តើនគរបាលយុត្តិធម៌អាចឃាត់ខ្លួនជនសង្ស័យនៅក្នុងប៉ុស្តិ៍រយៈពេលយូរប៉ុណ្ណា?
2015.08.25

នគរបាលយុត្តិធម៌ មានតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខសង្គមជូនប្រជារាស្ត្រ។ ដើម្បីសម្រេចគោលបំណងនេះ មុខងារមួយក្នុងចំណោមមុខងារដទៃទៀតរបស់នគរបាល គឺការឃាត់ខ្លួនជនសង្ស័យដែលល្មើសច្បាប់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
តើថិរវេលាយូរប៉ុណ្ណាដែលនគរបាលអាចឃាត់ខ្លួនជនសង្ស័យនៅក្នុងប៉ុស្តិ៍របស់ខ្លួន?
នគរបាលយុត្តិធម៌ មានមុខងារស្រាវជ្រាវឧក្រិដ្ឋកម្ម ប្រមូលភស្តុតាង ចាប់អ្នកប្រព្រឹត្តិបទល្មើសបញ្ជូនទៅតុលាការ ចាប់ជនល្មើសក្នុងករណីមានការប្រព្រឹត្តជាក់ស្តែង និងចាប់ជនល្មើសតាមអំណាចដីកាចាប់ខ្លួន។ ក្នុងការអនុវត្តភារកិច្ចទាំងនេះ នគរបាលយុត្តិធម៌មានអំណាចឃាត់ខ្លួនជនសង្ស័យ ប៉ុន្តែអំណាចនេះត្រូវបានកំណត់ដោយច្បាប់។ ក្រមនីតិវិធីព្រហ្មទណ្ឌកំណត់ថា នគរបាលយុត្តិធម៌មិនអាចឃាត់ខ្លួនជនណាម្នាក់ឲ្យហួសពីរយៈពេលពី ២៤ម៉ោងទៅ ៤៨ម៉ោងបានទេ អាស្រ័យទៅលើប្រភេទនៃបទល្មើស ឧទាហរណ៍ បទមជ្ឈិម ឬបទឧក្រិដ្ឋ ហើយជនដែលត្រូវឃាត់ខ្លួនជាអនីតិជន ឬជាមនុស្សពេញវ័យ។
ទោះជាយ៉ាងណា ផ្អែកលើគោលការណ៍មនុស្សជាតិ ការឃាត់ខ្លួនជនណាម្នាក់ពីបទសង្ស័យអ្វីមួយ មិនមែនជាការចាំបាច់ត្រូវតែធ្វើឡើងនោះទេ។ ប៉ុន្តែលោកមេធាវី សុក សំអឿន បញ្ជាក់ថា គោលបំណងច្បាប់ ការឃាត់ខ្លួនជនសង្ស័យណាម្នាក់ គឺដើម្បីជៀសវាងការរត់គេចខ្លួនរបស់ជនសង្ស័យ និងធានាសុវត្ថិភាពសង្គម ក្នុងអំឡុងពេលនគរបាលយុត្តិធម៌បន្តស៊ើបអង្កេត និងកសាងសំណុំរឿងមុនបញ្ជូនទៅតុលាការ ដើម្បីធ្វើការកាត់សេចក្តី៖ «ជាគោលការណ៍ ត្រូវតែមានសេរីភាព។ ប៉ុន្តែដើម្បីក្នុងលក្ខខណ្ឌពិសេស ដើម្បីការពារមិនឲ្យមានបទល្មើស ឬហិង្សាតទៅទៀត ការឃាត់ខ្លួនអាចធ្វើទៅបាន»។
គោលបំណងសំខាន់មួយទៀត គឺដើម្បីការពារសុវត្ថិភាពសាក្សី៖ «ដើម្បីជៀសមិនឲ្យជនល្មើសមានឱកាសគំរាមកំហែងសាក្សី ទើបឃាត់ខ្លួន។ ប៉ុន្តែពេលអនុវត្តជាក់ស្តែង ប៉ូលិសឲ្យតែចោទបទល្មើសព្រហ្មទណ្ឌ តែងតែឃាត់ខ្លួន»។
នគរបាលយុត្តិធម៌ អាចឃាត់ខ្លួនជនសង្ស័យបានក្នុងស្ថានភាពប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិមជាក់ស្តែង និងក្នុងអំឡុងពេលស៊ើបអង្កេតនៃបទល្មើសទាំងពីរនេះ។ លោកមេធាវី សុក សំអឿន បញ្ជាក់ថា នគរបាលយុត្តិធម៌អាចចាប់ឃាត់ខ្លួននៅពេលប្រទះឃើញបទល្មើសផ្ទាល់ភ្នែក៖ «នគរបាលអាចចាំបាន នៅពេលឃើញបទល្មើសជាក់ស្តែង ដែលជនសង្ស័យកំពុងប្រព្រឹត្ត»។
ក្នុងករណីស៊ើបអង្កេតដែលមិនមែនជាបទល្មើសជាក់ស្តែងនោះ ក៏នគរបាលយុត្តិធម៌អាចចាប់ឃាត់ខ្លួនបានដែរ នៅពេលមានភស្តុតាងបញ្ជាក់ថា ជនណាម្នាក់ជាប់សង្ស័យនឹងបទល្មើស៖ «ក្នុងដំណាក់ការស៊ើបអង្កេត បើសិនជាមានភស្តុតាងច្បាស់លាស់ នគរបាលអាចឃាត់ខ្លួនជនសង្ស័យបានដែរ»។
ទោះជាយ៉ាងណាក៏ដោយ ថិរវេលាអតិបរិមានៃការឃុំខ្លួននេះ មិនឲ្យលើសពី ៤៨ម៉ោងទេ។ ថិរវេលានេះចាប់គិតពីពេលដែលបុគ្គលនោះមកដល់ប៉ុស្តិ៍នគរបាល។ ចំពោះករណីបទឧក្រិដ្ឋ ថិរវេលានេះអាចបន្ថែមរយៈពេល ២៤ម៉ោងទៀត ប៉ុន្តែត្រូវមានការយល់ព្រមពីព្រះរាជអាជ្ញា នៅពេលណាមានតម្រុយបង្ហាញថា ជនដែលត្រូវឃាត់ខ្លួនមានពិរុទ្ធភាព ហើយការបន្តការឃុំខ្លួនពិតជាចាំបាច់ ដើម្បីស៊ើបអង្កេតឲ្យបានពេញលេញ។
ចំពោះថិរវេលានៃការឃាត់ខ្លួនអនីតិជន ឬកុមារវិញ ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ចែងថា សម្រាប់កុមារចាប់ពីអាយុ ១៤ឆ្នាំដល់ ១៦ឆ្នាំ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋ នគរបាលអាចឃាត់ខ្លួនបាន ៣៦ម៉ោង និងសម្រាប់បទមជ្ឈិម អាចឃាត់ខ្លួនបាន ២៤ម៉ោង។ ចំពោះថិរវេលានៃការឃាត់ខ្លួនអនីតិជន ឬកុមារពីអាយុ ១៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋ នគរបាលអាចឃាត់ខ្លួនបាន ៤៨ម៉ោង និងសម្រាប់បទមជ្ឈិម អាចឃាត់ខ្លួនបាន ៣៦ម៉ោង។
ថិរវេលាកំណត់សម្រាប់អនីតិជន ឬកុមារនេះ មិនអាចពន្យារបានទេ ហើយកុមារអាយុក្រោម ១៤ឆ្នាំ មិនអាចត្រូវឃាត់ខ្លួនបានឡើយ។
នៅពេលឃាត់ខ្លួនជនណាម្នាក់ នគរបាលត្រូវធ្វើកំណត់ហេតុនៃការឃាត់ខ្លួន ហើយព័ត៌មានក្នុងកំណត់ហេតុនោះ ត្រូវមានដូចតទៅ៖
- ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌
- អត្តសញ្ញាណនៃបុគ្គលដែលត្រូវឃាត់ខ្លួន
- មូលហេតុនៃការឃាត់ខ្លួន
- ថ្ងៃ ខែ ឆ្នាំ និងម៉ោងដែលផ្ដើមឃាត់ខ្លួន
- ការឲ្យដំណឹងអំពីសិទ្ធិក្នុងការសន្ទនាជាមួយមេធាវី ឬបុគ្គលណាម្នាក់ បន្ទាប់ពីស្ថិតក្រោមការឃាត់ខ្លួនរបស់នគរបាលរយៈពេល ២៤ម៉ោង។
កំណត់ហេតុនេះ ត្រូវចុះហត្ថលេខា ឬផ្ដិតស្នាមម្រាមដៃរបស់ជនដែលត្រូវឃាត់ខ្លួន។ កំណត់ហេតុ ត្រូវរក្សាទុកដើម្បីផ្តល់ដល់ស្ថាប័នដែលពាក់ព័ន្ធ និងសម្រាប់ប្រើប្រាស់នៅក្នុងតុលាការ។ ទោះជាយ៉ាងណា យោងតាមគោលការណ៍សិទ្ធិមនុស្ស មនុស្សគ្រប់រូបមានសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិរស់រានមានជីវិតពីកំណើត ដែលគ្មាននរណាអាចដកហូតបានទេ។ ការឃាត់ខ្លួនជនណាម្នាក់ មិនអាចចេះតែធ្វើតាមអំពើចិត្តដោយបំពានច្បាប់នោះឡើយ។ បើមិនដូច្នេះទេ ការគោរពសិទ្ធិបុគ្គល សេចក្តីថ្លៃថ្នូររបស់មនុស្ស នឹងត្រូវធ្លាក់ចុះ ដែលអាចនឹងបង្កឲ្យមានការភ័យខ្លាច និងអស្ថិរភាពសង្គម។
យោងតាមច្បាប់កម្ពុជា និងច្បាប់សកលស្ដីពីសិទ្ធិមនុស្ស ដែលកម្ពុជា ទទួលយកជាច្បាប់ជាតិ ការឃាត់ខ្លួនជនណាម្នាក់ អាចធ្វើទៅបានលុះត្រាតែចាំបាច់បំផុត ដោយអនុវត្តឲ្យស្របទៅនឹងនីតិវិធីជាធរមាន ដើម្បីជៀសវាងការចាប់ឃាត់ខ្លួនច្រឡំ ឬការទម្លាក់ទោសដោយចេតនាបណ្ដាលឲ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕