តើមូលហេតុអ្វីបណ្ដាលឱ្យឈឺខ្នង និងចង្កេះ?
2021.02.11
ការឈឺចង្កេះ ឬឈឺឆ្អឹងខ្នងបណ្តាលមកពី មូលហេតុធំៗបីយ៉ាង រួមមានការ រងរបួស ឬគ្រោះថ្នាក់ ឥរិយាបថអង្គុយ ឬឈរមិនត្រឹមត្រូវ និងការវិវត្តន៍នៃអាយុកាលរបស់មនុស្ស។ នៅពេលអាយុកាន់តែចាស់ ភាគច្រើនគឺឈឺឆ្អឹងខ្នងផ្នែកខាងក្រោម (lower back pain) ដែលបណ្ដាលមកពីការសឹករិចរិលនៃទ្រនាប់ឆ្អឹងកង ឬបញ្ហារលាកសន្លាក់ឆ្អឹង និងពុកឆ្អឹងជាដើម។
តើមានវិធីណាខ្លះ ដើម្បីកាត់បន្ថយការឈឺឆ្អឹងខ្នង ឬចង្កេះ?
បញ្ហាឈឺខ្នងឈឺចង្កេះ គឺកើតឡើងលើមនុស្សគ្រប់ៗគ្នា មិនថាស្រីឬប្រុស អាយុលើសពី៤០ឆ្នាំឡើងទៅ ប្រសិនបើអសកម្មក្នុងការរស់នៅប្រចាំថ្ងៃ។ នេះបើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី ខ្មែរ-អាមេរិកាំង ដែលលោកបានពន្យល់ក្នុងគណនីហ្វេសប៊ុក របស់លោក។
លោកបន្តថា ករណីអ្នកឈឺឆ្អឹងខ្នងខ្លះ ដោយសារមានជំងឺរលាកសន្លាក់ឆ្អឹង និងជំងឺមហារីក៖ «មនុស្សប្រុសស្រី ដល់ពេលចាស់បន្តិចទៅ ឈប់ហាត់ប្រាណ តែងតែឈឺឆ្អឹងខ្នង ហើយជាជំងឺច្រើនជាងគេក្នុងពិភពលោក ដែលមនុស្សភាគច្រើនពិការ និងអត់បានទៅធ្វើការដោយបញ្ហាហ្នឹង។ មនុស្សនៅក្មេងអត់សូវឈឺទេ ព្រោះមានសាច់ដុំក្បាលពោះ ដល់ពេលអង្គុយ គឺវាត្រង់ ម្ល៉ោះហើយឆ្អឹងខ្នងអត់ពត់ទេ។ អ៊ីចឹងរៀនអង្គុយឱ្យត្រង់ ឧស្សាហ៍ងើបពត់ខ្លួនប្រាណ ហ្នឹងជួយទី១ ទី២ យើងកុំលើករបស់ធ្ងន់ ហើយទី៣ ទម្ងន់ខ្លាំងពេក វាសង្កត់ទៅលើឆ្អឹងខ្ចី នាំឱ្យពុក ឬបាក់»។
លោកវេជ្ជបណ្ឌិតជំនាញរូបនេះបន្តថា អ្នកជក់បារី មិនត្រឹមធ្វើឱ្យប៉ះពាល់ដល់បេះដូង និងសរសៃឈាមក្នុងខួរក្បាលទេ ប៉ុន្តែវាក៏នាំឱ្យបញ្ហាដល់ឆ្អឹងផងដែរ។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ពីមូលហេតុធ្ងន់ធ្ងរដល់សុខភាព ដោយសារការជក់បារី៖ «ការជក់បារីបណ្ដាលឱ្យធ្ងន់ធ្ងរជាងគេ ធ្វើឱ្យមានបញ្ហាឆ្អឹង ដោយសារទី១ សរសៃឈាម រត់ដើម្បីចិញ្ចឹមសារធាតុកោសិកាឆ្អឹង អត់ដំណើរការ។ បារីមានសារធាតុគីមីមួយទៅបំផ្លាញ សរីរាង្គសរសៃឈាម វាធ្វើឱ្យរឹងកក ដល់អ៊ីចឹងឈាមអត់ដំណើរការទេ។ ប្រសិនបើអត់ដំណើរការលើសរសៃខួរក្បាល ងាប់ខ្លួនមួយចំហៀង បើអត់ដំណើរការបេះដូង វានាំឱ្យគាំងបេះដូង។ បើអត់ដំណើរការលើសរសៃឈាមសម្រាប់បញ្ចេញអុកស៊ីហ្សែន ដូចនេះឆ្អឹងមានបញ្ហាច្រើន...»
គេហទំព័រសុខភាពវ៉ិបអឹមឌី (WebMD) ឱ្យដឹងថា អ្នកឈឺឆ្អឹងខ្នង ខ្លះមានអាការៈរោគសញ្ញាឈឺសាច់ដុំ ឬថ្លោះសរសៃ ដោយសារលើកធ្ងន់។ ករណីខ្លះទៀត ឈឺចុកចាប់ខ្លាំងនៅជើងម្ខាង ឬជើងទាំងពីរ រហូតដល់ក្រោមជង្គង់ នៅពេលអោន ឈរ ឬដើរ កម្លាំងចុះខ្សោយ និងស្រកទម្ងន់ជាដើម។ ប្រសិនបើការឈឺចុកចាប់នោះមិនបានគ្រាន់បើ ក្នុងអំឡុងពេល២ ឬ៣សប្ដាហ៍ អ្នកជំងឺត្រូវណាត់ជួបគ្រូពេទ្យដើម្បីថតពិនិត្យឆ្អឹងខ្នង រកមូលហេតុពិតប្រាកដ មុនទទួលបានការព្យាបាល។
គេហទំព័រដដែលបន្តថា ការឈឺខ្នងឬចង្កេះមាន៤ប្រភេទធំៗ ទី១ ថ្លោះគ្រេច ឬហើមសរសៃសាច់ដុំ ដោយសារលើកធ្ងន់ ឬធ្វើចលនាខុសឆ្គងណាមួយ ទីពីរ ទ្រនាប់ឆ្អឹងកង (ruptured disks) នៅផ្នែកខាងក្រោមចង្កេះ ដាច់រហែក ឬសឹក រួចទៅប៉ះនឹងសរសៃ។ ទី៣ គឺដោយសារបញ្ហារលាកសន្លាក់ឆ្អឹង (Arthritis ) ហើយចំណែកទី៤វិញ គឺដោយសារជំងឺពុកឆ្អឹង (Osteoporosis )។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា ដើម្បីដឹងពីមូលហេតុពិតប្រាកដនៃការឈឺឆ្អឹងខ្នងនេះ គ្រូពេទ្យជំនាញឆ្អឹង នឹងថតឆ្លុះដោយប្រើឧបករណ៍ពិសេស គឺអឹមអារ៍អាយ (MRI) ឬ CT SCAN ដែលអាចមើលឃើញឆ្អឹងកង ឬថាស (Disk) នៅចន្លោះឆ្អឹងខ្នងដែលខូច សឹករិចរិល ឬឆ្អឹងលានចេញមកក្រៅ គាបសរសៃ ឬក៏ឃើញដុំពកនៅបំពង់ឆ្អឹងខ្នង៖ «ជួនកាលឆ្អឹងខ្ចីនេះ បើយើងអត់ប្រយ័ត្នទេ គឺវាអាចកកិតចេញមកក្រៅ គាបលើសរសៃ ចុកចាប់ណាស់ ឈឺរោយដល់ជើង ហ្នឹងអត់បាត់ទេ គឺត្រូវតែវះកាត់។ ជួនកាលវាអត់ធ្លាយទេ គឺគ្រាន់តែឆ្អឹងស្តើងឡើងៗ ហើយជួនកាលទៅវាប្រេះបែក អ៊ីចឹងវាធ្វើឱ្យយើងចុកឆ្អឹងខ្នង ហើយបើចុកទៅ យើងប្រើទឹកក្តៅស្អំ ឬធ្វើសរសៃទៅ ជាធម្មតាមួយអាទិត្យហ្នឹងគឺបាត់ហើយ...»។
ទាំងលោកវេជ្ជបណ្ឌិត គួច ម៉េងលី និងគេហទំព័រសុខភាព WebMD ផ្ដល់ដំបូន្មានថា ដើម្បីរក្សាឆ្អឹងខ្នងឱ្យបានរឹងមាំល្អ គឺហាត់ប្រាណពង្រឹងសាច់ដុំក្បាលពោះ ហើយជម្រើសដ៏ល្អគឺដើរ ឬហែលទឹក។ ប្រើវិធីម៉ាស្សាថ្នមៗទៅលើចង្កេះ ស្អំទឹកកកឬទឹកក្តៅ នៅកន្លែងឈឺខ្នងឬចង្កេះ រក្សាទម្ងន់ កុំឱ្យធាត់ខ្លាំងពេក បញ្ឈប់ការជក់បារី ជៀសវាងចលនាណាមួយ ឬលើកធ្ងន់ ដែលនាំឱ្យថ្លោះសរសៃឬគ្រេចសាច់ដុំ។ អនុវត្តកាយវិការអង្គុយឬឈរឱ្យបានត្រឹមត្រូវ ប្រសិនបើត្រូវឈរយូរវិញ កុំដាក់ជើងទាំងពីរស្មើគ្នា គឺជើងម្ខាងខ្ពស់ជាង ដើម្បីបន្ថយទម្ងន់ទៅលើដងខ្លួន។ បន្ថែមពីនេះ ប្រសិនបើអង្គុយធ្វើការយូរវិញ ត្រូវឧស្សាហ៍ងើបដើរចេញ រៀងរាល់៣០នាទី និងដាក់ខ្នើយកល់ពីខាងក្រោយខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។