គ្រូពេទ្យជំនាញសង្គ្រោះបន្ទាន់ ឱ្យដឹងថា ការយល់ដឹងពីរោគសញ្ញានៃគ្រោះថ្នាក់ដល់ជីវិត គឺមានសារៈសំខាន់ណាស់ ដើម្បីអាចជួយសង្គ្រោះជីវិតរបស់លោកអ្នកបាន។ សំខាន់បំផុត ក្រុមគ្រួសារឬអ្នកជំងឺខ្លួនឯងផ្ទាល់ ត្រូវវិនិច្ឆ័យពីស្ថានភាពជំងឺរបស់ខ្លួន ថាតើត្រូវការទូរស័ព្ទហៅរថយន្តពេទ្យសង្គ្រោះបន្ទាន់ ឬក៏ក្រុមគ្រួសារ អាចដឹកទៅព្យាបាលនៅមន្ទីរពេទ្យពេទ្យដោយខ្លួនឯងបាន?
ក្រុមវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៅសហរដ្ឋអាមេរិកឱ្យដឹងថា រោគសញ្ញាមួយចំនួន ដែលត្រូវការព្យាបាលបន្ទាន់ ដើម្បីសង្គ្រោះជីវិតភ្លាមៗ រួមមាន ចុកទ្រូងខ្លាំង គាំងបេះដូង ការដកដង្ហើមមិនរួច ឬដកដង្ហើមផុតៗ ធ្លាក់ឈាមច្រើនអត់ឈប់ វិលមុខខ្លាំង គ្រោះថ្នាក់ចរាចរណ៍ ការប្រើថ្នាំហួសពីកម្រិត ជាដើម។ លេខទូរស័ព្ទសង្គ្រោះបន្ទាន់នៅសហរដ្ឋអាមេរិក គឺលេខ ៩១១ (911) ចំណែកនៅប្រទេសកម្ពុជាវិញ គឺលេខ ១១៩ (119)។
វេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺទូទៅផ្នែកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពតំបន់លេខវ៉ូដ (Lakewood Regional Medical Center) លោកវេជ្ជបណ្ឌិត តែ សៀងឡុង មានប្រសាសន៍ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ ពីរដ្ឋកាលីហ្វរនីញ៉ា (California) ថា ស្ថានភាពជំងឺដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ គឺមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប៉ុន្តែសំខាន់បំផុត លោកវេជ្ជបណ្ឌិតថា កុំបង្អង់ទុកអ្នកជំងឺយូរពេក ព្រោះនៅពេលដឹកទៅដល់មន្ទីរពេទ្យភ្លាម ក្រុមវេជ្ជបណ្ឌិតជំនាញ នឹងពិនិត្យថតមើលដើម្បីវិនិច្ឆ័យរោគសញ្ញា និងផ្ដល់សេវាព្យាបាលជាបន្ទាន់៖ «មនុស្សខ្លះឈឺចុកទ្រូងខ្លាំង ប្រៀបដូចដាក់សៀវភៅសង្កត់លើទ្រូង ខ្លះដើរបន្តិចទៅដូចហត់ និងហប់ដង្ហើម ខ្លះឈឺក្រពះ វិលមុខ ចង់ក្អួតអ៊ីចឹង។ បើឈឺខ្លាំងទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៅ ឱ្យគេឆ្លុះមើល ខ្លះគេថតមើលខាងសួត ឬបេះដូង និងគេដាក់ខ្សែលើទ្រូង ដើម្បីពិនិត្យសង្វាក់បេះដូង ដើរញាប់ ឬដើរយឺតពេក ដូចជាស្ទះសរសៃឈាម នឹងនាំឱ្យគាំងបេះដូង»។
គេហទំព័រវេជ្ជសាស្ត្រជាច្រើនឱ្យដឹងថា ជំងឺគាំងបេះដូង (Heart Attack) គឺដោយសារសាច់ដុំបេះដូងឈប់ដំណើរការ (Death of the Heart Muscle)។ ភាគច្រើនបញ្ហាដែលសាច់ដុំបេះដូងឈប់ដំណើរការនោះ គឺបណ្ដាលមកពីសរសៃឈាមកកស្ទះ មិនអាចផ្គត់ផ្គង់ឈាមទៅដល់បេះដូងបាន។ ការឈឺចុកទ្រូងខ្លាំង គឺជារោគសញ្ញាជំងឺគាំងបេះដូង ហើយមានករណីខ្លះ អ្នកគាំងបេះដូង មានរោគសញ្ញាមួយចំនួនផ្សេងទៀត ដូចជា ឈឺឆ្អឹងថ្គាម បែកញើសខ្លាំង ឆ្អល់ចុងដង្ហើម ដកដង្ហើមផុតៗ ឈឺក្បាល អស់កម្លាំងខ្លាំង ក្អួត វិលមុខនិងស្រវាំងភ្នែកជាដើម។
លោកវេជ្ជបណ្ឌិត តែ សៀងឡុង មានប្រសាសន៍បន្តថា អ្នកមានរោគសញ្ញាជំងឺគាំងបេះដូង ត្រូវតែស្វែងរកជំនួយសង្គ្រោះជាបន្ទាន់។ លោកថា ភាគច្រើនប្រជាពលរដ្ឋខ្មែរ មិនសូវយកចិត្តទុកដាក់និងចាប់អារម្មណ៍ពីរោគសញ្ញាទាំងនោះទេ ដោយគិតថា មិនមានឈឺអ្វីធំដុំ ដែលត្រូវការជួយសង្គ្រោះនោះឡើយ ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិតជំនាញផ្នែកសង្គ្រោះបន្ទាន់រូបនេះ ផ្ដល់ដំបូន្មានថា ត្រូវតែយកអ្នកជំងឺ ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ប្រសិនបើមានបញ្ហាសុខភាពមួយចំនួន គួរឱ្យសង្ស័យថា អាចគ្រោះថ្នាក់ដល់ជីវិត៖ «ខ្លះមកពីលើសឈាមពេក កកឈាមនៅកន្លែងជើងឡើងទៅសួត នឹងក៏ឈឺដែរ ខ្លះមកសរសៃសាច់ដុំ មកពីឆ្អឹង និងខ្លះក្អកខ្លាំងពេកក៏ឈឺទ្រូងដែរ។ ខ្លះមកពីរលាកសួត និងខ្លះមេរោគឬ Virus ។ ឈឺនឹងមានច្រើន នាំឱ្យពិបាក ហើយកុំគិតថា អត់សំខាន់ ប៉ុន្តែខ្លះសំខាន់ណាស់ ដូចជា មាឌធំ លើសឈាម កូលេស្តេរុលជាតិខ្លាញ់ច្រើន ជក់បារី អាយុច្រើន លើសពី៥០ ឆ្នាំ និង៦០ឆ្នាំ និងឪពុកម្ដាយធ្លាប់មានគាំងបេះដូង អស់ហ្នឹងកុំចាំឱ្យសោះ»។
គេហទំព័រវេជ្ជសាស្ត្រដដែលបន្តថា ជំងឺគាំងបេះដូង កើតឡើងចំពោះបុរស ច្រើនជាងស្ត្រី ជាពិសេស ចំពោះអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ ឡើងទៅ។ បន្ថែមពីនេះ គឺអ្នកធ្លាប់មានប្រវត្តិក្រុមគ្រួសារកើតជំងឺគាំងបេះដូង កម្ពស់ឈាមខ្ពស់ (High Blood pressure) ធាត់ខ្លាំងពេក (Obesity) និងកើតជំងឺទឹកនោមផ្អែម (Diabetes)។ ចំណែកមូលហេតុ ដែលបណ្ដាលឱ្យមានជំងឺគាំងបេះដូងនោះ គឺដោយសារការជក់បារី កម្រិតជាតិខ្លាញ់ច្រើន ឬកូលេស្តេរុល (Cholesterol) ខ្ពស់ ពុំបានហាត់ប្រាណ និងការទទួលទានសុរាច្រើនពេកជាដើម។
ក្រៅពីជំងឺគាំងបេះដូង ដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ ក៏នៅមានជំងឺធ្ងន់ធ្ងរមួយទៀតដែលនាំឱ្យគ្រោះថ្នាក់ដល់ជីវិតភ្លាមៗដែរនោះ គឺជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ ជំងឺស្ត្រូកនេះ គេអាចកត់សម្គាល់សញ្ញាអាសន្នមួយចំនួនរួមមាន ស្ពឹកមុខ ស្ពឹកជើង ឬដៃ ប៉ុន្តែតែម្ខាងទេ ដូចជាខាងស្តាំ ឬខាងឆ្វេង ស្រវាំងភ្នែក វិលមុខ មិនអាចដើររួច ឬឈឺក្បាលខ្លាំង។ សំខាន់ជាងនេះ គឺអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ស្រាប់តែភ្លាមៗ និយាយអត់ចេញ មានអារម្មណ៍ច្របូកច្របល់ និងអត់យល់អ្វីទាំងអស់។
គ្រូពេទ្យជំនាញផ្នែកសង្គ្រោះបន្ទាន់លោកវេជ្ជបណ្ឌិត តែ សៀងឡុង ផ្ដល់ដំបូន្មានថា ជាការប្រសើរអ្នកជំងឺ គួរតែទូរស័ព្ទហៅរថយន្តពេទ្យសង្គ្រោះបន្ទាន់វិញ ព្រោះគេ អាចដឹកអ្នកជំងឺយកទៅមន្ទីរពេទ្យ យ៉ាងឆាប់រហ័ស និងមានឧបករណ៍គ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះ នៅពេលកំពុងធ្វើដំណើរ៖ «យើងហៅគេមកយក វារហ័ស គេអាចព្យួរសារ៉ូមឱ្យយើង។ ម្យ៉ាងទៀត វាឆ្ងាយ ហើយគេមានសញ្ញាអាសន្នដែលអាចបើកបាន ទោះបីជាជាប់ចរាចរណ៍ក៏ដោយ។ ប៉ុន្តែបើនៅផ្ទះជិត អាចដឹកឡានខ្លួនឯងបាន»។
ក្រុមគ្រូពេទ្យជំនួយសង្គ្រោះបន្ទាន់ ក៏បានបញ្ជាក់ផងដែរថា ក្នុងលក្ខខណ្ឌដែលមានគ្រោះថ្នាក់ចរាចរណ៍ ដូចជារបួសក្បាល ឆ្អឹងក ឆ្អឹងខ្នង សំខាន់គួរទុកជនរងគ្រោះ ឱ្យនៅកន្លែងដដែលកុំឱ្យលើកចេញ ឬប្ដូរកន្លែងទីតាំងឱ្យសោះ។ ប្រសិនបើលោកអ្នកមានបញ្ហារោគសញ្ញាដូចជាចុកទ្រូងខ្លាំង ឬធ្លាក់ហូរឈាមអត់ឈប់ ហើយនៅម្នាក់ឯងនោះ គឺកុំបើករថយន្តទៅមន្ទីរពេទ្យឱ្យសោះ ហើយត្រូវរង់ចាំរថយន្តពេទ្យសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ នៅពេលទូរស័ព្ទ ៩១១ គួរ ស្ដាប់ការណែនាំពីទង្វើបណ្ដោះអាសន្ន នៅពេលរង់ចាំរថយន្តពេទ្យសង្គ្រោះបន្ទាន់ មកដល់។ ប្រសិនបើលោកអ្នកមានវ័យចាស់ជរា និងរស់នៅម្នាក់ឯង គួរតែមានប្រព័ន្ធជួយសង្គ្រោះបន្ទាន់ (Emergency) ដែលអាចចុចហៅបានភ្លាមៗ ដើម្បីគេអាចដឹងពីទីកន្លែង និងស្ថានភាពជំងឺរបស់លោកអ្នក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។