លោក ប៊្រែដ អាដាម ថា​ទង្វើ​របស់​លោក ហុង សុខហួរ មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ

ដោយ ជីវិតា
2015.08.18
ហុង សុខហួរ ៦២០ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា ទទួល​ស្គាល់​ជា​ច្បាប់​ជាតិ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុក​តំបន់​អាស៊ី បញ្ជាក់​ថា បើ​ទោះ​ជា​លោក​ទទួល​ស្គាល់​ថា ទង្វើ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយ​ការ​បង្ហោះ​ឯកសារ​មិន​ពិត​ស្ដីពី​សន្ធិសញ្ញា​មិត្តភាព​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​ចំណុច​ប្រការ​៤ ក៏ដោយ ក៏​ទង្វើ​នេះ​មិន​មែន​ជា​បទល្មើស​ឧក្រិដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក ជីវិតា៖ ជម្រាប​សួរ លោក ប៊្រែដ អាដាម! ដូច​លោក​ជ្រាប​ហើយ​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ពី​គណបក្ស សម រង្ស៊ី ៣​បទល្មើស គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ទាក់ទង​នឹង​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ញុះញង់ ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ។ តើ​លោក​មាន​ប្រតិកម្ម​អ្វី​ចំពោះ​រឿង​នេះ?

លោក ប្រ៊ែដ អាដាម៖ ជា​គោលការណ៍​គ្មាន​ហេតុផល​ណា​មួយ ដើម្បី​ចោទ​ប្រកាន់​នរណា​ម្នាក់​ពី​បទ​ឧក្រិដ្ឋ ដោយសារ​តែ​បាន​សម្ដែង​មតិ​ដោយ​សន្តិវិធី​នោះ​ទេ។ វា​គួរ​ឲ្យ​អស់​សំណើច​ណាស់ ដែល លោក ហ៊ុន សែន ប្រកាស​ថា លោក ហុង សុខហួរ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​បញ្ជា​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន​គាត់។ ក្រោម​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា ទទួល​ស្គាល់​ការ​សម្ដែង​មតិ​អំពី​អ្វី​មួយ​ដោយ​សន្តិវិធី មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ។ ប៉ុន្តែ​អកុសល រដ្ឋាភិបាល​កម្ពុជា ជា​ញឹកញយ​តែង​ប្រើ​វិធី​គំរាម​កំហែង និង​ចាប់​ខ្លួន​ជន​ទាំងឡាយ​ណា​ដែល​បញ្ចេញ​មតិ ជា​មតិ​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ឯកសារ​សន្ធិសញ្ញា​ត្រង់​ប្រការ​៤ ដែល​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) នោះ​បង្ហាញ​ថា វា​ជា​ឯកសារ​ក្លែងក្លាយ ប៉ុន្តែ​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ជា​អ្នក​ដែល​សរសេរ​ក្លែង​ឯកសារ​នោះ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​ថា​ឥឡូវ លោក ហ៊ុន សែន និយាយ​ថា ការ​បង្ហោះ​ឯកសារ​មិន​ពិត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ឬ​ហ្វេសប៊ុក គឺ​ជា​បទ​ឧក្រិដ្ឋ។ បើ​ការ​បង្ហោះ​នោះ​ជា​បទល្មើស​ឧក្រិដ្ឋ​ដូច្នេះ ពលរដ្ឋ​កម្ពុជា ច្រើន​ណាស់​នឹង​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ។ ប្រសិន​បើ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្រូវ​ចាប់​ខ្លួន​នោះ លោក ហ៊ុន សែន ខ្លួន​ឯង​នឹង​ត្រូវ​ចាប់​ខ្លួន​ដែរ ពីព្រោះ លោក ហ៊ុន សែន និយាយ​ខុស​ច្រើន​ណាស់ ហើយ​សម្ដី​ខុស​ទាំង​នោះ​របស់​គាត់ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល យក​ទៅ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ដូច្នេះ វា​ជា​ការ​មិន​ល្អ​ទេ​ដែល​ធ្វើ​ការ​លាប​ពណ៌​ចោទ​ថា ការ​ជជែក​បញ្ចេញ​មតិ និង​កិច្ច​សន្ទនា​នយោបាយ ជា​បទ​ឧក្រិដ្ឋ​នោះ។ ការ​ធ្វើ​បែប​នេះ វា​កាន់​តែ​រុញ​ច្រាន​កម្ពុជា ឲ្យ​ឃ្លាត​ឆ្ងាយ​ទៅៗ​ចេញ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ ហើយ​ពេល​នោះ ប្រទេស​កម្ពុជា នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​មួយ​ដែល​រាល់​ពាក្យ​សម្ដី​របស់ លោក ហ៊ុន សែន គឺ​ជា​ច្បាប់។

លោក ជីវិតា៖ ការ​ចាប់​ខ្លួន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​ធ្វើ​ឡើង​ដោយ​មិន​បាន​ដក​អភ័យ​ឯកសិទ្ធិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ជា​មុន​ឡើយ។ តើ​លោក​មាន​យោបល់​អ្វី​ដែរ?

លោក ប្រ៊ែដ អាដាម៖ រដ្ឋធម្មនុញ្ញ​កម្ពុជា ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ការពារ​ពួក​គេ​ពី​ការ​ចោទ​ប្រកាន់​មិន​សមរម្យ​នានា ប៉ុន្តែ​បើ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ឧទាហរណ៍​ថា គាត់​កាន់​កាំភ្លើង​ទៅ​ប្លន់​ហាង​អ្វី​មួយ បទល្មើស​ជាក់ស្តែង​បែប​នោះ អភ័យ​ឯកសិទ្ធិ​របស់​គាត់​មិន​អាច​ការពារ​គាត់​បាន​ទេ ហើយ​សមត្ថកិច្ច​ត្រូវ​តែ​ចាប់​ខ្លួន​គាត់។ ប៉ុន្តែ​បើ​មិន​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ទេ ដំណើរ​ការ​តាម​នីតិវិធី ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ ត្រូវ​តែ​ធ្វើ​ឡើង​មុន​នឹង​ចាប់​ខ្លួន​សមាជិក​រដ្ឋសភា ឬ​ព្រឹទ្ធសភា​ណា​ម្នាក់។ ប៉ុន្តែ​យើង​ឃើញ​ថា ករណី លោក ហុង សុខហួរ នេះ ព្រឹទ្ធសភា​កម្ពុជា មិន​បាន​គោរព​តាម​នីតិវិធី​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ។ ពួក​គេ​គួរ​តែ​បាន​កោះ​ប្រជុំ​វិសាមញ្ញ​មួយ ហើយ​ដក​អភ័យ​ឯកសិទ្ធិ​គាត់​ជា​មុន មុន​នឹង​ចាប់​ខ្លួន ប៉ុន្តែ​មើល​ទៅ​ប្រហែល​ជា​រដ្ឋាភិបាល ឬ​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​ខាត​ពេល ដូច្នេះ​ការ​ចាប់​ខ្លួន​ដោយ​មិន​បាន​ដក​អភ័យ​ឯកសិទ្ធិ វា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

សមាជិក​ព្រឹទ្ធសភា​កូតា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
សមាជិក​ព្រឹទ្ធសភា​កូតា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក ជីវិតា៖ រដ្ឋាភិបាល​ចោទ​ថា លោក ហុង សុខហួរ បង្ហោះ​ឯកសារ​នោះ​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​ព្រះរាជអាជ្ញា​ចោទ​ពី​បទ​ញុះញង់។ តើ​លោក​ថា​យ៉ាង​ម៉េច?

លោក ប្រ៊ែដ អាដាម៖ ការ​សម្ដែង​ចេញ​នូវ​អ្វី​មួយ​ដោយ​សន្តិវិធី មិន​មែន​បទល្មើស​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ហិង្សា គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ចំពោះ​ករណី លោក ហុង សុខហួរ មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។ សមាជិក​ព្រឹទ្ធសភា​ម្នាក់​នេះ មិន​បាន​បង្ហោះ​ពាក្យ​សម្ដី​ញុះញង់ ឬ​អំពាវនាវ​នរណា​ម្នាក់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឯណា។ ខ្ញុំ​និយាយ​នេះ​មិន​មែន​កាន់​ជើង​គាត់​ទេ ខ្ញុំ​ទទួល​ស្គាល់​ដែល​គាត់​បង្ហោះ​ឯកសារ​ក្លែងក្លាយ ហើយ​មិន​គួរ​នរណា​ម្នាក់​បង្ហោះ​ព័ត៌មាន​ដែល​ខ្វះ​ការ​ពិត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច្នេះ​ឡើយ។ ប្រសិន​បើ​គាត់​ប្រឹងប្រែង​រក​ប្រភព​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​នោះ គាត់​ប្រហែល​ជា​អាច​ដឹង​ថា ឯកសារ​នោះ​ជា​ឯកសារ​ក្លែងក្លាយ។ ប៉ុន្តែ​មើល​ទៅ ប្រហែល​ជា​គាត់​ចង់​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ច្រើន​ជាង។ ការ​ធ្វើ​បែប​នេះ គឺ​ជា​ទង្វើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​គាត់។ ហើយ​ដោយសារ​តែ​គាត់​ជា​អ្នក​នយោបាយ​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ផង ខ្ញុំ​គិត​ថា ធ្វើ​ឲ្យ​សាធារណជន​វាយ​តម្លៃ​មិន​ល្អ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​អំពើ​ឧក្រិដ្ឋ​ទេ។ កន្លង​មក ទាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង លោក ហ៊ុន សែន និយាយ​ខុស ធ្វើ​ខុស បែប​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ច្រើន​ណាស់។ ប្រសិន​បើ​ទង្វើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​នេះ ត្រូវ​ចាត់​ទុក​ថា​ជា​បទ​ឧក្រិដ្ឋ​នោះ ទាំង លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំង​នោះ ទៅ​នៅ​ក្នុង​ពន្ធនាគារ​យូរ​ហើយ។

លោក ជីវិតា៖ សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​មុន​ការ​ចាប់​ខ្លួន​ថា គាត់​ជា​ជន​រងគ្រោះ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​លោក​ប្រកាស​ថា នឹង​កែ​តម្រូវ​អំពើ​ខុស​ឆ្គង​នោះ។ តើ​ការ​ប្រកាស​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​នោះ អាច​ល្មម​សមរម្យ​ឲ្យ​រដ្ឋាភិបាល​ឈប់​ចាប់​ទោស​អូស​ដំណើរ​គាត់​ទេ?

លោក ប្រ៊ែដ អាដាម៖ ប្រសិន​បើ​គាត់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មែន ការ​សារភាព​ទទួល​កំហុស​មិន​អាច​ឲ្យ​គាត់​រួច​ផុត​ពី​ទោស​ឧក្រិដ្ឋ​បាន​ទេ។ ចំពោះ​បទ​ឧក្រិដ្ឋ ការ​សារភាព​ទទួល​កំហុស​គ្រាន់​តែ​ជួយ​បន្ថយ​ស្ថាន​សម្រាល​ទោស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត ទង្វើ​របស់​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី រូប​នេះ មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ។ ទង្វើ​របស់​គាត់​នេះ ប្រសិន​បើ​គាត់​រស់នៅ​ក្នុង​ប្រទេស​មួយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ​នោះ ទី​មួយ​គាត់​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។ ទី​២ ប្រការ​ដែល​គាត់​បាន​ប្រកាស​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ​នោះ រដ្ឋាភិបាល​ឈប់​រក​រឿង​គាត់​បាត់​ទៅ​ហើយ។ នៅ​សហរដ្ឋ​អាមេរិក ទី​ដែល​ខ្ញុំ​រស់នៅ​នេះ មួយ​ថ្ងៃៗ​មនុស្សម្នា​បង្ហោះ​ព័ត៌មាន​រឿងរ៉ាវ​ឆ្កួតៗ ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ណាស់​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​មាន​អ្នក​ចោទ​លោក​ប្រធានាធិបតី អូបាម៉ា (Obama) ថា​មិន​បាន​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទេ ជា​អ្នក​កាន់​សាសនា​ឥស្លាម និង​ចោទ​គាត់​ថា​ជា​ជន​សង្គម​និយម មាន​បំណង​ក្ដោបក្ដាប់​សហរដ្ឋ​អាមេរិក ដើម្បី​បំផ្លាញ​ចោល​នូវ​របប​មូលធន​និយម​ជាដើម។ មនុស្ស​សរសេរ​ផ្សព្វផ្សាយ​រឿង​អ៊ីចឹងៗ​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃៗ វា​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិន​អើពើ​ចាប់​អារម្មណ៍​យក​ទោស​អូស​ដំណើរ​រឿង​អ៊ីចឹងៗ​ឡើយ។ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ ប្រកាន់​យក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ប្រាកដ​ជា​បំភ្លេច​ចោល​ការ​បង្ហោះ​ឯកសារ​នេះ​ហើយ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
RFA/Yun Samean

លោក ជីវិតា៖ ការ​ចាប់​ខ្លួន​នេះ ស្រប​ពេល​ដែល​មាន​ចលនា​តវ៉ា​ច្រើន​អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ហើយ​ផ្ទៃ​ក្នុង​កម្ពុជា ពោល គឺ​អ្នក​នយោបាយ​នៃ​គណបក្ស​ធំ​ទាំង​ពីរ មាន​ការ​ខ្វែង​យោបល់​គ្នា​អំពី​ផែនទី​ព្រំដែន​ជាមួយ​វៀតណាម។ ដូច្នេះ ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ចំ​ពេល​នេះ ចំពោះ​លោក​មាន​អ្វី​ចម្លែក​ទេ?

លោក ប្រ៊ែដ អាដាម៖ នេះ​ជា​ការ​ចាប់​ខ្លួន​ដែល​មាន​ចរិត​នយោបាយ។ វា​ជា​ឱកាស​របស់ លោក ហ៊ុន សែន ក្នុង​ការ​ព្យាយាម​បំបិទ​មាត់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ស្ងៀមស្ងាត់​អំពី​បញ្ហា​ព្រំដែន។ សូម​បញ្ជាក់​ថា ខ្ញុំ និង​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ មិន​មាន​ជំហរ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា ថា​គួរ​ត្រូវ​នៅ​ពីណា​ទៅ​ដល់​ណា​នោះ​ទេ? នោះ​មិន​មែន​ជា​បញ្ហា​របស់​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ឡើយ លុះត្រា​តែ​បញ្ហា​នេះ​មាន​ការ​ប៉ះពាល់​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ជាច្រើន​លើក​ច្រើនសា​ហើយ ដែល​យើង​បាន​អំពាវនាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្កើន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ បើ​មិន​ប្រយ័ត្ន​ទេ ថ្ងៃ​ណា​មួយ​អាច​នឹង​មាន​អំពើ​ហិង្សា​វាយ​ប្រហារ​ទៅ​លើ​ជនជាតិ​ភាគ​តិច​វៀតណាម រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក លោក ហ៊ុន សែន គាត់​ពូកែ​ណាស់​ក្នុង​ការ​វាយ​ប្រហារ គំរាម​កំហែង​ទៅ​លើ​គូបដិបក្ខ​របស់​គាត់។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ជា​អ្នក​ផ្តល់​ឱកាស​ឲ្យ​គាត់​វាយ​បក។ អ្នក​ដឹង​ទេ លោក ហ៊ុន សែន គាត់​ចាញ់​ប្រៀប​គេ​នៅ​ពេល​ណា​បើក​ឲ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម គឺ​ដោយសារ​តែ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល​វៀតណាម។ បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​មាន​ផ្នត់​គំនិត​ថា អ្វីៗ​ដែល​មក​ពី​វៀតណាម គឺ​មិន​ល្អ។ ដូច្នេះ បើ​ជជែក​គ្នា​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម លោក ហ៊ុន សែន មិន​អាច​យក​ឈ្នះ​គូ​ប្រកួត​ជាមួយ​គាត់​បាន​ទេ ប៉ុន្តែ​ការ​បង្ហោះ​ឯកសារ​ក្លែងក្លាយ​ដោយ លោក ហុង សុខហួរ នេះ គឺ​ជា​ជំនូន​មួយ​ជូន​ទៅ លោក ហ៊ុន សែន ធ្វើ​ឲ្យ​គាត់​ឆក់​ឱកាស​នេះ​វាយ​បក​មក​វិញ ដូច្នេះ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ទេ​ដែល​ជា​អ្នក​ផ្តល់​ឱកាស​ដ៏​កម្រ​នេះ ឲ្យ​ទៅ លោក ហ៊ុន សែន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមាជិក​ព្រឹទ្ធសភា​ដែល​កំពុង​ជាប់​ឃុំ​នេះ គួរ​តែ​ត្រូវ​ដោះ​លែង​ជា​បន្ទាន់ ហើយ​ត្រូវ​លើក​លែង​បទ​ចោទ​ប្រកាន់​ទាំងអស់ ពីព្រោះ​អំពើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​នេះ មិន​មែន​ជា​បទ​ព្រហ្មទណ្ឌ​នោះ​ទេ។ បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម គួរ​ត្រឡប់​ទៅ​ជជែក​គ្នា​រក​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​ការ​ចាប់​ខ្លួន​បុគ្គល​ណា​ម្នាក់ ដែល​គ្រាន់​តែ​បង្ហោះ​ឯកសារ​ខុស ឬ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​នោះ មិន​គួរ​កើត​មាន​ឡើយ ពីព្រោះ​វា​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ។ ដូច្នេះ គួរ​ត្រូវ​ដោះ​លែង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ជា​បន្ទាន់។ ការ​ចាប់​ចង​មនុស្ស​ដាក់​ពន្ធនាគារ​នោះ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និង​លោក ហ៊ុន សែន មាន​ឈ្មោះ​អាក្រក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។