ័ស​បាន​ដែរ។

លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មាន​ប្រសាសន៍​បន្ត​ថា ឪពុកម្ដាយ​ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​សំរាប់​កូនៗ និង​បង្ហាត់​បង្ហាញ​ពី​សារសំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ក្រុម​គ្រួសារ និង​ជាមួយ​អ្នកដទៃ​។ ប្រសិនបើ​មាន​កូន កើត​ជំងឺ​អូទីហ្សឹម ត្រូវ​បង្កើន​យក​ចិត្តទុកដាក់​បន្ថែម ចំពោះ​អាកប្បកិរិយា​ប្រែប្រួល និង​តម្រូវការ​ចាំបាច់​របស់​ពួកគេ​៖ «ស្ថានភាព​គ្រួសារ​មួយ​ដ៏​ល្អ អាច​ព្យាបាល​ជំងឺ​អូទីហ្សឹម​ពី​កំណើត ប៉ុន្តែ​ស្ថានភាព​ក្រុម​គ្រួសារ​មិនល្អ បាក់​បែក​គ្នា ឃោរឃៅ លែងលះ​គ្នា ឪពុក​សម្លាប់​ម្តាយ ម្តាយ​ក្បត់​ឪពុក អ៊ីចឹង​កាន់តែ​ធ្វើ​ឲ្យ​ក្មេង​ហ្នឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​។ ឪពុក​ម្តាយ​ដែល​ដឹង​កូន​អ៊ីចឹង ត្រូវ​លើកទឹកចិត្ត​ក្មេង​ជានិច្ច កុំ​បង្ខំ​ឲ្យ​ធ្វើ​អ្វី​នោះ​ទេ ប្រសិនបើ​ក្មេង​ហ្នឹង​មិន​ចង់​ធ្វើ​អ្វី កុំ​បង្ខំ​ក្មេង​ហ្នឹង​ឲ្យ​សោះ ជាហេតុ​នាំ​ឲ្យ​វា​កាន់តែ​បាក់​ទឹកចិត្ត​កាន់តែ​ខ្លាំង​...»

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​លើកឡើង​ថា វិធី​ល្អ​បំផុត​ដើម្បី​ជៀសវាង​កុំឱ្យ​ទារក​កើត​ជំងឺ​អូទីហ្សឹម ម្ដាយ​នៅ​ពេល​មានគភ៌ ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​អំពី​សុខភាព​របស់​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ​។ សំខាន់​ជាង​នេះ​ទៀត គឺ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ទៀងទាត់ ដើម្បី​ពិនិត្យ​ការលូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ និង​លេបថ្នាំ​វីតាមីន ឬ​ថ្នាំ​ជំនួយ​ផ្សេងៗ​ទៀត ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ គ្រូពេទ្យ​ជំនាញ​ផ្តល់​ដំបូន្មាន​ថា ស្ត្រី​មានគភ៌​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត ដោយ​កុំ​ប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ជាដើម។ ប្រសិនបើ​ស្ត្រី​មាន​គភ៌ មាន​ជំងឺ ឬ​មាន​បញ្ហា​សុខភាព​ណាមួយ មុន​លេបថ្នាំ​អ្វីមួយ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

របាយការណ៍​ស្រាវជ្រាវ​ដដែល​បន្ត​ថា កម្រិត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​អូទីហ្សឹម ប្រែប្រួល​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់​ទៀត​។ កុមារ​ខ្លះ អាច​ធំ​ឡើង រស់នៅ​ធម្មតា​ដូច​គេឯង ក៏ប៉ុន្តែ មាន​ករណី​ខ្លះ ពិការ​ភាព​ធ្ងន់ធ្ងរ តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​រស់នៅ​កន្លែង ផ្ដល់​សេវា​ថែទាំ​សុខភាព។

កម្ពុជា គ្មាន​តួលេខ​ច្បាស់លាស់​ពី​អត្រា​កុមារ​កើត​ជំងឺ​អូទីហ្សឹម​ទេ ប៉ុន្តែ​ប្រធាន​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សំរាប់​ជន​ពិការ​ខ្សោយសតិ​បញ្ញា និង​អូទីហ្សឹម (the Hands of Hope Community organization) លោក ចាន់ សារិន ប្រាប់​កាសែត​ក្នុងស្រុក​ថា បច្ចុប្បន្ន កុមារ​កើត​ជំងឺ​អូទីហ្សឹម​នៅ​កម្ពុជា អាច​មាន​ចន្លោះ​ពី ៥​ពាន់ ទៅ​ដល់ ១​ម៉ឺន​នាក់។

កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ក្រសួង​អប់រំ បាន​ប្រកាស​ផ្តល់​ជំនួយ​ថវិកា និង​យក​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​នេះ មក​គ្រប់គ្រង​វិញ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រីក​និង​ផ្សព្វផ្សាយ​គុណភាព​អប់រំ​ពិសេស សំរាប់​កុមារ​មាន​ជំងឺ​អូទីហ្សឹម នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។