បុណ្យបណ្ដែតប្រទីបដែលតាមទំនៀមព្រះបរមរាជវាំង តែងប្រព្រឹត្តទៅជាពិធីបុណ្យជាតិរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃ ១៤កើត ដល់ថ្ងៃ ១រោច ខែកត្តិក រួមគ្នាជាមួយព្រះរាជពិធីបុណ្យអុំទូក។
នៅតំបន់នានា ពលរដ្ឋពុទ្ធបរិស័ទមានទំនៀមប្រារព្ធពិធីបុណ្យនេះទៅតាមសម័យកាលខុសៗគ្នា ដូចជានៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ និងនៅថ្ងៃចេញព្រះវស្សាជាដើម។ តើជំនឿអ្នកស្រុកក្នុងការប្រារព្ធពិធីបុណ្យនេះជាប់ទាក់ទងយ៉ាងណាខ្លះនឹងគោលពុទ្ធសាសនា?
តាមន័យ «ប្រទីប» គឺសំដៅដល់គ្រឿងដុតបំភ្លឺ រួមមានចង្កៀង គោម ទៀន និងចន្លុះជាដើម។ ន័យម្យ៉ាងទៀតនៃពាក្យ «ប្រទីប» គឺឧបករណ៍សម្ភារៈដែលធ្វើជាគ្រោង ឬជារូបផ្សេងៗ ដាក់លើទូកលាត ឬលើក្បូន ប្រកបដោយគ្រឿងអុជបំភ្លឺព្រោងព្រាយបណ្ដែតលើទឹក។
ចំពោះទំនៀមរបស់ពលរដ្ឋពុទ្ធបរិស័ទក្នុងការប្រារព្ធពិធីបុណ្យបណ្ដែតប្រទីប ឯកសារផ្នែកវប្បធម៌-សាសនាមួយចំនួនបានសរសេរកត់ត្រាដូចៗគ្នាថា មួយផ្នែកជាការឧទ្ទិសបូជាចំពោះព្រះចង្កូមកែវ ពោលគឺធ្មេញចង្កូមនៃព្រះសម្មាសម្ពុទ្ធសមណគោតម។
ទាក់ទងនឹងរឿងនេះ ភិក្ខុអគ្គទិន្នកោ ផាន់ វណ្ណារ៉េត គង់នៅវត្ត «ស្វាយកល្ប» ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានថេរដីកាបញ្ជាក់ថា ពុំមានចារឹកក្នុងគោលពុទ្ធសាសនាណែនាំឱ្យធ្វើជាពិធីនេះឡើយ ប៉ុន្តែគឺជាទំនៀមរបស់អ្នកស្រុកក្នុងគោលគំនិតផ្សារភ្ជាប់ជំនឿ និងការគោរពបូជាចំពោះព្រះសម្មាសម្ពុទ្ធ៖ «ចម្រើនពរញោម! ទាក់ទងនឹងរឿងប្រទីបហ្នឹង ពុទ្ធបរិស័ទតាមបណ្ដាភូមិ គឺលោកតែងធ្វើដើម្បីឧទ្ទិសដល់ព្រះចង្កូមកែវ ហើយលោកក៏មានពិធីមួយទៀត ដែលលើកជាប្រទីបនេះ ដែលនឹកឃើញថា ព្រះសម្មាសម្ពុទ្ធទ្រង់បានញញឹម មានរស្មីនៃព្រះចង្កូមកែវហ្នឹងភ្លឺ ដែលជារស្មីកើតឡើងដោយឯកឯង កើតដោយបារមីហ្នឹង។ ទាក់ទងនឹងរឿងបណ្ដែតប្រទីបហ្នឹង គឺនឹកឃើញដល់ព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធទៅ ពុទ្ធបរិស័ទធ្វើពិធីបណ្ដែតប្រទីប ក្នុងការឧទ្ទិសដល់គុណទាំងឡាយនោះ»។
រីឯទំនៀមរបស់ពលរដ្ឋពុទ្ធបរិស័ទខ្មែរ ដែលនិយមធ្វើពិធីបណ្ដែតប្រទីបជារៀងរាល់ឆ្នាំដោយភ្ជាប់នឹងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកនេះ លោក រស់ ចន្ត្រាបុត្រ បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ ក៏ធ្លាប់អធិប្បាយដោយសេចក្ដីសង្ខេបខ្លីថា គឺជាការឧទ្ទិសដល់គុណូបការៈរបស់ព្រះពុទ្ធអង្គ ដែលពលរដ្ឋពុទ្ធសាសនិកខ្មែរគោរពបូជា៖ «យើងឃើញថា អ្នកខាងព្រះពុទ្ធសាសនាគេតែងតែយកពិធីបុណ្យអុំទូកនេះទៅចងភ្ជាប់នឹងការទៅដល់គុណបុណ្យរបស់ព្រះពុទ្ធអង្គ។ បើយើងនិយាយឲ្យចំមួយទៀត គឺទៅដល់អ្វីដែលជាព្រះចង្កូម គឺធ្មេញរបស់ព្រះពុទ្ធអង្គ ដែលស្ដេចនាគរាជ ដែលលោកយកទៅតម្កល់ទុកនៅឯឋានភុជង្គនាគ។ ដូច្នេះពិធីនេះគេតែងតែរំឭក ហើយចងភ្ជាប់ទៅលើអ្វីដែលជាព្រះពុទ្ធសាសនា ទាក់ទងនឹងពុទ្ធប្រវត្តិ។ នេះជាលក្ខណៈព្រះពុទ្ធសាសនា…»។
ទោះបីជាយ៉ាងណាក្តី លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមអង្គការ «កេរដំណែលខ្មែរ» បញ្ជាក់បន្ថែមថា តាមការសិក្សាស្រាវជ្រាវ ទំនៀមប្រារព្ធពិធីបណ្ដែតប្រទីបនេះ គឺដូនតាខ្មែរធ្វើឡើងក្នុងគោលសំខាន់ៗបីយ៉ាង ដែលទាក់ទងនឹងវប្បធម៌ប្រពៃណី ជំនឿសាសនា និងជីវភាពរស់នៅប្រចាំថ្ងៃ៖ «ទំនៀមជំនឿនៃបុណ្យបណ្ដែតប្រទីបនេះ គឺសម័យមុនមិនមានឯកសារបញ្ជាក់ច្បាស់លាស់ទេ។ ទើបតែក្រុមជំនុំទំនៀមទម្លាប់បានចងក្រងក្នុងដើមសតវត្សទី២០ បោះពុម្ពជាឯកសារ។ អ៊ីចឹងខ្ញុំនិយាយនេះ គឺក្នុងក្របខ័ណ្ឌការសិក្សាស្រាវជ្រាវ ទី១ គឺទាក់ទងនឹងការដឹងគុណដល់ទឹក គឺព្រះគង្គា ដែលជាប្រភពនៃជីវិតដ៏សំខាន់។ ទី២ គឺទាក់ទងនឹងការគោរពដល់ព្រះទន្ត ព្រះចង្កូមកែវ ក្នុងព្រះពុទ្ធសាសនា។ ប៉ុន្តែទី៣ អ្វីដែលជាកត្តាសំខាន់មិនអាចកាត់ផ្ដាច់ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានទេ។ ចាស់ៗបុរាណខ្មែរលោកតែងតែភ្ជាប់រឿងជំនឿទាំង៣ ទាំងព្រហ្មញ្ញសាសនាផង ព្រះសាសនាផង ទាំងផ្នែកជំនឿជីវចល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង គឺភ្ជាប់នៅជាមួយគ្នាទាំងអស់»។
ប្រទីបជ្វាលា ដែលជាគ្រឿងបូជាឧទ្ទិសចំពោះព្រះពុទ្ធសាសនានេះ អ្នកស្រុកនៅតំបន់ខ្លះ គេចងគាបទូកធំៗភ្ជាប់គ្នា ដោយក្រាលក្តារពីលើឱ្យមានផ្ទៃរាបស្មើ។ រីឯតំបន់ខ្លះ អ្នកស្រុកយកដើមចេក ឬដើមឫស្សី មកចងគ្រៀកគ្នាធ្វើជាក្បូន។ លើទូក ឬក្បូននោះ គេរចនាជារាងចេតិយច្រើនថ្នាក់ មានទ្វារបួន និងមានកំពូលស្រួច ហើយគេមានដាក់តាំងព្រះពុទ្ធរូប ដោយមានដុតទៀន ធូប និងតុបតែងលំអដោយទង់ជ្វាលា ព្រមទាំងផ្កាភ្ញីចម្រុះពណ៌ យ៉ាងឧឡារិក។
តាមសៀវភៅ «ព្រះរាជពិធីទ្វារទសមាស» ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទោះបីជាប្រទីបគេធ្វើខុសប្លែកគ្នាទៅតាមស្រុកតាមនិគមក្តី ប៉ុន្តែរបៀបប្រារព្ធពិធីបណ្ដែតប្រទីបគឺដូចគ្នា។ ក្នុងពិធីនោះ អ្នកស្រុកតែងនិមន្តព្រះសង្ឃគង់នៅលើទូកមួយ ដែលអូសសណ្ដោងក្បូនប្រទីប ជាទីតម្កល់គ្រឿងសក្ការៈបូជា ហើយស្វាធ្យាយធម៌នមស្ការរំលឹកដល់ព្រះសារីរិកធាតុ និងស្នាមព្រះបាទនៃព្រះសម្មាសម្ពុទ្ធសមណគោតម។
ត្រង់ប្រការនេះ ភិក្ខុ អគ្គទិន្នកោ ផាន់ វណ្ណារ៉េត គង់នៅវត្ត «ស្វាយកល្ប» ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានថេរដីកាបញ្ជាក់បន្ថែមអំពីការគោរពបូជាចំពោះព្រះពុទ្ធសាសនារបស់ពលរដ្ឋពុទ្ធបរិស័ទខ្មែរ តាមរយៈទំនៀមពិធីបណ្ដែតប្រទីបនេះ នៅតាមភូមិស្រុក ទោះជាក្នុងលក្ខណៈសាមញ្ញ មិនអ៊ឹកធឹកដូចជាព្រះរាជពិធីបុណ្យតាមប្រពៃណីព្រះបរមរាជវាំងក្តី៖ «ចម្រើនពរញោម! រឿងបណ្តែតប្រទីប ដែលទាក់ទងនឹងស្នាមព្រះបាទនេះ គឺក្នុងសម័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកនូវព្រះបាទទាំង ៥កន្លែងនោះ គឺក្នុងនោះមានស្ទឹងនម្មទា គឺជាកន្លែងមួយដែលព្រះអង្គទ្រង់បានប្រតិស្ឋាននូវព្រះបាទហ្នឹង ទុកជាតឹកតាង ទុកជាសាសនារបស់ព្រះអង្គ ដើម្បីពុទ្ធបរិស័ទគោរព ក្នុងការញ៉ាំងនៃកុសលធម៌ឱ្យកើតឡើង ក្នុងការធ្វើបទនមស្ការនូវព្រះបាទហ្នឹង ហើយហ្នឹងក៏ធ្វើជាប្រទីបបណ្ដែតទៅ ជាការនឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធ ទោះបីជាព្រះអង្គទ្រង់បរិនិព្វានទៅ ក៏នៅមានស្នាមព្រះបាទហ្នឹង ជាកន្លែងបូជារបស់ពុទ្ធបរិស័ទគ្រប់រូប ទាំងបព្វជិត ទាំងគ្រហស្ថ ក្នុងការបូជានូវព្រះបាទហ្នឹង»។
សព្វថ្ងៃនេះ ស្ទឹង «នម្មទា» ដែលជាទីប្រតិស្ឋាននូវស្នាមព្រះបាទមួយរបស់ព្រះសម្មាសម្ពុទ្ធ ទុកជាទីសក្ការៈបូជានៃបរិស័ទ គឺស្ថិតនៅក្នុងប្រទេសភូមា។
តើនៅប្រទេសភូមា ដែលជាទីមានប្រតិស្ឋានស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធ ទុកជាតឹកតាងរហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋពុទ្ធបរិស័ទគេនាំគ្នាគោរពបូជាស្នាមព្រះបាទ នាស្ទឹង «នម្មទា» ដោយរបៀបណាដែរ? សូមលោកអ្នកនាងកញ្ញារង់ចាំស្ដាប់ការអធិប្បាយពិស្ដារជុំវិញប្រការនេះ នៅក្នុងកម្មវិធីផ្សាយរបស់យើងខ្ញុំនៅពេលក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។