វិធី​ទុក​ដាក់​និង​ប្រើប្រាស់​ថ្មពិល​នៅ​តាម​លំនៅ​ឱ្យ​មាន​សុវត្ថិភាព (ភាគ​១)

សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្មពិល និង​អាគុយ ជា​ពិសេស​ជាតិ​ស័ង្កសី ប្រាក់ បារ៉ត សំណ នីកែល កាត់មីញ៉ូម និង​អាស៊ីត​ស៊ុលហ៊្វួរិក ធ្វើ​ឱ្យ​ប៉ះពាល់​ច្រើន​ប្រការ​ដល់​មនុស្ស និង​បរិស្ថាន។
ដោយ កេសរណ្ណីយ្យា
2010.12.30

ឯកសារ​នានា​នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា វិធី​ដែល​អាច​ជួយ​ការពារ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​សារធាតុ​គីមី នៅ​ក្នុង​ថ្មពិល និង​អាគុយ គឺ​ទី​១ ជ្រើស​រើស​ប្រើ​ថ្មពិល និង​អាគុយ ដែល​អាច​សាក​បញ្ចូល​ថាមពល​អគ្គិសនី​ហើយ​ប្រើ​បាន​ឡើង​វិញ។ ទី​២ គឺ​ប្រមូល​ទុក​ដាក់ និង​កែច្នៃ​សំណល់​ថ្មពិល និង​អាគុយ ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ​​នៃ​ក្រុម​អ្នក​ជំនាញ។

អ្នកស្រី ប្រាក់ សឿន កសិករ​រស់​នៅ​ភូមិ​សំរោង ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​គ្រួសារ​អ្នកស្រី​ប្រើ​ថ្មពិល សម្រាប់​ដាក់​វិទ្យុ ពិល​ចុច​បំភ្លឺ នាឡិកា​ប៉ោល និង​នាឡិកា​ដៃ ដែល​ជា​ប្រភេទ​ថ្ម​ប្រើ​អស់​ហើយ​បោះ​ចោល។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ពុំ​បាន​ដឹង​អំពី​វិធី​ទុក​ដាក់ និង​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​ថ្មពិល​នោះ​ទេ ហើយ​ភាគ​ច្រើន ថ្ម​ចាស់ៗ​ដែល​ប្រើ​អស់​ហើយ​នោះ គឺ​ច្រើន​តែ​បោះ​ចោល​ទៅ​លើ​ដី ៖ «អត់​ដឹង​ផង បោះ​ចោល បោះ​ចោល​ពេញ​ទឹក​ពេញ​ដី​ហ្នឹង បើ​វា​អស់​ហើយ មិន​ដឹង​ទុក​បាន​ប្រយោជន៍​អី​ផង។ អ្នក​ភូមិ​ផង​របង​ជាមួយ​ក៏​បោះ​ចោល​ដូច​តែ​គ្នា ប៉ុន្តែ​ខ្ញុំ​មាន​នៅ​ខ្លះ ទុក​ខ្លះ ច្រក​ថង់​ទុក អត់​ដឹង​ទុក​ធ្វើ​អី​ទេ ចេះ​តែ​ព្យួរ​ទុក​ចោល បោះ​ចោល​ទៅ វា​ជ្រាំ​ក្បែរ​ផ្ទះ»

សារធាតុ​គីមី​ដែល​នៅ​ក្នុង​ថ្មពិល ប្រសិន​បើ​បោះ​ចោល​ទៅ​ក្នុង​បរិស្ថាន​គឺ​នឹង​បង្ក​ឱ្យ​ខូច​ប្រភព​ទឹក​ធម្មជាតិ គុណភាព​ដី ព្រម​ទាំង​ប៉ះពាល់​សត្វ​មាន​ជីវិត និង​រុក្ខជាតិ​ផង​ដែរ ហើយ​ដែល​ជាយថាហេតុ​ នឹង​បណ្ដាល​ឱ្យ​មាន​ផល​អាក្រក់​មក​លើ​សុខភាព​មនុស្ស។

អតីត​អភិបាល​រង​រាជធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន ដែល​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ បាន​មាន​ប្រសាសន៍​អំពី​កម្មវិធី​ប្រមូល​ទុក​ដាក់​ថ្ម​ពិល ដែល​អនុវត្ត​រួម​គ្នា​ដោយ​សាលាក្រុង​ភ្នំពេញ និង​ក្រសួង​បរិស្ថាន ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ជា​ពិសេស​នៅ​តាម​សាលារៀន​មួយ​ចំនួន​ក្នុង​រាជធានី ៖ «យើង​បាន​បំផុស​រឿង​ហ្នឹង​ថា កុំ​ឱ្យ​បោះ​ចោល​អ៊ីចឹង ឱ្យ​ប្រមូល​មក យើង​យក​ទៅ​ទុក​ដាក់​ធ្វើ​បំបែក​វា​វិញ។ ខាង​ប៊ែលហ្សិក ក៏​គេ​ឱ្យ​គំនិត​ថា ឱ្យ​សិក្សា​មើល​ទៅ ហើយ​មាន​ការ​គាំទ្រ ឯកឧត្ដម​អភិបាល (រាជធានី)​ គាត់​បើក​យុទ្ធនាការ​ហៅ​ថា «រួម​គ្នា​ដើម្បី​រាជធានី​ភ្នំពេញ គេច​ផុត​ពី​គ្រោះថ្នាក់​នៃ​សំណល់​ថ្មពិល»

អ្នកស្រី ពូន ប៉ុក រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ពុំ​បាន​ដឹង​ច្បាស់លាស់​ពី​ផល​វិបាក​ដែល​បណ្ដាល​មក​ពី​ថ្ម​ពិល​នោះ​ឡើយ ប៉ុន្តែ​ក៏​បាន​ណែនាំ​កូន​តូចៗ​ឱ្យ​ប្រយ័ត្ន​ផង​ដែរ។

ចំពោះ​ថ្ម​ដែល​ប្រើ​អស់​ហើយ​វិញ​នោះ អ្នកស្រី​បាន​បញ្ជាក់​ថា បាន​ដឹង​អំពី​កម្មវិធី​ប្រមូល​ទុក​ដាក់ ជា​ពិសេស​នៅ​តាម​សាលារៀន ប៉ុន្តែ​ភាគ​ច្រើន​គឺ​ទម្លាប់​បោះ​ចោល​ចូល​ធុង​សំរាម ៖ «ភាគ​ច្រើន​ដូច​ជា​មិន​មាន​ការ​យល់​ដឹង​អំពី​ការ​វេច​ខ្ចប់​អី​ទេ។ គេ​ដាក់​កេស​ទឹក​សុទ្ធ ឬ​កេស​អី​មួយ​ទៅ គេ​បិទ​ផ្លាក​រូប​កាក​សំណល់​ថ្មពិល គេ​ឱ្យ​យើង​បោះ​ចូល។ ប៉ុន្តែ​ភាគ​ច្រើន យើង​មិន​បាន​ទៅ​ដល់​ហ្នឹង​ទេ ជួនកាល​យើង​បោះ​ចោល​ត្រឹម​ធុង​សំរាម​ផ្ទះ​យើង​ធម្មតា​ជាមួយ​នឹង​សំរាម​ផ្សេងៗ​ទៀត។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ អត់​ដឹង​ថា បញ្ហា​ហ្នឹង​វា​ដល់​កម្រិត​ណា​ទេ​ដែរ តែ​គ្រាន់​តែ​ធ្លាប់​ឃើញ​គេ​ប្រមូល​កាក​សំណល់​ថ្មពិល​ហ្នឹង​ថា វា​មាន​បញ្ហា អ៊ីចឹង​ក៏​ចាប់​ផ្ដើម​ហាម​កូន ពេល​ថ្មពិល​អស់​កុំ​ឱ្យ​វា​លេង​អី​អ៊ីចឹង»

ក្រុម​អ្នក​ជំនាញ​ផ្នែក​គីមីវិទ្យា​បាន​គូស​បញ្ជាក់​ថា ថ្ម​គ្រប់​ប្រភេទ​ទាំង​អស់ ទោះ​ជា​នៅ​ថ្មី​មិន​ទាន់​ប្រើ​ទាល់​តែ​សោះ ឬ​មួយ​ក៏​ថ្ម​ចាស់​ប្រើ​រួច​ហើយ នៅ​ពេល​វា​មាន​ការ​បែក​ធ្លាយ ឬ​បោះ​ចោល​ទៅ​ក្នុង​បរិស្ថាន គឺ​សុទ្ធ​តែ​បង្ក​ឱ្យ​មាន​ផល​វិបាក​អាក្រក់​ដូច​គ្នា​ទាំង​អស់។

លោក ម៉ាន់ ឈឿន ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ប្រជាជន និង​ការ​អភិវឌ្ឍ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​មូលនិធិ​អភិវឌ្ឍន៍​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រជាជន​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​អំពី​ប្រការ​ដ៏​គ្រោះថ្នាក់​ទៅ​លើ​កុមារ​តូចៗ​ដោយ​ការ​លេង​ថ្មពិល ៖ «ដែល​ចង់​ឱ្យ​ប្រយ័ត្ន​បំផុត​នោះ ជា​ពិសេស​ថ្មពិល​ឡាហ៊្សែ អា​ថ្មពិល​តូចៗ គេ​ហៅ​ថា ថ្មពិល​ឡេវ​អាវ គឺ​ចៅៗ​ខ្លះ​វា​ឃើញ​វា​យក​ទៅ​បៀម​លេង អា​ហ្នឹង​គ្រោះថ្នាក់​ធ្ងន់​ណាស់​នៅ​ពេល​វា​បៀម​ទៅ អា Positive -Negative វា​ជ្រាប​ទៅ​តាម​សរីរាង្គ វា​ធ្វើ​ឱ្យ​ញ័រ​ដៃ គ្រវី​ក្បាល ទៅ​ជា​ឈឺ​ក្បាល សរសៃ​ប្រសាទ​ក៏​មាន​ដែរ គឺ​ដោយសារ​តែ​បៀម​ថ្មពិល»

គ្រូ​បង្រៀន​ផ្នែក​មន្ទីរ​ពិសោធន៍​នៅ​មហាវិទ្យាល័យ​គីមី នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា លោក ប៉ុក ល័ក្សរាសី បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​ផល​វិបាក​រយៈ​ពេល​ខ្លី​ចំពោះ​ករណី​ដែល​កុមារ​បាន​លេប​ថ្មពិល​ចូល​ទៅ​ក្នុង​ពោះ គឺ​ក្នុង​រយៈ​ពេល ២​ម៉ោង វា​នឹង​ធ្វើ​ឱ្យ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ ឬ​មួយ​រលាក​ប្រព័ន្ធ​ដក​ដង្ហើម​របស់​ក្មេង។

លោកគ្រូ​មាន​ប្រសាសន៍​បន្ថែម​អំពី​ផល​ប៉ះពាល់​ក្នុង​ករណី​ដែល​មិន​អាច​យក​ថ្ម​ចេញ​ពី​ក្នុង​ខ្លួន​ក្មេង​បាន​ក្រោយ​ពី​រយៈ​ពេល ២​ម៉ោង តាម​លក្ខណៈ​នៃ​ប្រតិកម្ម​សារធាតុ​គីមី នៅ​ក្នុង​ថ្មពិល ៖ «ផល​ប៉ះពាល់​រយៈ​ពេល​វែង គឺ​នៅ​ពេល​ដែល​យើង​មិន​អាច​ដក​យក​ថ្មពិល​នោះ​ចេញ​បាន វា​ធ្លាក់​ចូល​ទៅ​ដល់​ក្រពះ ពោះវៀន ពេល​នោះ​សារធាតុ​បារ៉ត ក៏​ដូច​ជា​សារធាតុ​ប្រាក់​ដែល​មាន​នៅ​ក្នុង​ថ្មពិល​ហ្នឹង​នោះ ជ្រាប​ពេញ​សារពាង្គកាយ​របស់​ក្មេង​នោះ ហើយ​ពេល​នោះ​ជាតិ​ពុល​នឹង​ជ្រាប​ចូល​ទៅ​ដល់​ប្រព័ន្ធ​សរីរាង្គ​ទាំង​អស់​របស់​ក្មេង ដែល​ធ្វើ​ឱ្យ​គ្រឿង​ក្នុង​របស់​ក្មេង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​សុខភាព​របស់​ក្មេង​នឹង​ជួប​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត»

អាស្រ័យ​ហេតុ​នេះ​លោក ប៉ុក ល័ក្សរាសី បាន​មាន​ប្រសាសន៍​រំឭក​ដល់​មាតា​បិតា​ថា គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​ក្នុង​ការ​ទុក​ដាក់​ថ្មពិល​គ្រប់​ប្រភេទ​នៅ​ក្នុង​ផ្ទះ​ឱ្យ​ខ្ពស់​ផុត​ពី​ដៃ​ក្មេង និង​ពន្យល់​ណែនាំ​កូន​ចៅ​កុំ​ឱ្យ​លេង​ថ្មពិល។

លោកគ្រូ​បាន​អធិប្បាយ​អំពី​វិធី​ទុក​ដាក់ និង​ប្រើប្រាស់​ថ្មពិល​ត្រឹមត្រូវ ដើម្បី​ចៀស​វាង​ពី​គ្រោះថ្នាក់​ផ្សេងៗ ៖ «ថ្មពិល​ដែល​យើង​ប្រើ​សព្វ​ថ្ងៃ​នេះ​មាន​ច្រើន​ប្រភេទ។ ថ្មពិល​ខ្លះ​ គ្រាន់​តែ​ដាក់​វា​លាយ​ឡំ​ជាមួយ​ថ្មពិល​ប្រភេទ​ផ្សេង​ទៀត ក៏​អាច​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​បាន​ដែរ។ ថ្មពិល​ខ្លះ នៅ​ពេល​ដាក់​វា​នៅ​ជិត​ឧបករណ៍​ដែល​បញ្ចេញ​កម្ដៅ ដូច​ជា​អំពូល​អគ្គិសនី ចង្ក្រាន​ភ្លើង វា​អាច​ធ្វើ​ឱ្យ​ផ្ទុះ។ ថ្មពិល​ប្រភេទ​អាល់កាឡាំង វា​ងាយ​នឹង​ផ្ទុះ មិន​អាច​បោះ​ចូល​ក្នុង​ភ្លើង​បាន​ទេ វា​នឹង​បណ្ដាល​ឱ្យ​ផ្ទុះ»

ឯកសារ​នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​រូប​វិទ្យា និង​គីមី បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​កុំ​ឱ្យ​ប៉ះពាល់​សារធាតុ​គីមី​នៅ​ក្នុង​ថ្មពិល។ ប្រសិន​បើ​ពាល់​ត្រូវ​ថ្មពិល​ចាស់ៗ ឬ​ថ្មពិល​ដែល​បែក​ធ្លាយ គឺ​ប្រញាប់​ស្រូតរូត​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ចេញ​ភ្លាមៗ និង​ចៀស​វាង​កុំ​យក​ដៃ​មក​ប៉ះ​នឹង​ភ្នែក ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​រលាក​ភ្នែក៕

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។