ស្ត្រីតំណាងអ្នកភូមិឡពាង មួយរូប បានតស៊ូស្វិតស្វាញក្នុងការទាមទារដីដែលពួកគាត់អះអាងថា ត្រូវក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង រំលោភយក។ មិនខុសពីអ្នកភូមិដទៃទៀតដែរ តំណាងរូបនោះបញ្ជាក់ថា គាត់ពុំចង់បានអ្វីក្រៅពីដីស្រែ និងដីភូមិដែលត្រូវក្រុមហ៊ុនរំលោភយកនោះមកវិញឡើយ។
ក្នុងការទាមទារដីនោះ អ្នកស្រីត្រូវក្រុមហ៊ុនប្ដឹងឡើងតុលាការ ធ្លាប់រត់ចោលស្រុក និងបាត់បង់អាជីពការងារដែលអ្នកស្រីស្រឡាញ់តាំងពីវ័យក្មេងនោះ។
ក្នុងនាទីស្ត្រីខ្មែរសប្ដាហ៍នេះ អ្នកស្រី សុ ជីវី រាយការណ៍ពីការតស៊ូរបស់ស្ត្រីទាមទារដីរបស់ស្ត្រីអ្នកឡពាង មួយរូបដូចតទៅ៖
សំឡេង៖ «សហគមន៍ឡពាង យើងខ្ញុំវេទនាណាស់។ សូមអោយស្ថានទូតសហរដ្ឋអាមេរិក មេត្តាធ្វើលិខិតអន្តរាគមន៍ទៅរដ្ឋាភិបាល អោយដោះស្រាយដីធ្លីអោយពួកយើងជាបន្ទាន់»។
ដៃកាន់ឧបករណ៍បំពងសំឡេង ឈរនៅកណ្ដាលថ្ងៃក្ដៅ អ្នកស្រី អ៊ំ សុភី ដែលវ័យជាង ៣០ឆ្នាំ ស្រែកទាមទាររកអន្តរាគមន៍នៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។ អ្នកស្រីហាក់មិនខ្វល់ខ្វាយបន្តិចសោះពីកម្ដៅថ្ងៃខ្លាំង ដែលកំពុងចាំងលើខ្លួនអ្នកស្រីនោះសោះ។
អ្នកស្រី អ៊ំ សុភី រៀបរាប់ថា អ្នកស្រីចង់បានដំណោះស្រាយ គឺសុំអោយក្រុមហ៊ុនប្រគល់ដីមកអោយពួកគាត់វិញ៖ «តែបើយើងមានដីស្រែខ្លួនឯង ទោះបីគាត់អាយុ ៤០-៥០ឆ្នាំក៏ដោយ គឺគាត់នៅធ្វើបានរហូត ហើយគ្មានអ្នកណាវ៉ៃដំច្រំធាក់ទេ។ បើយើងមានអង្ករ មានស្រូវនៅក្នុងជង្រុកហូប យើងហូបតែជាមួយអំបិលក៏យើងមានសេចក្តីសុខដែរ»។
ដីដែល អ្នកស្រី សុភី អះអាងទាមទារពីក្រុមហ៊ុននោះមានទំហំជិត ២ហិកតារ ជាដីដែលម្ដាយក្មេកផ្ដល់អោយគ្រួសារអ្នកស្រី។ គឺដោយសារដីនោះហើយ ដែលអ្នកស្រីបានផ្លាស់ប្ដូរខ្សែជីវិតពីគ្រូបង្រៀននៅបឋមសិក្សា ទៅជាសកម្មជនទាមទារដីធ្លី។
អ្នកស្រី អ៊ំ សុភី បានរំឭកពីជីវិតអ្នកស្រីថា អ្នកស្រីមានស្រុកកំណើតនៅក្នុងខេត្តកំពត ដែលត្រូវម្ដាយស្លាប់ចោលតាំងពីមិនទាន់ដឹងក្ដី។ ក្នុងវ័យកុមារ អ្នកស្រីបានតាមឪពុកទៅរស់នៅជាមួយម្ដាយក្រោយរបស់អ្នកស្រី នៅក្នុងខេត្តកំពង់ឆ្នាំង។ អ្នកស្រីពុំមានបងប្អូន ឬសាច់ញាតិទេ នៅពេលទៅរស់នៅក្នុងខេត្តកំពង់ឆ្នាំង នោះ ទ្រព្យសម្បត្តិក៏ពុំមាន ប៉ុន្តែអ្នកស្រីបានតស៊ូរៀនរហូតដល់ចប់វិទ្យាល័យ។
នៅឆ្នាំ២០០២ អ្នកស្រីបានរៀនចប់ និងចូលបម្រើការជាគ្រូបង្រៀនក្នុងខេត្តកំពង់ឆ្នាំង។ បំពេញការងារបានរយៈពេលពីរឆ្នាំ អ្នកស្រីត្រូវផ្លាស់អោយទៅបង្រៀននៅសាលាបឋមសិក្សា សូរវង្ស ក្នុងស្រុកកំពង់ត្រឡាច នៅពេលនោះហើយដែលអ្នកស្រីបានរៀបការនឹងបុរសជាអ្នកឡពាង បង្កើតគ្រួសារមួយដែលបច្ចុប្បន្នមានកូនចំនួន ៤នាក់។
ក្នុងពេលនោះ អ្នកស្រី និងគ្រួសារ បានរស់នៅសុខសប្បាយ អ្នកស្រីតែងគិតថា ជីវិតជាក្មេងកំព្រាម្ដាយដែលមិនបានទទួលភាពកក់ក្ដៅនោះ ពិតជាត្រូវបញ្ចប់។ ប៉ុន្តែភាពសប្បាយរីករាយនោះ ក៏បានបញ្ចប់ទៅវិញនៅឆ្នាំ២០០៧ ហើយការឈឺចាប់ បានចូលមកជំនួសនៅពេលដែលដីធ្លីរបស់គ្រួសារអ្នកស្រី ត្រូវក្រុមហ៊ុនរំលោភយក។
អ្នកស្រី សុភី រំឭកថា ពេលនោះអ្នកស្រីនៅបំពេញការងារជាគ្រូបង្រៀនតាមធម្មតា គឺគ្រាន់តែមានការណែនាំពីថ្នាក់ដឹកនាំសាលាថា គួរតែដកខ្លួនអោយឆ្ងាយពីជម្លោះដីធ្លី និងការទាមទារទាំងឡាយ។ ប៉ុន្តែ អ្នកស្រីបដិសេធដោយសំអាងថា ដីគឺជាជីវិតគ្រួសាររបស់អ្នកស្រី៖ «បើមិនអោយខ្ញុំតវ៉ាម៉េច បើខ្ញុំឃើញភាពអយុត្តិធម៌នៅនឹងមុខហើយ។ មួយទៀត ប្ដីខ្ញុំក៏ជាជនរងគ្រោះដែរ។ ចឹង ខ្ញុំជាប្រពន្ធក៏ត្រូវមានសិទ្ធិតវ៉ាដែរ។ ធម្មតា ដីប្ដីមាន ប្រពន្ធក៏មានដែរ»។
យ៉ាងនេះក្ដី អ្នកស្រីបានសម្រេចបោះបង់ចោលការងារ និងភូមិស្រុកធ្លាប់រស់នៅរត់ទៅប្រទេសថៃ ដើម្បីគេចចេញពីការចាប់ខ្លួន នៅពេលអ្នកស្រីត្រូវតុលាការខេត្តកំពង់ឆ្នាំង ចេញដីកាអោយចូលខ្លួនពីបទញុះញង់។
នៅស្រុកថៃ ការលំបាកកើតឡើងចំពោះគ្រួសារអ្នកស្រីកាន់តែធ្ងន់ធ្ងរ ដោយសារត្រូវគេបោកប្រាស់អោយទៅធ្វើការធ្ងន់ធ្ងរនៅលើកោះ។ ក្រុមគ្រួសារអ្នកស្រី បានវិលមកស្រុកកំណើតវិញក្នុងឆ្នាំ២០១១។ ពេលនោះ ផ្ទះ និងដី ត្រូវក្រុមហ៊ុនឈូសឆាយអស់ទៅហើយ៖ «កៀរក្តាមកៀរអីយកមកធ្វើម្ហូប បុកម្ជូរ ក្តាមជ្រក់អីទៅសម្រាប់ហូប អង្ករក៏អត់មានគ្រប់គ្រាន់សម្រាប់យកខ្ញុំដែរ។ ក្រោយមកមានបងប្អូននៅក្បែរហ្នឹង កម្មករដែលត្រូវចាញ់បោកគេហ្នឹង ទាក់ទងទៅស្ថានទូតខ្មែរ គេទាក់ទងទៅខាងប៉ូលិសខាងអី គេចាប់យើងទៅដាក់នៅប៉ុស្តិ៍ប៉ូលិស ដើម្បីយកយើងត្រឡប់មកវិញ»។
មិនមានមុខរបរណាផ្សេងក្រៅពីធ្វើស្រែ គ្រួសារអ្នកស្រី អ៊ំ សុភី ត្រូវការដីជាចាំបាច់ ដើម្បីធ្វើស្រែចិញ្ចឹមគ្រួសារ។
នៅពេលនេះ អ្នកស្រី អ៊ំ សុភី និងគ្រួសារ រួមនិងអ្នកភូមិផ្សេងទៀតប្រមាណជិត ១០០នាក់ បានស្នាក់នៅរួមគ្នាក្នុងតំបន់បឹងកក់ បន្ទាប់ពីពួកគេបាននាំគ្នាដើរមកភ្នំពេញកាលពីមួយខែកន្លងទៅ។ ពួកគេបន្តការតវ៉ាស្ទើររៀងរាល់ថ្ងៃ ទៅតាមស្ថាប័នដែលពួកគេគិតថាពាក់ព័ន្ធដល់ការរកដំណោះស្រាយចំពោះបញ្ហាដីធ្លីរបស់ពួកគេ ស្ថាប័នទាំងនោះរួមមាន ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី រដ្ឋសភា និងស្ថានទូតប្រទេសមហាអំណាច ជាដើម។
យ៉ាងណា ខាងក្រុមហ៊ុន ខេ.ឌី.ស៊ី បានផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុកជាច្រើនលើកជាច្រើនសាថា អ្នកស្រី អ៊ំ សុភី និងប្ដី គឺលោក ស្ងួន ញឿន បានញុះញង់អ្នកភូមិ ឬក្រុមឆ្លៀតឱកាសអោយតវ៉ាប្រឆាំងក្រុមហ៊ុនទៅតាមទស្សនៈថា ឈ្នះបានដី ចាញ់បានលុយ។
ឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ក្រុមហ៊ុន អ្នកស្រី អ៊ំ សុភី ថ្លែងថា អ្នកតវ៉ាទាំងអស់ដែលពេលនេះមានជាង ៨០គ្រួសារ គឺពិតជាអ្នកមានដីត្រូវក្រុមហ៊ុនឈូសឆាយយក ហើយក្នុងនោះក៏មានអ្នកដែលធ្លាប់ទទួលសំណងពីក្រុមហ៊ុនចំនួនប្រមាណ ៣០គ្រួសារដែរ។ ប៉ុន្តែ សំណងនោះតិចពេក ធ្វើអោយពួកគេមិនអាចទៅរកទីតាំងនៅកន្លែងថ្មីបាន ទើបពួកគេមកចូលរួមតវ៉ាជាថ្មី៖ «ហើយពួកខ្ញុំនឹងព្យាយាមតវ៉ាដល់ទីបំផុត រហូតដល់មានដំណោះស្រាយ។ បើទោះបីជាឆ្នាំនេះខ្ញុំមិនបានចូលរួមរដូវបិណ្ឌភ្ជុំក៏ដោយចុះ ព្រោះថាដីសំខាន់ណាស់សម្រាប់ពួកខ្ញុំ។ ដី និងផ្ទះ គឺជាជីវិតរបស់ពួកខ្ញុំ បើខ្ញុំមិនខំប្រឹងពេលនេះ អនាគតកូនចៅរបស់ខ្ញុំនឹងទៅជាយ៉ាងណា បើគ្មានដីគ្មានផ្ទះសម្បែងសម្រាប់រស់នៅ»។
នៅភ្នំពេញ អ្នកស្រី អ៊ំ សុភី ដែលមានកូនតូចទើបអាយុបាន ៦ខែ តែងនាំកូនទៅជាមួយពេលមានការតវ៉ា ពេលខ្លះក៏បីកូនតូចនៅដៃបណ្ដើរ ស្រែកច្រៀងទាមទាររកដំណោះស្រាយបណ្ដើរ។ អ្នកស្រី សុភី ដែលតែងនាំមុខគេ បានស្រែកច្រៀងចម្រៀងជាច្រើនដែលអ្នកភូមិបានតាក់តែង។ ប៉ុន្តែបទចម្រៀងដែលអ្នកស្រីក្ដុកក្ដួលជាងគេ គឺចម្រៀងទាមទារអោយតុលាការដោះលែងប្ដីអ្នកស្រីពីពន្ធនាគារ នៅពេលប្ដីត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្នុងករណីអំពើហិង្សាជាមួយកម្មករធ្វើរបងអោយក្រុមហ៊ុន ខេ.ឌី.ស៊ី៖ «សំឡេងចម្រៀង»។
ក្រោយមក ប្ដីអ្នកស្រី និងតំណាងចំនួន ៤នាក់ទៀត ត្រូវដោះលែងមកវិញ ដោយអោយនៅក្រៅឃុំបណ្ដោះអាសន្ន។
រហូតមកដល់ពេលនេះ អ្នកស្រីក៏ដូចអ្នកឡពាង ទាំងអស់ សង្ឃឹមថា ក្រុមហ៊ុនក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ នឹងពិចារណាកាត់ដីប្រគល់មកអោយអ្នកភូមិវិញ ដើម្បីអោយពួកគេបានបង្កបង្កើនផលចិញ្ចឹមជីវិតឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។