កឋិនទានគឺជាបុណ្យសំខាន់មួយ ជាពុទ្ធានុញ្ញាត និងពុទ្ធបញ្ញត្តិ។ អាស្រ័យហេតុនេះ គោលកំណត់នៃកាលវេលា គឺប្រទេសកាន់ពុទ្ធសាសនាថេរវាទប្រារព្ធធ្វើដូចគ្នាទាំងអស់ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែកត្តិក តាមប្រតិទិនចន្ទគតិ ឬដំណើរគោចរនៃព្រះចន្ទ។ ចំណុចដូចគ្នាមួយទៀត គឺការចូលចាំព្រះវស្សារយៈពេល ១ត្រីមាស ឬបីខែរបស់ភិក្ខុសង្ឃដែលជាគោលសំខាន់ និងចាំបាច់នៃពិធីបុណ្យ។
កឋិនទានគឺជាការបូជានូវសំពត់ចីវរ រួមមានស្បង់ ចីពរ និងសង្ឃាដី។ ក្នុងចំណោមវត្ថុទាំងបីយ៉ាងនេះ ពុទ្ធបរិស័ទអ្នកម្ចាស់ទានអាចជ្រើសរើសយកមួយណាក៏បាន ហើយវេរប្រគេនដល់ភិក្ខុសង្ឃជាការស្រេច ក៏កើតជាអង្គកឋិនទានបានដោយបរិបូរណ៍ ពុំចាំបាច់ត្រូវតែមានគ្រប់ទាំងបីមុខនោះឡើយ។
ចំណែកកិច្ចខាងភិក្ខុសង្ឃវិញ គឺភិក្ខុមួយអង្គ ដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវអាចទទួលអានិសង្សកឋិនបាននោះ លោកអាចជ្រើសយកតែវត្ថុមួយមុខគត់ប៉ុណ្ណោះ ក្នុងចំណោមត្រៃចីវរទាំងបីដើម្បីបំពេញសង្ឃកម្មក្រាលគ្រងកឋិន។
ភិក្ខុអគ្គចិត្តោ យ៉ុន យី គង់នៅវត្តមណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានថេរដីកាបញ្ជាក់បន្ថែមអំពីកិច្ចក្រាលគ្រងសំពត់ចីវរទាននេះ ដើម្បីឱ្យបានកើតជាកឋិនពេញអង្គតាមពុទ្ធបញ្ញត្តិ៖ «ចំពោះកិច្ចពីសម័យពុទ្ធកាលមក លោកទ្រង់អនុញ្ញាត គឺភិក្ខុដែលមានចីវរទុព្វល ហើយអនុញ្ញាតក្រាលគ្រងក្នុងភិក្ខុសង្ឃក្នុងវត្តហ្នឹងបានតែមួយអង្គគត់។ ចីវរទាំងអស់ កិច្ចដែលត្រូវធ្វើ គឺមានតែភិក្ខុមួយអង្គទេ ប៉ុន្តែនៅសល់ទាំងប៉ុន្មាន នៅពេលដែលក្រាលគ្រងហើយ ជាសង្ឃលាភដែលកើតឡើងចំពោះសង្ឃនៅក្នុងវត្ត គឺចែកដល់ភិក្ខុផ្សេងៗ។ ភិក្ខុដែលក្រាលហ្នឹង គឺក្នុងបណ្ដាទាំងបីហ្នឹង លោកយកបានតែមួយគត់។ ក្នុងមួយហ្នឹងជ្រើសរើសមួយណាក៏បានដែរ បើសិនលោកខ្វះស្បង់លោកក្រាលគ្រងស្បង់ ខ្វះសង្ឃាដីលោកក្រាលគ្រងសង្ឃាដី ខ្វះចីវរលោកក្រាលគ្រងចីវរ»។
សព្វថ្ងៃនេះ នៅស្រុកខ្មែរ ព្រះភិក្ខុសង្ឃច្រើនជ្រើសរើសយកស្បង់មកក្រាលគ្រងជាអង្គកឋិនចីវរទានដោយហេតុថា ស្បង់មានថ្នេរកាត់ដេរតិច ងាយស្រួលក្នុងការពិនិត្យមើលឱ្យត្រឹមត្រូវតាមពុទ្ធវិន័យ។ ប៉ុន្តែនៅប្រទេសភូមាវិញ ភាគច្រើនពុទ្ធបរិស័ទគេជ្រើសរើសយកសង្ឃាដីតែមួយមុខគត់ មកធ្វើជាទានវត្ថុនៃអង្គកឋិនទាន។
ភិក្ខុញាណាវុធៈ ទុយ លីហូវ គង់នៅវត្ត «ខន្តី» ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលធ្លាប់បានទៅគង់នៅសិក្សាក្នុងប្រទេសភូមាជាច្រើនឆ្នាំ មានថេរដីកាបញ្ជាក់អំពីមូលហេតុនៃទំនៀមនេះរបស់អ្នកស្រុកភូមា៖ «ចំរើនពរ! សង្ឃាដី គឺគេកាត់ត្រឹមត្រូវតាមព្រះវិន័យ អ៊ីចឹងងាយស្រួលក្នុងការមើល។ ដល់ចីពរជួនកាលលោកអ្នកម្ចាស់ហាងគេកាត់មិនត្រឹមត្រូវតាមវិន័យ អ៊ីចឹងលោកពិបាកក្រាល [គ្រង]។ ម្យ៉ាងវិញទៀត នៅក្នុងថ្ងៃចូលវស្សា គេប្រគេនចីវរ១លៀងទៅហើយ ថ្ងៃកឋិនប្រគេនចីវរ១លៀងទៀត។ ពាក្យថា ១លៀង គឺមានស្បង់១ ចីពរ១។ អ៊ីចឹងចីវរមាន២ ទៅហើយក្នុង១ឆ្នាំ ហើយទៅបុណ្យឆាន់តាមផ្ទះ បុណ្យសង្ឃទាន បុណ្យបច្ច័យ៤ សុទ្ធតែប្រគេនចីវរ អ៊ីចឹងចីវរមានច្រើន លោកពុំសូវមានចីវរខាតទេ មានតែសង្ឃាដីខាត ព្រោះ១ឆ្នាំបានតែម្ដង គឺថ្ងៃកឋិននេះឯង។ ចីវរខាត បានន័យថា ចីវររហែក ប្រើមិនកើត ត្រូវផ្លាស់ថ្មី»។
ក្នុងចំណោមសំពត់ស្បង់ស្បៃត្រៃចីវរទាំង៣ ដែលជាអង្គកឋិននោះ សង្ឃាដីគឺជាសំពត់ធំជាងគេបង្អស់ ហើយអាចប្រើសម្រាប់ដណ្ដប់ការពារធាតុអាកាសត្រជាក់រងា ដូចជាភួយក៏បាន។ សៀវភៅ «បុណ្យទំនៀមទម្លាប់ខ្មែរ» របស់លោក ឆឹង ផាន់សុផុន សរសេរថា អាស្រ័យហេតុនេះហើយ តាមធម្មតាភិក្ខុសង្ឃច្រើនរើសយកសង្ឃាដីសម្រាប់ក្រាលគ្រងជាអង្គកឋិន។
តាមឯកសារគម្ពីរដីកាផ្នែកពុទ្ធសាសនា នាសម័យពុទ្ធកាលនៅពេលដែលទាយកទាយិកាអ្នកម្ចាស់ទានមិនទាន់ចេះកាត់ដេរត្រៃចីវរនៅឡើយ ព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់អនុញ្ញាតឱ្យភិក្ខុយកសំពត់ជាផ្ទាំងៗ ដែលមិនទាន់កាត់ដេរនោះ ធ្វើជាអង្គកឋិន រួចហើយកាត់ដេរជាស្បង់ស្បៃត្រៃចីវរដោយខ្លួនឯង។ សព្វថ្ងៃនេះ ជាទូទៅ ពុទ្ធបរិស័ទនៅប្រទេសកម្ពុជា ច្រើនទិញ ឬជាវសំពត់កឋិនដែលគេកាត់ដេរស្រាប់ៗ ហៅថា «គហបតិចីវរ»។
ប៉ុន្តែលោកគ្រូធម្មាចារ្យ លាវ សុមនោ អ្នកកាន់កម្មវិធីឧបាសក-ឧបាសិកាផ្កាឈូក នៃវិទ្យុព្រះពុទ្ធសាសនា នៅខេត្តសៀមរាប រៀបរាប់អំពីពុទ្ធបរិស័ទសិរីលង្កាមួយចំនួនដែលលោកបានទៅឃើញប្រារព្ធធ្វើពិធីបុណ្យកឋិនទាននៅក្នុងប្រទេសឥណ្ឌា ដោយគេនៅរក្សាទៅតាមលំអានដើមនៃប្រពៃណីពីសម័យព្រះពុទ្ធគង់ព្រះជន្មនៅឡើយនោះ៖ «ខ្មែរយើង ថៃ ឡាវ មិនខុសគ្នាទេ របៀបនៃការធ្វើ។ ដោយឡែកសិរីលង្កានេះ គឺយកសំពត់ក្រណាត់ស-សុទ្ធជាផ្ទាំងទៅធ្វើនៅទីនោះតែម្ដង។ ឧបាសក-ឧបាសិកាយកសំពត់ដែលសាច់ក្រណាត់ស-សុទ្ធអត់ទាន់មានជ្រលក់ឱ្យទៅជារបស់សៅហ្មងទេ ហើយក៏បានទៅឃើញព្រះភិក្ខុសង្ឃលោកកាត់ដេរចីវរដោយខ្លួនព្រះអង្គតែម្ដង គឺឃើញដេររាល់តែឆ្នាំ។ ប៉ុន្តែដោយឡែកនៅវត្តដទៃទៀត នៅប្រទេសឥណ្ឌាហ្នឹង របៀបធ្វើគឺមិនខុសពីយើងទេ គឺយកសំពត់ចីវរស្រេចស្រាប់ហ្នឹងទៅវេរ ប្រគេនព្រះសង្ឃ] ដូចយើងអ៊ីចឹងដែរ»។
ម្យ៉ាងទៀត នាសម័យដែលព្រះសម្មាសម្ពុទ្ធសមណគោតមទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឱ្យភិក្ខុប្រើប្រាស់តែចីវរឥតម្ចាស់ គឺសំពត់ដែលភិក្ខុបានដោយបង្សុកូលយកពីព្រៃស្មសាន ឬពីគំនរសំរាមមកប៉ះប៉ុន ធ្វើជាត្រៃចីវរស្លៀកដណ្ដប់។ ត្រៃចីវរទាំងនេះគឺភិក្ខុសង្ឃលោកយកទៅជ្រលក់ពណ៌ទឹកអម្ចត់ (ម្ចត់) ដែលដាំរំងាស់ចម្រាញ់ពីផ្កាឈើ ផ្លែឈើ មើមឈើ ស្លឹក និងសំបកឈើជាដើមដើម្បីឱ្យចីវរមានពណ៌ស្រគាំមិនឆើតឆាយ។
ចំពោះប្រពៃណីនេះ ភិក្ខុ សោនុត្តរៈ នុត បញ្ញា គង់នៅ «ពុទ្ធមណ្ឌលអន្តរជាតិ កម្ពុជា-សិរីលង្កា» ហៅវត្តខ្មែរ-សិរីលង្កា ខេមរារាម ក្នុងក្រុងកូឡុំបូ ប្រទេសសិរីលង្កា មានថេរដីកាថា នៅសិរីលង្កា ក៏ដូចជានៅប្រទេសកាន់ពុទ្ធសាសនាថេរវាទដទៃទៀតដែរ គឺគេឃើញមានធ្វើដោយកម្រ៖ «ចម្រើនពរ! នៅប្រទេសសិរីលង្កា ដែលគេហែក្រណាត់ជាកីហ្នឹង ក្រណាត់ហ្នឹងគឺមានពណ៌ជាស្រេច មានពណ៌ខ្លឹមខ្នុរ ឬពណ៌ខ្លាញ់ក្ដាម។ គ្រាន់តែលោកនៅតែធ្វើកិច្ចតែម្យ៉ាងគឺកាត់ហើយ និងដេរ ដោយមិនបាច់ពិបាកជ្រលក់ពណ៌អីទៀតទេ ដែលភាគច្រើនសព្វថ្ងៃនៅសិរីលង្កានេះ។ ប៉ុន្តែនៅកន្លែងខ្លះ ក៏នៅមានដង្ហែក្រណាត់ស មានល័ក្ដ មានម្ជុល មានចេសអីយកទៅសម្រាប់លោកកាត់ដេរជ្រលក់ពណ៌ ប៉ុន្តែនៅមានតិចតួច។ ភាគច្រើនគឺលោកគ្រាន់តែដាំទឹកហើយ គឺគេមានល័ក្ដហើយជាស្រេច ព្រោះជនជាតិឥណ្ឌា ជនជាតិសិរីលង្កានេះ គេសំបូរប្រើល័ក្ដណាស់។ ដូច្នេះ គឺគ្រាន់ដាំទឹកទៅ យកល័ក្ដទៅដាក់ប្រមាណអាចថាឱ្យចីវរហ្នឹងកាន់ពណ៌ល្អហើយ ក៏គេជ្រលក់តែម្ដង មិនមានជាសំបកឈើដូចសម័យពុទ្ធកាលទេ»។
លក្ខណៈពិសេសមួយនៃបុណ្យកឋិនទាន គឺទាំងពលរដ្ឋពុទ្ធបរិស័ទជាគ្រហស្ថ ទាំងព្រះសង្ឃអាចប្រារព្ធធ្វើបុណ្យកឋិនទានបានដូចគ្នា។ សព្វថ្ងៃនេះ ក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសកាន់ពុទ្ធសាសនាថេរវាទដទៃទៀត ក៏នៅមានភិក្ខុសង្ឃអង្គខ្លះរក្សាប្រពៃណីនាំយកកឋិនចីវរទានទៅវេរប្រគេនភិក្ខុសង្ឃផងគ្នាដែរ។ ប៉ុន្តែជាទូទៅ លោកអ្នកម្ចាស់ទានភាគច្រើន គឺពុទ្ធបរិស័ទដែលជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ។
កាលដើមឡើយ បន្ទាប់ពីព្រះពុទ្ធសមណគោតមទ្រង់បានអនុញ្ញាតឱ្យភិក្ខុទទួលក្រាលគ្រង និងអនុមោទនាកឋិនចីវរមក គឺមានតែសហធម្មិកៈ៥ក្រុម ដែលបានធ្វើកឋិនទានដល់គ្នានឹងគ្នាតាមវិន័យបញ្ញត្តិ។
សហធម្មិកៈទាំង៥ពួកនេះ រួមមានភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី និងសិក្ខមានា ពោលគឺសាមណេរីមានអាយុ ១៨ឆ្នាំ ដែលត្រូវបានទទួលឱ្យសិក្សាធម៌វិន័យ និងបំពេញផ្នួសជាភិក្ខុនី។ ចំណេរក្រោយមក ទើបមានឧបាសក ឧបាសិកា ទាយក ទាយិកា បាននាំគ្នាផ្ដួចផ្ដើមធ្វើកឋិនទានតៗគ្នារហូតមកដល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។