មន្រ្តីជំនាញផ្នែកបរិស្ថានរបស់រដ្ឋាភិបាលបានអះអាងថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចជាតិ។ ប៉ុន្តែមន្រ្តីនៃអង្គការពុំមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារអភិរក្ស និងអភិវឌ្ឍបរិស្ថាន បង្ហាញថា ប្រជាពលរដ្ឋក្នុងសហគមន៍នឹងទទួលបានផលតិចតួចណាស់ពីគម្រោងនេះ។
នៅកម្ពុជាប្រជាពលរដ្ឋខ្មែរជិត ២លានគ្រួសារ រស់នៅតាមជនបទស្រុកស្រែចម្ការ។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីអំពីគោលនយោបាយថ្នាក់ជាតិក្នុងការផ្គត់ផ្គង់ភ្លើងអគ្គិសនីអំពីថាមពលមិនចេះរីងស្ងួតនៅតាមជនបទ បានឲ្យដឹងបន្ថែមថា ក្នុងចំណោមពលរដ្ឋចំនួនជិត ២លានគ្រួសារនោះ គឺមានតែ ១៣ % ប៉ុណ្ណោះ ដែលមានបណ្តាញភ្លើងអគ្គិសនីប្រើប្រាស់បំភ្លឺផ្ទះសម្បែង។
លោក ទូច ស៊ាងតាណា សមាជិកក្រុមសង្កេតការណ៍ផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានអះអាងថា គម្រោងសំណង់ទំនប់វារីអគ្គិសនីថ្មីនេះ នឹងអាចជួយដល់ប្រជាពលរដ្ឋខ្មែរឲ្យមានភ្លើងប្រើក្នុងតម្លៃថោក ហើយនឹងអាចបង្កើនលទ្ធភាពផលិតកម្មផ្សេងៗ ដែលនឹងជួយដល់សេដ្ឋកិច្ចគ្រួសារផងនិងសង្គមជាតិ។
លោក ទូច ស៊ាងតាណា បានអះអាងដូច្នេះ ៖ «អាចបង្កលក្ខណៈឲ្យប្រជាពលរដ្ឋយើង អាចជួយសេដ្ឋកិច្ចបាន ធ្វើកសិកម្មបាន ធ្វើស្រូវបាន យើងអាចនាំចេញបាន យើងមានការវិនិយោគច្រើនក្នុងប្រទេស គឺយើងចំណេញច្រើន។ គឺថាប៉ះពាល់ប្រហែលជា ១០ ទៅ ២០% ប៉ុន្តែយើងបានជោគជ័យ យើងបានចំណេញមកវិញចំពោះប្រទេសជាតិយើង ពលរដ្ឋយើងបានប្រើភ្លើងថោកគ្រប់គ្នា គឺថា ៨០ ទៅ ៩០% យើងចំណេញ»។
ប៉ុន្តែលោក មៀច មាន អ្នកសម្របសម្រួលអង្គការទន្លេ៣ បានបញ្ជាក់ថា តាមទស្សនកិច្ចសិក្សា និងបទពិសោធន៍នានា សហគមន៍ដែលនៅក្នុងតំបន់នៃគម្រោងសំណង់ទំនប់វារីអគ្គិសនី តែងបានទទួលផលតិចតួចណាស់ពីគម្រោងនោះ។
លោក មៀច មាន បញ្ជាក់ដូច្នេះ ៖ «យើងធ្លាប់មើលឃើញបទពិសោធន៍គេនៅឆ្ងាយៗ ភ្លើងធ្វើទៅគឺគេបុកឆ្ពោះទៅទីផ្សារធំៗហើយ ហើយធម្មតាសហគមន៍នៅតំបន់សាងសង់ទំនប់ ភាគច្រើនសុទ្ធជាសហគមន៍នៅតំបន់ឆ្ងាយដាច់ស្រយាលអ៊ីចឹងទៅ ហើយពីភូមិមួយទៅភូមិមួយឆ្ងាយៗ ងាយឯណានឹងបញ្ជូនចរន្តអីឲ្យ។ ហើយពិសេសជាងគេ បើយើងមើលឃើញបទពិសោធន៍នៅតាមភូមិយើងនៅខាងណេះ មានន័យថា សហគមន៍យើងបានទទួលតែរងផលប៉ះពាល់ ដល់ពេលចរន្តអគ្គិសនីគ្មានបានមកដល់ហ្នឹងឯណា»។
ចំពោះប្រការនេះ លោក ទូច ស៊ាងតាណា បានគូសបញ្ជាក់ថា គម្រោងសំណង់ទំនប់វារីអគ្គិសនីថ្មីទាំងពីរនេះ គឺរាជរដ្ឋាភិបាលមានផែនការទាញយកថាមពលផលិតជាភ្លើង សម្រាប់តែផ្គត់ផ្គង់ក្នុងស្រុកតែបុណ្ណោះក្នុងជំហានដំបូង។
លោក ទូច ស៊ាងតាណា បានគូសបញ្ជាក់ដូច្នេះ ៖ «ដូច្នេះបើសិនជាយើងលក់តែភ្លើងទទេឲ្យគេ គឺអត់ប្រយោជន៍ទេ ពលរដ្ឋយើងនៅតែក្រដដែល ដូច្នេះយើងជំរុញឲ្យមានការវិនិយោគមកស្រុកខ្មែរយើងដែរ ដើម្បីឲ្យការវិនិយោគហ្នឹងធ្វើឲ្យពលរដ្ឋយើងមានការងារធ្វើ ធ្វើឲ្យពលរដ្ឋយើងមានចំណូលកាន់តែច្រើន យើងអត់ត្រូវការលក់ភ្លើងទេ។ ដល់ថ្ងៃក្រោយពលរដ្ឋយើងមានហើយ វិនិយោគទុនគ្រប់គ្រាន់ហើយ ហ្នឹងភ្លើងយើងចែកលក់ទៅវិញទៅមក យើងលក់ឲ្យគេទៅវិញទៅមក។ ហ្នឹងជារឿងមួយផ្សេងទៀតនៅពេលដែលភ្លើងសំបូរហើយ»។
ទោះបីយ៉ាងណាក្តី លោក មៀច មាន បានបញ្ជាក់ថា ដោយបានទទួលផលអាក្រក់យ៉ាងច្រើនពីទំនប់វារីអគ្គិសនីយ៉ាលី របស់វៀតណាម តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់សព្វថ្ងៃនេះ អ្នកភូមិនៃសហគមន៍នៅតំបន់តាមដងទន្លេសេសាន មានការភ័យខ្លាចជាប់ ហើយមិនចង់ឲ្យមានការសាងសង់ទំនប់នៅក្នុងស្រុកនោះឡើយ។
លោក មៀច មាន មានប្រសាសន៍ថា ៖ «គិតជាចំណុចសំខាន់ៗ ចាប់តាំងពីការសាងសង់នោះមក គុណភាពទឹកវាចាប់ផ្ដើមប្រែប្រួលមករហូត។ យើងមើលឃើញថាមានទឹកជំនន់ខុសប្រក្រតី ហើយមួយទៀតយើងឃើញថាទឹកទន្លេសេសានហ្នឹងវានៅក្នុងរដូវប្រាំងហ្នឹង គឺភាគច្រើនមានពេលខ្លះទឹកដាច់ មានន័យថារីងដាច់ទន្លេ រីងដាច់រហូតដល់រយៈពេលជិត ១អាទិត្យ អត់មានទឹកតែម្ដង សូម្បីតែអន្លង់ជ្រៅៗសឹងតែថាដាច់ទឹកដែរ រីងទាំងអស់ខាងក្រោម។ លក្ខណៈរីង មួយឆ្នាំជួនកាល១ដង ជួនកាលពីរដង។ ដូចឆ្នាំនេះ ជួនកាលអ្នកភូមិយើងខាងស្រុកអណ្ដូងមាសអីហ្នឹង គាតជិះម៉ូតូកាត់ទឹកទន្លេបាន»។
អង្គការទន្លេ៣ គឺជាអង្គការពុំមែនរដ្ឋាភិបាលក្នុងស្រុកមួយ ធ្វើការជាមួយសហគមន៍ជាច្រើនដែលរងផលប៉ះពាល់អាក្រក់ និងការគំរាមកំហែងពីទំនប់វារីអគ្គិសនីនៅលើដងទន្លសេសាន ទន្លេស្រែពក និងទន្លេសេកុង ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសវៀតណាម។
លោក មៀច មាន អ្នកសម្របសម្រួលអង្គការទន្លេ៣ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា សហគមន៍ប្រជាពលរដ្ឋខ្មែរដែលនៅតាមតំបន់ទន្លេសេសាន គ្មានបានទទួលផលអ្វីពីសំណង់ទំនប់វារីអគ្គិសនីយ៉ាលី នោះទាល់តែសោះ គឺមានតែបាត់បង់ប្រភពត្រី គ្មានទឹកស្អាតប្រើប្រាស់ ទឹកជំនន់ខ្លាំងលិចលង់ស្រែចម្ការ ផ្ទះសម្បែង សាលារៀន ផ្លូវថ្នល់ និងបណ្តាលឲ្យកើតជំងឺផ្សេងៗ ដែលឆ្លងតាមទឹក និងត្រូវបង្ខំចិត្តបោះបង់ភូមិឋានទៅរស់នៅឯទីផ្សេងវិញ។
ទាក់ទងនឹងបញ្ហានេះ លោក ទូច ស៊ាងតាណា ដែលជាប្រធានគណៈកម្មាធិការអភិរក្ស និងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ផ្សោតទន្លេមេគង្គផងនោះ បានអះអាងថា ប្រសិនបើកម្ពុជា អាចសង់ទំនប់វារីអគ្គិសនីនៅក្នុងស្រុកបានមុនប្រទេសជិតខាងទាំងបីនោះ គឺយើងនឹងអាចទាញយកផលបានច្រើនដោយមិនចាំតែទទួលរងគ្រោះពីសំណង់របស់ប្រទេសដទៃនោះឡើយ។
លោក ទូច ស៊ាងតាណា បានអះអាងដូច្នេះ ៖ «យើងចង់ធ្វើមុនគេក្នុង ១១ទំនប់ហ្នឹង យើងអនុញ្ញាតឲ្យខាងលើធ្វើមួយ ប្រទេសលាវ ធ្វើមួយ ប៉ុន្តែយើងសុំគេមួយដែរ យើងបិទដៃទន្លេនៅសំបូរ។ ឥឡូវហ្នឹងសុំធ្វើសេសានមួយ ដើម្បីយើងមានភ្លើងមួយចំនួន បូកផ្សំនឹងយើងធ្វើនៅខាងពោធិ៍សាត់ ខាងភ្នំក្រវាញអីហ្នឹង ធ្វើឲ្យភ្លើងយើងមានតម្លៃចុះ និងពលរដ្ឋយើងចាប់ផ្ដើមបូមទឹកបានធ្វើស្រែចម្ការ គាត់អាចផលិតបានកាន់តែខ្ពស់ឡើងៗ គាត់រកចំណូលបានកាន់តែច្រើន ហើយវិនិយោគទុនមកកាន់តែច្រើន។ ចាប់អារម្មណ៍លើបញ្ហាហ្នឹង ដែលថាយើងមិនចេះទាញយកផលចំណេញនោះទេ គឺកម្ពុជាយើងជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ ខាតបង់ច្រើនជាងគេបើសិនជាយើងឲ្យគេធ្វើមុនយើង»។
ក្នុងខែមិថុនា ឆ្នាំ២០០៩ ប្រជាពលរដ្ឋខ្មែរ អង្គការពុំមែនរដ្ឋាភិបាល ព្រមទាំងក្រុមអ្នកវិទ្យាសាស្រ្តផ្នែកបរិស្ថាន ក្នុងមហាតំបន់អនុទន្លេមេគង្គ និងនៅតាមប្រទេសផ្សេងៗលើពិភពលោក បានរួបរួមគ្នាចុះហត្ថលេខាលើញត្តិអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម លាវ និង ថៃ ឲ្យបោះបង់ផែនការសង់ទំនប់វារីអគ្គិសនីធំៗទាំង ១១កន្លែង នៅតាមតំបន់ខ្សែទឹកខាងលើនៃដងទន្លេមេគង្គ ដែលជាទន្លេមួយដ៏សំខាន់សម្រាប់ផ្តល់អាហារត្រីសាច់ចិញ្ចឹមជីវិតមនុស្សប្រមាណ ៦០លាននាក់។
ប៉ុន្តែលោក ទូច ស៊ាងតាណា សមាជិកក្រុមសង្កេតការណ៍ផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់តាមទស្សនៈរបស់លោកថា ការអភិវឌ្ឍតែងតែមានការប៉ះពាល់ តែប្រទេសជាតិត្រូវការអភិវឌ្ឍ ត្រូវការភ្លើងអគ្គិសនី។ រីឯប្រទេស ថៃ លាវ និងប្រទេសវៀតណាម គេទៅមុខឆ្ងាយណាស់ហើយ ដូច្នេះកម្ពុជា មិនអាចជៀសពីការអភិវឌ្ឍសាងសង់ទំនប់វារីអគ្គិសនីនោះឡើយ៕