លក្ខណៈ​ពិសេស​នៃ​កឋិនទាន

0:00 / 0:00

កឋិនទាន គឺ​ជា​បុណ្យ​ពិសេស​មួយ ដែល​សព្វថ្ងៃ​នេះ​ពលរដ្ឋ​ពុទ្ធបរិស័ទ​តែង​និយម​រួបរួម​សាមគ្គី​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ភាព​គគ្រឹកគគ្រេង​ប្រកប​ដោយ​គ្រឿង​បរិក្ខារ​បរិវារ​កឋិន​ដ៏​ច្រើន រួម​មាន​ប្រាក់​កាស​ផង ដែល​ហៅ​ថា​បច្ច័យ​សង្កត់​ត្រៃ​ទៅ​តាម​លទ្ធភាព។

ក្រៅ​ពី​ពលរដ្ឋ​ពុទ្ធបរិស័ទ តើ​ព្រះសង្ឃ​អាច​ធ្វើ​បុណ្យ​កឋិនទាន​ប្រគេន​ដល់​ភិក្ខុ​ផង​គ្នា​បាន​ដែរ​ឬ​ទេ?

៚ភ្លេង​ពិណពាទ្យ៚

លក្ខណៈ​ពិសេស​មួយ​នៃ​បុណ្យ​កឋិនទាន គឺ​ទាំង​ពលរដ្ឋ​ពុទ្ធបរិស័ទ​ជា​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ ទាំង​ព្រះសង្ឃ​ជា​បព្វជិត អាច​ធ្វើ​កឋិនទាន​បាន​ដូច​គ្នា។

កាល​ដើម​ឡើយ បន្ទាប់​ពី​ព្រះពុទ្ធ​សមណគោតម​ទ្រង់​បាន​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទទួល​ក្រាល​គ្រង និង​អនុមោទនា​កឋិន​ចីវរ​មក គឺ​មាន​តែ​សហធម្មិក ៥​ក្រុម ដែល​បាន​ធ្វើ​កឋិនទាន​ដល់​គ្នា​នឹង​គ្នា​តាម​វិន័យ​បញ្ញត្តិ។

ភិក្ខុ​ឌាហមុត្តោ ប៉ូច សុផល គង់​នៅ​វត្ត​ព្រះគន្ធកុដិ ក្នុង​ក្រុង​បាត់ដំបង មាន​ថេរ​ដីកា​ពន្យល់​បន្ថែម​ទាក់ទង​នឹង​កិច្ច​ប្រារព្ធ​កឋិនទាន​របស់​សហធម្មិក​ទាំង ៥​ពួក ដែល​មាន​ន័យ​ថា អ្នក​ទ្រទ្រង់​នូវ​ធម៌ ឬ​អ្នក​ប្រកប​ដោយ​ធម៌៖ «ពរ! ព្រះ​អដ្ឋកថា ព្រះ​វិន័យ​បាន​ពន្យល់​ពី​បុគ្គល​ដែល​មាន​ការ​ហែ ឬ​ថ្វាយ​នូវ​សំពត់​ដើម្បី​កឋិន គឺ​មាន​មនុស្ស មាន​ទេវតា មាន​សហធម្មិក ៥​ពួក ពរ! ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​អាច​ប្រគេន​សំពត់​កឋិន​បាន អាច​ហែ​សំពត់​កឋិន​បាន​ទៅ​កាន់​វត្ត​ផ្សេងៗ ក្នុង​រដូវ​កាល​នៃ​កឋិនទាន ២៩​ថ្ងៃ​ហ្នឹង ពរ! ចំពោះ​វត្ត​ខ្លួន​ឯង​ផ្ទាល់​ក៏​អាច​ហែ​កឋិន​បាន​ដែរ។ ឧទាហរណ៍​ថា នៅ​ក្នុង​វត្ត​ព្រះគន្ធកុដិ ក្រុង​បាត់ដំបង នេះ ប្រសិន​បើ​វត្ត​នេះ​អត់​មាន​ឧបាសក​ឧបាសិកា​ណា​ហែ​ទេ ក្នុង​នាម​អាត្មា​ភាព​ដែល​គង់​នៅ​វត្ត​ហ្នឹង អាច​ហែ​សំពត់​កឋិន​វេរ​ថ្វាយ​ប្រគេន​ចំពោះ​ព្រះភិក្ខុ​សង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​នៅ​ក្នុង​វត្ត​ហ្នឹង ប៉ុន្តែ​ខ្លួន​ឯង​មិន​អាច​ក្រាល​គ្រង មិន​អាច​អនុមោទនា (សំពត់​កឋិន) បាន​ទេ»

សហធម្មិក​ទាំង ៥​ពួក​នេះ រួម​មាន​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី និង​សិក្ខមានា ពោល​គឺ​សាមណេរី​មាន​អាយុ ១៨​ឆ្នាំ ដែល​បាន​ទទួល​ឱ្យ​សិក្សា​គរុធម៌​ចំនួន ២​ឆ្នាំ និង​បំពេញ​ផ្នួស​ជា​ភិក្ខុនី។ លុះ​ចំណេរ​ក្រោយ​មក ទើប​មាន​ឧបាសក​ឧបាសិកា បាន​នាំ​គ្នា​ផ្ដួចផ្ដើម​ធ្វើ​កឋិនទាន​តៗ​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ រីឯ​លក្ខណៈ​ពិសេស​មួយ​ទៀត​នៃ​កឋិន​ចីវរ​ទាន ដែល​ក្នុង​ពុទ្ធសាសនា​ចាត់​ទុក​ថា​ជា​ទាន​វិសេស​ជាង​ទាន​ដទៃ​នោះ គឺ​ដោយ​ហេតុ​ថា ការ​ធ្វើ​ទាន​ផ្សេងៗ ផលានិសង្ស​បាន​តែ​ខាង​បុគ្គល​អ្នក​ឱ្យ ឬ​អ្នក​ម្ចាស់​ទាន​ប៉ុណ្ណោះ។ ចំណែក​កឋិនទាន​វិញ គឺ​ទាំង​ភិក្ខុ​អ្នក​ទទួល​ក្រាល​គ្រង ឬ​អនុមោទនា​ចីវរ​ទាន​នេះ ក៏​បាន​ទទួល​ប្រយោជន៍​ជា​ការ​អនុគ្រោះ​ឱ្យ​រួច​ចាក​ទោស​អាបត្តិ​៥​កង ឬ ៥​ប្រការ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​អូររអិល ខេត្ត​ប៉ៃលិន ភិក្ខុ សំរិទ្ធិធម្មោ ផាយ រិទ្ធី មាន​ថេរ​ដីកា​អំពី​អានិសង្ស ឬ​ផល ៥​ប្រការ​នេះ ដែល​មាន​ដល់​ភិក្ខុ​ទាំង​ឡាយ ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​បី​ខែ ដោយ​មិន​មាន​ដាច់​កន្លង​វិន័យ​ដោយ​ប្រការ​ណា​មួយ៖ «អានិសង្ស ៥​ប្រការ​របស់​លោក គឺ​អានិសង្ស​កឋិន​ហ្នឹង​តែ​ម្តង។ ទី​១ គឺ​អសមាទានចារោ គឺ​និមន្ត​ទៅ​ណា​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​ទេ ពរ! បើ​លោក​អត់​មាន​អានិសង្ស​កឋិន​ទេ លោក​និមន្ត​ទៅ​ណា​អត់​ប្រាប់​ចៅ​អាវាស លោក​ត្រូវ​អាបត្តិ។ ទី​២ លោក​និមន្ត​ទៅ​ណា មិន​បាច់​យក​នូវ​ត្រៃ​ចីវរ​ទៅ​ជាមួយ​ក៏​បាន ក្នុង​ពុទ្ធសាសនា ព្រះ​ភិក្ខុ​សង្ឃ​លោក​មាន​សង្ឃាដី មាន​ស្បង់ មាន​ចីវរ។ បើ​សិន​លោក​និមន្ត​ទៅ​ណា លោក​មិន​បាន​យក​របស់​ទាំងអស់​ហ្នឹង​អធិដ្ឋាន​ជាប់​ទៅ​ជាមួយ​ទេ របស់​ហ្នឹង​ត្រូវ​ដាច់ លោក​ត្រូវ​អាបត្តិ​បាចិត្តិយៈ បាចិត្តិយៈ ប្រែ​ថា ការ​ញ៉ាំង​កុសល​ឱ្យ​ធ្លាក់​ចុះ»

ចំពោះ​អានិសង្ស ២​ប្រការ​ទៀត ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​អូររអិល ខេត្ត​ប៉ៃលិន ភិក្ខុ សំរិទ្ធិធម្មោ ផាយ រិទ្ធី មាន​ថេរ​ដីកា​បញ្ជាក់​ដោយ​សេចក្តី​សង្ខេប​យ៉ាង​ដូច្នេះ៖ «ទី​បី គណភោជនំ ឆាន់​ភោជន​គេ​មិន​ត្រូវ​អាបត្តិ។ គេ​និមន្ត​ទៅ​ឆាន់ ដែល​គេ​ឧទ្ទិស​ចំ​ឈ្មោះ ឧបមា​ថា សូម​ព្រះគុណ​ម្ចាស់​និមន្ត​ឆាន់​សាច់​មាន់ និមន្ត​ឆាន់​សាច់​ជ្រូក អ៊ីចឹង​បើ​ហ៊ាន​ឆាន់ គឺ​ភិក្ខុ​ត្រូវ​អាបត្តិ​គ្រប់​ខណៈ​ឆាន់។ ទី​៤ លោក​អាច​ទុក​ដាក់​អតិរេក​ចីវរ​បាន​តាម​សប្បាយ គឺ​បាន​សេចក្តី​ថា ចីវរ​ដែល​គេ​យក​មក​ប្រគេន​នោះ​ច្រើន លោក​អាច​ទុក​ចីវរ​គេ​ប្រគេន​បី​បួន​ក៏​អត់​អី អត់​ត្រូវ​អាបត្តិ​ទេ ពរ! ភិក្ខុ​សង្ឃ ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​មិន​ឱ្យ​ប្រើ​ច្រើន​ទេ ដែល​មាន​សេចក្តី​សន្តោស​ហ្នឹង គឺ​អាច​ទុក​តែ​មួយ ឬ​ពីរ​ទេ មួយ​គឺ​លោក​អធិដ្ឋាន ហើយ​មួយ​ទៀត គឺ​បរិក្ខារ។ បើ​លោក​ប្រើ​ច្រើន លោក​ត្រូវ​អាបត្តិ​រហូត ពរ!»

រីឯ​អានិសង្ស​ទី​៥ គឺ​កឋិន​ចីវរ​ទាំង​ឡាយ ដែល​អ្នក​ម្ចាស់​ទាន​បាន​ហែ​ទៅ​វេរ​ប្រគេន​ភិក្ខុ​សង្ឃ​ក្នុង​ទី​អារាម​ណា​មួយ សំពត់​ចីវរ​ទាំង​ឡាយ​នឹង​មាន​ដល់​ភិក្ខុ​អ្នក​ទទួល​ក្រាល​គ្រង ឬ​អនុមោទនា​កឋិនទាន​នៅ​ក្នុង​ទី​វត្ត​នោះ។ នេះ​គឺ​ជា​សេចក្តី​អធិប្បាយ​របស់​ភិក្ខុ ឌាហមុត្តោ ប៉ូច សុផល គង់​នៅ​វត្ត​ព្រះគន្ធកុដិ ក្នុង​ក្រុង​បាត់ដំបង៖ «ក្រោយ​ពី​លោក​បាន​ក្រាល​គ្រង​នូវ​កឋិន​ចីវរ​ហើយ ចីវរ​មួយ​ដែល​យើង​ក្រាល​គ្រង​ហ្នឹង​ហៅ​ថា ចីវរ​កឋិន បើ​ក្រៅ​ពី​នោះ ទាំងអស់​ដែល​ជា​ស្បង់​ក្តី ចីវរ​ក្តី ហៅ​ថា​អានិសង្ស​លាភ គឺ​អាច​ចែក​ដល់​ភិក្ខុ​ទាំងអស់​ដែល​មិន​ដាច់​វស្សា ហើយ​បាន​អនុមោទនា​ផង ទើប​អាច​ចែក​បាន ពរ!»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី តាម​ពុទ្ធានុញ្ញាត ផល​ជា​កិច្ច​អនុគ្រោះ​ទាំង ៥​ប្រការ​នេះ គឺ​ភិក្ខុ​អាច​ទទួល​បាន​តែ​ក្នុង​រយៈពេល ៥​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ទទួល​ក្រាល​គ្រង ឬ​អនុមោទនា​កឋិនទាន​រួច​មក។ ចំណែក​ខាង​អ្នក​ម្ចាស់​ទាន ដែល​រួបរួម​សាមគ្គី​គ្នា​ធ្វើ​បុណ្យ​កឋិនទាន​នេះ​វិញ នឹង​បាន​ទទួល​ផល ៥​ប្រការ​ដែរ។

អ្នកគ្រូ​ធម្មាចារ្យ ម៉ម សុខហេង នៅ​ភូមិ​វាល ឃុំ​គោកចក ស្រុក​សៀមរាប ខេត្ត​សៀមរាប ចែក​រំលែក​នូវ​បទពិសោធន៍​ចំពោះ​ផល​ល្អ​កើត​ពី​បុណ្យ​កឋិនទាន​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​សាមគ្គី​ធម៌​ក្នុង​សង្គម៖ «រឿង​អង្គ​កឋិនទាន​នេះ គឺ​ជឿ​ជាក់​លើ​អំពើ​ល្អ​របស់​ខ្លួន ដែល​យើង​មិន​ទៅ​បៀតបៀន​អ្នក​ដទៃ ហើយ​យើង​ឱ្យ​សេចក្តី​សុខ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក សេចក្តី​សុខ​ហ្នឹង​អាច​ជួយ​ទំនុក​បម្រុង​ដល់​យើង​ក្នុង​បច្ចុប្បន្ន ដូច​យើង​សម្បូរ​នូវ​សេចក្តី​រាប់​អាន​ញាតិ​ផង​គ្នា មាន​សេចក្តី​ត្រេកអរ​នឹង​អំពើ​ល្អ​របស់​ខ្លួន។ ជាក់ស្តែង គឺ​ថា​សេចក្តី​សុខ​របស់​ខ្ញុំ និង​ក្រុម​គ្រួសារ និង​ញាតិ​ធម៌​ទាំង​ឡាយ ដែល​បាន​នាំ​គ្នា​បំពេញ​កន្លង​មក គឺ​ថា​មិន​មាន​នរណា​មួយ​មាន​សេចក្តី​លំបាក​ទេ។ អានិសង្ស​នៃ​បុណ្យ​តែង​ឱ្យ​សេចក្តី​សុខ​ដល់​មនុស្ស​ទាំង​បច្ចុប្បន្ន គឺ​ភាព​អត់​ឃ្លាន​មិន​មាន​ទេ មាន​តែ​ការ​ចែក​រំលែក។ ការ​មិន​បៀតបៀន​គ្នា ការ​ឱ្យ​សុខ​គ្នា​ទៅ​វិញ​ទៅ​មក មាន​អភ័យ​ចេញ​ពី​ខាង​ក្នុង​មក គឺ​ថា​មនុស្ស​ជួប​គ្នា​តែង​ញញឹម​ស្រស់ស្រាយ​ដាក់​គ្នា​ចា៎»

គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​កត់ត្រា​ថា បន្ទាប់​ពី​ព្រះពុទ្ធ​សមណគោតម​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​សង្ឃ​សាវ័ក​ទទួល​ក្រាល​គ្រង​កឋិន​ចីវរ​មក គ្រហស្ថ​ដែល​បាន​ប្រារព្ធ​បុណ្យ​កឋិនទាន​មុន​គេ​បង្អស់ គឺ​ព្រះបាទ​បសេនទិកោសល ដែល​ជា​ព្រះរាជា​ក្រុង​សាវត្ថី នៃ​ដែន​កោសល បច្ចុប្បន្ន​ជា​តំបន់​មួយ​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌា។ នា​ឱកាស​នោះ ព្រះពុទ្ធ​ទ្រង់​សម្ដែង​ធម្មទេសនា​លើក​សរសើរ​អំពី​អានិសង្ស ដែល​ជា​ផល​នៃ​កឋិនទាន​ជា​អនេក។ ផល​ទាំង ៥​ប្រការ​របស់​អ្នក​ម្ចាស់​ទាន ទោះ​ជា​គ្រហស្ថ​ក្តី បព្វជិត​ក្តី គឺ​រមែង​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ស្អាត គួរ​ជា​ទី​ពិតពិលរមិលមើល និង​ជា​ទី​ចាប់​ចិត្ត​មេត្រី​នៃ​ជន​ផង​ទាំង​ឡាយ ហើយ​រមែង​មាន​ទ្រង់ទ្រាយ​កាយ​សម្បទា​សមសួន​តាម​កាល​សម័យ​នៃ​អាយុ​កប្ប​និមួយៗ។ ផល​ដែល​ជា​សម្បត្តិ​លោកីយ៍​មួយ​ទៀត គឺ​នឹង​បាន​ជា​ស្ដេច​ចក្រព័ត្រ មាន​រិទ្ធិ​អំណាច​ប្រកប​ដោយ​ទសពិធរាជធម៌។ បើ​ជា​បុរស នឹង​បាន​ជួប​ព្រះសម្មាសម្ពុទ្ធ​អង្គ​ណា​មួយ បាន​បួស​ជា​ឯហិ​ភិក្ខុ មាន​ត្រៃ​ចីវរ និង​គ្រឿង​បរិក្ខារ​កើត​ឡើង​ដោយ​ឯកឯង និង​បាន​សម្រេច​មគ្គផល​ព្រះ​និព្វាន។ បើ​ជា​ស្ត្រី​វិញ ក៏​នឹង​បាន​ប្រតិបត្តិ​លោកុត្តរធម៌ ដែល​ធម៌​ដ៏​ប្រសើរ​ឧត្តម បាន​រួច​ផុត​ចាក​សេចក្តី​ទុក្ខ​នៃ​ជាតិ ជរា ព្យាធិ និង​មរណៈ ដែល​ជា​ផល​ខ្ពស់​បំផុត​ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។