តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត ហើយ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វីខ្លះ?

ដោយ ម៉ៅ សុធានី
2023.11.09
តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត ហើយ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វីខ្លះ? រូបភាពបង្ហាញពីអ្នកជំងឺ​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោត (Gout)។
រូប៖ គេហទំព័រ CDC

ហ្គោត (Gout) គឺ​ជា​ជំងឺ​រលាក​សន្លាក់ ដែល​បណ្តាល​ឲ្យ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ហើយ​ជា​ធម្មតា​គឺ​ច្រើន​កើត​នៅ​មេជើង។ ករណី​ខ្លះ​ក៏​អាច​កើត​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ រួម​មាន​កដៃ កជើង ជង្គង់ ម្រាមដៃ និង​កែងដៃ។ តើ​មូល​ហេតុអ្វី​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត (Gout) ហើយ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វីខ្លះ?

ជំងឺ​រលាក​សន្លាក់​ហ្គោត (Gout) គឺជា​ទម្រង់​នៃ​ជំងឺ​រលាក​សន្លាក់ ដែល​មាន​ការឈឺចាប់​យ៉ាង​ខ្លាំង ហើយ​សម្រាប់​អាការៈ​រោគ​សញ្ញា​វិញ រួមមាន​ឈឺ​ខ្ទោកៗ​យ៉ាង​ខ្លាំង ឡើង​ក្រហម ក្តៅ​ងំ​នៅ​កន្លែង​សន្លាក់ ដែល​ជា​ទូទៅ ភាគច្រើន​បំផុត​គឺ​កើត​នៅ​មេជើង​។ អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់ នាំ​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត រួមមាន ជា​បុរស អ្នក​ធាត់​ខ្លាំង អ្នក​មាន​ជំងឺ​បេះដូង ជំងឺលើសឈាម អ្នក​កើត​ទឹកនោមផ្អែម និង​អ្នក​សេពសុរា​ច្រើន ជាដើម។

លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ម្ចាស់​គ្លីនិក នៅ​ទីក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់ ហ្គោត គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​គ្រីស្តាល់​អាស៊ីត​អ៊ុយរិក (Uric Acid Crystals) នៅក្នុង​សន្លាក់ឆ្អឹង ដែល​គេ​រក​ឃើញ មាន​ច្រើន​នៅក្នុង​សាច់​ក្រហម ដូចជា​សាច់គោ សាច់​ជ្រូក និង​ភេសជ្ជៈ​ស្រវឹង ជាដើម​៖

វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ៖ «តើ​ហេតុអ្វី​បានជា​មាន​ហ្គោត? ដោយសារ​មាន​អាស៊ីត​អ៊ុយរិច​ច្រើន​។ អាស៊ីត​នេះ មាននៅ​ក្នុង​ម្ហូបអាហារ មាននៅ​ក្នុង Red Meats សាច់​ក្រហម ដូចជា សាច់គោ សាច់​ជ្រូក ស្រា ប៊ីយ៉ែរ និង​អ្នក​ញ៉ាំ​អាហារ​សមុទ្ទ។ កាលណា​យើង​មាន​អាស៊ីត​អ៊ុយរិច​នេះ​ច្រើន ធ្វើ​ឲ្យ​រលាក​សន្លាក់​ជា​ពិសេស​គឺ​មេជើង​...»

គេហទំព័រ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៅ​សហរដ្ឋអាមេរិក (CDC) ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មាន​អាស៊ីត​អ៊ុយរិក​ច្រើន​ក្នុង​រាងកាយ អាស៊ីត​នេះ​កកើត​ឡើង​ច្រើន​និង​ផ្គុំ​ជា​ទឹក​រាវ នៅ​កន្លែង​សន្លាក់ និង​ជាលិកា​នៅក្នុង​ខ្លួន។ ជំងឺ​រលាក​សន្លាក់​ហ្គោត​ស្រួចស្រាល់​នេះ នៅ​ពេល​វា​ចាប់ផ្តើម​វាយប្រហារ (Gout Attacks) គឺ​បណ្តាល​ឲ្យ​ឈឺ​ចុកចាប់​ខ្លាំង​និង​ហើម​សន្លាក់ ប៉ុន្តែ​អាច​បាត់​ទៅវិញ​ជាច្រើន​ថ្ងៃ ឬក៏​ច្រើន​សប្តាហ៍ ក្រោយពី​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។

មុន​ផ្តល់​សេវា​ព្យាបាល គ្រូពេទ្យ​ជំនាញ​នឹង​ពិនិត្យ​សុខភាព​រាងកាយ ថត​កាំរស្មី​អិច និង​ការ​ធ្វើ​តេស្ដ ជាមុន​សិន។ ពេល​ខ្លះ​វេជ្ជបណ្ឌិត យក​ម្ជុល​ចាក់​បូម​យក​ទឹក​រាវ​នៅ​កន្លែង​ហើម​សន្លាក់ ដើម្បី​ពិនិត្យ​ពី​កម្រិត​គ្រីស្តាល់​អាស៊ីត​អ៊ុយរិក នៅក្នុង​សន្លាក់។

លោក​វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ទ មាន​ប្រសាសន៍​បន្ថែម​ថា ដំបូង​គ្រូពេទ្យ​ផ្តល់​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ផ្តល់​ដំបូន្មាន ពី​ការ​ផ្លាស់ប្ដូរ​ពី​របៀបរបប​រស់នៅ និង​ប្រភេទ​អាហារ​ដែល​គួរ​ទទួលទាន ដើម្បី​កាត់បន្ថយ ការ​កើនឡើង​នៃ​ជាតិ​អាស៊ីត​អ៊ុយរិក​ក្នុង​ខ្លួន។

វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ៖ «យើង​ត្រូវ​លេបថ្នាំ ដើម្បី​កំចាត់​ជាតិ​អាស៊ីត​អ៊ុយរិក​នេះ ឲ្យ​វា​មាន​កម្រិត​ទាប​។ បើសិន​កើត​ហើយ​ត្រូវ​លេបថ្នាំ ដូចជា​ថ្នាំ ibuprofen និង​ថ្នាំ​មួយ​ចំនួន​ទៀត កុំ​ឲ្យ​វា​ធ្ងន់ធ្ងរ​កុំ​ឲ្យ​រលាក​ខ្លាំង​។ ហើយ​យើង​ត្រូវ​ការពារ ដោយ​តម​ចំណី​អាហារ​សមុទ្ទ ស្រា ប៊ីយែរ សាច់​ក្រហម សាច់គោ​..»

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​នៅ​សហរដ្ឋអាមេរិក (CDC) ឲ្យ​ដឹង​បន្ថែម​ថា អ្នក​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត គឺ​ភាគច្រើន​ជា​បុរស អ្នក​ធាត់​ខ្លាំង អ្នកមាន​ជំងឺ​ខ្សោយ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម អ្នក​មាន​រោគសញ្ញា​រំលាយ​អាហារ និង​អ្នក​ដែល​មាន​បញ្ហា​តម្រងនោម​ខ្សោយ​។ បន្ថែម​ពី​នេះ អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង ទទួលទាន​សាច់​ក្រហម (Red Meats) គ្រឿងក្នុង​ដូចជា ថ្លើម លំពែង ខួរ និង​អាហារ​សមុទ្រ​មួយចំនួន​ដូចជា ក្តាម បង្កង មឹក ខ្យង ជាដើម​។ ចំណែក​អ្នក​ដែល​មាន​ឪពុកម្ដាយ កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត​នេះ កូនចៅ ឬ​ក្រុម​គ្រួសារ ប្រមាណ​២០% ក៏​អាច​វិវត្ត​ឈាន​ដល់​ការ​កើត​ជំងឺ​នេះ​ដែរ​។ ប្រការ​ដែល​មាន​អាស៊ីត​អ៊ុយរិក​ច្រើន​នៅក្នុង​ខ្លួន​នេះ ក៏​អាច​បណ្តាល​ឱ្យ​មាន​គ្រួស​ក្នុង​ក្រលៀន និង​ការ​ស្ទះ​នៃ​តម្រងនោម ដែល​បណ្តាល​ឱ្យ​ខ្សោយ​តម្រងនោម​ផង​ដែរ។

គ្រូពេទ្យ​ជំនាញ​ព្យាបាល​ជំងឺ​កុមារ លោក​វេជ្ជបណ្ឌិត តាន់ សុង មាន​ប្រសាសន៍​ពី​រដ្ឋ​កាល​ហ្វរនីញ៉ា (California) ថា អ្នកជំងឺ​ហ្គោត ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​។ បន្ថែម​ពី​នេះ ត្រូវ​ផ្លាស់ប្ដូរ​របៀបរបប​ទ​ទួល​ទាន​អាហារ​ប្រចាំថ្ងៃ និង​កាត់បន្ថយ​ការ​សេព​សុរា។

វេជ្ជបណ្ឌិត តាន់ សុង៖ «អ្នក​កើត​ហ្គោត មុខតែ​ទៅ​ជួប​វេជ្ជបណ្ឌិត ព្រោះ​ទ្រាំ​អត់​បាន ហើម​ម្រាមជើង​ឈឺ​ណាស់​។ ដុកទ័រ គ្រាន់តែ​មើលឃើញ​ដឹង​ថា ឈឺ​ហ្គោត​ហ្នឹងហើយ ហើយ​គេ​បញ្ជាក់​ទៀត ដោយ​យក​ឈាម​ទៅ​មើល​។ ខ្ញុំ​ថា ការពារ​អត់​បាន ជួនកាល​មកពី​ពូជ ជួនកាល​ដោយសារ​ប្រព័ន្ធ​ការពារ​ខ្លួន វា​ប្រឆាំង​ខ្លួន​យើង វា​ធ្វើ​ឲ្យ​ឆ្អឹង​រលាក​។ មនុស្ស​ចាស់​ច្រើនជាង តែ​ក្មេង​ក៏​មាន​ឈឺសន្លាក់​ដៃជើង​។ ដើម្បី​ការពារ គេ​ឲ្យ​យើង​តម​សាច់​ក្រហម ដូចជា​សាច់គោ សាច់​ជ្រូក និង​ជៀសវាង​សេពសុរា​...»

ក្រៅពី​ការ​ផ្តល់​ដំបូន្មាន​ឲ្យ​កាត់បន្ថយ​ការ​សេព​សុរា ការ​ទទួល​ទាន​សាច់​ក្រហម គ្រឿងក្នុង និង​អាហារ​សមុទ្ទ ការហាត់​ប្រាណ ការ​សម្រក​ទំងន់ និង​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ក៏​នឹង​អាច​ជួយ​ការពារ ជំងឺ​ហ្គោត​ផង​ដែរ​។ ចំណែក​ក្រុម​អ្នកវិទ្យាសាស្ត្រ​សុខភាព​វិញ ក៏​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ផលិត​ឱសថ​ថ្មី សំរាប់​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត ចំពោះ អ្នក​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោត​រ៉ាំរ៉ៃ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។