ស្ថាប័នតុលាការដែលកំពុងអនុវត្តន៍នៅប្រទេសកម្ពុជាមានបីលំដាប់ថ្នាក់ គឺសាលាដំបូង សាលាឧទ្ធរណ៍និងសាលាកំពូល។
មានលោកអ្នកស្តាប់វិទ្យុអាស៊ីសេរីម្នាក់ឈ្មោះ ឆែម ស៊ីណាត និងប្រពន្ធឈ្មោះ សុខ សំណាង នៅខេត្តកណ្តាល មានចម្ងល់មួយចំនួនទាក់ទងនឹងនីតិវិធីរបស់តុលាការក្នុងការបញ្ជូនសំណុំរឿងសម្រាប់ជំនុំជម្រះពីសាលាក្តីមួយទៅសាលាក្តីមួយទៀត ជាពិសេសដំណាក់កាលនៃបណ្តឹងឧទ្ធរណ៍នៅពេលភាគីណាមួយមិនសុខចិត្ត។
សំណួររបស់លោក ឆែម ស៊ីណាត និងប្រពន្ធឈ្មោះ សុខ សំណាង គឺទាក់ទងទៅនឹងរឿងក្តីរបស់គាត់ទាំងពីរផ្ទាល់ដែលបានទិញដីមួយកន្លែង។
អ្នកស្រី សុខ សំណាង បានឲ្យដឹងអំពីដំណើររឿងក្តីនោះដោយសង្ខេបដូច្នេះ ៖ «ពីដំបូងដីហ្នឹងខ្ញុំទិញគេ ទិញគាត់ហ្នឹងៗ គាត់ក៏សុំខ្ញុំនៅ ខ្ញុំក៏ឲ្យនៅទៅ។ ដល់ពេលខ្ញុំឲ្យគាត់ចេញ គាត់ប្រែថា ខ្ញុំឲ្យលុយគាត់អត់ទាន់គ្រប់។ ហ្នឹងតាមដំណើររឿងឡើងមកតុលាការដំបូង។ ខ្ញុំឲ្យលុយគាត់គ្រប់ហើយ ហើយគាត់ប្រគល់ទាំងប្លង់ ទាំងកិច្ចសន្យាអីឲ្យខ្ញុំអស់ហើយ»។
រឿងក្តីក្តាំនេះទាំងអ្នកស្រី សុខ សំណាង និងលោក ឆែម ស៊ីណាត អះអាងថា បានឆ្លងកាត់ការជំនុំជម្រះរបស់សាលាដំបូងនិងសាលាឧទ្ធរណ៍រួចហើយ ដោយឲ្យខាងគាត់ឈ្នះនិងមានសម្រង់សាលក្រមទៀតផង។
លោក ឆែម ស៊ីណាត រៀបរាប់ថា ៖ «សាលដីកាមិនទាន់ឲ្យអនុវត្តហ្នឹង កាលចេញថ្ងៃទី២៨ ខែ១២ ឆ្នាំ២០០៥ ប៉ុន្តែសម្រេចឲ្យហើយនៅថ្ងៃទី១៦ ខែ១ ឆ្នាំ២០០៦។ ប៉ុន្តែមិនអាចអនុវត្តបានទេ ពីព្រោះស្ថិតនៅក្នុងបណ្តឹងកំពូល»។
ដោយសារស្ថិតនៅក្នុងបណ្តឹងសារទុក្ខទៅតុលាការកំពូលចាប់តាំងពីឆ្នាំ២០០៦មកមានរយៈពេលបួនឆ្នាំហើយ ដែលសាលដីការបស់សាលាឧទ្ធរណ៍មិនអាចអនុវត្តបាន។
ក្នុងរយៈពេលយូរដូច្នេះ លោក ឆែម ស៊ីណាត មានចម្ងល់លើកឡើងថា ៖ «ខ្ញុំឆ្ងល់ថា តើគេបញ្ជូនសំណុំរឿងខ្ញុំហ្នឹងទៅដល់ណា? ពេលខ្ញុំទៅរកៗអត់ឃើញ។ អ៊ីចឹងខ្ញុំឆ្ងល់ថា តើសម្រង់សាលដីកាសាលាឧទ្ធរណ៍ហ្នឹងគេអាចទុកប៉ុន្មានឆ្នាំបានចេញឲ្យខ្ញុំ? ក្នុងនាមខ្ញុំភាគីចុងបណ្តឹងវិញ ដើម្បីអនុវត្តន៍សេចក្តីសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ហ្នឹង»។
ទាក់ទងនឹងចម្ងល់របស់លោក ឆែម ស៊ីណាត អ្នករៀបរៀងកម្មវិធីច្បាប់របស់វិទ្យុអាស៊ីសេរី បានជម្រាបសួរទៅលោកមេធាវី គង់ សំអុន ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយកសេវាកម្មមេធាវីកម្ពុជា ដោយលោកបានពន្យល់ជាដំបូងអំពីសម្រង់សាលក្រមដូច្នេះថា ៖ «សាលក្រមសម្រង់ហ្នឹងជាផ្នែកមួយ ដូចជាការផ្តល់ព័ត៌មានដល់ភាគី ឬអ្នកជាប់ពាក់ព័ន្ធដល់រឿងក្តីហ្នឹងអ៊ីចឹង។ ហើយវាចូលជាធរមានបានលុះណាតែពេលប្តឹងឧទ្ធរណ៍ ឬប្តឹងសារទុក្ខហ្នឹងកន្លងផុត ឬមួយក៏អាចថា ភាគីសុខចិត្តព្រមទទួលនូវសេចក្តីសម្រេច ហើយធ្វើការដោះស្រាយគ្នាបញ្ចប់តែម្តងទៅ អាហ្នឹងវាអាចចាត់ទុកថា ជាធរមានបានដែរ បើភាគីយល់ព្រម។ អាហ្នឹងបើរឿងរដ្ឋប្បវេណី»។
ចំពោះសំណួររបស់លោក ឆែម ស៊ីណាត អំពីរយៈពេលរក្សាទុកសាលដីកាបានប៉ុន្មានឆ្នាំទម្រាំអនុវត្តបាននោះ លោកមេធាវី គង់ សំអុន ពន្យល់ថា ដំបូងគេត្រូវពិនិត្យអង្គហេតុថា តើភាគីម្ខាងទៀតបានប្តឹងឧទ្ធរណ៍ឬក៏អត់ក្នុងរយៈពេលកំណត់១ខែ។ ប្រសិនបើហួសរយៈពេលនេះ សាលដីកានឹងចូលជាធរមាន។ ប៉ុន្តែភាគីឈ្នះក្តីត្រូវសុំការអនុវត្តសាលដីកា។
ប្រសិនបើភាគីម្ខាងទៀតបានប្តឹងឧទ្ធរណ៍វិញ សាលដីកានេះមិនអាចអនុវត្តបានទេ ហើយរយៈពេលចាត់ការក្តីបន្តអាចយូរឬឆាប់មិនទៀង ៖ «រយៈឧទ្ធរណ៍ ឬបណ្តឹងសារទុក្ខហ្នឹងរយៈពេលមួយខែ ប៉ុន្តែរយៈដោះស្រាយគេអត់មានកំណត់ទេ។ គេអាចដោះស្រាយទៅតាមភាពជាក់ស្តែងនៃសាច់រឿងរបស់យើង។ ជួនកាលរឿងខ្លះគេធ្វើបីឬបួនខែ គេធ្វើចប់ រឿងខ្លះទៅក៏មួយឆ្នាំពីរឆ្នាំបានធ្វើចប់ វាអត់ទៀង។ យើងអត់អាចគ្រប់គ្រងទៅខាងហ្នឹងបានទេ វាជាការងាររដ្ឋបាល»។
រឿងក្តីនេះ អ្នកស្រី សុខ សំណាង និងលោក ឆែម ស៊ីណាត ត្រូវមន្រ្តីសាលាឧទ្ធរណ៍ប្រាប់ថា នៅជាប់បណ្តឹងទៅសាលាកំពូល ហើយអ្នកស្រី សុខ សំណាង ថ្លែងថា ៖ «ប្តឹងពីខ្ញុំអត់ឡើងមកកាត់ក្តីទេ ហើយថា ខ្ញុំមកសាលាកំពូលទៀត ក៏អត់ឃើញទៀត។ ប្រគល់ក៏មិនប្រគល់ ហើយប្តឹងក៏មិនឃើញ»។
លោក ឆែម ស៊ីណាត មានចម្ងល់ថា ៖ «គេថា គេបញ្ជូនទៅហើយខាងក្រឡាបញ្ជីសាលាឧទ្ធរណ៍ហ្នឹង ដល់ខ្ញុំទៅសួរកំពូលៗ គេថាអត់ឃើញ។ គេថា បើបញ្ជូនមក ម៉េចលេខដីកាមិនសុំពីក្រឡាបញ្ជី? ដល់ពេលខ្ញុំបកមកក្រឡាបញ្ជី ក្រឡាបញ្ជីប្រាប់ខ្ញុំថា គេមិនចាំបាច់ដីកាបញ្ជូនទេ។ សំណុំគេបញ្ជូនទៅបាត់ហើយ អត់មានលេខដីកាបញ្ជូនទេ ។ ឆ្ងល់ត្រង់ថា នៅសាលាដំបូងវាមានលេខដីកាបញ្ជូនពីប្រធានតុលាការ ហើយដល់មកសាលាឧទ្ធរណ៍វាទៅជាអត់មានលេខដីកាបញ្ជូនរបស់សាលាឧទ្ធរណ៍វិញ។ អ៊ីចឹងបានខ្ញុំឆ្ងល់ថា សាលាឧទ្ធរណ៍និងសាលាដំបូងវាយ៉ាងម៉េចពីរហ្នឹង?»។
ពាក់ព័ន្ធនឹងនីតិវិធីនៃការបញ្ជូនសំណុំរឿងពីតុលាការមួយទៅតុលាការមួយទៀតតាមលំដាប់ ត្រូវលោកមេធាវី គង់ សំអុន ពន្យល់ដូច្នេះ ៖ «យើងត្រូវទៅរកនៅសាលាឧទ្ធរណ៍ជាដំបូង បើថារឿងក្តីនៅសាលាឧទ្ធរណ៍ ហើយក្រឡាបញ្ជីណាអ្នកកាន់ក្តីហ្នឹង ឬចៅក្រមណា យើងសួរទៅ។ រកតាមរយៈហ្នឹងទៅឃើញហើយ ពីព្រោះរឿងដែលគេបញ្ជូនទៅពីសាលាឧទ្ធរណ៍ទៅតុលាការកំពូលគេមានកន្លែងទទួល មិនមែនយើងកាន់សំណុំរឿងហ្នឹងយកទៅឲ្យនរណាក៏បាននៅតុលាការកំពូលទេ អ៊ីចឹងវាមានកន្លែងគេទទួលបណ្តឹង។ បណ្តឹងគេបញ្ជូនមកពីខាងណាៗ គេមានកន្លែងគេតែមួយសម្រាប់ចូល។ អ៊ីចឹងគេរកឃើញហើយ ឲ្យឬមិនឲ្យភស្តុតាងនៅលើហ្នឹងហើយ។ជួនកាលទៅអ្នកដែលកាន់សំណុំរឿងហ្នឹងគាត់ធ្វើបាត់ អាហ្នឹងគឺរឿងអនុវត្តនិងរឿងទទួលខុសត្រូវរបស់គាត់»។
អ្នកស្រី សុខ សំណាង និងលោក ឆែម ស៊ីណាត មានប្រសាសន៍ថា ពួកគាត់បានព្យាយាមតាមរកសំណុំរឿងរបស់គាត់ទាំងនៅសាលាឧទ្ធរណ៍និងសាលាកំពូល ប៉ុន្តែសំណុំរឿងអាចបាត់ ហើយពួកគាត់សង្ស័យថា មន្ត្រីសាលាឧទ្ធរណ៍ភូតកុហកគាត់។
ក្នុងករណីនេះ លោក ឆែម ស៊ីណាត មានសំណួរថា ៖ «បើសិនជាអ្នកហ្នឹងភ តើប្រជាពលរដ្ឋអាចប្តឹងអ្នកហ្នឹងបានទេ? ប្តឹងក្រឡាបញ្ជីហ្នឹង»។
លោកមេធាវី គង់ សំអុន មានប្រសាសន៍ថា ៖ «រឿងហ្នឹងខ្ញុំមិនទាន់និយាយរឿងប្តឹងឬមិនប្តឹងទេ សំខាន់យើងរកមើលសិនថា តើសំណុំរឿងហ្នឹងនៅកន្លែងណា? បើអត់យើងអាចសុំឲ្យអនុវត្ត បើសិនជាចង់បានការអនុវត្តសេចក្តីសម្រេចសាលដីកាសាលាឧទ្ធរណ៍ហ្នឹង។ ចំពោះករណីការប្តឹងក្រឡាបញ្ជីដែលមិនបានធ្វើការត្រឹមត្រូវ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ កាលណាគាត់យល់ឃើញថា សិទិ្ធរបស់គាត់ត្រូវបានបំពាន អាហ្នឹងគាត់អាចប្តឹងបានហើយ។ អាហ្នឹងជារឿងទូទៅ មន្រ្តីណាក៏ប្រជាពលរដ្ឋមានសិទិ្ធប្តឹងដែរ ហើយក្នុងករណីហ្នឹង គឺថា ក្រឡាបញ្ជីដែលកាន់សំណុំរឿងហ្នឹង គាត់ត្រូវទទួលខុសត្រូវហើយ ពីព្រោះថា មិនអាចធ្វើបាត់សំណុំរឿងរបស់គេទេ។ បើសិនជាសំណុំរឿងហ្នឹងទៅដល់តុលាការកំពូល អ៊ីចឹងវាត្រូវមានកន្លែងទទួល អ្នកណាជាអ្នកទទួល គឺមន្ត្រីណាមួយជាអ្នកទទួលសំណុំរឿង ហើយគេបញ្ជូនទៅណា? ចាត់ការទៅណា? វាមិនអាចបាត់ទេ និយាយទៅសំណុំរឿងវាមិនអាចបាត់ទេ»៕