តើមធ្យោបាយពន្យារកំណើតផ្ដល់ប្រយោជន៍អ្វីខ្លះដល់ស្ត្រីនិងកុមារ?
2013.11.27
មិនចង់បានកូនច្រើន កំពុងក្លាយជាទស្សនៈទូទៅក្នុងសង្គមកម្ពុជា មិនថានៅទីក្រុង ឬនៅទីជនបទឡើយ។
ក្នុងវ័យជាង ២០ឆ្នាំ កម្មការិនី សុខ នាង ដែលទើបរៀបការបានជាងមួយឆ្នាំ បានអោយដឹងថា នាង និងប្ដី បានព្រមព្រៀងថា មិនមានកូនច្រើនឡើយ។ នាងបានស្វែងយល់ពីវិធីពន្យារកំណើតជាច្រើន ដើម្បីអោយផែនការគ្រួសាររបស់នាងបានជោគជ័យ។
«សំឡេង»
ក្នុងនាមជាមេគ្រួសារ លោក ប៊ុន ហេង បានបញ្ជាក់បន្ថែមលើអ្វីដែលភរិយាបានលើកឡើង។ លោកថា លទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាព គឺកត្តាចាំបាច់មួយក្នុងចំណោមកត្តាផ្សេងៗទៀត ដែលជំរុញអោយគ្រួសាររបស់លោករៀបចំផែនការគ្រួសារ ដោយផ្អែកលើគោលការណ៍មានកូនតិច។
«សំឡេង»
មិនខុសពីគ្រួសារជាច្រើនទៀត ជាពិសេស គឺអ្នករស់នៅក្នុងទីក្រុង គឺគេតែងប្រាថ្នាមានកូនតិច។ ក្នុងនោះ ភាគច្រើនជ្រើសរើសមានកូនជាមធ្យម ២នាក់។
របាយការណ៍ស្រាវជ្រាវពីអត្រាសាយកូននៅកម្ពុជា កាលពីឆ្នាំ២០១០ នៅកម្ពុជា គឺជាមធ្យមមានចំនួន ៣នាក់ ដោយបានថយចុះ បើប្រៀបធៀបនឹងអត្រាសាយកូននៅក្នុងឆ្នាំ២០០៦ ដែលមានអត្រាចន្លោះពី ៤ទៅ ៥នាក់។
យុវតីម្នាក់រស់នៅក្រុងដូនកែវ ខេត្តតាកែវ កញ្ញា អ៊ុំ សារ៉េត មានប្រសាសន៍ថា នៅក្នុងក្រុងដែលនាងរស់នៅ ភាគច្រើននៃគូស្រករថ្មីបានចាប់ផ្ដើមកម្រិតចំនួនកូនដែលពួកគេចង់បាន។ កញ្ញាបន្តថា នាងគាំទ្រចំពោះផែនការគ្រួសារបែបនេះ ដ្បិតនាងសង្កេតឃើញគ្រួសារបងស្រីរបស់នាង កំពុងជួបការលំបាកច្រើន ដោយសារមានកូនច្រើនក្នុងបន្ទុក។
«សំឡេង»
ជាទូទៅ មធ្យោបាយពន្យារកំណើតពិតជាបានជួយច្រើនទៅដល់ក្រុមគ្រួសារ ដែលចង់បានកូនតិច។ តើទំនោរមានកូនតិច អាចធ្វើអោយប៉ះពាល់ដល់កម្លាំងពលកម្មនៅកម្ពុជា ឬទេ?
ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសង្គមនៅក្នុងប្រទេសថៃ បានព្រួយបារម្ភថា ប្រទេសនេះប្រឈមខ្លាំងនឹងបញ្ហាខ្វះកម្លាំងពលកម្ម នៅពេលដែលពលរដ្ឋភាគច្រើនមានកូនតិច ចំណែកយុវជនក៏សម្រេចចិត្តមិនរកគូស្រករ ឬមានកូននៅវ័យក្មេង។
សម្រាប់បរិបទនៅកម្ពុជា វិញ ប្រការនេះពុំត្រូវអ្នកស្រាវជ្រាវចាត់ទុកថា ជាបញ្ហាប្រឈមឡើយ ប៉ុន្តែបានមើលឃើញថា ការប្រើប្រាស់មធ្យោបាយពន្យារកំណើតដ៏ត្រឹមត្រូវ បានជួយក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារតូច។
អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា អត្រាមរណភាពមាតា និងកុមារ បានកាត់បន្ថយ នៅពេលដែលការផ្ដល់កំណើតមានចំនួនតិច ប៉ុន្តែមានគុណភាព។
«សំឡេង»
គិតត្រឹមឆ្នាំ២០១០ របាយការណ៍របស់ក្រសួងសុខាភិបាល អោយដឹងថា មរណភាពមាតាបានថយចុះមកត្រឹមចំនួន ២០៦នាក់ ក្នុង១សែននាក់នៃស្ត្រីដែលផ្ដល់កំណើត គឺថយចុះ ៥០% បើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំ២០០៥។ ចំណែកអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៏មានការថយចុះ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០០៥ ដែលមានរហូតដល់ ៨៣នាក់ក្នុង១ពាន់កំណើតរស់។
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFA) ដែលកំពុងសម្របសម្រួលគម្រោងដែលធ្វើការជាមួយគ្រួសារជាច្រើន នៅតាមបណ្ដាខេត្តមួយចំនួន ក៏បានអះអាងដែរថា ការរៀបចំគម្រោងសម្រាប់គ្រួសារ គឺជាចំណែកយ៉ាងសំខាន់ដែលជំរុញអោយគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល អាចឈានសម្រេចគោលដៅបាន។
តំណាងប្រចាំប្រទេសកម្ពុជា នៃមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន លោកវេជ្ជបណ្ឌិត ម៉ាក់ ដែរវ៉េវ (Marc Derveeuwe) មានប្រសាសន៍ថា មកដល់ពេលនេះ មានស្ត្រីដែលរៀបការរួចចំនួនជាង ៣០% បានប្រើប្រាស់មធ្យោបាយពន្យារកំណើតស្ត្រីដែលរៀបការហើយចំនួនកំណើតស្របគ្នានេះ ចំនួនកុមារកើតថ្មីពិតជាបានថយចុះ ចំណែកអត្រាមរណភាពមាតាក៏ថយចុះ។
«សំឡេង»
មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនកំពុងធ្វើការជាដៃគូជាមួយក្រសួងសុខាភិបាលក្នុងគម្រោងជួយអោយគ្រួសារខ្មែរចេះរៀបចំផែនការគ្រួសារ និងបញ្ហាសុខភាពមួយចំនួនទៀត ក្នុងគម្រោងរយៈពេលវែង ដែលមានថវិកាជាង ១លានដុល្លារ។ មូលនិធិនេះក៏មានអង្គការក្នុងស្រុកចំនួន២ជាដៃគូ គឺសមាគមថែទាំសុខភាពគ្រួសារកម្ពុជា ហៅកាត់ថា រ៉ាក់ (RHAC) និងអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជហៅកាត់ថា រ៉ាឆា (RACHA) ក្នុងគម្រោងថវិកាជាង ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ អង្គការទាំងពីរកំពុងបន្តសកម្មភាពផ្ដល់ការប្រឹក្សា និងសេវាកម្មមធ្យោបាយពន្យារកំណើតជាច្រើនប្រភេទ៕