រដ្ឋធម្មនុញ្ញ ក្លាយជាឧបករណ៍នយោបាយ ជាងការពារភាពសុខសាន្តជាតិ
2019.09.24
រដ្ឋធម្មនុញ្ញ ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ មកទល់នឹងឆ្នាំ២០១៩ ច្បាប់កំពូលមួយនេះ មានអាយុកាល ២៦ឆ្នាំហើយ។ ខ្លឹមសារ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាគ្រឹះនៃរដ្ឋធម្មនុញ្ញ។ ២៦ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្ម៩លើកហើយ។ ទាំងខ្លឹមសារ២៣តុលា និងអត្ថន័យក្នុងរដ្ឋធម្មនុញ្ញហាក់បាត់បង់ ឬនៅតែឈ្មោះប៉ុណ្ណោះ មកដល់ខួប ២៦ឆ្នាំនេះ។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ដែលកើតចេញពីសភាធម្មនុញ្ញនោះ បានធានានូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ អធិបតេយ្យ និងយុត្តិធម៌សង្គម ក៏ប៉ុន្តែរដ្ឋធម្មនុញ្ញ ពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់ អះអាងថា របបក្រុងភ្នំពេញ បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត តាមរយៈការធ្វើវិសោធនកម្មជាច្រើនលើកច្រើនសារ។
បើទោះ រដ្ឋធម្មនុញ្ញ ចែងថា ជាច្បាប់កំពូល តាក់តែងក្នុងបំណងរកភាពសុខសាន្តសង្គមសម្រាប់ឲ្យពលរដ្ឋជាទូទៅក្ដី តែខ្លឹមសារនៃច្បាប់កំពូលនោះ មិនត្រូវបានរបបក្រុងភ្នំពេញ យកមកការពារប្រយោជន៍ឲ្យពលរដ្ឋទេ។ ចុងក្រោយនេះ របបក្រុងភ្នំពេញ និងសភាឯកបក្ស បានកែប្រែច្បាប់មួយចំនួន ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ គាបសង្កត់ រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ មិនឲ្យធ្វើនយោបាយ មិនឲ្យតវ៉ា មិនឲ្យបោះពុម្ពផ្សាយ និងទទួលបានព័ត៌មានដោយសេរីទេ។
ប្រធានផ្នែកស៊ើបអង្កេត និងឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគម អាដហុក លោក នី សុខា និយាយថា មាត្រាភាគច្រើនក្នុងរដ្ឋធម្មនុញ្ញ ចែងបានល្អ តែការផ្សព្វផ្សាយ និងអនុវត្ត មិនល្អ ដែលផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ ដែលចែងពីពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា នៅចំពោះមុខច្បាប់។ សព្វថ្ងៃ ពលរដ្ឋមិនហ៊ានប្រើប្រាស់សិទ្ធិ សេរីភាព ដែលធម្មនុញ្ញចែងឲ្យប្រើសិទ្ធិតវ៉ា ឬ ធ្វើប្រើប្រាស់សិទ្ធិធ្វើនយោបាយទេ ព្រោះស្ថិតក្នុងបរិយាកាសនយោបាយរឹតត្បិត គំរាមកំហែង៖ «ដោយឡែក គឺមាត្រានៃរដ្ឋធម្មនុញ្ញ មានច្រើនណាស់ចែងល្អ ការគោរពសិទ្ធិមនុស្សហ្នឹង តែការប្រើប្រាស់ ការអនុវត្តជាក់ស្ដែង យករដ្ឋធម្មនុញ្ញ យកទៅប្រើប្រាស់ យើងឃើញមានការប្រើប្រាស់មិនទាន់មានភាពទូលំទូលាយនៅឡើយទេ។ វាអាចពាក់ព័ន្ធនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏វាអាចពាក់ព័ន្ធទៅនឹងការ អាជ្ញាធររដ្ឋកំពុងធ្វើការរឹតត្បិតទៅលើសេរីភាពមួយចំនួន មិនអាចធ្វើឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិហ្នឹង បានទូលំទូលាយ»។
បំណងបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣
អតីតទីប្រឹក្សាអនុប្រធានទី១រដ្ឋសភា និងជាអតីតសាស្ត្រាចារ្យច្បាប់ លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងបារីស ប្រាប់ឲ្យកម្ពុជារៀបចំការបោះឆ្នោត និងបង្កើតធម្មនុញ្ញ ដោយខ្លួនឯង។ តែទាមទារឲ្យបញ្ចូលសន្ធិសញ្ញាទីក្រុងបារីស ជាគ្រឹះ ដើម្បីធានាឲ្យបានគោលការណ៍ធំៗ ពិសេសគឺការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អំណាចបែងចែកពីគ្នា តុលាការឯករាជ្យ ធានាអធិបតេយ្យភាព បូរណភាពទឹកដី។ គោលការណ៍ទាំងនេះ ជាភាពសុខសាន្តរបស់កម្ពុជា មិនរងការឈ្លានពានពីបរទេស ដណ្ដើមអំណាចគ្នាតាមគោលការណ៍ប្រជាធិបតេយ្យ និងសន្មតថា អំណាចជារបស់ពលរដ្ឋខ្មែរ។
ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញ
ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិ (UNTAC) បានគ្រប់គ្រងរដ្ឋបាលក្នុងប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន។ ក្នុងខែឧសភា ឆ្នាំ១៩៩៣ អាជ្ញាធរបណ្ដោះអាសន្ន បានរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មួយឡើង។ បន្ទាប់មក គឺរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្ន សភាធម្មនុញ្ញ បានជ្រើសរើសបង្កើតរដ្ឋាភិបាលជាតិកម្ពុជាបណ្ដោះអាសន្នមួយ និងបានរៀបចំរដ្ឋធម្មនុញ្ញ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានអនុម័ត ដោយការបោះឆ្នោតជាសម្ងាត់ បង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៤ កញ្ញា ប្រមុខរដ្ឋបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ។ ប៉ុន្មានម៉ោងក្រោយមក ការធ្វើសច្ចាប្រណិធានត្រូវបានប្រកាសឡើងដោយ សម្ដេចព្រះ នរោត្តម សីហនុ។ សភាធម្មនុញ្ញ បានក្លាយទៅជារដ្ឋសភា តាមសំណើរបស់ប្រធាន និងអនុប្រធានសភា។
វិសោធនកម្មរដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ កំណត់នូវមូលដ្ឋានសំខាន់ៗ នូវរបៀប ដែលរដ្ឋមួយត្រូវដំណើរការ ហើយការសើរើ ឬធ្វើវិសោធនកម្មណាមួយនោះ ត្រូវតែឆ្លងកាត់នីតិវិធីដ៏តឹងរ៉ឹង និងម៉ត់ចត់បំផុត ដើម្បីពិនិត្យមើលថា តើការកែប្រែនោះស្របច្បាប់ឬមិនស្របច្បាប់នោះ។ រដ្ឋធម្មនុញ្ញ មាត្រា១៥១ ចែងថា៖ «ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
ចំនួនសមាជិករដ្ឋសភាបច្ចុប្បន្ន ដែលមានមកតែពីគណបក្សប្រជាជនកម្ពុជានោះ តំណាងរាស្ត្រចំនួន ៣១រូប អាចស្នើសុំសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានហើយ។ គិតមកទល់ពេលនេះ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលមានអាយុ ២៦ឆ្នាំ បានឆ្លងកាត់ការសើរើ ឬវិសោធនកម្មប្រមាណ ១០លើករួចទៅហើយ ដែលវិសោធនកម្មមួយចំនួនមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្នុងនោះ មានវិសោធនកម្មលើកទី៤ ឆ្នាំ២០០៤ ស្ដីពីការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងរដ្ឋសភា បង្កើតថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ ឬហៅថា បោះឆ្នោតជាកញ្ជប់។ វិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ២០១៨ សំដៅដល់ការហាមឃាត់ពលរដ្ឋកម្ពុជាពីសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ក្តី ដោយប្រយោលក្តី។ ប៉ុន្តែវិសោធនកម្មចុងក្រោយនេះ ត្រូវអង្គការសិទ្ធិមនុស្សមើលឃើញថា ជាការរឹតត្បិតសិទ្ធ និងសេរីភាពរបស់ពលរដ្ឋខ្មែរ បន្ថែមទៀតទៅវិញទេ។
បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការកែប្រែធម្មនុញ្ញ វិវត្តន៍ទៅរកទាំងភាពអាក្រក់ និងល្អ។ អាក្រក់ គឺបង្កើតធម្មនុញ្ញបន្ថែម បង្កើតស្ថាប័នព្រឹទ្ធសភា ជាស្ថាប័នអត់ប្រយោជន៍ និងវិសោធនកម្ម ឆ្នាំ២០១៧ បើកផ្លូវឲ្យរំលាយបក្សប្រឆាំង បិទសិទ្ធិនយោបាយ ធ្វើឲ្យអំណាចទាំងអស់ ប្រមូលផ្ដុំលើបុគ្គលនាយករដ្ឋមន្ត្រី។
ចំណែកវិសោធនកម្ម វិវត្តន៍ទៅរកស្ថានភាពល្អវិញ គឺ ការដាក់បញ្ចូលស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) ជាស្ថាប័នកំពូលក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែបើទោះស្ថាប័ន (គ.ជ.ប) និង អំណាចតុលាការ ស្ថិតក្នុងធម្មនុញ្ញ ហើយចែកដាច់ថា ឯករាជ្យ ក៏នៅតែស្ថិតក្រោមអំណាចប្រមូលផ្ដុំរបស់នីតិប្រតិបត្តិដែរ៖ «ការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ហើយសំដៅទៅលើការតម្រូវមួក កាត់ក្បាល។ ទី២ គឺរំលាយអង្គសង្គ្រោះជាតិទាំងមូល ទី៣ គឺចែកអាសនៈទៅគណបក្សប្រឆាំងទៅឲ្យបក្សដទៃទៀត ដែលមិនបានជាប់ឆ្នោត។ ប៉ុន្តែអាល្អមួយទៀត គឺយក គ.ជ.ប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំឡើងទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ ស្មើនឹងក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋាភិបាល សភា តុលាការហ្នឹងទៅ»។
ច្បាប់ពិសេស បង្កើតឡើងបញ្ច្រាសរដ្ឋធម្មនុញ្ញ
មិនត្រឹមការអនុវត្តតាមធម្មនុញ្ញធូរទេ ច្បាប់ពិសេស ជាច្រើន ក៏ត្រូវបានរបបក្រុងភ្នំពេញ ព្រាងឲ្យសភាឯកបក្សអនុម័ត ដើម្បីធ្វើបាបគាបសង្កត់ដៃគូនយោបាយ និងក្រុមសំឡេងរិះគន់។ ឧទាហរណ៍ ជំពូកទី៣ ចាប់ពីមាត្រា៣១ ដល់មាត្រា៥០ ស្ដីពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ចែងក្នុងន័យថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
វាក្យខណ្ឌបន្ត សរសេរថា ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នា ចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
តែនៅវាក្យខណ្ឌចុងក្រោយ នៃមាត្រា៣១ បានភ្ជាប់សិទ្ធិសេរីភាពទាំងនេះ ទៅនឹងច្បាប់ពិសេស ដែលរដ្ឋសភាឯកបក្ស បង្កើតឡើងក្នុងអត្ថន័យផ្ទុយពីខ្លឹមសារដើម។ ជាក់ស្ដែង គឺច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ឆ្នាំ២០១៧ បានបង្ខាំងសិទ្ធិពលរដ្ឋមិនឲ្យធ្វើនយោបាយ និងថ្មីៗនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ពលរដ្ឋមិនឲ្យមានជំនឿ គាំទ្រ អ្នកនយោបាយលោក សម រង្ស៊ី ជាដើម ដែលនេះ ជាការមិនឲ្យពលរដ្ឋមានសិទ្ធិលើជំនឿ និន្នាការនយោបាយ ស្មើគ្នារវាងពលរដ្ឋផ្សេងទៀត។
ច្បាប់ពិសេស ៣ទៀត ពាក់ព័ន្ធអំណាចតុលាការ គឺច្បាប់ស្ដីពីការរៀបចំ អង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ក៏មានអត្ថន័យបញ្ច្រាសធម្មនុញ្ញដែរ។ រដ្ឋធម្មនុញ្ញ ក្នុងជំពូកទី១១ មាត្រា១២៨ថ្មី ចែងថា តុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ។ ប៉ុន្តែ ច្បាប់ពិសេសទាំង ៣ខាងលើ ត្រូវរដ្ឋសភាអនុម័ត កាលឆ្នាំ២០១៤ ចែងក្នុងន័យ ដើម្បីប្រគល់សិទ្ធិអំណាចតុលាការទាំងអស់ ស្ថិតក្រោមអំណាចរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលស្ថិតក្រោមបង្គាប់របស់នាយករដ្ឋមន្ត្រី នៃអំណាចនីតិប្រតិបត្តិ។ ដូច្នេះអំណាចតុលាការ គឺស្ថិតក្រោមអំណាចនីតិប្រតិបត្តិ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋសភាឯកបក្ស លោក ឡេង ប៉េងឡុង បានទេ ថ្ងៃទី២៣ កញ្ញា។ ចំណែកអ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា សុំមិនអត្ថាធិប្បាយទេ នៅថ្ងៃទី២៣ កញ្ញា ដោយសារ លោកកំពុង នៅក្រៅការិយាល័យអង្គភាព។
របបក្រុងភ្នំពេញ មិនអាចអនុវត្តតាមរដ្ឋធម្មនុញ្ញ
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង កន្លងមកថា រដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ បានយ៉ាងខ្ជាប់ខ្ជួន។ តែកាលពីឆ្នាំ២០១៨ លោកលើកឡើងថា មានតែចំណុចមួយប៉ុណ្ណោះ ដែលរដ្ឋាភិបាលមិនអាចអនុវត្តបាន គឺការបង្កើតសមាជជាតិ ដោយសារព្រឹត្តិការណ៍នេះ មានលក្ខណៈស្មុគស្មាញ និងគ្មានរចនាសម្ព័ន្ធរៀបចំត្រឹមត្រូវ។ យ៉ាងណា លោក ផៃ ស៊ីផាន ថា គោលបំណងនៃការកែប្រែរដ្ឋធម្មនុញ្ញធំបំផុត គឺរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា៖ «ដូច្នេះគោលបំណងរបស់រដ្ឋធម្មនុញ្ញ គឺរក្សាសន្តិភាព ស្ថិរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង»។
ជំពូកទី ១៤ ថ្មី ស្ដីពីសមាជជាតិ ចាប់ពីមាត្រា១៤៧ថ្មី ដល់មាត្រា១៤៩ថ្មី ចែងថា សមាជជាតិ គឺ បើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហាសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។ ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
សមាជជាតិ ប្រជុំមួយដងក្នុងមួយឆ្នាំ គឺនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាព នៃព្រះមហាក្សត្រ។ សមាជជាតិ អនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា។ ការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជជាតិ នឹងត្រូវកំណត់ក្នុងច្បាប់មួយ។ ច្បាប់ពិសេសស្ដីពីសមាជជាតិនេះ មិនទាន់បានតាក់តែងទេ។
បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់ថា សមាជជាតិជាសន្និបាតពលរដ្ឋ ដើម្បីទប់ស្កាត់អំណាចផ្ដាច់ការ។ លោកបណ្ឌិត រំលឹកថា សម័យសង្គមរាស្ត្រនិយម គឺកម្ពុជាដឹកនាំដោយរបបឯកបក្សដូចសព្វថ្ងៃ។ តែនាយករដ្ឋមន្ត្រីពេលនោះ គឺសម្ដេចព្រះ នរោត្តម សីហនុ បានធ្វើសមាជជាតិ ១ឆ្នាំ ២ដង អនុញ្ញាតឲ្យពលរដ្ឋមកជួបជុំសួរសំណួរ បង្ហាញទុក្ខកង្វល់ ដោយសេរី នៅវាលមេន ក្បែរព្រះបរមរាជវាំង ហើយធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រី។ លោក ថា កាលណោះ រដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលសង្គមរាស្ត្រនិយមច្រើននាក់ ត្រូវបាន សម្ដេច សីហនុ ដកតំណែង នៅក្នុងសមាជជាតិ ក្រោយស្ដាប់ទុក្ខកង្វល់ពលរដ្ឋហើយ៖ «សមាជជាតិហ្នឹង ក្នុងកម្មវិធី ដាក់ទៅ គឺដូចជា របងយ៉ាងក្រាស់ ហើយយ៉ាងមាំមួយ ទប់ទល់នឹងអំណាចផ្ដាច់ការ។ បើយើងអត់មានហ្នឹង អត់មានអ្វីទប់ទល់នឹងអំណាចផ្ដាច់ការពីរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សហ្នឹងទៅ»។
និស្សិត កំពុងសិក្សាជំនាញច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា មួយផ្នែកនៃរដ្ឋធម្មនុញ្ញ ត្រូវបានរដ្ឋាភិបាល កាឡៃឲ្យក្លាយជាឧបករណ៍បម្រើនយោបាយ ឯមួយផ្នែកទៀត គឺផាត់ចោល មិនគោរពតាម។ លោក ថា រដ្ឋធម្មនុញ្ញ សព្វថ្ងៃ ហាក់គ្រាន់ជាច្បាប់ទន្ទេញជាប់មាត់ របស់មន្ត្រីទាំងនោះ តែពលរដ្ឋមិនអាចពឹងអាស្រ័យបានទេ គឺមន្ត្រីទាំងនោះ គោរពតែតាមអនុសាសន៍មេដឹកនាំជាជាងការអនុវត្តរដ្ឋធម្មនុញ្ញ៖ «មួយផ្នែកត្រូវបានអ្នកនយោបាយដកស្រង់យករដ្ឋធម្មនុញ្ញបម្រើផលប្រយោជន៍នយោបាយ។ មួយផ្នែកទៀត រដ្ឋធម្មនុញ្ញ គឺមិនត្រូវបានអ្នកនយោបាយយកមកអនុវត្តតែម្ដង ផាត់ចោល»។
ការវិវត្តន៍ចុងក្រោយ ក្រោយពីការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញរយៈពេល ២៦ឆ្នាំមកនេះ របបក្រុងភ្នំពេញ ផាត់ចោលរដ្ឋធម្មនុញ្ញដែរនោះ គឺការបន្សាបអំណាចតុលាការ អង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល កាន់មានឥទ្ធិពលគ្របសង្កត់ខ្លាំងឡើងៗ ទៅលើចៅក្រម និងព្រះរាជអាជ្ញា តាមរយៈលើកទឹកចិត្ត និងបង្ខំពួកគេឱ្យចូលជាសមាជិកគណបក្សនយោបាយ ពោលគឺបក្សកាន់អំណាច និងតាមរយៈបង្កើតច្បាប់មួយចំនួន កាត់បន្ថយអំណាចតុលាការ អោយស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រសួងយុត្តិធម៌ ដែលសាខារបស់អំណាចអង្គនីតិប្រតិបត្តិទៅវិញ ទោះជារដ្ឋធម្មនុញ្ញបានចែងឲ្យនៅដាច់ពីគ្នារវាង អង្គនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការក្ដី។
ព្រះមហាក្សត្រ ជាអ្នកធានាសិទ្ធិសេរីភាពពលរដ្ឋ និងផ្សះផ្សាជាតិ
ជំពូកទី២ ចែងក្នុងន័យថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ ផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាល និងគណបក្សប្រឆាំង កុំបោះបង់រដ្ឋធម្មនុញ្ញចោល ហើយគោរពរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់យន្តការ ដោះស្រាយវិបត្តិនយោបាយ តាមរដ្ឋធម្មនុញ្ញ ដែលចែងឲ្យអង្គព្រះមហាក្សត្រ ជាអាជ្ញាកណ្ដាល ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។