គ្រោះថ្នាក់នៃថ្មពិលនិងអាគុយ (ភាគ២)
2010.11.11
ឯកសារស្រាវជ្រាវនានានៃក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ជាទូទៅថ្មទាំងនោះ រួមទាំងអាគុយផង ដែលភាសាអង់គ្លេសហៅថា Battery គឺផលិតឡើងដោយសារធាតុគីមីជាច្រើនប្រភេទ ដែលត្រូវបានគេចាត់ទុកជាជំពូកសារធាតុពុល និងប្រកបដោយគ្រោះថ្នាក់។
សារធាតុទាំងនោះ រួមមានពពួកលោហៈស្រាល និងលោហៈធ្ងន់មួយចំនួនទៀត ដូចជាស័ង្កសី ប្រាក់ បារ៉ត សំណរ និងនីកែល ព្រមទាំងសារធាតុកាបោន ឬ ធ្យូង អាល់កាឡាំង ឬ ជាតិក្បុង និង អាស៊ីតជាដើម។
នាងខ្ញុំបានជម្រាបសួរលោក ប៉ុក ល័ក្សរាសី គ្រូបង្រៀនផ្នែកមន្ទីរពិសោធន៍នៅមហាវិទ្យាល័យគីមី នៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាថា តើពពួកថ្មដែលប្រើសម្រាប់ដាក់ពិល វិទ្យុ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗ វាបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងណាដែរ?
លោក ប៉ុក ល័ក្សរាសី គូសបញ្ជាក់ថា ថ្មប្រភេទនេះមានផ្ទុកនូវសារធាតុគីមីមួយចំនួនដែលធ្វើឱ្យមានការរលាក ហើយដែលគប្បីត្រូវប្រុងប្រយ័ត្នឱ្យខ្លាំងនៅពេលចាប់កាន់ប្រើប្រាស់ ជាពិសេសចៀសវាងការប៉ះត្រូវនឹងភ្នែក ៖ «ថ្មពិលដែលយើងប្រើជួបប្រទះច្រើននៅកម្ពុជា ដូចជាថ្មពិលសម្រាប់ប្រើនៅក្នុងពិល ក៏ដូចជាដាក់វិទ្យុ ដែលគេហៅថា ជាប្រភេទថ្មពិលការបោនស័ង្កសីនោះ វាផ្ទុកទៅជាតិអាម៉ូនីញ៉ូមក្លរីដ ដែលវាជាសារធាតុមួយនៅពេលដែលវាប៉ះត្រូវនឹងភ្នែក វាធ្វើឱ្យភ្នែកយើងរលាក។ វាក៏មានជាតិស័ង្កសី ស័ង្កសីក្លរីដ ពេលដែលប៉ះវាធ្វើឱ្យរលាកដល់ស្បែក និងខ្លួនប្រាណយើងបាន។ ដូច្នេះថ្មពិលប្រភេទកាបោនស័ង្កសីនេះ គឺជាប្រភេទថ្មពិលដែលអ្នកវិទ្យាសាស្ត្រគិតថា ជាប្រភេទថ្មពិលដែលស្លូតបំផុត មិនសូវមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ បរិស្ថាននោះ ក៏នៅតែមានផលប៉ះពាល់ខ្លះដែរ»។
ឯកសារសិក្សានានានៃក្រុមអ្នកជំនាញផ្នែកថ្មពិល និងផលប៉ះពាល់របស់វា បានសរសេរបញ្ជាក់ថា គ្រប់ថ្មពិលទាំងអស់នៅពេលត្រូវខ្យល់ ឬសំណើម វាមានប្រតិកម្មគីមីអគ្គិសនីបណ្ដាលឱ្យថ្មមានដុះស្នឹម ច្រេះ សើម និងទឹក ដែលផ្ទុកទៅដោយធាតុអាស៊ីត ឬអាស៊ីតស៊ុលហ្វួរីក មានជាតិកាត់យ៉ាងខ្លាំង។ សារធាតុអាស៊ីតស៊ុលហ្វួរីកនេះ នៅពេលប៉ះពាល់ត្រូវ និងស្រូបចូល វាធ្វើឱ្យរមាស់ ឬរលាកស្បែក ភ្នែក ច្រមុះ បំពង់ក ធ្មេញ និងសួតជាដើម។
អនុប្រធានដេប៉ាតេម៉ង់គីមី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្រ្តាចារ្យ ម៉ី សុវុឌ្ឍី បានអធិប្បាយបន្ថែមតាមគោលការណ៍ អំពីគ្រោះថ្នាក់នៃថ្មពិល តាមលក្ខណៈប្រតិកម្មគីមីអគ្គិសនី ព្រមទាំងរំឭកដល់មាតាបិតាឱ្យប្រុងប្រយ័ត្នចំពោះកូនចៅ ព្រោះកុមារតូចៗ ងាយនឹងរងគ្រោះបំផុត។
លោក ម៉ី សុវុឌ្ឍី មានប្រសាសន៍ថា ៖ «នៅពេលថ្មពិលយើងប្រើរួច កាលណាយើងទុកនៅក្នុងផ្ទះ ជាពិសេសក្នុងប្រទេសដែលមានអាកាសធាតុក្ដៅ ហើយសើម ថ្មពិលវាអាចធ្វើអុកស៊ីតកម្មជាមួយនឹងសំណើមក្នុងបរិយាកាស ធ្វើឱ្យមានប្រតិកម្មធម្មតាក្នុងបរិយាកាស វាមានអាស៊ីតមួយចំនួនផងដែរ អ៊ីចឹងអាស៊ីតវាមានប្រតិកម្មជាមួយនឹងលោហៈក្នុងថ្មពិល។ បើយើងទុកចោលភ្លេចខ្លួន ឧបមាថា យើងមានកូនតូច វាយកថ្មពិលមកបៀម ក្មេងតូចគ្នាអត់ដឹងទេ វាអាចមានបញ្ហាធ្ងន់ធ្ងរទៅលើកុមារ តូចៗ»។
ឯកសារជាច្រើននៃក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានបង្ហាញឱ្យដឹងផងដែរថា ប្រសិនបើកូនក្មេងបានលេបថ្មចូលទៅក្នុងពោះ គឺនឹងធ្វើឱ្យមានការរលាកគ្រឿងក្នុងយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្រពះ និងបណ្ដាលឱ្យក្អួត។
លោក ប៉ុក ល័ក្សរាសី គ្រូបង្រៀនផ្នែកមន្ទីរពិសោធន៍នៅមហាវិទ្យាល័យគីមី នៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ថ្មពិលដែលបង្កឱ្យមានគ្រោះថ្នាក់ច្រើនជាងគេទៅលើកុមារ គឺពពួកថ្មពិលតូចៗ ដែលមានរាងមូល សំប៉ែត ដូចឡេវអាវ ដែលគេប្រើសម្រាប់ដាក់នាឡិកាដៃ ម៉ាស៊ីនគិតលេខ និងប្រដាប់ប្រដាក្មេងលេងជាដើម។
លោក ប៉ុក ល័ក្សរាសី បន្តថា ៖ «ខ្ញុំស្នើឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសមាតាបិតាត្រូវតែមានការ ប្រុងប្រយ័ត្នចំពោះថ្មប្រភេទនេះ ព្រោះនៅលើពិភពលោក អ្នកដែលរងគ្រោះដោយថ្មប្រភេទនេះ គឺកុមារ។ នៅពេលដែលថ្មប្រភេទនេះត្រូវបានដោះចេញពីឧបករណ៍ គឺងាយទាក់ទាញកុមារដែលមាន អាយុក្រោម ១០ឆ្នាំ ឱ្យលេងថ្មប្រភេទនេះ ព្រោះវាមានលក្ខណៈភ្លឺស្អាត តូច ហើយថ្មប្រភេទនេះវាងាយធ្វើឱ្យក្មេងលេប ឬងាយចូលរន្ធច្រមុះក្មេង»។
តើលោកអ្នកនាងកញ្ញា ជាពិសេសស្ត្រីជាមាតា បានទុកដាក់ថ្មពិលនៅក្នុងផ្ទះ និងណែនាំកូនៗដូចម្ដេចដែរ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់បុត្រធីតាដែលនៅតូចៗនោះ?
អ្នកស្រី ពូន ប៉ុក រស់នៅក្នុងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ថា ពុំបានដឹងច្បាស់លាស់ពីផលវិបាក ដែលបណ្ដាលមកពីថ្មពិលនោះឡើយ ប៉ុន្តែក៏បានណែនាំកូនតូចឱ្យប្រយ័ត្នផងដែរ ៖ «និយាយដោយស្មោះត្រង់ទៅ អត់ដឹងដែរ តែគ្រាន់តែឮcampaign គេថា មានបញ្ហាដែរ តែអត់ដឹងថា បញ្ហាហ្នឹងវាដល់កម្រិតណាទេ។ ប៉ុន្តែធ្លាប់ឃើញគេប្រមូលកាកសំណល់ថ្មពិលហ្នឹងថា វាមានបញ្ហាអ៊ីចឹងក៏ចាប់ផ្ដើមហាមកូន ពេលថ្មពិលអស់កុំឱ្យវាលេងអីអ៊ីចឹង»។
លោក ប៉ុក ល័ក្សរាសី គ្រូបង្រៀនផ្នែកមន្ទីរពិសោធន៍នៅមហាវិទ្យាល័យគីមីនៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា បានមានប្រសាសន៍បញ្ជាក់អំពីផលវិបាករយៈពេលខ្លី គឺនៅពេលដែលកុមារបានលេបថ្មពិលទៅក្នុងពោះក្នុងរយៈពេល ២ម៉ោង ថ្មនឹងធ្វើឱ្យរលាកប្រព័ន្ធរំលាយអាហារ ឬមួយរលាកប្រព័ន្ធដកដង្ហើមរបស់ក្មេង។
លោកគ្រូមានប្រសាសន៍បន្ថែមអំពីផលប៉ះពាល់ក្នុងករណីដែលមិនអាចយកថ្មចេញពីក្នុងខ្លួនក្មេងបានក្រោយពីរយៈពេល ២ម៉ោង ៖ «ផលប៉ះពាល់រយៈពេលវែង គឺនៅពេលដែលយើងមិនអាចដកយកថ្មពិលនោះចេញបាន វាធ្លាក់ចូលទៅដល់ក្រពះ ពោះវៀន ពេលនោះសារធាតុបារ៉ត ក៏ដូចជាសារធាតុប្រាក់ ដែលមាននៅក្នុងថ្មពិលហ្នឹងនោះ ជ្រាបពេញសារពាង្គកាយ របស់ក្មេងនោះ ហើយពេលនោះ ជាតិពុលនឹងជ្រាបចូលទៅដល់ប្រព័ន្ធសរីរាង្គទាំងអស់របស់ក្មេង ដែលធ្វើឱ្យគ្រឿងក្នុងរបស់ក្មេងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយសុខភាពរបស់ក្មេងហ្នឹងជួបបញ្ហាយ៉ាងធ្ងន់ធ្ងរទៅថ្ងៃអនាគត»។
ឯកសារស្រាវជ្រាវនានានៃក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា សារធាតុសំណដែលមាននៅក្នុងថ្មពិល ជាពិសេសអាគុយ គឺធ្វើឱ្យមានមនុស្សកើតជំងឺរ៉ាំរ៉ៃជាច្រើនមុខទៀត៕