អ្នក​ច្បាប់​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល រិះគន់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​បី ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​បាន​អនុម័ត​នា​ពេល​ថ្មីៗ​នេះ ដោយ​មិន​អនុញ្ញាត​អោយ​សង្គម​ស៊ីវិល​ចូល​រួម​ផ្តល់​យោបល់។ សេចក្តី​ព្រាង​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ទាំង​បី គឺ​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

តាម​ការ​សម្ភាស​ជាមួយ លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ជី វិតា មាន​សេចក្តី​រាយការណ៍​មួយ​ដោយ​ផ្ដោត​លើ​ការ​ពិនិត្យ​មើល​បញ្ហា​នានា​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​រីក​ចម្រើន​នៃ​នីតិរដ្ឋ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​រិះគន់​ស្រាប់​ថា ពុក​រលួយ និង​ស្ថិត​ក្រោម​គំនាប​នយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្តី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​នេះ កើត​មាន​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​ជា​ស្ថាប័ន​កំពូល​មួយ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ បង្កើត​ឡើង​ដើម្បី​ធានា​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ មាន​បញ្ហា​ជាច្រើន​ចំណុច ក្នុង​នោះ​រួម​មាន អំណាច​ព្រះមហាក្សត្រ​នឹង​ត្រូវ​ថយ​ចុះ តែ​អំណាច​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​ត្រូវ​កើន​ឡើង។

លោក សុក សំអឿន៖ «ក្នុង​ច្បាប់​មុន ព្រះមហាក្សត្រ​លោក​អាច​យាង​ចូល​បាន។ ថ្វី​ត្បិត​ក្នុង​ច្បាប់​ថ្មី​នេះ​អត់​ឃើញ​ដាក់​រារាំង​មែន ក៏ប៉ុន្តែ​ក្នុង​ច្បាប់​ថ្មី​នេះ យើង​សង្កេត​ឃើញ​ក្នុង​នេះ ឃើញ​មាន​ដាក់​ច្បាស់​តែ​ម្តង។ កាល​ពី​ច្បាប់​មុន បើ​សិន​ជា​ព្រះអង្គ​រវល់ លោក​អាច​ចាត់​តំណាង ក៏ប៉ុន្តែ​ក្នុង​ច្បាប់​នេះ​ហាក់​ដូច​ជា​ត្រូវ​តែ​មាន​តំណាង​អ៊ីចឹង។ ហើយ​តំណាង​ហ្នឹង​ចំពោះ សមាជិក​ផ្សេងៗ​មិន​អាច​ធ្វើ​ជា​តំណាង​បាន​ទេ តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អាច​ធ្វើ​ជា​តំណាង​បាន។ យើង​មើល​មាត្រា​៧ ព្រះអង្គ​អាច​ចូល​រួម​បាន​ដូច​គ្នា ក៏ប៉ុន្តែ​យើង​មើល​ទៅ​ដូច​ជា​តម្រូវ​អោយ​ព្រះអង្គ​ចាត់​តាំង​តំណាង​ហ្មង»

សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ពង្រឹង​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គ​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល ក្នុង​ការ​ជ្រៀតជ្រែក​ទៅ​លើ​កិច្ចការ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម តាម​រយៈ​បង្កើត​អគ្គលេខាធិការដ្ឋាន។

លោក សុក សំអឿន៖ «ដាក់​បញ្ជាក់​ហ្មង គឺ​មាន​អគ្គលេខាធិការដ្ឋាន​មួយ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​កណ្ដាល​របស់​ក្រសួង​យុត្តិធម៌ វិញ។ ដូច្នេះ​មាន​ន័យ​ថា ដំណើរ​ការ​ចាត់​ចែង​ដូច​នៅ​ក្រោម​ក្រសួង​យុត្តិធម៌ វិញ។ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គ្រាន់​តែ​ហៅ​មក​ប្រជុំ មិន​មែន​ជា​ស្ថាប័ន​មួយ​ដាច់​ដោយ​ឡែក មិន​មែន​ជា​ស្ថាប័ន​មួយ​គ្រប់គ្រង​តុលាការ​ទេ។ និយាយ​រួម​ទៅ ច្បាប់​នេះ​មិន​មែន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជា​អ្នក​ព្រាង គឺ​ក្រសួង​យុត្តិធម៌ ជា​អ្នក​ព្រាង។ បើ​យើង​សង្កេត​មើល​សេចក្តី​ព្រាង​ច្បាប់​មុន នៅ​ក្នុង​នោះ​អគ្គលេខាធិការដ្ឋាន​មាន​នាយកដ្ឋាន​ផ្សេងៗ​ស្ថិត​នៅ​ក្រោម​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​បង្ហាញ​ពី​ចេតនា​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ចង់​បាន​ឯករាជ្យ។ អគ្គលេខាធិការដ្ឋាន​ដាច់​ដោយ​ឡែក​ដែល​មាន​នាយកដ្ឋាន​រដ្ឋបាល ហិរញ្ញវត្ថុ អធិការកិច្ច អ៊ីចឹង​ទៅ។ ប៉ុន្តែ​អា​នេះ​អត់​មាន​ទេ និយាយ​រួម​ទៅ​មាន​តែ​រដ្ឋបាល​មួយ ហើយ​អគ្គលេខាធិការដ្ឋាន​ហ្នឹង មាន​តែ​តួនាទី​មួយ ពេល​ប្រជុំ​ធ្វើ​ជា​លេខា​កត់ត្រា។ ហើយ​យើង​មើល​គណៈកម្មាធិការ​អធិការកិច្ច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​យើង​ឃើញ​ដូច​ជា ស្ថាប័ន​របស់​ក្រសួង​យុត្តិធម៌ តែ​ម្តង។ ហើយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ពិនិត្យ​ពាក្យ​បណ្ដឹង ហើយ​ស៊ើប​អង្កេត​បឋម។ ដូច្នេះ​មាន​ន័យ​ថា ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម អត់​មាន​តួនាទី​អី​ទេ គឺ​ចាំ​តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ស៊ើប​អង្កេត ហើយ​ផ្តល់​ភស្តុតាង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម»

និយាយ​ពី​អំណាច​កោះ​ប្រជុំ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​វិញ សេចក្តី​ព្រាង​ច្បាប់​មិន​បាន​អនុញ្ញាត​អោយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ខ្លួន​ឯង​កោះ​ប្រជុំ​ខ្លួន​ឯង​បាន​នោះ​ទេ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​មាន​សិទ្ធិ​កោះ​ប្រជុំ​តាម​បញ្ជា​របស់​ព្រះមហាក្សត្រ។ ហេតុ​ដូច្នេះ បើ​តាម​លោក​មេធាវី សុក សំអឿន ការងារ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ក្នុង​វិស័យ​យុត្តិធម៌ រីក​ចម្រើន ឬ​អត់​នោះ ប្រហែល​ជា​អាស្រ័យ​ច្រើន​លើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ហើយ។

លោក សុក សំអឿន៖ «ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ​អាច​សកម្ម ឬ​អកម្ម គឺ​នៅ​លើ​ដៃ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ បើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អត់​សកម្ម​ទេ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ក៏​អត់​សកម្ម​ដែរ»

ទាក់ទង​នឹង​ការ​កាត់​បន្ថយ​អំណាច​មួយ​ទៀត​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មួយ ហើយ​យក​ទៅ​ប៉ូវ​អោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នោះ គឺ​ការ​តម្រូវ​អោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ចេញ​មុខ​ជំនួស​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ក្នុង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​ឯកជន ឬ​បុគ្គល​សាធារណៈ​ដែល​មាន​ចែង​ក្នុង​មាត្រា​១៣។ បើ​តាម​លោក សុក សំអឿន សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ល្អ​ទេ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ។

លោក សុក សំអឿន៖ «ច្បាប់​បែប​នេះ​បាន​ន័យ​ថា អំណាច​តុលាការ​វា​លែង​ឯករាជ្យ​ហើយ។ វា​នៅ​លើ​ដៃ​អ្នក​នយោបាយ​របស់​អំណាច​នីតិប្រតិបត្តិ ព្រោះ​ក្រសួង​យុត្តិធម៌ ជា​អំណាច​នីតិប្រតិបត្តិ មិន​អ៊ីចឹង។ អាច​បង្ហាញ​ច្បាស់​ថា អគ្គលេខាធិការដ្ឋាន​ហ្នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ខ្ញុំ​ជំទាស់​ចំណុច​ត្រង់​ហ្នឹង។ ខ្ញុំ​ស្នើ​អោយ​អ្នក​នយោបាយ​គិតគូរ​មើល​ទៅ។ បើ​ពិត​ជា​ចង់​អោយ​តុលាការ​កម្ពុជា​ហ្នឹង​ឯករាជ្យ​មែន ដូច​តាម​គោលការណ៍​សកល ដូច​រដ្ឋធម្មនុញ្ញ​មែន មិន​គួរ​ដាក់​បែប​ហ្នឹង​ទេ។ គួរ​តែ​ប្រគល់​អំណាច​អោយ​អគ្គលេខាធិការដ្ឋាន​ហ្នឹង​ទៅ ហើយ​នៅ​ក្នុង​នោះ​អាច​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ណា​មួយ ឬ​ក៏ បើ​ព្រះមហាក្សត្រ​ចាត់​តាំង​នរណា​ម្នាក់​ធ្វើ​ជា​តំណាង​ព្រះអង្គ​ហើយ តំណាង​ហ្នឹង​ចេញ​មុខ​ទៅ​ក្នុង​នាម​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទៅ»

ធាតុ​ផ្សំ​មួយ​ទៀត​នៃ​គោលការណ៍​អន្តរជាតិ​ស្ដីពី​ឯករាជ្យ​ភាព​របស់​តុលាការ គឺ​ការ​មាន​កញ្ចប់​ថវិកា​ឯករាជ្យ​របស់​ខ្លួន ប៉ុន្តែ​មាត្រា​១៥​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ប្រគល់​អំណាច​អោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ចាត់​ចែង​កញ្ចប់​ថវិកា​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទៅ​វិញ ដែល​លោក​មេធាវី សុក សំអឿន យល់​ឃើញ​ថា វា​អាច​បណ្ដាល​អោយ​ការងារ​របស់​តុលាការ​មិន​រីក​ចម្រើន​ទៅ​មុខ។

លោក សុក សំអឿន៖ «ចំណុច​ល្អ​ហើយ​ដែល​មាន​កញ្ចប់​ថវិកា​របស់​ខ្លួន​ផ្គត់ផ្គង់​ដោយ​ថវិកា​ជាតិ។ បើ​យើង​មាន​អគ្គលេខាធិការដ្ឋាន ហើយ​ប្រគល់​អោយ​អគ្គលេខាធិការដ្ឋាន​ទៅ ដល់​អ៊ីចឹង​បាន​វា​ឯករាជ្យ បើ​មិន​អ៊ីចឹង​មិន​ចាត់​ទុក​ជា​ស្ថាប័ន​ឯករាជ្យ​ទេ បាត់​គោលការណ៍​ឯករាជ្យ​ហើយ។ គាំង ឬ​មិន​គាំង ស៊ី​សង​ទៅ​លើ​អ្នក​កាន់​លុយ​ហ្នឹង​ហើយ។ បើ​អត់​លុយ​ប្រជុំ​ម៉េច​កើត ឬ​ធ្វើ​អី​ម៉េច​បាន»

អំពី​ការ​ដាក់​វិន័យ​ទោស​ទណ្ឌ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​ប្រព្រឹត្ត​ខុស​វិញ មាត្រា​១៩ និង​២៥ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ក្រុម​ប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​វិន័យ ត្រូវ​ដាក់​ជូន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ហើយ​សេចក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​ជា​សេចក្តី​សម្រេច​បិទ​ផ្លូវ​តវ៉ា។ ចំពោះ​បញ្ហា​នេះ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​មិន​ផ្តល់​សិទ្ធិ​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទោស​វិន័យ​ទៅ​លើ​ពួក​គេ​បែប​នេះ វា​ខុស​នឹង​គោលការណ៍​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់។

លោក សុក សំអឿន៖ «មាត្រា​១៩​ហ្នឹង គឺ​មាន​ន័យ​ថា ក្រុម​ប្រឹក្សា​វិន័យ​ហ្នឹង គឺ​ជា​ឧត្តម​ក្រុម​ប្រឹក្សា​ទាំង​មូល​ហើយ ដក​តែ​ព្រះមហាក្សត្រ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទេ។ ដូច្នេះ​និយាយ​រួម​ទៅ (ក្រុម​ប្រឹក្សា​វិន័យ​ហ្នឹង) ពេញ​អង្គ​ហើយ។ ក្នុង​ករណី​បែប​ហ្នឹង វា​បាត់​សិទ្ធិ​ឧទ្ធរណ៍ សិទ្ធិ​តវ៉ា។ ក្នុង​ករណី​បែប​នេះ ជាពិសេស​អស់​លោក​ចៅក្រម​ទាំងអស់ ព្រះរាជ​អាជ្ញា​ទាំងអស់ ព្រោះ​ច្បាប់​នេះ​សម្រាប់​ដាក់​ទោស​អស់​លោក​ចៅក្រម លោក​ព្រះរាជ​អាជ្ញា​ហើយ។ ដូច្នេះ​បើ​សិន​ជា​យើង​ធ្វើ​ច្បាប់​បែប​ហ្នឹង ដែល​ក្រុម​ប្រឹក្សា​វិន័យ​ដាក់​ហើយ (តែ) អត់​មាន​អំណាច​ឧទ្ធរណ៍​ហ្នឹង វា​យ៉ាង​ម៉េច? កុំ​អោយ​ពេល​ធ្វើ​ច្បាប់ យើង​ធ្វើ​ច្បាប់​គិតគូរ​ពី​សិទ្ធិ​អ្នក​ដទៃ តែ​អត់​បាន​គិត​ពី​សិទ្ធិ​របស់​ខ្លួន​ឯង ដល់​មាន​ពេល​មាន​បញ្ហា​ថ្ងៃ​ក្រោយ​ទៅ ទឹក​ភ្នែក អត់​មាន​នរណា​គេ​ជួយ​បាទ»

ព្រះមហាក្សត្រ​ជា​ប្រធាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ព្រះអង្គ​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ​ទាំង​មូល។ ហើយ​ដោយសារ​តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក​មេធាវី សុក សំអឿន បាន​ស្នើ​អោយ​ព្រះមហាក្សត្រ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ធ្វើ​អន្តរាគមន៍ និង​បាន​ការ​អនុញ្ញាត​ចូល​រួម​កែលំអ​សេចក្តី​ព្រាង​ច្បាប់​នេះ។

លោក សុក សំអឿន៖ «សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​សេចក្តី​ព្រាង​ច្បាប់​របស់ (សម្រាប់) ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ហើយ​ព្រះមហាក្សត្រ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​អ្នក​ការពារ​ឯករាជ្យ​ភាព​របស់​តុលាការ ដូច្នេះ​សុំ​អោយ​ទូល​ថ្វាយ​ព្រះមហាក្សត្រ និង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​បច្ចុប្បន្ន​ហ្នឹង សុំ​ជួយ​អោយ​យោបល់​ផង​បាទ ហើយ​សុំ​ស្តាប់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​បច្ចុប្បន្ន​ផង​បាទ»

ថ្មីៗ​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ចំនួន​បី ដែល​សំខាន់​ជាង​ច្បាប់​ណាៗ​ទាំងអស់​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា។ សេចក្តី​ព្រាង​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ទាំង​បី គឺ​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ មន្ត្រី​សង្គម​ស៊ីវិល អោយ​ដឹង​ថា ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ដៃ មិន​ខុស​គ្នា​នឹង​សេចក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋាភិបាល​ត្រៀម​នឹង​បញ្ជូន​ទៅ​រដ្ឋសភា ហើយ​រដ្ឋសភា​នឹង​អនុម័ត​អោយ​ក្លាយ​ទៅ​ជា​ច្បាប់​ដោយ​មិន​កែលំអ​នោះ តុលាការ​កម្ពុជា ដែល​មិន​ឯករាជ្យ និង​កំពុង​ញាំញី​ជាន់​ឈ្លី​ដោយ​ឥទ្ធិពល​នយោបាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ នឹង​នៅ​តែ​ងើប​មុខ​មិន​រួច ដោយ​គ្មាន​ភាព​ល្អ​ប្រសើរ​ឡើង​ឡើយ។

រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ច្បាប់​នៃ​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​រដ្ឋាភិបាល​ផាត់​ចោល​មិន​អោយ​ចូល​រួម​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើយ។ សង្គម​ស៊ីវិល​កំពុង​រង់ចាំ​អ៊ុត​មើល​ថា តើ​តំណាង​រាស្ត្រ​នឹង​អនុញ្ញាត​អោយ​ពួក​គេ​ចូល​រួម​ផ្តល់​យោបល់​តាម​គន្លង​សង្គម​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ នៅ​ពេល​រដ្ឋសភា​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​ទាំងអស់​នោះ​ពី​រដ្ឋាភិបាល?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។