តើ​បញ្ហា​គេង​មិន​លក់ នាំ​ឲ្យ​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព?

0:00 / 0:00

វេជ្ជបណ្ឌិត​ជំនាញ​លើកឡើង ថា បញ្ហា​គេង​មិន​លក់ ឬ​គេង​មិន​ឆ្អែត បណ្ដាល​ឲ្យ​ខឹង​មួរ​ម៉ៅ និង​មិន អាច​ផ្ដោត​អារម្មណ៍ លើ​ការងារ​បាន ​ល្អ​នោះ​ឡើយ​។ ប្រសិនបើ​បញ្ហា​គេង​មិន​លក់​នេះ​បន្ត​កើតឡើង​យូរអង្វែង នោះ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ រួមមាន ជំងឺ​ធាត់​ជ្រុល សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ដែល​បញ្ហា​ទាំងនេះ បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ស្លាប់​មុន​អាយុ។

តើ​មាន​វិធី​ណាខ្លះ ដើម្បី​អាច​កាត់បន្ថយ​ឬ​បំបាត់​បញ្ហា​គេង​មិន​លក់​នៅ​ពេល​យប់?

គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ទូទៅ​ខ្មែរ​-​អាមេរិកាំង​នៅ​សហរដ្ឋអាមេរិក លើកឡើង​ថា ការ​គេង​ឆ្អែត​គ្រប់គ្រាន់​ពេលយប់ គឺជា​គន្លឹះ​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​រាងកាយ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ដូចជា​ការសិក្សា និង​បំពេញការងារ ជាដើម​។ លោក វេជ្ជបណ្ឌិត ផេង សុធីរ ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​រដ្ឋ​កាលីហ្វរនីញ៉ា (California) មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា បញ្ហា​គេង​មិន​លក់​នេះ គឺ​កើតឡើង​សឹងតែ​គ្រប់ៗ​គ្នា ដោយសារ​បញ្ហា​តានតឹង​ក្នុង​ចិត្ត បញ្ហា​ក្រុម​គ្រួសារ បញ្ហា​ថវិកា និង​បញ្ហា​ការងារ ជាដើម​។ ការ​គេង​មិន​លក់​ម្ដងម្កាល គឺជា​រឿង​ធម្មតា ប៉ុន្តែ​ប្រសិនបើ​បញ្ហា​នេះ បន្ត​កើតឡើង​យូរអង្វែង នោះ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ «ជំងឺ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់​។ អ្នកខ្លះ​ធាត់​ពេក គេ​ហៅថា (Sleep Apnea) ដូច​ថា ពេល​គេង​បំពង់​ដង្ហើម​វា​គាប គឺ​អ្នក​ដែល​មាន​ក​ធំៗ វា​គាប​បំពង់​ដង្ហើម​ឲ្យ​ធ្វើ​គេង​ចេះតែ​ភ្ញាក់​។ អ្នក​ខ្លះ​ទៀត មាន​ស្ត្រូក (Stroke) ខ្លះ​ធ្លាប់​មាន​គ្រោះថ្នាក់​ប៉ះពាល់​ទៅ​ខួរក្បាល ខ្លះ​មាន​បញ្ហា​ផ្លូវចិត្ត​បែកបាក់​គ្នា អ្នក​ខ្លះ​ទៅ មាន​បញ្ហា​ការងារ​ច្រើន ហើយ​ខ្លះ​ទៀត​មាន​លុយកាក់​អត់​គ្រប់​អី​អ៊ីចឹង​ទៅ»។

លោក​វេជ្ជបណ្ឌិត ផេង សុធីរ បន្តថា នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត ដែល​បណ្ដាល​ឲ្យ​គេង​មិន​លក់​ដែរ ក្នុង​នោះ​រួមមាន ការ​ចំណាយ​ពេលវេលា​ច្រើន​នៅ​យប់​ជ្រៅ ដូចជា​លេង​ហ្វេសប៊ុក ការ​ប្រើ​ថ្នាំ​ច្រើន ការ​ទទួល​ទាន​សុរា ឬ​កាហ្វេ​ច្រើន​ហួសហេតុ​ពេក មុន​ពេល​គេង ជាដើម​។ លោក​វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ផង​ដែរ​ថា ការ​ទម្លាប់​គេង​ខុស​ម៉ោង រាល់​យប់ រាល់​ពេលនោះ ក៏​ជា​មូលហេតុ​មិន​អាច​គេង​លក់​បាន​ដែរ ដូចនេះ ត្រូវ​ទម្លាប់​គេង​រាល់​យប់​នៅ​ម៉ោង​ដូចគ្នា៖ «អ្នក​ប្រើ​ថ្នាំ​ច្រើន អាច​ធ្វើ​ឲ្យ​គេង​មិន​លក់ អ្នក​ផឹក​ស្រា​ច្រើន អ្នក​ញ៉ាំ​កាហ្វេ​ច្រើន ក៏​គេង​អត់​លក់​ដែរ​។ ហើយ​អ្នក​ហាត់ប្រាណ ប្រើ​ថ្នាំ​ធ្វើ​ឲ្យ​មាន​កម្លាំង ដូចជា​គោ​ជល់ ក៏​បណ្ដាល​ឲ្យ​គេង​មិន​លក់​។ ម្យ៉ាងទៀត ត្រូវ​ទម្លាប់ ឲ្យ​គេង​ម៉ោង​ពេល​ដូចគ្នា កុំ​ពេលខ្លះ​គេង​ម៉ោង​៩ ថ្ងៃ​ខ្លះ​ទៀត​គេង​ម៉ោង ១០ ឬ​១១ នោះ​ពិតជា​គេង​អត់​លក់​ទេ​។ បើ​ទម្លាប់​បាន គឺ​ដល់​ម៉ោង​ងងុយគេង​ហើយ​ងើប​ដឹង​ខ្លួនឯង មិន​ចាំបាច់​ប្រើ Alarm ដាស់​ឲ្យ​ភ្ញាក់​ទេ»។

គេហទំព័រ​សុខភាព​ឈ្មោះ WebMD ឲ្យ​ដឹង​ថា ប្រការ​ដែល​គេង​មិន​គ្រប់គ្រាន់​នេះ គឺ​បណ្ដាល​ឲ្យ​សុខភាព​ឆាប់​ទ្រុឌទ្រោម ប្រព័ន្ធ​ភាព​ស៊ាំ​កាន់តែ​ចុះ​អន់​ខ្សោយ​ទៅៗ ដែល​បណ្ដាល​កើត​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ធាត់​ជ្រុល និង​ជំងឺ​ទឹកនោមផ្អែម​។ គេហទំព័រ​ដដែល​បន្ត​ថា ស្ត្រី​អស់​រដូវ គឺ​ច្រើន​មាន​បញ្ហា​គេង​មិន​លក់ ដោយសារ​រាងកាយ​ឈប់​បង្កើត​ជាតិ​អរម៉ូន ប្រូហ្សេសស្ទើរ៉ូន និង​អេ​ស្ត្រូ​ហ្សិ​ន (hormones progesterone and estrogen) បញ្ហា​នេះ​ហើយ គឺជា​មូលហេតុ​នាំ​ឲ្យ​ពេលខ្លះ មាន​អារម្មណ៍​ក្តៅ​ស្អុះ​ស្អាប់ ឬ​រងា​ភ្លាមៗ និង​បែកញើស​ពេលយប់ ដែល​ធ្វើ​ឲ្យ​ភ្ញាក់​ជាច្រើន​ដង គេង​មិន​បាន។

តើ​គេ​អាច​មាន​មធ្យោបាយ​ណាខ្លះ ដើម្បី​អាច​កាត់បន្ថយ​ឬ​បំបាត់​បញ្ហា​គេង​មិន​លក់​នៅ​ពេល​យប់?

លោក វេជ្ជបណ្ឌិត ផេង សុធីរ ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ដែល​មាន​បញ្ហា​គេង​មិន​លក់​ថា សំខាន់​គឺ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ជា​មុន​សិន​។ លោក​ថា ប្រសិនបើ​មូលហេតុ​នៃ​ការ​គេង​មិន​លក់ នោះ ដោយសារតែ​ទម្លាប់​មិនល្អ ដូចជា​ទម្លាប់​ញ៉ាំ​យប់​ពេក ញ៉ាំ​ច្រើនពេក ញ៉ាំ​សុរា​ឬ កាហ្វេ ជាដើម គឺ​ត្រូវតែ​ផ្លាស់ប្ដូរ​ចេញ៖ «ការ​ព្យាបាល​ត្រូវ​មើល​មូលហេតុ បើ​អត់​ដឹង​មូលហេតុ គឺ​ព្យាបាល​អត់​កើត​ទេ ដូចជា​ថា គេង​មិន​លក់ មកពី​មាន​ជំងឺ ដោយសារ​ប្រើ​ថ្នាំ​ច្រើន ទទួលទាន​ស្រា​ច្រើន ញ៉ាំ​កាហ្វេ​ច្រើន ហ្នឹង​យើង​ត្រូវ​បញ្ឈប់ ឬ​កាត់បន្ថយ​ទៅ បន្ថយ​ស្រា​ឬ​កាហ្វេ​។ ប៉ុន្តែ​ករណី​ខ្លះ​ដូចជា​ដោះស្រាយ​អត់​បាន ដូចជា​កូនចៅ​ស្លាប់ ម្ល៉ោះហើយ​ត្រូវ​ថ្នាំ​ជំនួយ​ឲ្យ​គេង​បាន​ខ្លះ​បាន​ស្រួល»។

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​គេហទំព័រ​សុខភាព WebMD ផ្តល់​យោបល់​ថា មុន​ពេល​ចូល​គេង ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ល្អ​ប្រចាំថ្ងៃ​មួយ​ចំនួន ដែល​ជា​គន្លឹះ​ក្នុង​ការ​ជួយ​ឲ្យ​ឆាប់​គេង​លក់ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​បាន​ប្រសើរ​ឡើង​។ បន្ថែម​ពី​ការ​ទម្លាប់​គេង​ទៀងទាត់ ក្នុង​បន្ទប់​គេង គឺ​ត្រូវ​ស្ងប់ស្ងាត់ កុំ​ឲ្យ​មាន​ពន្លឺ​ចូល​ដែល​អាច​រំខាន​ដល់​ដំណេក ជៀសវាង​ការ​មើល​ទូរទស្សន៍​មុន​គេង ឬ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​កុំព្យូទ័រ​យួរ​ដៃ iPad ឬ​ទូរស័ព្ទ​ដៃ នៅ​លើ​គ្រែ​គេង ប៉ុន្តែ​យក​ល្អ គឺ​អាន​សៀវភៅ ដែល​អាច​នាំ​ឲ្យ​ឆាប់​ងងុយគេង​។ ចំណែក​លើ​គ្រែ​ពូក​វិញ ត្រូវ​រៀបចំ​កម្រាលពូក និង​ខ្នើយ​ឲ្យ​ស្អាត ឧស្សាហ៍​បោក​គក់ យ៉ាងតិច​ម្តង​រៀងរាល់​២​សប្ដាហ៍ ព្រោះ​ការសិក្សា​រក​ឃើញ​ថា កម្រាលពូក​និង​ខ្នើយ មាន​ផ្ទុក​មេរោគ​ច្រើន ធូលី និង​កោសិកា​ស្បែក​ងាប់​។ បន្ថែម​ពី​នេះ ការ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​គេង​ឲ្យ​ត្រជាក់​ល្មម កុំ​ឲ្យ​ក្តៅ​ពេក ក៏​អាច​ជួយ​ឲ្យ​គេង​យប់​លក់​ស្រួល​ផង​ដែរ។

ប្រភព​ដដែល​បន្ត​ថា ជៀសវាង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្រោយ​ម៉ោង​៨​យប់​។ អាហារ​ដែល​ទទួលទាន គឺ​ក្នុង​បរិមាណ​ល្មម កុំ​ឲ្យ​ច្រើនពេក ហើរ​ពេក ឬ​អាហារ​ដែល​មាន​ជាតិ​ជូរ​ខ្លាំង ដែល​បណ្ដាល​ឲ្យ​ពិបាក​កិន​រំលាយ​អាហារ​។ ជៀសវាង​ការហាត់​ប្រាណ ជិត​ដល់​ម៉ោង​គេង យក​ល្អ​គឺ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ឬ​នៅ​ពេល​រសៀល យ៉ាងហោចណាស់​មុន ៣ ឬ​៤​ម៉ោង​ពេល​ចូល​គេង​។​

ប្រសិនបើ​ទទួលទាន​សុរា ឬ​កាហ្វេ​ត្រូវ​ជៀសវាង​ការ​ទទួល​ទាន​នៅ​ពេល​រសៀល​ឬ​ជិត​ដល់​ម៉ោង​គេង​។ ប្រភព​បន្ត​ថា ជា​ការ​ពិត ការ​ទទួល​ទាន​សុរា ដំបូងៗ​អាច​ជួយ​ឲ្យ​ឆាប់​ងងុយគេង ប៉ុន្តែ​ក្រោយ​បន្តិច​មក វា​ក៏​ធ្វើ​ឲ្យ​ឆាប់​ភ្ញាក់​ផង​ដែរ ហើយ​បណ្ដាល​ឲ្យ​ងើប​ច្រើនដង បត់ជើងតូច​ញឹកញាប់​។ ប្រសិនបើ​អស់កម្លាំង​ហត់នឿយ ត្រូវការ​គេង​សម្រាក​ពេល​ថ្ងៃ (Napping) គឺ​កុំ​គេង​ឲ្យ​យូរ​ពេក​យ៉ាង​ច្រើន​២០​នាទី និង​ជិត​ដល់​ម៉ោង​គេង​ពេលយប់​។ ចំពោះ​អ្នក​ដែល​ជំងឺ​គេង​មិន​លក់ (insomnia) ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ថ្នាំ​ជំនួយការ​គេង​ព្រោះ​បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​ភាព​ខុសគ្នា​នៃ​រាងកាយ នៅ​ក្នុង​ខួរក្បាល ដែល​បណ្ដាល​មកពី​ពូជ ឬ​ហ្សែន (Gene) របស់​ម្នាក់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។