គ្រោះថ្នាក់​នៃ​ថ្មពិល​និង​អាគុយ (ភាគ​៥)

សន្ធិសញ្ញា​ឆ្នាំ​១៩៨៩ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​កាក​សំណល់​នៅ​តាម​ប្រទេស​នានា​លើ​ពិភពលោក​កំណត់​ថា អាគុយ​ជា​ជំពូក​សំណល់​រឹង​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​ចាំបាច់​ត្រូវ​ត្រួត​ពិនិត្យ​ការពារ​ឱ្យ​បាន​ហ្មត់ចត់។
ដោយ កេសរណ្ណីយ្យា
2010.12.23

ឯកសារ​នានា​របស់​ក្រុម​អ្នក​ជំនាញ​ស្ដី​អំពី​គ្រោះថ្នាក់​នៃ​ថ្មពិល និង​អាគុយ បាន​គូស​បញ្ជាក់​ដូច​គ្នា​ថា អ្នក​ដែល​ធ្វើ​ការងារ​លក់​ដូរ បញ្ចូល​អាគុយ និង​កែច្នៃ​សំណល់​អាគុយ គឺ​ជា​អ្នក​ដែល​ប្រឈម​មុខ​ដោយ​ផ្ទាល់​នឹង​គ្រោះថ្នាក់ ដែល​បណ្ដាល​មក​ពី​សារធាតុ​គីមី​ទាំង​នោះ។

អនុ​ប្រធាន​ដេប៉ាតេម៉ង់​គីមី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ ម៉ី សុវុឌ្ឍី បាន​មាន​ប្រសាសន៍​ថា វា​ជា​ការ​សំខាន់​ណាស់​ចំពោះ​លោក​អ្នក​ដែល​ប្រកប​ការងារ​ជាប់​ជា​ប្រចាំ​ជាមួយ​អាគុយ គួរ​គប្បី​ប្រើប្រាស់​សម្ភារៈ​ការពារ​សុវត្ថិភាព ដើម្បី​ថែទាំ​សុខភាព​ពី​សារធាតុ​គីមី​ពុល​ប្រកប​ដោយ​គ្រោះថ្នាក់​ដែល​ភាយ​ចេញ​ពី​អាគុយ រួម​មាន​សំណ​អុកស៊ីត និង​អាស៊ីត​ស៊ុលហ្វួរិក។

លោក​សាស្ត្រាចារ្យ ម៉ី សុវុឌ្ឍី មាន​ប្រសាសន៍​បន្ត ៖ «វិធាន​ការពារ​អាស៊ីត ទី​១ គាត់​ត្រូវ​ពាក់​ស្រោមដៃ​ការពារ​កុំ​ឱ្យ​រលាក​ស្បែក ទី​២ ត្រូវ​ពាក់​ម៉ាស់​ដើម្បី​ការពារ​ចំហាយ​អាស៊ីត ហើយ​យក​ល្អ​គាត់​ត្រូវ​ពាក់​វ៉ែនតា​ការពារ​ភ្នែក​ទៀត ព្រោះ​ចំហាយ​អាស៊ីត​នៅ​ពេល​ហើរ​ចូល​ភ្នែក អាច​គាត់​ងងឹត​ភ្នែក។ ម៉ាស់​សុវត្ថិភាព​ហ្នឹង​គឺ​ជិត​តែម្ដង មិន​អាច​ភាគ​ល្អិត​ហ្នឹង​ហើរ​ចូល​បាន​ទេ ធូលី​ក៏​ចូល​មិន​បាន តែ​ដក​ដង្ហើម​បាន។ ស្រុក​ខ្មែរ​សព្វថ្ងៃ​អត់​មាន​ទេ​ម៉ាស់​ហ្នឹង មាន​តែ​ម៉ាស់​ស្តើងៗ អា ១-​២ ១០០ វា​មិន​(ការពារ)​បាន​អី​ធំដុំ​ទេ​អា​ម៉ាស់​ហ្នឹង»

នាង​ខ្ញុំ​បាន​ជម្រាប​សួរ​ពលរដ្ឋ​ម្នាក់ ដែល​ប្រកប​មុខ​របរ​សាក​អាគុយ​នៅ​ភូមិគរ ឃុំ​ថ្មឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ថា តើ​លោក​ធ្វើ​ដូច​ម្ដេច​នៅ​ពេល​បញ្ចូល​អាគុយ​ម្ដងៗ?

លោក ខាល អឿ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ថា លោក​មាន​ការ​យល់​ដឹង​ខ្លះ​ដែរ​អំពី​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​សារធាតុ​គីមី​នៅ​ក្នុង​អាគុយ ហើយ​លោក​តែង​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​ដែរ​នៅ​រាល់​ពេល​ធ្វើ​ការងារ ៖ «ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ប្រតិបត្តិការ​បញ្ចូល​នេះ គឺ​ខ្ញុំ​ពាក់​ស្រោម​ដៃ​ ជាតិ​កៅស៊ូ មិន​ប្រើ​ស្រោម​ដៃ​អំបោះ​ទេ ព្រោះ​ស្រោម​ដៃ​អំបោះ​ប្រើ​បាន​តែ ២-​៣​ដង​អី​ទេ ជាតិ​អាស៊ីត​វា​កាត់​អស់​ហើយ ហើយ​ខ្ញុំ​ក៏​ត្រូវ​ពាក់​ម៉ាស់​ទៀត​ដែរ ទាំង​ពេល​ដែល​បញ្ចូល​ទាំង​ពេល​ដែល​ដោះ​ខ្សែ​ចេញ​ដែរ ហើយ​ក្រោយ​ពេល​ចប់​សព្វ​គ្រប់ ជានិច្ចកាល​ខ្ញុំ​តែង​តែ​ដុស​សម្អាត​ដៃ​ដោយ​សាប៊ូ​ជា​ប្រចាំ»

របាយការណ៍​បច្ចេកទេស​របស់​ក្រសួង​បរិស្ថាន និង​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ (United Nation Environment Program-UNEP) ស្ដីពី​ស្ថានភាព​នៃ​ការ​គ្រប់គ្រង​អាគុយ​ចាស់ៗ បាន​បង្ហាញ​ថា ជា​ទូទៅ​ម្ចាស់​ហាង និង​អ្នក​ធ្វើការ​នៅ​តាម​ហាង​លក់ ឬ​កន្លែង​សាក​អាគុយ ពុំ​មាន​ពាក់​ស្រោម​ដៃ ពាក់​ម៉ាស់​បិទ​ច្រមុះ ឬ​ពាក់​វ៉ែនតា​ការពារ​សុវត្ថិភាព​ឡើយ បើ​ទោះ​បី​ជា​គេ​មាន​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​សារធាតុ​គីមី​នៅ​ក្នុង​អាគុយ​ទៅ​លើ​សុខភាព​ក្តី។

ការ​ស្រូប​ក្លិន​ផ្សែង ឬ​កម្ទេចកំទី​ផង់សំណ ក៏​អាច​ធ្វើ​ឱ្យ​អស់​កម្លាំង​រសេះរសោះ​ដៃ​ជើង ទទួល​ទាន​ដំណេក​មិន​លក់ ចុះ​ទម្ងន់ និង​ឈឺ​សាច់​ដុំ​សរសៃ និង​សន្លាក់​ដៃជើង​ផង​ដែរ។

ចំពោះ​អ្នក​ដែល​ធ្វើការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ឬ​ស្រូប​ក្លិន និង​ផង់​សំណ​ញឹកញាប់​ក្នុង​រយៈពេល​យូរ​អង្វែង នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​លើស​ឈាម ខូច​តម្រង​ទឹកមូត្រ ឬ​ក្រលៀន ថ្លើម សួត​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខួរ​ក្បាល និង​ជំងឺ​មហារីក។

លោក​សាស្ត្រាចារ្យ ម៉ី សុវុឌ្ឍី បាន​មាន​ប្រសាសន៍​បន្ថែម​អំពី​វិធាន​ការពារ​សុខភាព​ពី​ចំហាយ​សំណ​អុកស៊ីត និង​អាស៊ីត​ស៊ុលហ្វួរិក ដែល​ធ្វើ​ឱ្យ​មាន​ការ​រលាក​ភ្នែក ច្រមុះ បំពង់ក សួត និង​ក្រពះ ៖ «ជា​ការ​ល្អ ឧបមា​ថា គាត់​លក់​ដូរ ឬ​រក​ស៊ី​ខាង​អាគុយ យ៉ាង​ហោច​ណាស់​គឺ​គាត់​គួរ​ទៅ​ថត​សួត​ជា​រៀង​រាល់ ៦​ខែ​ម្ដង ព្រោះ​ការ​ដែល​គាត់​ប្រើ​អាស៊ីត នៅ​ពេល​ដែល​ចំហាយ​វា​ភាយ​ឡើង​ អាស៊ីត​ស៊ុលហ្វួរិក វា​មាន​ឧស្ម័ន​ស្ពាន់ធ័រ​ឌីអុកស៊ីត។ ពេល​គាត់​ដក​ដង្ហើម​ចូល​ទៅ​វា​អាច​ក្លាយ​ទៅ​ជា​អាស៊ីត វា​អាច​ធ្វើ​ឱ្យ​គាត់​មាន​បញ្ហា ជា​ពិសេស​សួត និង​ផ្លូវ​ដង្ហើម»

របាយការណ៍​បច្ចេកទេស​របស់​ក្រសួង​បរិស្ថាន និង​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​បញ្ចេញ ឬ​ការ​សាយ​ភាយ​នូវ​សារធាតុ​ទាំង​នេះ គឺ​កើត​ឡើង​នៅ​ក្នុង​ដំណាក់កាល​ផ្សេងៗ​នៃ​អាយុកាល​អាគុយ​មួយ​គ្រឿងៗ ដែល​រាប់​ទាំង​ការ​សាក ការ​បញ្ចូល​ថាមពល ការ​កែច្នៃ និង​ការ​បោះ​ចោល​កាក​សំណល់​អាគុយ ដែល​អស់​ប្រសិទ្ធភាព​ប្រើប្រាស់​លែង​បាន​ហើយ​នោះ​ជាដើម។

តាម​ការ​សិក្សា​នេះ កន្លែង​សាក​អាគុយ​នៅ​តំបន់​ជនបទ គឺ​ភាគ​ច្រើន​ជា​រោង​ប្រក់​ស្លឹក ស្បូវ ឬ​ស័ង្កសី ដែល​ល្ហល្ហេវ​គ្មាន​ជញ្ជាំង​បិទ​បាំង​អ្វី​ឡើយ បើ​មិន​ដូច្នោះ​ទេ កន្លែង​សាក​អាគុយ​គឺ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដែល​សមាជិក​គ្រួសារ​ទាំង​អស់​រស់​នៅ​ទទួល​ទាន​ដំណេក និង​បរិភោគ​ជុំ​គ្នា ជា​ពិសេស​កុមារ​តូចៗ​លេង​នៅ​កន្លែង​សាក​អាគុយ​នោះ​តែម្ដង។

ទាក់ទង​នឹង​ប្រការ​នេះ លោកគ្រូ ខាល អឿ ដែល​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​ហើយ និង​កំពុង​ប្រកប​មុខ​របរ​សាក​អាគុយ​នៅ​ភូមិគរ ឃុំ​ថ្មឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ថា លោក​បាន​សង់​រោង​សាក​អាគុយ នៅ​ដាច់​ដោយ​ឡែក​ពី​ផ្ទះ ៖ «ចំពោះ​រោង​នេះ គឺ​ខ្ញុំ​សង់​ចេញ​ពី​ផ្ទះ​ប្រហែល​ជា ២៥​ម៉ែត្រ ហើយ​នៅ​ពេល​បញ្ចូល​អាគុយ អត់​ឱ្យ​មាន​ក្មេងក្មាង​អី​ទៅ​ក្បែរ​ទេ។ ពេល​ដែល​បញ្ចូល កាល​ណា​វា​ពេញ​ទៅ ភាយ​របស់​ទឹក​អាស៊ីត​ហ្នឹង​វា​ចេញ​ពី​រន្ធ​អាគុយ​ឡើង​ភាយៗ​មក។ ផល​វិបាក​នៃ​ការ​បញ្ចូល​អាគុយ​ហ្នឹង វា​អាច​ប៉ះពាល់​មក​លើ​សុខភាព យើង​ត្រូវ​តែ​មាន​វិធានការ​​​ការពារ​ខ្លួន​ជា​ប្រចាំ ប៉ុន្តែ​នេះ​ជា​មុខ​របរ​ហើយ​ចៀស​មិន​រួច»

ឯកសារ​សិក្សា​រួម​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៨៥ % រស់​នៅ​ទី​ជនបទ ដោយ​ពឹង​ផ្អែក​ជា​ចម្បង​លើ​មុខ​របរ​កសិកម្ម។ ក្នុង​នោះ​គ្រួសារ​កសិករ​តិច​ជាង ២០% ពោល​គឺ​ក្នុង​ចំណោម ២០​គ្រួសារ គឺ​មាន​តែ ១​គ្រួសារ​ប៉ុណ្ណោះ ដែល​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់។ ក្រៅ​ពី​នោះ​គឺ​ប្រើ​អាគុយ​សម្រាប់​បំភ្លឺ​ផ្ទះ​សម្បែង និង​ឧបករណ៍(អេឡិចត្រូនិក)​ផ្សេងៗ។

គ្រូ​បង្រៀន​ផ្នែក​មន្ទីរ​ពិសោធន៍​នៅ​មហាវិទ្យាល័យ​គីមី នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា លោក ប៉ុក ល័ក្សរាសី បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​អំពី​ការ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​របស់​កុមារ ដែល​មាតា​បិតា ជា​ពិសេស​អ្នក​ប្រកប​មុខ​របរ​ជួសជុល ឬ​សាក​អាគុយ គប្បី​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង ៖ «អាគុយ​ដែល​យើង​ប្រើ​សព្វ​ថ្ងៃ​នៅ​កម្ពុជា គឺ​ភាគ​ច្រើន​ជា​អាគុយ​សំណ។ សារធាតុ​សំណ និង​សំណ​អុកស៊ីត ដែល​នៅ​ក្នុង​អាគុយ​នេះ វា​ជ្រាប​ទៅ​ក្នុង​ខ្លួន​យើង ប្រសិន​បើ​ពលរដ្ឋ​ប្រើ​អាគុយ ហើយ​គាត់​ជួសជុល​លាង​សម្អាត​អាគុយ គាត់​ធ្វើ​ជា​ជាង​ជួសជុល​អាគុយ ហើយ​ចាក់​ចោល​ទឹក​អាគុយ​ទៅ​លើ​ដី​សារធាតុ​សំណ​នោះ វា​រាល​ដាល វា​កំពប់​ពេញ​បរិវេណ​ផ្ទះ​ទៅ​លើ​ផ្ទៃដី ហើយ​កូនៗ​របស់​គាត់​ដែល​រត់​លេង​ដី ហើយ​ដៃ​ប្រឡាក់​កាន់​នំ​ចំណី​ញ៉ាំ ពេល​នោះ​សារធាតុ​សំណ​នឹង​ជ្រាប​ចូល​មក​ក្នុង​ខ្លួន​ក្មេង»

ឯកសារ​នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​គីមី និង​សុខភាព បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ចំពោះ​ស្រី្ត​មានគភ៌ និង​កុមារ​តូចៗ ព្រោះ​ជា​អ្នក​ងាយ​នឹង​រង​គ្រោះ​បំផុត ដោយសារ​សារធាតុ​គីមី​នៅ​ក្នុង​ថ្មពិល និង​អាគុយ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ និង​គ្រប់​សរីរាង្គ​របស់​កុមារ​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខួរក្បាល៕

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។