អត្ថន័យ​ពិធី​បុណ្យ​វិសាខបូជា

ដោយ កេសរណ្ណីយ្យា
2015.04.30
បំបួស​សង្ឃ សៀមរាប ៦២០ ព្រះសង្ឃ​និង​អាណាព្យាបាល​របស់​យុវជន​ជា​ច្រើន​នាំ​គ្នា​កោរ​សក់​កូនៗ​ដើម្បី​ត្រៀម​ខ្លួន​ចូល​សាង​ផ្នួស​ជា​សាមណេរ​នៃ​ព្រះពុទ្ធ​សាសនា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ថ្ងៃ ១៥​កើត ខែ​ពិសាខ គឺ​ជា​ទិវា​ដែល​ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក​តែង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខបូជា។

ប្រការ​ដ៏​សំខាន់​មួយ​ទៀត គឺ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខបូជា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំង​ឡាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​លើ​​ភពលោក។

​តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅ ទើប​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ជា​ទិវា​បុណ្យ​របស់​ខ្លួន?

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។  ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក​ធម្មបណ្ឌិត ហេង មណីចិន្ដា បង្ហាញ​អំពី​ចំណុច​សំខាន់​នៃ​បុណ្យ​វិសាខបូជា ថា​ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះពុទ្ធ​សាសនា​ដែល​មាន​អាយុកាល ២៥៥៨​ឆ្នាំ​មក​ហើយ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ប្រភព​ដើម​នៃ​ពុទ្ធសករាជ​ដែល​ប្រទេស​កាន់​ពុទ្ធសាសនា​បាន​និយម​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «ជា​អាយុ​របស់​ព្រះពុទ្ធ​សាសនា ពីព្រោះ​ពុទ្ធសាសនា​យើង​រាប់​ជា​សករាជ​ឡើង នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​បាន​ចូល​បរិនិព្វាន។ ដូច្នេះ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​កាន់​ព្រះពុទ្ធសាសនា​នៅ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ​ក្ដី នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ក្ដី តែងតែ​ប្រារព្ធ​ធ្វើ​ទិវា​វិសាខបូជា ហើយ​ដែល​ពុទ្ធសាសនិកជន​ទាំង​អស់​បាន​ប្រារព្ធ​ពិធី​នេះ​ជា​យូរ​មក​ហើយ...»

អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ជា​រៀង​រាល់​ឆ្នាំ ទោះបីជា​ពិធី​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឈាន​ចូល​មក​ដល់​នៅ​ក្នុង​ខែ​ចេត្រ​ក្តី ប៉ុន្តែ​រហូត​ដល់​ថ្ងៃ ១​រោច ខែ​វិសាខ គឺ​១​ថ្ងៃ​ក្រោយ​ពិធី​បុណ្យ​វិសាខ​បូជា​ទើប​ប្រតិទិន​ចន្ទគតិ​ខ្មែរ​ដែល​គិត​តាម​ដំណើរ​គោចរ​នៃ​ព្រះចន្ទ ផ្លាស់​ចូល​ពុទ្ធសករាជ​ថ្មី។  ដូចជា​ក្នុង​ឆ្នាំ​នេះ ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​មមែ ត្រូវ​ប៉ះចំ​ថ្ងៃ​អង្គារ ១១​រោច ខែ​ចេត្រ ប៉ុន្តែ​គឺ​នៅ​ក្នុង​ពុទ្ធសករាជ ២៥៥៨ ដដែល រហូត​លុះ​ត្រា​ដល់​ថ្ងៃ ១៥​កើត ខែ​វិសាខ ដែល​ជា​ថ្ងៃ​បុណ្យ​វិសាខបូជា ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​២ ខែ​ឧសភា។  ក្រោយ​ពី​ទិវា​ពិធីបុណ្យ​ដ៏​សំខាន់​នេះ​រួច  ទើប​ពុទ្ធសករាជ ២៥៥៩ ឈាន​ចូល​មក​ដល់​ដោយ​បរិបូណ៌ នៅ​ថ្ងៃ ១​រោច ខែ​ពិសាខ។

ទាក់ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ សៀវភៅ "ព្រះរាជ​ពិធី​ទ្វាទសមាស" ដែល​ជា​ការ​បោះ​ពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១ បាន​សរសេរ​កត់ត្រា​ថា ទោះ​បី​ជា​ពិធីបុណ្យ​វិសាខបូជា​ត្រូវ​បាន​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​ទំនៀមទម្លាប់​តាំង​ពី​បូរាណ​យូរ​អង្វែង​មក​ហើយ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធសាសនា​ខ្លះ បាន​បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ណា​មួយ​កត់ត្រា​អំពី​កាលបរិច្ឆេទ ឬ​ថ្ងៃ ខែ ឆ្នាំ នៃ​ការ​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​បំផុត​មួយ​នេះ ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។ ប៉ុន្តែ​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ ដែល​ហៅ​ថា «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​នានា​នៅ​លើ​សកលលោក ដែល​គោរព​ព្រះពុទ្ធសាសនា ក្នុង​នោះ​រួម​ទាំង​កម្ពុជា ផង​ដែរ នា​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ ក្នុង​ប្រទេស​សិរីលង្កា នា​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨។

ចំពោះ​ហេតុផល​ចម្បង​មួយ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ទទួល​ស្គាល់​នេះ ភិក្ខុ​ព្រះមហាធម្មាលង្ការោ ចាន់ សុជន គង់​នៅ​វត្ត «ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់» ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ថេរដីកា​បញ្ជាក់​ថា គឺ​អាស្រ័យ​ដោយ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធ​សាសនា​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «ព្រះពុទ្ធ​សាសនា​គឺ​បាន​ឱ្យ​តម្លៃ​ទៅ​លើ​​និន្នាការ​ខាង​សន្តិភាព​និយម។ ពាក្យ​ដែល​ថា ធម្មភាវៈ ឬ​នីតិ​ភាវៈ​នេះ គឺ​សំដៅ​ដល់​ច្បាប់​ធម្មជាតិ ឬ​ធម្មនុញ្ញ​របស់​ពិភពលោក គឺ​កម្រង​នីតិក្រម ឬ​ប្រព័ន្ធ​ច្បាប់​ប្រកបដោយ​សុក្រឹត​ភាព​ល្អ​ផុត​លេខ មាន​សុចរិត​ភាព ឬ​យុត្តិធម៌ ល្អ​ផុត​លេខ ព្រម​ទាំង​មាន​តម្លាភាព អព្យាក្រឹត​ភាព​ល្អ​ផុត​លេខ។  ក្នុង​នោះ​ព្រះពុទ្ធ​សាសនា​បាន​ប្រកាស​ថា ធម្មោ ហវេ រក្ខតិ ធម្មចារី  ច្បាប់​តែងតែ​គាំពារ​ថែរក្សា​អ្នក​គោរព​ច្បាប់​តែ​ម្យ៉ាង ហ្នឹង​បើ​យើង​និយាយ​ឱ្យ​ន័យ​ទូលាយ​ទៅ ប៉ុន្តែ​បើ​តាម​ពាក្យ​ដែល​យើង​ធ្លាប់​ប្រើ គឺ​ធម៌​រមែង​ថែរក្សា​អ្នក​ប្រព្រឹត្ត​ធម៌...»

ចាប់​តាំង​ពី​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ទទួល​ស្គាល់​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ​ក្នុង​ឆ្នាំ​១៩៩៩ មក ប្រទេស​ដែល​គោរព​ព្រះពុទ្ធ​សាសនា​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដែល​មាន​ឈ្មោះ​ថា «យូអ៊ិន-វិសាខ ឬ វិសាខបូជា នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ​ប្រចាំ​ឆ្នាំ​នៅ​រៀងរាល់​វិសាខ​បូជា​ម្តងៗ។

ក្នុង​ឆ្នាំ​២០១៥ នេះ ប្រទេស​ថៃ នឹង​ទទួល​បន្ទុក​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​ពុទ្ធសាសនា ស្តី​អំពី​ទិវា​បុណ្យ «យូអ៊ិន-វិសាខ» ពុទ្ធសករាជ ២៥៥៨ ក្រោម​ប្រធានបទ​ចម្បង «ព្រះពុទ្ធ​សាសនា និង​វិបត្តិ​ពិភពលោក»។ ក្នុង​ឱកាស​នោះ អ្នក​ចូល​រួម​ជា​ច្រើន​មក​ពី​ប្រទេស​នានា​លើ​សកលលោក នឹង​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​តូចៗ​មួយ​ចំនួន រួម​មាន៖ «ការ​ឆ្លើយ​តប​របស់​ពុទ្ធ​សាសនិក​ចំពោះ​ទំនាស់​សង្គម បញ្ហា​បរិស្ថាន និង​វិបត្តិ​ផ្នែក​អប់រំ​សិក្សាធិការ» ជាដើម។

កត្តា​ទាំង​នេះ​បង្ហាញ​អំពី​គោលដៅ និង​តួនាទី​ដ៏​សំខាន់​នៃ​ពុទ្ធសាសនា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គម ដែល​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​បញ្ចូល​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ ជា​ការ​រំលឹក​ដល់​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ក្នុង​ការ​ស្វែង​រក​មាគ៌ា​រំដោះ​ទុក្ខ និង​ផ្សព្វផ្សាយ​នូវ​មាគ៌ា​ដ៏​ប្រសើរ​គ្មាន​ពីរ​នេះ​ដល់​មនុស្សលោក ប្រកប​ដោយ​ក្តី​មេត្តា​ករុណា​ដ៏​បរិសុទ្ធ​ឥត​ព្រំដែន។

នេះ​គឺ​ជា​ការ​អធិប្បាយ​របស់​លោក​ធម្ម​បណ្ឌិត ហេង មណីចិន្ដា នាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង៖ «ព្រោះ​គេ​ឃើញ​នូវ​គុណប្រយោជន៍​របស់​ព្រះពុទ្ធសាសនា ទី​១ ជា​សាសនា​ដែល​មាន​ចំណាស់​យូរ ២៥៦០​ឆ្នាំ​ទៅ​ហើយ...។ ទី​២ ជា​សាសនា​មាន​គោលការណ៍​សន្តិភាព មិន​កាប់​សម្លាប់​គ្នា គោរព​សិទ្ធិ​គ្នា​ក្នុង​ការ​រស់​នៅ​ទៅ​វិញ​ទៅ​មក ទី​៣ ពុំ​ដែល​មាន​សង្គ្រាម​ដែល​កើត​ឡើង​ក្នុង​នាម​ព្រះពុទ្ធ​សាសនា​នោះ​ទេ ហើយ​មាន​ប្រជាជន​ដល់​ទៅ​ជាង ៥០០​លាន​នាក់​នា​បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក​ទាំង​មូល បាន​កាន់​ព្រះពុទ្ធ​សាសនា...។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​អង្គការ​សហប្រជាជាតិ​បាន​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា​ថា បាន​ចូល​រួម​ចំណែក​ដ៏​ក្រាស់ក្រែល​ធំធេង​ណាស់​ក្នុង​សន្តិភាព​ពិភពលោក និង​ការ​រួម​រស់​ជាមួយ​គ្នា​ដ៏​សុខ​ស្ងប់...»

​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុង​សារ​ស្តីពី​ទិវា​វិសាខ​បូជា ឆ្នាំ​២០១៤ ថ្លែង​ថា៖ «នា​ឱកាស​បុណ្យ​វិសាខ​បូជា​ដែល​ជា​ការ​ឧទ្ទិស​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ [សមណគោតម] ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន អង្គការ​សហប្រជាជាតិ​សូម​ចូលរួម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ទាំង​ពុទ្ធសាសនិក និង​មិន​មែន​ជា​ពុទ្ធសាសនិក ក្នុង​ការ​រំលឹក និង​ឆ្លុះ​បញ្ចាំង​នូវ​ដំណើរ​ជីវិត និង​ការ​បង្ហាត់​បង្រៀន​របស់​ព្រះអង្គ។ សារ​របស់​ព្រះពុទ្ធ​អំពី​សន្តិភាព ក្តី​មេត្តា​ករុណា​អាណិតអាសូរ និង​សេចក្ដី​ស្រឡាញ់ [ដ៏​បរិសុទ្ធ] របស់​ព្រះអង្គ​ចំពោះ​សព្វ​សត្វ​មាន​ជីវិត​ទាំង​ឡាយ​ទាំងពួង បាន​បង្ហាញ​ប្រាប់​ឱ្យ​យើង​ទាំង​អស់​គ្នា​បើក​បេះដូង ហើយ​ស្រវា​ឱប [ជួយ] សមាជិក​ក្រុម​គ្រួសារ​មនុស្ស​ជាតិ​នៃ​យើង ជាពិសេស​អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​ត្រូវការ [កំពុង​ជួប​ការ​លំបាក]»

​ក្នុង​សេចក្ដី​ថ្លែង​សារ​នោះ លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​គូស​បញ្ជាក់​ថា៖ «ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ដែល​ត្រូវ​គ្រប់​សម័យ​កាល​នេះ នឹង​ជួយ​លើក​ទឹក​ចិត្ត​យើង​ឱ្យ​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ជា​ច្រើន ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​លើ​វិស័យ​សន្តិភាព និង​សន្តិសុខ ការ​អភិវឌ្ឍ និង​ការ​គាំពារ​បរិស្ថាន។  យើង​ត្រូវ​តែ​លះបង់​នូវ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​គិតគូរ​ពិចារណា និង​ធ្វើ​សកម្មភាព​ក្នុង​នាម​ជា​សមាជិក​នៃ​សហគមន៍​ពិភពលោក​តែមួយ។

សម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីពី «​ទិវា យូអ៊ិន-វិសាខ» ឬ «បុណ្យ​វិសាខបូជា នៃ​អង្គការ​សហប្រជាជាតិ» នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។  តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ច្រើនតែ​ធ្វើ​មុន​ថ្ងៃ ១៥​កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។  ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះ ជា​ច្រើន​លើក​មក​ហើយ។  រី​ឯ​ប្រទេស​វៀតណាម បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំ​សន្និសីទ​ស្ដីពី «ទិវា យូអ៊ិន-វិសាខ» នេះ ពីរ​ដង​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០០៨។

ចំពោះ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​តាម​ប្រពៃណី​ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័ទ​នៅ​តាម​ប្រទេស​គោរព​ពុទ្ធសាសនា​វិញ តើ​ប្រព្រឹត្តទៅ​ដូច​ម្ដេច​ដែរ?

សូម​លោក​អ្នក​នាង​កញ្ញា​រង់ចាំ​ស្ដាប់​សេចក្ដី​អធិប្បាយ​អំពី​រឿង​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។