កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផលិត​ក្នុង​ស្រុក​ខ្មែរ​នឹង​ត្រូវ​នាំ​ទៅ​បង្ហាញ​នៅ​ទីក្រុង​ប៉ារីស

កង់​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​កែច្នៃ​ដំឡើង​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​គេ​គ្រោង​ផលិត​បន្ថែម​ដើម្បី​យក​ទៅ​ដាក់​បង្ហាញ​នៅ​ឯ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

0:00 / 0:00

ប្រភេទ​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​ផលិត​ជា​លើក​ដំបូង​បង្អស់​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ឈ្មោះ​អង្គការ​អ្នក​កសាង​សមត្ថភាព ក្នុង​អំឡុង​ឆ្នាំ ២០០៦ -២០០៧ ដោយ​ទទួល​បាន​ថវិកា​គាំទ្រ​ពី​គម្រោង​កម្មវិធី​ខ្នាត​តូច របស់​មូលនិធី​បរិស្ថាន​ពិភពលោក ដែល​ផ្តល់​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (យូ.អ៊ិន.ឌី.ភី) ប្រចាំ​នៅ​កម្ពុជា។

លោក តាំង គាតឡេង ពលរដ្ឋ​បារាំង​ដើម​កំណើត​ខ្មែរ ដែល​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ប៉ារីស បាន​បញ្ជាក់​អំពី​គម្រោងការ​ផលិត​កង់​ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ជំហាន​ដំបូង​នេះ ដែល​អាច​នឹង​មាន​ចំនួន​ពី ៥០ ទៅ ១០០​គ្រឿង ដោយ​ត្រូវការ​ដើមទុន​ប្រមាណ​ជា ៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមរិក។

លោក តាំង គាតឡេង មាន​ប្រសាសន៍​ដូច្នេះ ៖ «បើសិនជា​ធ្វើ​ទៅ​ល្អ​មែន ខ្ញុំ​ចង់​យក​មក​បង្ហាញ​នៅ​ទីក្រុង​ប៉ារីស ព្រោះ​ថា​នៅ មែរ៍ ក្រុង​ប៉ារីស​អីហ្នឹង គេ​មាន​កន្លែង​ជួល​កង់​ឲ្យ​ប្រជាជន​ទូទៅ ទាំង​ទីក្រុង​ប៉ារីស​ហ្នឹង បើ​ធ្វើ​ទៅ​បាន​ល្អ ខ្ញុំ​ចង់​យក​មក​បង្ហាញ​ឲ្យ​គេ​មើល តើ​គេ​ចាប់ចិត្ត​ថា​របស់​ដែល​យើង​ធ្វើ​ហ្នឹង​អាច​មាន​គុណភាព​ទៅ​បាន អាហ្នឹង​ខ្ញុំ​ក៏​រឹតតែ​អរ​ដែរ។ ដល់​ខែ ១២ នេះ បាន​ខ្ញុំ​ទៅ​ជួប​គាត់ ហើយ​បាន​សម្រេច​ថា នឹង​ចាប់​ផ្ដើម​ធ្វើ...​ឲ្យ​បាន​ច្រើន ហើយ​ចាប់​ផ្ដើម​ផលិត និង​ពិភាក្សា​ការផលិត​ជាមួយ​កាត់»

ឯកសារ​សិក្សា​គម្រោង​កម្មវិធី​ខ្នាត​តូច​របស់​អង្គការ​យូ.អ៊ិន.ឌី.ភី បាន​សរសេរ​ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​នៃ​គម្រោង​សាកល្បង​ផលិត​កង់ ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​កិច្ច​ការពារ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​អាកាស ដែល​ជា​បញ្ហា​ដ៏​ធំ​មួយ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ។

លោក តាំង គាតឡេង ពលរដ្ឋ​ខ្មែរ-បារាំង មាន​កំណើត​កើត​ជា​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បច្ចុប្បន្ន​រស់​នៅ​ទីក្រុង​ប៉ារីស​នោះ បាន​បញ្ជាក់​បន្ថែម​អំពី​ការ​ចាប់​អារម្មណ៍​របស់​លោក​នៅ​ពេល​ដែល​បាន​ស្តាប់​ឮ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ស្តី​អំពី​ផលិតផល​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ ដែល​ជា​គំនិត​ស្រាវជ្រាវ​កែច្នៃ​លើក​ទី​១ របស់​ខ្មែរ​ក្នុង​ស្រុក។

លោក តាំង គាតឡេង មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ឆ្នាំ​ទៅ​ហ្នឹង ចុង​ឆ្នាំ ២០០៧ ហ្នឹង ខ្ញុំ​បាន​ផ្ដល់ ១,៨០០​ដុល្លារ​ឲ្យ​គាត់​ទៅ​រៀបចំ​ធ្វើ​កង់​មួយ​ពីរ​ឡើង​មុនសិន ហើយ​ឥឡូវ​ធ្វើ​បាន​ហើយ ខែ​១២ នេះ ខ្ញុំ​ទៅ​មើល​ស្ថានភាព​យ៉ាងម៉េច ហើយ​ពិភាក្សា​ជាមួយ​គាត់​ដើម្បី​អាច​ផលិត​ចេញ​មក​ក្នុង​ទីផ្សារ​អី​លក់​បាន។ ក៏​ដោយសារតែ​មាន​ទឹក​ចិត្ត​ស្រលាញ់​ជាតិ បើ​ថា​រឿង​ចំណេញ​រឿង​ស្អីៗខ្ញុំ​អត់​មាន​គិត​រឿង​ហ្នឹង​វែង​ឆ្ងាយ​ទេ ខ្ញុំ​ចង់​បាន​សំខាន់​បំផុត​ថា ខ្មែរ​ហ្នឹង​ក៏អាច​ផលិត​គ្រឿង​អ្វីៗ​មួយ​ដែល​ចេញ​មក​ទីផ្សារ​អន្តរជាតិ​អ៊ីចឹង​ដែរ»

លោក គង់ ផារិទ្ធិ ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ផលិត​កង់​ពាក់កណ្តាល​ស្វ័យប្រវត្តិ ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​ចេញ​ជា​រូបរាង​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ការ​កែច្នៃ​បន្ថែម​មួយ​ចំនួន​ទៅ​លើ​កង់​ដែល​ផលិត​ដោយ​ថវិកា​ឧបត្ថម្ភ​របស់​អង្គការ​យូ.អ៊ិន.ឌី.ភី កាលពី​ឆ្នាំ​ ២០០៦ នោះ។

លោក គង់ ផារិទ្ធិ មាន​ប្រសាសន៍​ថា ៖ «ការស្រាវជ្រាវ​វា​មិន​មែន​ចប់​មួយ​ភ្លែត មិន​មែន​ធ្វើ​ទៅ​ឃើញ​ល្អ​ភ្លាម​ឯណា ធ្វើ​ទៅ​វា​មាន​ទាស់​ត្រង់​នេះ មាន​ទាស់​ត្រង់​នោះ។ ធ្វើ​នៅ​កន្លែង យូ.អិន.ឌី.ភី​ហ្នឹង ធ្វើ​ទៅ​វា​ធ្ងន់​ក្រោយ​ពេក អ៊ីចឹង​ខ្ញុំ​ធ្វើ​ក្រោយ​នេះ ដាក់​អាគុយ​នៅ​ខាង​មុខ វា​ធ្ងន់​មុខ​វិញ មនុស្ស​ជិះ​ពីក្រោយ​ទៅ​វា​ស្មើ​គ្នា​អ៊ីចឹង​ទៅ ធ្វើ​អ៊ីចឹង​វិញ។ ហើយ​ពីមុន​ខ្ញុំ​ដាក់​អាគុយ​រាង​ខ្ពស់ អ៊ីចឹង​ពេល​វា​ដួល​អី​វា​ធ្ងន់​ណាស់ ព្រោះ​អាគុយ​នៅ​ខ្ពស់ អ៊ីចឹង​រក​បច្ចេកទេស​ថ្មី​ដាក់​អាគុយ​ទាប នៅ​ម្ដុំ​ឈ្នាន់​អី​អ៊ីចឹង​ទៅ​ឲ្យ​វា​ធ្ងន់ ដូច​ម៉ាស៊ីន​ម៉ូតូ​វា​នៅ​ខាង​ក្រោម ជិះ​ទៅ​វា​អត់​សូវ​បោក ព្រោះ​ទម្ងន់​ហ្នឹង​វា​នៅ​ខាង​ក្រោម រក​វិធី​ដាក់​អាគុយ​អី​នៅ​ខាង​មុខ​ក្បែរ​ឈ្នាន់»

លោក គង់ ផារិទ្ធិ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​អំពី​លទ្ធភាព​ផ្សេងៗ នៃ​ដំណើរការ​ផលិត​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ជំហាន​ទីមួយ​នេះ ដែល​បោះ​ទុន​ដោយ​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​បារាំង សម្រាប់​គម្រោង​ដាក់​លក់​នៅ​ក្នុង​ស្រុក​ផង និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង។

លោក គង់ ផារិទ្ធិ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «គាត់​ចង់​ធ្វើ​ច្រើន ចង់​ធ្វើ ៣០-៤០គ្រឿង ហើយ​ក្នុង​មួយ​ខែ​ឲ្យ​បាន​ចេញ​លក់ ប៉ុន្តែ​ដោយសារ​តែ​ធនធាន​ដែល​យើង​ត្រូវ​រក​ហ្នឹង​ពិបាក ដូចជា​សម្ភារៈ​ផ្សេងៗ​នៅ​ស្រុក​ខ្មែរ​យើង​ពិបាក អ៊ីចឹង​ដោយសារ​ថា​សម្ភារៈ​ពិបាក​រក​ហ្នឹង ខ្ញុំ​គិត​ថា​ទៅ​ជាមួយ​គាត់​ហ្នឹង អាច​ទៅ​វៀតណាម ឬ​ក៏​ទៅ​ចិន ទៅ​ណា យក​ប្រដាប់ប្រដា​ហ្នឹង​ឲ្យ​គេ​ដំឡើង​ឲ្យ​ជា​គ្រឿង​បន្លាស់​ផ្នែក​តូចៗ ដូច​ម៉ូទ័រ​កង់​អី​ហ្នឹង យើង​ឲ្យ​ទៅ​ប្រទេស​ណា​ដែល​គេ​មាន​ជំនាញ​ធ្វើ​ហ្នឹង ឲ្យ​គេ​ធ្វើ​ហើយ​បោះ​មក​ឲ្យ​យើង ឬក៏​អាច​យក​បច្ចេកទេស​ហ្នឹង​ទៅ​ដំឡើង​កង់​នៅ​ស្រុក​ណា​មួយ ហើយ​យក​មក​ចាប់​សូឡារ​អី​នៅ​ស្រុក​យើង​ទៅ ដើម្បី​ដឹក​ចេញ​ទៅ​ទៀត​ទៅ ឬក៏​ធ្វើ​នៅ​ស្រុក​គេ​ស្រេច​តែម្ដង​ដឹក​ចេញ​ទៅ​លក់​ទីផ្សារ​បរទេស វា​ទៅ​ជា​ឧស្សាហកម្ម​តែម្ដង»

ផលិតផល​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​ស្រាវជ្រាវ​កែច្នៃ​ដោយ​ខ្មែរ នៅ​ក្នុង​ស្រុក​ជាលើក​ដំបូង​នេះ មាន​តម្លៃ​ដើម​ជាង ៣០០​ដុល្លារ​ក្នុង​មួយ​គ្រឿង នឹង​គ្រោង​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០០៩ ខាង​មុខ​នេះ៕