តើ​មាន​មូលហេតុ​អ្វី​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ?

2024.03.28
តើ​មាន​មូលហេតុ​អ្វី​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ? គ្រូពេទ្យ​ផ្នែក​ប្រព័ន្ធរំលាយ​អាហារ​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត (Calmette) កំពុង​ផ្ដល់​ការ​ពិគ្រោះ​ដល់​អ្នកជំងឺ។
រូប៖ មន្ទីរពេទ្យ កាល់ម៉ែត (Calmette)/2023-11-07

ការស្រាវជ្រាវ​ជាច្រើន​រក​ឃើញ​ថា ៩០% នៃ​អ្នក​កើត​ជំងឺមហារីក​ពោះវៀនធំ គឺ​ភាគច្រើន​មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ បណ្តាល​មក​ពី​កត្តា​ពូជ​របប​អាហារ​ទទួល​ទាន​ប្រចាំថ្ងៃ ដូចជា​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន (high-fat diet) មាន​ជាតិ​សរសៃ​តិច (lower fiber) ការ​សេព​សុរា​ច្រើន និង​ការ​ជក់បារី ជាដើម។

តើ​ជំងឺមហារីក​ពោះវៀនធំ មាន​រោគ​សញ្ញា​អ្វីខ្លះ​? ហើយ​គេ​អាច​មាន​វិធី​ណា ដើម្បី​កាត់បន្ថយ ឬ​បង្ការ​ជំងឺមហារីក​មួយ​នេះ?

ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​រួមមាន ឈឺពោះ ឈឺ​ចុកចាប់​និង​ឆ្អល់​ក្នុង​ពោះ​ជានិច្ច ប្តូរ​ទំលាប់​បទ​ជើង​ធំ ឈាម​ក្នុង​លាមក រាករូស ទល់លាមក អស់កម្លាំង និង​ស្រក​ទំងន់​ខ្លាំង​ដោយ​មិនដឹង​មូលហេតុ​។ បន្ថែម​ពី​នេះ ប្រការ​ដែល​មាន​ដុំ​សាច់​ដុះ​ក្នុង​ពោះវៀនធំ ឬ​ផូលីព (Polyps) ដុះ​រីក​កាន់តែ​ធំ ដោយ​មិនបាន​កាត់​យកចេញ ទុក​យូរៗ​ទៅ ក៏​ជា​កត្តា​នាំ​ឲ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ​ដែរ។

ភាគច្រើន​អ្នកមាន​សាច់​ដុះ​ក្នុង​ពោះវៀនធំ (Polyps) និង​អ្នកមាន​ជំងឺមហារីក​ពោះវៀនធំ មិន​បង្ហាញ​រោគសញ្ញា​អ្វី​នោះ​ទេ នៅ​ដំណាក់កាល​ដំបូងៗ​។ អាស្រ័យហេតុនេះ ការ​ឆ្លុះ​ពោះវៀន ឬ​សុង​ពោះវៀន​ទៀងទាត់ ក្រោយពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ គឺ​មាន​សារៈសំខាន់​ណាស់ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ពី​ការ​ស្លាប់​ដោយសារ​ជំងឺមហារីក​ពោះវៀនធំ។

គ្រូពេទ្យ​ជំនាញ​ឯកទេស​ទូទៅ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់​គ្លីនីកមេត្តា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ ពួកគេ​មិន​មាន​លទ្ធភាព​បង់ប្រាក់ ដើម្បី​អាច​ឆ្លុះ​ពោះវៀនធំ​បាន​ឡើយ​។ បញ្ហា​នេះ​ហើយ ជាហេតុ​នាំ​ឲ្យ​នៅពេល​អ្នកជំងឺ​មក​ជួប​គ្រូពេទ្យ គឺ​ស្ថិតនៅ​ដំណាក់​ការ​ចុងក្រោយ​នៃ​ជំងឺមហារីក​រួចទៅ​ហើយ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «នៅ​ស្រុក​ខ្មែរ តម្លៃ​ចន្លោះ​ពី ១៥០​ដុល្លារ ដល់​៤០០​ដុល្លារ នៅ​តាម​មន្ទីរពេទ្យ នៅពេល​សុង​ពោះវៀន​ម្តងៗ​។ យើង​ឃើញថា អ្នក​ដែល​មាន​លុយ ពេល​អាយុ​ពី ៤៥​ឆ្នាំ ៥០​ឆ្នាំ​ឡើង​ទៅ ទោះ​អត់​មាន​រោគសញ្ញា ក៏​គេ​មក​សុង​ពោះវៀន​ដែរ​។ ប៉ុន្តែ​ចំពោះ​អ្នកមាន​ជីវភាព​ខ្វះខាត កុំ​សូម្បីតែ​មើល​ពោះវៀន សូម្បី​មក​ពិនិត្យមើល​ឈាម​នោះ ក៏​២០​ឆ្នាំ​ឬ ៣០​ឆ្នាំ មិនដែល​មក​មើល​ផង ដោយសារ​ក្រ​គ្មាន​ប្រាក់​»

ពោះវៀនធំ​ដែល​ជា​សរីរាង្គ​ចុង​បំផុត​នៃ​ប្រព័ន្ធ​រំលាយ​អាហារ មាន​តួនាទី​ស្រូប ឬ​បឺត​យកជាតិ​ទឹក និង​ជីវជាតិ​ចេញពី​ចំណី​អាហារ ហើយ​បញ្ចូល​ទៅ​ក្នុង​ឈាម​។ មុខងារ​សំខាន់​មួយទៀត​របស់​ពោះវៀនធំ គឺ​ប្រមូលផ្ដុំ​កាកសំណល់​ហើយ​បញ្ចេញ​មក​ក្រៅ ក្លាយជា​លាមក​។ នៅពេល​កោសិកា​របស់​ពោះវៀនធំ​នេះ រីក​លូតលាស់​មិន​ប្រក្រតី គេ​ហៅថា ជំងឺ​មហារីក​ពោះវៀនធំ។ មហារីក​ពោះវៀនធំ​នេះ ច្រើន​កើតឡើង​ទៅលើ​មនុស្ស ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​មហារីក​ពោះវៀន​។ មហារីក​នេះ ក៏​អាច​បណ្តាល​មក​ពី​ការ​កកើត​សាច់​ដុះ​ក្នុង​ពោះវៀន ហៅថា ផូលីព (Polyps) ហើយ​ជាទូទៅ សាច់​ដុះ​នេះ មិនមែន​ជា​មហារីក​ទេ ប៉ុន្តែ​ករណី​ខ្លះ​អាច​ប្រែក្លាយ​ជា​មហារីក​ពោះវៀនធំ​បាន​ដែរ ប្រសិន​ទុក​យូរ​មិនបាន​យក​ចេញ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍​បន្ត​ថា របប​អាហារ​ទទួល​ទាន​ប្រចាំថ្ងៃ មាន​សារៈសំខាន់​ណាស់ ដែល​មនុស្ស​គ្រប់ៗ​គ្នា មិន​ថា​ចាស់ ឬ​ក្មេង ត្រូវ​បរិភោគ​អាហារ​មាន​ជីវជាតិ​ល្អ រួម​មាន​បន្លែ​ផ្លែឈើ មាន​ជាតិ​សរសៃ​ច្រើន សាច់​ត្រី សាច់​មាន់ និង​កាត់បន្ថយ​ការ​បរិភោគ​សាច់​ក្រហម ដូចជា​សាច់គោ សាច់​ឈ្លូស សាច់​ជ្រូក​ជាដើម។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «មូលហេតុ​សំខាន់ គឺ​អ្នកខ្លះ​ពោះវៀន​គាត់​រលាក​រ៉ាំរ៉ៃ ឧទាហរណ៍​ដូចជា​គាត់​ទល់លាមក​រ៉ាំរ៉ៃ គាត់​មាន​ជំងឺ​ផ្សេងៗ​ទៀត ទាក់ទង​នឹង​ការ​រលាក​ពោះវៀន គាត់​ញ៉ាំ​អាហារ​មិនបាន​ល្អ អាហារ​មិនសូវ​សំបូរ​ជាតិ​សរសៃ សាច់​ច្រើន​នាំ​ឲ្យ​ទល់លាមក អាហារ​រឹង អាហារ​សល់​យូរ អាហារ​មាន​សារធាតុ​ជាតិគីមី គាត់​ញ៉ាំ​អាហារ​មិនល្អ ដល់​ចាស់​ទៅ​អាយុ ៤០​ឆ្នាំ ឬ​៥០​ឆ្នាំ កើត​មហារីក​ពោះវៀន​...»

ចំពោះ​រោគសញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​វិញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ផ្តល់​ដំបូន្មាន​ឲ្យ​ពលរដ្ឋ​ពិនិត្យ​តាមដាន​អាការៈ​មួយចំនួន ដូចជា​ឈឺពោះ​ចុក​ឆ្អល់ ដាក់​ថ្នាំ​មិន​បាត់ លាមក​មាន​ឈាម និង​ស្រក​គីឡូ ជាដើម​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺមហារីក​ពោះវៀនធំ​នោះ គឺ​ត្រូវ​មក​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ឆ្លុះ​ពោះវៀនធំ (Colonoscopy)

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «រោគសញ្ញា​ដំបូងៗ អាច​ឧស្សាហ៍​ចុក​ឆ្អល់​ហើមពោះ លាមក​អាច​មាន​ឈាម អាច​ក្អួតចង្អោរ ស្រក​គីឡូ ខ្វះ​គ្រាប់​ឈាម​។ បញ្ហា​អស់ហ្នឹង​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​ដើម្បី​ចង់​ដឹង​ច្បាស់ គឺ​ត្រូវតែ​សុង​ពោះវៀន ដោយ​វេជ្ជបណ្ឌិត​ដាក់បញ្ចូល​បំពង់​ដ៏​តូច​មួយ ដាក់​កាមេរ៉ា​តាម​រន្ធ​គូទ ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​ដុំ​សាច់​ឬ​អត់ ហើយ​បើ​មាន​ដុំ​សាច់ គេ​ត្រូវ​ច្រឹប​សាច់​ហ្នឹង យក​មក​ពិនិត្យ​ជា​មហារីក ឬ​ជា​ដុំ​សាច់​ធម្មតា​...»

គេហទំព័រ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​នៅ​សហរដ្ឋអាមេរិក (CDC) បង្ហាញ​ថា ដើម្បី​កាត់​បន្ថយ ឬ​បង្ការ​ជំងឺមហារីក​ពោះវៀន​ធំ មនុស្ស​គ្រប់ៗ ​គ្នា មិន​ថា​ស្រី​ឬ​ប្រុស ត្រូវ​ទៅ​ឆ្លុះ​មើល​ពោះវៀនធំ នៅ​ពេល​អាយុ ៤៥​ឆ្នាំ​ឡើង​ទៅ​។ ប្រសិនបើ​វេជ្ជបណ្ឌិត​រក​ឃើញ​មហារីក​ពោះវៀនធំ នៅ​ដំណាក់កាល​ដំបូងៗ គេ​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​។ អ្នក​ដែល​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ រួមមាន កត្តា​ពូជ អ្នក​មាន​ជំងឺ​រលាក​ពោះវៀន ឬ​ដំបៅ​ពោះវៀន និង​អ្នក​ដែល​មាន​បញ្ហា​ដុះ​ដុំ​សាច់​ក្នុង​ពោះ​វៀន ជាដើម។

គេហទំព័រ​ដដែល​ផ្តល់​ដំបូន្មាន​ថា ត្រូវ​ទទួល​ទាន​របប​អាហារ​ល្អ​ត្រឹមត្រូវ មាន​ជីវជាតិ​ទ្រទ្រង់​សុខភាព រក្សា​ទំងន់​កុំ​ឲ្យ​ធាត់​ខ្លាំងពេក ឈប់​ជក់បារី ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ កាត់បន្ថយ​ការ​ហូប​សុរា​ច្រើន កាត់បន្ថយ​សាច់​ក្រហម ជាពិសេស​សាច់​កែច្នៃ​ធ្វើ​ទុក​បាន​យូរ ទទួល​ទាន​គ្រាប់​ធញ្ញជាតិ និង​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​។ ចំពោះ​បន្លែ​និង​ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន រួម​មាន​បន្លែ​មាន​ស្លឹក​បៃតង ការ៉ុត សណ្តែក​គ្រប់មុខ ដំឡូងជ្វា ផ្លែ​ប៊រ ផ្លែ​ប៉ោម ផ្លែស្វាយ ត្របែក និង​ផ្លែ​ទម្លាប់​ជាដើម។

ចំពោះ​វិធី​ព្យាបាល​ជំងឺមហារីក​ពោះវៀនធំ​វិញ ជា​តួនាទី​របស់​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ រួមមាន វេជ្ជបណ្ឌិត​វះកាត់ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​មហារីក និង​ជំនាញ​ផ្នែក​កាំរស្មី ដែល​ត្រូវ​ជជែក​ពិភាក្សា​គ្នា​ពី​ផែនការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​សម្រាប់​អ្នកជំងឺ​។ ក្រុម​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការ​សម្រេចចិត្ត ដោយ​ផ្អែកលើ​កត្តា​មួយចំនួន ដូចជា ដំណាក់កាល និង​ការ​រីក​រាលដាល​នៃ​ជំងឺមហារីក សុខភាព​ទូទៅ​របស់​អ្នកជំងឺ ការ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី (Radiation) ឬ​វិធី​ព្យាបាល​ប្រើ​ថ្នាំ​គីមី (Chemotherapy)

ស្ថិតិ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ក្នុង​ឆ្នាំ​២០២២ អ្នកជំងឺ​មហារីក​ពោះវៀនធំ នៅ​កម្ពុជា មាន​ចំនួន​ជាង ១​ពាន់ ៧​រយ​នាក់ (.៧២៦) ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ និង​មាន​អ្នក​ស្លាប់ ចំនួន​ ៩០៥​នាក់ ដែល​អត្រា​នេះ ស្មើនឹង​១% នៃ​ចំនួន​អ្នក​ស្លាប់​សរុប​។ ចំណែក​ជំងឺមហារីក​ថ្លើម​វិញ ស្ថិតនៅ​លេខ​១ មហារីក​សួត​លេខ​២ និង​មហារីក​សុដន់ ស្ថិតនៅ​លេខ​៣ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។