ស្ថាន​ព្រះចន្ទ ភព​រណប​ធម្មជាតិ នៃ​ដែន​ព្រះធរណី (ភាគ ១)

នាទី​វិទ្យាសាស្ត្រ និង​ជីវិត សប្តាហ៍នេះ​នឹង​ធ្វើការ​ឆ្លើយតប​ទៅនឹង​សំណួរ របស់​មិត្ត​អ្នកស្តាប់​មួយ​រូប ពី​រាជធានីភ្នំពេញ ទាក់ទងនឹង​ស្ថាន​ព្រះចន្ទ​នៃ​ភព​ផែនដី ដែល​មនុស្ស​យើង​រស់នៅ​សព្វថ្ងៃ​នេះ ។

0:00 / 0:00

ក្រុម​អ្នក​វិទ្យាសាស្ត្រ-​តារាសាស្ត្រ​បាន​សិក្សា​រក​ឃើញ​ថា ភព​តូច​ធំ​ទាំង​ឡាយ​ដែល​ធ្វើ​ដំណើរ​គោចរ​ជុំវិញ​ព្រះ​ឤទិត្យ ក្នុង​សុរិយចក្រវាល​យើង​នេះ គឺ​ភាគច្រើន​សុទ្ធសឹង​តែ​មាន​ព្រះ​ច័ន្ទ ជាភព​រណប​តូ​ច​ៗ វិល​ជុំវិញ​ដូចគ្នា​ទាំងអស់ គ្រាន់​តែ​មាន​ចំនួន​តិច ឬ​ច្រើន​ជាង​គ្នា​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ចំពោះ​ភព​ផែន​ដី​យើង​នេះ មាន​ព្រះច័ន្ទ​​​តែមួយ​​ដួង​​គត់​ ដូច​​ដែល​​មនុស្ស​បាន​សង្កេត​មើល​ឃើញ តាំង​តែ​ពី​បរមបុរាណកាល​ជា​រៀង​ដរាប មក​ទល់​សព្វថ្ងៃ​នេះ ។

ឯកសារ​នានា​ខាង​ផ្នែក​វិទ្យាសាស្ត្រ ស្តីពី​ផែនដី​និង​លំហ បាន​សរសេរ​កត់ត្រា​ឲ្យ​ដឹង​ទៀត​ថា ព្រះចន្ទ​ដែល​រះ​បំព្រាង​ដែន​ពសុធា​យើងនេះ មាន​ទ្រង់ទ្រាយ​រាង​មូល​ឥតខ្ចោះ និង​មាន​អង្កត់ផ្ចិត​ប្រវែង ៣ពាន់ ៥រយ គីឡូម៉ែត្រ ហើយ​មាន​ទំហំ​តូច​ជាង​ភព​ផែនដី ប្រមាណ ៣ដង ។

ព្រះចន្ទ​មួយ​ដួង​នេះ គឺ​ជា​តារា​រណប​ធម្មជាតិ​ដែល​បាន​កកើត​ឡើង ក្នុង​ពេល​ដំណាល​គ្នា​នឹង​ដែន​ព្រះធរណី​យើង​នេះ​ដែរ គឺ​កាលពី​ប្រមាណ​ជាង ៤ពាន់ ៥​រយ​លាន​ឆ្នាំ​មុន​មក​ម៉្លេះ ហើយ​ក៏បាន​ធ្វើ​ដំណើរ​ត្រាច់​ចរ​ពទ្ធ័ពេន​ជុំវិញ​ភព​ផែនដី​ជា​អចិន្ត្រៃយ៍ ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក ។

អ្នកគ្រូ ស៊ុយ ស្រីលាភ បង្រៀន​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា នៅ​អនុវិទ្យាល័យ​ស្រង់ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ បាន​អធិប្បាយ​អំពី​ទីតាំង និង​ចម្ងាយ​របស់​ព្រះចន្ទ​ពី​ភព​ផែនដី ព្រមទាំង​ចលនា​រង្វិល​ខ្ញាល់ របស់​ភព​រណប​មួយ​នេះ ។

šភព​ព្រះចន្ទ​មាន​ចម្ងាយ​ជា​ធម្យម​គឺ ៣៨៤.៤០៣គីឡូម៉ែត្រពី​ផែនដី ហើយល្បឿន​ព្រះចន្ទ​វិល​ជុំវិញ​ខ្លួនឯង គឺ​ក្នុង​រយៈពេល ២៧​ថ្ងៃ ៧​ម៉ោង ៤៣​នាទី ។ ហើយ​វា​វែង​ជាង រង្វិល​ខ្ញាល់​របស់​ផែនដី› ។

ព្រះចន្ទ​វិល​ជុំវិញ​ដែន​ព្រះធរណី នៅ​លើ​គន្លង​តារាវិថី​រាង​ពង​ក្រពើ​របស់ខ្លួន ដែល​មាន​ចម្ងាយ​ប្រវែង​ជិត ២​លាន ៣​សែន​គីឡូម៉ែត្រ ក្នុង​ល្បឿន​ប្រមាណ​ជិត​៣​ពាន់ ៧​រយ គីឡូម៉ែត្រ ក្នុង​១​ម៉ោង ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​នាឡិកា ពោលគឺ​វិល​ពី​ឆ្វេង​មក​ស្តាំ ។

បាតុភូត​ធម្មជាតិ​នៃ​ដំណើរ​គោចរ​របស់​ព្រះចន្ទ វិល​វង់​ជុំវិញ​ភព​ផែនដី ហើយ​និង​ចលនា​រង្វិលខ្ញាល់ នៃ​ភព​ផែនដី​ជុំវិញ​ព្រះឤទិត្យ ទៅ​តាម​ចក្ររាសី​ ឬ​គន្លង​តារាវិថី​រៀង​ៗ​ខ្លួន នេះ​ហើយ​គឺ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​វេលា​ថ្ងៃ យប់ ចន្ទគ្រាស សូរ្យគ្រាស ខ្នើត រនោច ហើយនិង​ជំនោរសមុទ្រ ។

អ្នកគ្រូ ស៊ុយ ស្រីលាភ បកស្រាយ​អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​រាត្រី​ខ្នើត ដែល​ព្រះចន្ទ​ចាប់ផ្តើម​មាន​ពន្លឺ​បន្តិច​ម្តង​ៗ រះ​បំព្រាង​មក​លើ​ភព​ផែនដី រហូត​ដល់​មាន​រស្មី​ពេញវង់​ ឈ្នះ​អស់​ពន្លឺ​របស់​តារានិករ​ផងទាំងពួង ដែល​តាម​ប្រតិទិន​ចន្ទគតិ​របស់ខ្មែរ ហៅ​ថា​រាត្រី​ចន្ទ​ពេញបូរណ៌មី ។

អ្នកគ្រូ ស៊ុយ ស្រីលាភ បាន​មាន​ប្រសាសន៍​ថា š៖ «ឥទ្ធិពល​គោចរ​របស់​ឋាន​ព្រះចន្ទ​មក​លើ​ផែន​ដី វា​ទាក់ទង​នឹង​ពេល​វេលា​ខ្នើត និង​រនោច ។ ហើយ​ព្រះចន្ទ​វា​ឆ្លងកាត់​វគ្គ​ទាំងអស់​នេះ ដល់ ២៩​ថ្ងៃ ១២​ម៉ោង ។ នៅពេល​​ដែល​​វា​មាន​ពន្លឺ​តូច ដែល​យើង​ឤច​មើល​ឃើញ​នៅ​លើ​ព្រះចន្ទ​នោះ នេះ​គេ​ហៅ​ថា ខែ​ដើម​ខ្នើត ហើយ​នៅពេល​ដែល​ព្រះចន្ទ​ធ្វើ​ដំណើរ​មួយ​ភាគ​បួន​ នៃ​គន្លង​របស់វា ពេលនោះ​ព្រះចន្ទ​វា​មាន​ពន្លឺ​ពាក់កណ្តាល ឤហ្នឹង​គេ​ហៅ​ថា ខែ ៨​កើត ។ ពាក់កណ្តាល​ហ្នឹង​បាន​ន័យ​ថា មួយ​អ៊ីចឹង យើង​ឃើញ​តែ​មួយ​ចំហៀង​ គេ​ហៅ​ថា ខែ​៨ កើត ដល់​ពេលក្រោយ​មក ព្រះចន្ទ​ចេះតែ​ធ្វើ​ដំណើរ​បន្ត​ទៅ​ទៀត ។ ច្រើនថ្ងៃ​កន្លងមក តំបន់​ភ្លឺ​ដែល​យើង​ធ្លាប់​ឃើញ​មួយ​ចំហៀង​ហ្នឹង​ វា​កាន់តែ​រីក​ធំទៅ​​ៗ វា​ជិត​ចូល​ដល់​ពេញវង់​ហើយ គេ​ហៅ​ថា​ចុងខ្នើត ។ បន្ទាប់​មក​ប្រហែល​ជា ពីរ​សប្តាហ៍​ក្រោយមក ពន្លឺ​ទាំងមូល​នោះ ធ្វើ​ឱ្យ​យើង​មើល​ឃើញ​នៅ​លើ​ផ្ទៃមេឃ​ពេញ ឤហ្នឹង​គេ​ហៅ​ថា ខែ​ពេញវង់ ឬក៏​ពេញបរមី ឤហ្នឹង​យើង​ឤច​មើល​ឃើញ​ព្រះចន្ទ មូល​តែម្តង›»

ទាក់ទង​ត្រង់នឹង​ប្រការ​នេះ មាន​សំណួរ​ចោទ​ឡើង​ថា តើ​ហេតុអ្វី​ក៏​ព្រះចន្ទ​មាន​ពន្លឺ ? ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សរសេរ​កត់ត្រា​ឲ្យ​ដឹង​ថា មាន​តែ​ពពួក​ផ្កាយ ឬ​តារានិករ​ទេ ទើប​មាន​ពន្លឺ​ដោយ​ខ្លួនឯង ដោយសារ​តែ​ការ​ឆាបឆេះ​ជា​ប្រចាំ នូវ​ឧស្ម័ន​ ដែល​ជា​ធាតុ​បង្ក របស់​ផ្កាយ​មួយ​ដួង​ៗ ។

ចំណែក​ដួង​ព្រះចន្ទ្រា​យើង​នេះ​វិញ ពុំឤច​បញ្ចេញ​រស្មី​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​ថា ព្រះចន្ទ គឺ​ជា​ភព​មួយ​ដែល​ទទួល​រស្មី​ពី​ព្រះឤទិត្យ​តែប៉ុណ្ណោះ ។ ចំពោះ​ពន្លឺ​ របស់​ដួងចន្ទ ដែល​យើង​មើល​ឃើញ​ពី​ភព​ផែនដី​នេះ​ទៅ ការពិត​គឺ​ជា​ចំណាំង​ផ្លាត នៃ​រស្មី​ព្រះឤទិត្យ​ដែល​ជះ​មក​លើ​ផ្ទៃ​ខាងលើ របស់​ព្រះចន្ទ ហើយ​ឆ្លុះត្រឡប់​ទៅ​ក្នុង​លំហ​វិញ ។ ឯកសារខ្លះ​សរសេរ​ដោយ​សេចក្តីធៀប​ថា ព្រះឤទិត្យ ប្រៀប​ដូចជា​អំពូលភ្លើង រីឯ​ព្រះចន្ទ​វិញ ឧបមា​ដូចជា​កញ្ចក់​យ៉ាងដូច្នោះ​ឯង ។

ម៉្យាងទៀត​នាយប់​ខ្លះ ផ្ទៃ​ព្រះចន្ទ​មាន​ពន្លឺ​ច្រើន​ពេញវង់ ឯ​យប់​ខ្លះ​ទៀត​មាន​ពន្លឺ​តិច ដែល​ខ្មែរ​ហៅ​ថា ខែ​មួយ​ចំណិត នោះ​គឺ​ឤស្រ័យ​ជា​សំខាន់ ទៅ​លើ​គន្លង​ដំណើរ​គោចរ​របស់​ព្រះចន្ទ ផែនដី និង​ព្រះឤទិត្យ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ព្រះចន្ទ ទទួល​បាន​ពន្លឺ​តិច ឬ​ច្រើន ពី​ព្រះសុរិយា​នោះ​ឯង ។

បាតុភូត​ធម្មជាតិ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍន៍​ប្រែប្រួល​ទ្រង់ទ្រាយ នៃ​ដួង​ព្រះចន្ទ្រា ដែល​ភាសា​ខាង​ផ្នែក​ផែនដី​វិទ្យា ឲ្យ​ឈ្មោះ​ថា វគ្គ​នៃ​ព្រះចន្ទ ជាមួយនឹង​ការ​បង្ក​ ឲ្យ​មាន​រាត្រី​ខ្នើត និង​រនោច ចាប់តាំងតែ​ពី​ការ​កកើត នៃ​ប្រព័ន្ធ​ព្រះឤទិត្យ នៃ​សុរិយចក្រវាល​យើង​នេះ ដរាប​រហូត​មក​ទល់​សព្វថ្ងៃ ។

អ្នកគ្រូ ស៊ុយ ស្រីលាភ បង្រៀន​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា នៅ​អនុវិទ្យាល័យ​ស្រង់ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​រៀបរាប់​បន្ត​អំពី​វគ្គ​នៃ​ព្រះចន្ទ​ ខាង​រាត្រី​រនោច ដែល​ពន្លឺ​ព្រះចន្ទ​កាន់​តែ​ខ្សោយ​ទៅ​ៗ រហូតដល់​ងងឹត​សូន្យសុង​អស់​រស្មី ។

អ្នកគ្រូ ស៊ុយ ស្រីលាភ បាន​ឲ្យ​ដឹង​ថា ៖ «šក្រោយពី​យើង​ឤច​មើល​ឃើញ​ព្រះចន្ទ​ពេញវង់​ហើយ ពន្លឺ​ដែល​យើង​ធ្លាប់​ឃើញ​ភ្លឺ​នោះ គឺ​វា​បាន​រួម​តូច​ទៅ​ៗ គេ​ហៅ​ថាខែ​ដើម​រនោច ពន្លឺ​វា​កាន់តែ​រួមតូច​ទៅ​ៗ​ ចាប់ផ្តើម​ងងឹត​ម្តងបន្តិច​ៗ អ៊ីចឹង​ព្រះចន្ទ​ចាប់ផ្តើម​បន្ត​ធ្វើ​ចលនា រហូត​អស់​រយៈពេល ២​សប្តាហ៍ ។ បន្ទាប់មក កាលណា​ព្រះចន្ទ​ឆ្លងកាត់​ផែនដី និង​ព្រះឤទិត្យ ផ្នែក​ដែល​ឈមមុខ​ទៅ​នឹង​ផែនដី គឺ​វា​ត្រូវ​ងងឹត​សូន្យ វា​អត់​ឤច​មើល​ឃើញ​ទេ ឤហ្នឹង​គេ​ហៅ​ថា ខែដាច់ ហើយ​វគ្គ​នៃ​ព្រះចន្ទ​នេះ ក៏​វា​ចាប់ផ្តើម​សាជាថ្មី​ម្តងទៀត›»