បញ្ញត្តិសាច់សំពត់ស្បង់ចីវររបស់ព្រះសង្ឃពុទ្ធសាសនា
2015.02.18
ត្រៃចីវរដែលជាគ្រឿងគ្របដណ្ដប់របស់ភិក្ខុសង្ឃមាន ៣ផ្ទាំង រួមមានស្បង់ ចីពរ និងសង្ឃាដី។ តាមវិន័យ ស្បង់ចីវរនៃព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា គប្បីមានពណ៌ស្រគាំមិនឆើតឆាយ ពោលគឺពណ៌ទឹកអម្ចត់ (ម្ចត់) រួមមានពណ៌លឿងលាយ និងពណ៌ខ្លឹមខ្នុរ។ ចំពោះសាច់ក្រណាត់វិញ តើក្នុងវិន័យមានកំណត់ដែរឬទេ?
លក្ខណៈពិសេសមួយនៃត្រៃចីវររបស់ភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនា គឺជាក្រណាត់សំពត់លាតសាមញ្ញ មិនមានការតុបតែងលំអអ្វីឡើយ។ រីឯសាច់សំពត់វិញ គឺបានមកពីការត្បាញរវៃសរសៃរុក្ខជាតិមួយចំនួន ដោយចៀសវាងការប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។
ភិក្ខុព្រះមហាធម្មាលង្ការោ ចាន់ សុជន គង់នៅវត្ត «ប្រាសាទស្រះកណ្ដាលខ្ចាស់» ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានថេរដីកាបញ្ជាក់អំពីពុទ្ធានុញ្ញាតចំពោះស្បង់ស្បៃត្រៃចីវររបស់ភិក្ខុសង្ឃ នាសម័យពុទ្ធកាលដែលនៅជាប់ជាធរមានរហូតដល់សព្វថ្ងៃនេះ៖ «...និយាយអំពីអំបោះហ្នឹង លោកមានសម្ដែងដែរ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឱ្យចីវរហ្នឹងធ្វើដោយសំបកឈើ មួយទៀតចីវរធ្វើដោយកប្បាស ដោយសូត្រ។ មួយទៀតធ្វើដោយរោម ប៉ុន្តែក្នុងវិន័យវៀរលែងតែសក់ និងរោមមនុស្សចេញ សក់និងរោមមនុស្សនេះ គឺធ្វើចីវរមិនបានទេ។ មួយទៀតធ្វើដោយសម្បកធ្មៃ ទី៦ ធ្វើដោយលាយនូវវត្ថុ ៥ខាងដើមនេះ លាយមួយៗទាំង ៥ហ្នឹង រាប់ថា បានមួយទៀត…»។
ដើមធ្មៃ គឺជាប្រភេទតិណជាតិ ឬស្មៅម្យ៉ាងក្នុងពពួកដើមក្រចៅ ដែលសំបកគេប្រើវេញធ្វើខ្សែជាប់បានយូរ។ ចំពោះសំពត់ដែលបានមកពីរោមសត្វ ភិក្ខុសីលបញ្ញោ មហាទិត្យ គង់នៅវត្ត «ខេមរារុក្ខារាម» រដ្ឋ នដ ខារ៉ូឡាណា (North Carolina-NC) សហរដ្ឋអាមេរិក មានថេរដីកាអំពីពុទ្ធបញ្ញត្តិដែលភិក្ខុគួរ និងមិនគួរក្រាលគ្រង៖ «...រោមសត្វនេះមិនប៉ះពាល់ដល់ការសម្លាប់ជីវិតសត្វទេ គឺជារោមសត្វស្លាប ឬក៏រោមសត្វដែលកំណត់ ៧ថ្ងៃទៅ គឺអាចយកមកត្បាញ មកចាក់ស្រេះចូលគ្នាបាន។ យកមកកិនលំអិតទៅ មិនមែនយករោមសត្វទាំងស្បែកទាំងអីទេ មិនមែនដូចជាយកទាំងផ្ទាំងៗជារោមសត្វសាហាវ ដូចជាសត្វខ្លាអីទេ! ព្រះពុទ្ធលោកទ្រង់ហាមប្រើរោមសត្វដែលសាហាវ លោកហាមឱ្យព្រះសង្ឃប្រើប្រាស់…»។
ក្រៅពីនោះ តាមពុទ្ធបញ្ញត្តិ សំពត់ចីវរដែលភិក្ខុទ្រទ្រង់ទៅមានអាបត្តិ ឬទោសនោះ រួមមានសំពត់ដែលធ្វើពីរោមសត្វ មានរោមចេញមកខាងក្រៅ សំពត់ធ្វើពីរោមកន្ទុយសត្វ ពីស្លាបសត្វមៀម និងធ្វើពីសក់។
ចំពោះសាច់សំពត់ចីវរធ្វើដោយរុក្ខជាតិវិញ គឺគប្បីវៀរសំពត់ដែលបានមកពីស្រទបចេក ហើយនិងដើមរាក់។ ដើមរាក់នេះ មាន ២ប្រភេទ គឺដើមរាក់-ស មានផ្កាពណ៌ស និងដើមរាក់ក្រហម ដែលមានផ្កាពណ៌ស្វាយស្រគាំ។ រីឯសំពត់ចីវរ ដែលគេធ្វើពីសរសៃតិណជាតិ ឬពពួកស្មៅវិញ គឺព្រះវិន័យហាមស្បូវភ្លាំង និងសំបកក្រចៅ។
ត្រង់ប្រការដែលពុទ្ធានុញ្ញាតសំពត់ចីវរធ្វើអំពីសូត្រ តើភិក្ខុសង្ឃអាចទ្រទ្រង់សំពត់ ដែលគេត្បាញរវៃពីសូត្រដង្កូវនាងបានដែរ ឬទេ?
ភិក្ខុសីលបញ្ញោ មហាទិត្យ គង់នៅវត្ត «ខេមរារុក្ខារាម» រដ្ឋ នដ ខារ៉ូឡាណា សហរដ្ឋអាមេរិក មានថេរដីកាបញ្ជាក់អំពីប្រការនេះ ដោយសេចក្ដីសង្ខេបពីគម្ពីរពុទ្ធសាសនា៖ «ក្នុងអដ្ឋកថា ព្រះអង្គអធិប្បាយក្នុងចីវរខន្ធកៈ មហាវគ្គ ក្នុងវិន័យបិដក ព្រះអង្គព្យាយាមឱ្យភិក្ខុសាមណេរទទួលរបស់ដែលពីទាយកទាយិកា គហបតីចីវរប្រគេនហ្នឹង គឺមិនឱ្យប៉ះពាល់ដល់ការបៀតបៀនសត្វ ឬអ្វីដែលជារបស់មានជីវិតមានវិញ្ញាណហ្នឹងមកធ្វើជាគ្រឿងស្លៀកដណ្ដប់របស់អ្នកបួសទេ។ សំពត់ដែលមានតម្លៃ ឬក៏ជារបស់ដែលយកមកត្បាញប្រើដោយមិនបៀតហ្នឹងអាចជារបស់ដែលល្អ ឬក៏ជាកណ្ដាល ប៉ុន្តែសំពត់សូត្រមានច្រើនប្រភេទ។ សំពត់សូត្រខ្លះអាចធ្វើពីដង្កូវនាង សំពត់សូត្រខ្លះទៀតអាចធ្វើសរសៃរុក្ខជាតិល្អ ប្រភេទច្រើនផ្សេងទៀត ដូចជាសរសៃដើមឈូកដែលមានលក្ខណៈល្អជាសំពត់សូត្រដូចគ្នាដែរ…»។
លក្ខណៈពិសេសនៃស្បង់ស្បៃត្រៃចីវររបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា តាមវិន័យគឺមានតែ ២ពណ៌គត់ រួមមានពណ៌លឿងលាយ និងពណ៌ខ្លឹមខ្នុរ ជាពណ៌បានមកពីការជ្រលក់ទឹកអម្ចត់ (ម្ចត់) ដែលកើតពីដើមសំបក ស្លឹក ផ្កា ផ្លែ និងមើមរុក្ខជាតិ។
ទន្ទឹមនឹងការកំណត់យកពណ៌អម្ចត់ ដែលចាត់ទុកជាពណ៌ស្រគាំ មិនឆើតឆាយហើយនោះសាច់សំពត់ចីវរ គឺមិនគប្បីមានការតុបតែងលំអ ដេរប៉ាក់ ចាក់ឌិនអ្វីឡើយ។ នេះគឺជាការអធិប្បាយរបស់លោកបណ្ឌិត សួន ឱសថ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់អំពីសំពត់ចីវរបែបណាខ្លះ ដែលភិក្ខុក្រាលគ្រងទៅនឹងមានទោសអាបត្តិ៖ «...រឿងស្បង់ចីវរនេះ បើសិនជាយើងមើលក្នុងបិដកលេខ៨ ទំព័រទី១៦៩ យើងឃើញថា ព្រះសម្មាសម្ពុទ្ធទ្រង់មិនអនុញ្ញាតឱ្យភិក្ខុប្រើប្រាស់ ដែលមិនគួរនោះទេ គឺចីវរដែលមានជាយផ្កាឈើចីវរដែលជាយជាផ្លែឈើ មិនត្រូវទ្រទ្រង់សំពត់ឆ្នូត គឺចីវរដែលមានពណ៌ឆ្នូតៗ ក៏មិនត្រូវដែរ។ ភិក្ខុណាគ្រង ឬទ្រទ្រង់នឹងត្រូវអាបត្តិទុក្កដ គឺព្រះអង្គសំដែងក្នុងបិដកអ៊ីចឹង...»។
ចំពោះឡេវ និងអន្ទាក់ឡេវចីវរ ព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃសាវកប្រើឡេវធ្វើដោយឆ្អឹង ភ្លុក ដោយដើមបបុស ដើមឫស្សី ដោយគូថស័ង្ខ ដោយសូត្រ ឬអំបោះ។
ពុទ្ធបញ្ញត្តិទាំងឡាយនេះ ក្នុងន័យកំណត់ឱ្យគ្រឿងគ្របដណ្ដប់របស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនា មានលក្ខណៈខុសប្លែកពីបុថុជ្ជន និងគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ ពោលគឺប្រាសចាកភាពត្រេកត្រអាលផងទាំងពួងឱ្យស្ថិតក្នុងកិរិយាសង្រួមនូវឥន្ទ្រីយសំវរប្រកបដោយការពិចារណានូវទានដែលសប្បុរសពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាបូជាចំពោះគុណព្រះរតនត្រ័យ។
ត្រៃចីវររបស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនាមានការកាត់ដេរទៅតាមក្បួនខ្នាតដ៏ពិសេស ខុសប្លែកពីសំលៀកបំពាក់មនុស្សផងទាំងពួង។
សូមលោកអ្នកនាងកញ្ញារង់ចាំស្ដាប់សេចក្ដីអធិប្បាយអំពីប្រវត្តិនៃការកាត់ដេរ ព្រមទាំងខ្នាតរង្វាស់សំពត់ចីវរទាំងបីនេះ នៅក្នុងការផ្សាយរបស់យើងខ្ញុំនៅពេលក្រោយ៕