បុណ្យ​កឋិនទាន​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ដទៃ​ទៀត

0:00 / 0:00

កឋិនទាន​គឺ​ជា​បុណ្យ​ពិសេស​មួយ​ក្នុង​ពុទ្ធសាសនា​ដែល​ពុទ្ធបរិស័ទ​នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក​មាន​សទ្ធា​ជ្រះថ្លា​រួបរួម​សាមគ្គី​គ្នា​ប្រារព្ធ​ធ្វើ​ទៅ​តាម​កាល​រដូវ​កំណត់ តាំង​ពី​សម័យ​ពុទ្ធកាល​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

​ប្រិយមិត្ត​របស់​អាស៊ីសេរី មួយ​រូប​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក នៃ​គេហទំព័រ​អាស៊ីសេរី​ថា៖ «សុំ​ជួយ​ប្រាប់​ផង​ថា តើ​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទាំង​អស់​នៅ​លើ​ពិភពលោក គេ​ធ្វើបុណ្យ​កថិន​ដូច​នៅ​ប្រទេស​កម្ពុជា ដែរ​ឬ​ទេ? ច្រើន​ជាង? តិច​ជាង? របៀប​ណា? គួរ​បន្ថែម ឬ​បន្ថយ?»។

ចំណុច​ដូច​គ្នា​មួយ គឺ​កាល​វេលា​នៃ​ការ​ប្រារព្ធ​បុណ្យ​កឋិនទាន​ដែល​ជា​លក្ខណៈ​ពិសេស​មួយ​នៃ​បុណ្យ​ប្រពៃណី​ពុទ្ធសាសនា​ដ៏​សំខាន់​មួ​នេះ។ ប្រសិនបើ​ធ្វើ​ខុស​ពី​កាល​វេលា​កំណត់ គឺ​នឹង​មិន​កើត​ជា​កឋិនទាន​ឡើយ ព្រោះ​ប្រការ​នេះ គឺជា​ពុទ្ធានុញ្ញាត និង​ពុទ្ធបញ្ញត្តិ។ ​អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ជា​រៀងរាល់​ឆ្នាំ ពលរដ្ឋ​ពុទ្ធបរិស័ទ​នៅ​ប្រទេស​កម្ពុជា តែង​រួម​សាមគ្គី​គ្នា​តាម​ភូមិ​ស្រុក​និគម​របស់​ខ្លួន ធ្វើ​ពិធីបុណ្យ​នេះ​ទៅ​តាម​រដូវ​កាល គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ ១​រោច ខែ​អស្សុជ រហូត​ដល់​ថ្ងៃ ១៥​កើត ពេញបូណ៌មី ខែ​កត្តិក តាម​ប្រតិទិន​ចន្ទគតិ ឬ​ដំណើរ​គោចរ​នៃ​ព្រះ​ចន្ទ។

​ចំពោះ​ទំនៀម​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ ភិក្ខុ​ធម្មសេនា ហាក់ សៀងហៃ គង់នៅ​វត្ត «កំផែង» ក្នុង​ក្រុង​បាត់ដំបង មាន​ថេរដីកា​បញ្ជាក់​ថា គឺ​មានតែ​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ​ទេ ដែល​មាន​ការ​គោរព​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី​វេរ​កថិន​ចីវរទាន​ប្រគេន​ដល់​ព្រះ​ភិក្ខុសង្ឃ​ជាប់​រហូត​ដល់​សព្វថ្ងៃ​នេះ៖ «ពុទ្ធសាសនា​មាន​និកាយ​ធំ​២ គឺ​ថេរវាទ និង​មហាយាន។ ថេរវាទ​មាន ៥​ប្រទេស ខ្មែរ​យើង ភូមា ថៃ ឡាវ និង​សិរីលង្កា មាន​ចំនួន​ច្រើន ប្រកាន់​ខ្ជាប់​តាម​ពុទ្ធបញ្ញត្តិ និង​ពុទ្ធានុញ្ញាត ដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​មក គឺ​តាំងពី​សង្គាយនា​លើក​ទី​១​នោះ​មក។ ដូច្នេះ​យើង​ឃើញ​ថា កថិន​នេះ​គឺ​ជា​ពុទ្ធានុញ្ញាត បាន​ន័យ​ថា ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​អនុញ្ញាត​ដើម្បី​ឱ្យ​ព្រះ​ភិក្ខុសង្ឃ​ក្នុង​សាសនា បន្ទាប់​ពី​បាន​ចូល​ព្រះវស្សា ៣​ខែ គឺ​លោក​បាន​ទទួល​នូវ​អានិសង្ស ពោល​គឺ​ទទួល​នូវ​ចីវរ ដែល​មាន​បរិស័ទ​ធ្វើជា​សំពត់​កឋិន​នេះ​ប្រគេន​លោក…»

ចំណុច​ដូចគ្នា​មួយទៀត​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​នេះ នៅ​ក្នុង​ចំណោម​ប្រទេស​គោរព​ពុទ្ធសាសនា​បែប​ថេរវាទ គឺ​ទាក់ទង​នឹង​ការ​ចាំ​ព្រះវស្សា​របស់​ព្រះ​ភិក្ខុសង្ឃ។ ភិក្ខុ​សោនុត្តរៈ នុត បញ្ញា គង់​នៅ «ពុទ្ធ​មណ្ឌល​អន្តរជាតិ​កម្ពុជា-សិរីលង្កា» ហៅ​វត្ត​ខ្មែរ-​សិរីលង្កា ខេមរារាម ក្នុង​ក្រុង​កូឡុំបូ ប្រទេស​សិរីលង្កា។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​បញ្ជាក់​អំពី​ប្រវត្តិ​ដើម​កំណើត​បុណ្យ​កឋិនទាន​ក្នុង​សម័យ​ពុទ្ធកាល​ដែល​ទាក់ទង​ជា​សំខាន់​ទៅ​នឹង​ការ​គង់​ចាំ​ព្រះវស្សា​របស់​ភិក្ខុសង្ឃ​សាវ័ក​រយៈពេល ១​ត្រីមាស ឬ​បី​ខែ ក្នុង​វស្សន្តរដូវ​ដែល​ជា​រដូវ​ធ្លាក់​ភ្លៀង៖ «កឋិនទាន​នេះ​គឺ​ជា​បុណ្យ​មួយ​ស្ថិត​នៅ​ក្នុង​ព្រះវិន័យ ដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ដោយ​ផ្ទាល់​នូវ​កឋិន​នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំង​ឡាយ​ដែល​បាន​ចាំ​ព្រះវស្សា​រួច​ហើយ អាច​ទទួល​ក្រាលកឋិន​បាន អ៊ីចឹង​គឺ​ភិក្ខុ​ទាំង​ឡាយ​បួស​ក្នុង​សាសនា​ព្រះអង្គ ដែល​គោរព​តាម​បែប​ថេរវាទ គឺ​ចាំបាច់​ណាស់​ត្រូវ​តែ​មាន​ការ​ចាំ​ព្រះវស្សា។ ភិក្ខុ​ដែល​បាន​ចាំ​ព្រះវស្សា​លោក​មាន​សិទ្ធិ​ដើម្បី​ក្រាល​គ្រង​កឋិន​បាន​ដែល​ញាតិ​ញោម​ពុទ្ធបរិស័ទ​ដង្ហែ​ចូល​មក ហើយ​មិនមែន​ផ្ដោត​ជា​សំខាន់​តែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​ភូមា សិរីលង្កា ថៃ និង​ឡាវ នៅ​តែ​ប្រារព្ធ​អង្គ​កឋិនទាន​នេះ មិន​មាន​ការ​បាត់បង់ ឬ​ការ​បំភ្លេច​ទេ ព្រោះ​បុណ្យ​នេះ​គឺ​ជា​បុណ្យ​ពិសេស​ក្នុង​ព្រះ​វិន័យ»

ទន្ទឹម​គ្នា​នេះ សំពត់​ចីវរ រួម​មាន ស្បង់ ចីវរ និង​សង្ឃាដី ដែល​ជា​គ្រឿង​ស្លៀក​ដណ្ដប់​ក្រាល​គ្រង​របស់​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា គឺ​ជា​ចំណុច​ដូច​គ្នា​មួយ​ទៀត​ដែល​ជា​ទានវត្ថុ​ដ៏​សំខាន់​នៃ​បុណ្យ​កឋិនទាន។ គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​កត់ត្រា​ថា បន្ទាប់ពី​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​សាវ័ក​ទទួល​ក្រាល​គ្រង​កឋិន​ចីវរ​មក គ្រហស្ថ​ដែល​បាន​ប្រារព្ធ​បុណ្យ​កឋិនទាន​មុន​គេ​បង្អស់ គឺ​ព្រះបាទ​បសេនទិកោសល ដែល​ជា​ព្រះរាជា​ក្រុង «សាវត្ថី» នៃ​ដែន​កោសល បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌា។

ភិក្ខុ​សោនុត្តរៈ នុត បញ្ញា មាន​ថេរដីកា​អំពី​ប្រជាពលរដ្ឋ​ឥណ្ឌា ដែល​សព្វថ្ងៃ នៅ​គោរព​ពុទ្ធសាសនា​បែប​ថេរវាទ​តិចតួច​បំផុត​នោះ ក៏​គង់​នាំ​គ្នា​រក្សា​ទំនៀម​ធ្វើបុណ្យ​កថិន​ចីវរ​ទាន​នេះ​ដែរ៖ «ពីព្រោះ​នៅ​ប្រទេស​ឥណ្ឌា មាន​ប្រជាជន​ច្រើន​លាន ហើយ​ពុទ្ធសាសនា​បែប​ថេរវាទ គឺ​មាន​តែ​ត្រឹម ១% តែ​បើ​យើង​គិត​ទៅ​គឺ​ច្រើន​ជាង​ប្រជាជន​នៅ​ប្រទេស​កម្ពុជា យើង​ទៅ​ទៀត។ ប៉ុន្តែ​តាំង​ពី​មាន​ការ​បង្កើត​វត្ត​អារាម​នៅ​ប្រទេស​បែប​ថេរវាទ ដូចជា​ជនជាតិ​ថៃ ភូមា ជនជាតិ​ខ្មែរ​យើង សព្វថ្ងៃ​ហ្នឹង រីក​ដុះដាល​ទៅ​ធ្វើ​ឱ្យ​ពុទ្ធសាសនា​បែប​ថេរវាទ​នៅ​ប្រទេស​ឥណ្ឌា គឺ​យើង​ឃើញ​ថា មាន​ការ​កើន​ឡើង មាន​ការ​ពង្រឹង ហើយ​ជាពិសេស​បុណ្យ​នៅ​រដូវ​កឋិន គឺ​ប្រារព្ធ​ដូចជា​ខាង​ប៉ែក​អាស៊ី​យើង​មក​ខាង​ប្រទេស​កម្ពុជា យើង ឡាវ ថៃ ភូមា សិរីលង្កា ដូចគ្នា…»

​ចំពោះ​ប្រទេស​ដែល​កាន់​ពុទ្ធសាសនា​បែប​មហាយាន រួម​មាន​ប្រទេស​ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​ទីបេ ជា​ដើម​នោះ ក៏​ឃើញ​នៅ​មាន​ព្រះសង្ឃ និង​បរិស័ទ​តិចតួច​ដែរ​ដែល​នាំ​គ្នា​គោរព​ពុទ្ធសាសនា​បែប​ថេរវាទ ប៉ុន្តែ​មិន​មាន​រក្សា​ប្រពៃណី​បុណ្យ​កឋិនទាន​នេះ​ឡើយ។

ភិក្ខុ​ញាណាវុធៈ ទុយ លីហូវ គង់​នៅ​វត្ត «ខន្តី» ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង មាន​ថេរដីកា​ពន្យល់​អំពី​មូលហេតុ​ដែល​ប្រទេស​កាន់​ពុទ្ធសាសនា​បែប​មហាយាន​មិន​មាន​ទំនៀម​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​ដែល​ជា​បុណ្យ​ដ៏​សំខាន់​មួយ​ក្នុង​វិន័យ​ពុទ្ធសាសនា៖ «ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ផ្នែក​ថេរវាទ គឺ​បាន​ន័យ​ថា ធ្វើ​តាម​ឱវាទ​ព្រះ​ថេរៈ គឺ​ធ្វើ​តាម​ព្រះ​ត្រៃបិដក។ ដូច្នេះ​ទំនៀម​ទម្លាប់​ពុទ្ធ​សាសនា គឺ​ដូច​គ្នា ឱ្យ​តែ​ធ្វើតាម​ព្រះ​ត្រៃបិដក គឺ​ដូច​គ្នា កឋិន​ព្រះអង្គ​អនុញ្ញាត​ឱ្យ​ធ្វើ​ដោយ​ចីវរ ហើយ​ថេរវាទ​ខ្លះ​លោក​ប្រើ​ខោ​ប្រើ​អាវ ដូច្នេះ​មាន​កឋិន​មក​ពី​ណា? ហើយ​មហាយាន​ប្រើ​ខោ​ពាក់​អាវ អត់​មាន​ចីវរ​ផង តាម​អាត្មា​ដឹង​វិន័យ និង​ព្រះ​សូត្រ គឺ​គេ​កែ​ច្រើន ប៉ុន្តែ​អភិធម្ម​អត់​មាន​កែ​ទេ ព្រោះ​អភិធម្ម​ជា​ធម៌​លំបាក​មិន​ងាយ​កែ​ទេ កែ​ទៅ​ក៏​មិន​មាន​ប្រយោជន៍​អី​ដល់​គេ»

​ត្រង់​ប្រការ​នេះ ភិក្ខុ​សោ​នុ​ត្ត​រៈ នុត បញ្ញា គង់នៅ «​ពុទ្ធ​មណ្ឌល​អន្តរជាតិ កម្ពុជា​-​សិរី​លង្កា​» ហៅ​វត្ត ខ្មែរ​-​សិរី​លង្កា ខេមរា​រាម ក្នុង​ក្រុង​កូឡុំបូ ប្រទេស​សិរី​លង្កា មាន​ថេរ​ដីកា​បញ្ជាក់បន្ថែម​៖ «ពីព្រោះ​​គេ​អត់​មាន​ស្លៀកដណ្តប់​ស្បង់​ស្បៃ​ត្រៃចីវរ បែប​ពុទ្ធសាសនា​ថេរវាទ គឺ​គេ​ស្លៀក​ជា​ខោ​ជា​អាវ ដូច្នេះហើយ​បានជា​គេ​មិន​មានការ​ក្រាល​គ្រង​កឋិនទាន ដូចជា​ព្រះ​ភិក្ខុសង្ឃ​ដែល​លោក​គោរព​ពុទ្ធសាសនា​ថេរវាទ ពរ​! ម្យ៉ាងទៀត ខាង​មហាយាន​នេះ គេ​អត់​មាន​ចូល​ព្រះវស្សា​ដូចជា​យើង​ថេរវាទ​ទេ តាម​ដែល​ខ្ញុំ​ករុណា​អាត្មាភាព​ធ្លាប់​ដឹង​បាន​សាកសួរ ធ្លាប់​បាន​សិក្សា​ពី​មហាយាន​ទៅ​ក៏​អត់​ឃើញ​មាន​បញ្ជាក់​រឿង​ហ្នឹង​ដែរ។ ទោះបីជា​លោក​ចាំ​វស្សា​ក៏​ការ​ដែល​ពុទ្ធបរិស័ទ​ដង្ហែ​ក្រណាត់​ទៅ​ឱ្យ​លោក​ក្រាល​គ្រង ក៏​មិន​អាច​ឡើង (ជា​កឋិន) ដែរ ព្រោះ​អត់​មែន​ជា​ភិក្ខុសង្ឃ​ដែល​មាន​ការ​សូត្រ​ញត្តិ​ត្រឹមត្រូវ​តាម​ព្រះ​វិន័យ​ទេ។ មួយ​ទៀត លោក​អត់​មាន​ការ​បញ្ចុះ​សីមា គឺ​អត់​មាន​សីមាកម្ម​ទេ ដូច្នេះ​លោក​មិន​អាច​ប្រព្រឹត្ត​ទៅ​ឱ្យ​ឡើង​ជា​អង្គ​កឋិនទាន​បាន​ទេ»

​តាម​ន័យ​ពាក្យ «ថេរវាទ» គឺ​ជា​ព្រះ​ត្រៃបិដក ជា​ពុទ្ធវចនៈ ដែល​ព្រះ​ថេរៈ​ជា​ព្រះ​អរហន្ត​ទាំង​ឡាយ ជា​បណ្ឌិត​បាន​សម្រេច​នូវ​ធម៌​ជាន់​ខ្ពស់​បាន​ប្រជុំ​គ្នា​សូត្រ និង​ចារឹក​ទុក​ក្នុង​សង្គាយនា ឬ​មហាសន្និបាត​មិន​ឱ្យ​ឃ្លៀងឃ្លាត​ពី​ភាព​ដើម ទោះបីជា​ព្រះពុទ្ធសាសនា​បាន​កន្លង​ផុត​ទៅ​អស់​កាល​ជិត ២៥៥៨​ឆ្នាំ (ព.ស.២៥៥៨) ទៅ​ហើយ​ក្តី។

ទាក់ទង​នឹង​ការ​ខុស​ប្លែក​គ្នា​នៃ​ពិធី​កម្ម​ផ្សេងៗ ដែល​ពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​បែប​ថេរវាទ តែង​ប្រារព្ធ​ធ្វើ​នា​រដូវ​កាល​បុណ្យ​កថិន​ម្តងៗ លោក​អ្នក​នឹង​បាន​ស្តាប់​នៅ​ក្នុង​ការ​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត។

​ប្រសិនបើ​លោក​អ្នក​ចង់​ស្តាប់ ឬ​អាន​អត្ថបទ​នានា ទាក់ទង​នឹង​ពិធីបុណ្យ​កឋិនទាន សូម​អញ្ជើញ​ចូល​ទៅ​កាន់​គេហទំព័រ​វិទ្យុ​អាស៊ីសេរី តាម​អាសយដ្ឋាន៖ WWW.RFA.ORG/Khmer។ បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ «នាទី​ប្រចាំ​សប្ដាហ៍» ដែល​ស្ថិត​នៅ​ខាង​លើ​នៃ​ទំព័រ រួច​ហើយ​សូម​ចុច​លើ​ពាក្យ «នាទី​សាសនា និង​សង្គម»។ សូម​អរគុណ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។