តើហេតុដូចម្ដេចបានជារមួលសាច់ដុំ ហើយគេអាចមានវិធីណាខ្លះ ដើម្បីបង្ការវា?
2020.06.04
ការរមួលសាច់ដុំ ឬរមួលក្រពើ អាចបង្កឱ្យមានការឈឺចាប់ខ្លាំង និងកន្ត្រាក់ភ្លាមៗ នៅកន្លែងសាច់ដុំកំភួនជើង និងម្រាមជើង។ បញ្ហារមួលក្រពើនេះ អាចកើតលើមនុស្សគ្រប់វ័យ មិនថា ស្រីឬប្រុស ក៏ប៉ុន្តែភាគច្រើនកើតលើអ្នកប្រើពលកម្មច្រើន ដូចជាអត្តពលិក មនុស្សវ័យចាស់ ស្ត្រីមានគភ៌ និងក្មេងជំទង់។
តើមូលហេតុអ្វីបណ្ដាលឱ្យសាច់ដុំជើងកន្ត្រាក់រមួល? ហើយមានវិធីណាខ្លះ ដើម្បីបង្ការបញ្ហារមួលក្រពើ ឬរមួលសាច់ដុំនេះ?
ការរមួលសាច់ដុំ ឬរមួលក្រពើនោះ បណ្ដាលមកពីសាច់ដុំធ្វើការជ្រុលហួសហេតុពេក នាំឱ្យខ្សោះជីវជាតិនៅក្នុងសាច់ដុំ ដែលជាហេតុធ្វើឱ្យសាច់ដុំកន្ត្រាក់ និងរមួលភ្លាមៗ។ បញ្ហារមួលក្រពើនេះ ដោយសារតែពុំទទួលទានទឹកគ្រប់គ្រាន់ ធាតុអាកាសក្តៅពេក បញ្ហាឈាមផ្គត់ផ្គង់តាមសរសៃជើងមិនគ្រប់ ហាត់ប្រាណច្រើនហួសហេតុ មិនបានពត់ខ្លួនប្រាណឬដៃជើង និងមានបញ្ហាសរសៃឆ្អឹងខ្នង និងសរសៃឈាមនៅកជាដើម។
វេជ្ជបណ្ឌិតជំនាញផ្នែកព្យាបាលសរីរាង្គ (Organs) អ្នកស្រីវេជ្ជបណ្ឌិត សារ៉ា ហលបឺក្ស (Sarah Hallberg) នៅមន្ទីរពេទ្យ រីវឺរ ប៊ែន (River Bend Hospital) មានប្រសាសន៍ក្នុងវីដេអូយូធូបពន្យល់ថា អ្នកដែលឧស្សាហ៍រមួលក្រពើ ឬរមួលសាច់ដុំនេះ ដោយសារខ្វះសារជាតិរ៉ែ រួមមានជាតិ ម៉ាញ៉េស្យូម (Magnesium) និងប៉ូតាស្យូម (Potassium) នៅក្នុងចំណីអាហារដែលបរិភោគ។ អ្នកស្រីវេជ្ជបណ្ឌិតបន្តថា សារធាតុទាំងនេះ សំខាន់ខ្លាំងណាស់នៅក្នុងសារពាង្គកាយរបស់មនុស្ស៖ «ជាញឹកញាប់ ការរមួលក្រពើ ឬការរមួលសាច់ដុំ គឺជាការបង្ហាញសញ្ញាថា លោកអ្នកមានបញ្ហាខ្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ជាការពិតបញ្ហារមួលសាច់ដុំនេះ គឺជារឿងធម្មតា កើតឡើងគ្រប់ៗគ្នា ដែលភាគច្រើន អ្នកទាំងនោះ បានមកជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ បញ្ហារមួលក្រពើនេះ គឺវានាំឱ្យរំខានច្រើនដល់ពួកគេ ជាពិសេស ចំពោះអ្នកអត្តពលិក ក្មេងៗ និងមនុស្សវ័យចាស់»។
អ្នកស្រីវេជ្ជបណ្ឌិតជំនាញរូបនេះ មានប្រសាសន៍បន្តថា ចំពោះស្ត្រីភេទវិញ ច្រើនតែមានបញ្ហារមួលក្រពើឬរមួលសាច់ដុំ នៅពេលមករដូវ និងនៅពេលមានផ្ទៃពោះ។ បន្ថែមពីនេះ អ្នកស្រីវេជ្ជបណ្ឌិតថា អ្នកលេបថ្នាំជាប្រចាំដូចជា ថ្នាំបញ្ចុះឈាម ថ្នាំបញ្ចុះជាតិខ្លាញ់ ឬកូលេស្តេរ៉ុល (Cholesterol) និងថ្នាំបញ្ចុះជាតិស្ករ ក៏ច្រើនមានបញ្ហានេះដែរ។ ចំពោះកុមារ និងក្មេងជំទង់វិញ ប្រការដែលពួកគេ ឧស្សាហ៍រមួលក្រពើ គឺដោយសារឆ្អឹងពួកគេកំពុងធំលូតលាស់ និងមានសកម្មភាពលេងកីឡា ឬរត់ច្រើនពេក។
តើគេអាចធ្វើដូចម្ដេចខ្លះ ដើម្បីបង្ការបញ្ហារមួលក្រពើ ឬរមួលសាច់ដុំ?
គ្រូពេទ្យប្រចាំគ្រួសារ នៃបណ្ដាញគ្រូពេទ្យជំនាញនៅក្នុងរដ្ឋអូហាយ៉ូ (Ohio) លោកវេជ្ជបណ្ឌិត ហ្យូស័រ អ៊ដវ៉េ (Joshua Ordway) ថ្លែងក្នុងវីដេអូយូធូបថា វិធីល្អបំផុតសម្រាប់បង្ការរមួលក្រពើ គឺគប្បីទទួលទានទឹកឱ្យបានច្រើន កុំហាត់ប្រាណខ្លាំងជ្រុលហួសហេតុពេក ហើយមុននឹងចូលគេង គួរគប្បីពត់ដៃពត់ជើង ដើម្បីឱ្យសរសៃឈាមដំណើរការល្អ៖ «អ្វីដែលខ្ញុំបានប្រាប់អ្នកជំងឺរបស់ខ្ញុំ គឺពត់ដៃជើងមុនហាត់ប្រាណ ឬធ្វើសកម្មភាពកីឡាណាមួយ។ មូលហេតុនាំឱ្យរមួលសាច់ដុំ ដោយសារខ្វះជាតិទឹក ខ្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ពីព្រោះការទទួលទានរបបអាហារមិនបាន គ្រប់ជីវជាតិដើម្បីទ្រទ្រង់រាងកាយ។ ដូច្នេះ ដើម្បីបង្ការបញ្ហារមួលក្រពើនេះ គឺធ្វើយ៉ាងណាទទួលទានទឹកឱ្យបានច្រើន ពត់ដៃពត់ជើង ហើយនៅពេលឈឺរមួលសាច់ដុំភ្លាមនោះ គឺត្រូវក្រោកឈរឡើង លាជើងឱ្យត្រង់ ទទួលទានទឹក ហើយព្យាយាមច្របាច់កន្លែងសរសៃកាច់ហ្នឹង ដោយរង់ចាំឱ្យវាលាត្រឡប់មកសភាពដើមវិញ»។
គេហទំព័រវេជ្ជសាស្ត្រ WebMD ឱ្យដឹងថា ការរមួលសាច់ដុំឬរមួលក្រពើនេះ ជាធម្មតា គឺបាត់ទៅវិញភ្លាមដែរ។ វិធីសាមញ្ញៗមួយចំនួន អាចបង្ការ និងអាចដោះស្រាយអាការៈរមួលក្រពើ ដូចជាចាប់ផ្តើមសណ្តូកជើងភ្លាម ដោយបត់កែងជើង និងបត់ម្រាមជើងបន្តិចម្តងៗទៅរកស្មងជើង។ ច្របាច់ឬម៉ាស្សាកំភួនជើងថ្នមៗ ឬប្រើដបទឹកក្ដៅឧណ្ហៗស្អំ ឬបន្ទះដោតខ្សែភ្លើងស្អំកំដៅ ដើម្បីឱ្យចលនាឈាមដើរល្អឡើងវិញ។ បន្ថែមពីនេះ គេអាចងូតទឹកត្រាំក្នុងទឹកក្តៅ ឧណ្ហៗ ឬប្រើថ្នាំលាបរឹតពីលើសាច់ដុំនោះ។
ការទទួលទានអាហារ និងបន្លែ ដែលមានផ្ទុកកាល់ស្យូម ជាតិប៉ូតាស្យូមខ្ពស់ និងជាតិម៉ាញ៉េស្យូម គឺអាចកាត់បន្ថយ និងបង្ការបញ្ហារមួលក្រពើនេះដែរ។ បន្លែនិងផ្លែឈើទាំងនោះ រួមមាន បន្លែស្លឹកពណ៌បៃតង ពណ៌លឿង ឬក្រហម គ្រាប់ធញ្ញជាតិ ផ្លែចេក និងផ្លែឈើមានផ្ទុកវីតាមីនស៊ី (Vitamin C)។ ចំណែកការគេងគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ ដូចជាដើរ ក៏អាចជួយបង្ការបញ្ហាឈឺជើង និងរមួលក្រពើផងដែរ។
គេហទំព័រដដែលបន្តថា ប្រសិនបើករណី រមួលក្រពើធ្ងន់ធ្ងរនិងកើតឡើងញឹកញាប់ពេក គឺត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីព្រោះករណីខ្លះអាចបណ្តាលមកពីជំងឺក្រពេញទីរ៉ូអ៊ីត (Thyroid disease) ជំងឺក្រិនថ្លើម (Cirrhosis of the liver) និងជំងឺសរសៃឈាមរឹង (Hardening of the arteries)៕