វិធានការដែលអាចកាត់បន្ថយការរំលោភផ្លូវភេទ ដែលកើតឡើងក្នុងរង្វង់គ្រួសារ
2021.02.06
អ្នកការពារសិទ្ធិមនុស្សណែនាំវិធានការមួយចំនួន ដែលអាចទប់ស្កាត់ករណីរំលោភផ្លូវភេទបង្កដោយសាច់ញាតិអាចទប់ស្កាត់បាន។ តើអ្វីខ្លះជាវិធានការ ដែលអាចកាត់បន្ថយអំពើរំលោភផ្លូវភេទ ដែលកើតឡើងក្នុងរង្វង់គ្រួសារបាន?
វិធានការមួយចំនួនដែលអ្នកសិទ្ធិមនុស្សរំពឹងថា អាចទប់ស្កាត់ករណីរំលោភសេពសន្ថវៈបង្កដោយសមាជិកក្នុងគ្រួសារបាននោះ គឺការបង្កើនការប្រុងប្រយ័ត្នក្នុងគ្រួសារ និងការផ្ដល់យុត្តិធម៌ពេញលេញពីសំណាក់អាជ្ញាធរដល់ជនរងគ្រោះ។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា គ្រួសារនីមួយៗ ត្រូវធានាថា មានអ្នកមើលថែកុមារជាប់ជានិច្ច ហើយជាអ្នក ដែលគួរឱ្យទុកចិត្តបាន។
ជាមួយគ្នានេះលោក អំ សំអាត ថា ប្រសិនបើមានលទ្ធភាពគួរតែបែងចែងឱ្យបន្ទប់ដេករបស់ក្មេងប្រុស និងក្មេងស្រីឱ្យដាច់ពីគ្នា និងត្រូវដោយឡែកពីមនុស្សចាស់ដែរ៖ «បើស្ត្រីជាម្តាយ ម្ដាយមីង ឬជាបងស្រីផ្សេងៗនៅជាមួយគឺអាចនឹងទុកចិត្ត។ ខ្ញុំនិយាយឱ្យចំទៅគឺកុំទុកឱ្យកុមារនៅម្នាក់ឯង ដែលវានឹងជាឱកាសល្អ (សម្រាប់ជនល្មើស) ប៉ុន្តែបើមានអ្នកនៅជាមួយហ្នឹងហានិភ័យអាចទាប»។
អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) រកឃើញថា ករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារី ប្រព្រឹត្តដោយសាច់ញាតិ កើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះជិតមួយភាគបីនៃករណីរំលោភលើស្ត្រី និងកុមារី គឺជនសង្ស័យ ជាសាច់ញាតិរបស់ជនរងគ្រោះ។ របាយការណ៍នោះបង្ហាញថា ករណីរំលោភសេពសន្ថវៈ ឬប៉ុនប៉ងរំលោភសេពសន្ថវៈទាំងអស់ដែលអង្គការលីកាដូបានធ្វើអន្តរាគមន៍ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ១៣៧ករណី គឺជនសង្ស័យជាសាច់ញាតិរបស់ជនរងគ្រោះ ដូចជាឪពុក ពូ ឬជីតាបង្កើត ៤៦ភាគរយ និងពីអំពើហិង្សាផ្លូវភេទប្រព្រឹត្តដោយឪពុកចុង ឬសាច់ញាតិឪពុកចុង និងសាច់ថ្លៃ មាន ៥៤ភាគរយ។
ម្តាយរបស់ក្មេងស្រីម្នាក់នៅក្នុងខេត្តកណ្ដាល ដែលត្រូវសាច់ញាតិរំលោភផ្លូវភេទនិយាយថា លោកស្រីមិនដែលនឹកស្មានសោះថា សាច់ញាតិក្នុងគ្រួសារ ដែលគួរតែជាអ្នកការពារសុវត្ថិភាពសមាជិកគ្រួសារ ដែរជាជាអ្នកធ្វើបាបសាច់ញាតិខ្លួនឯងឡើយ៖ «ខ្ញុំចង់ផ្ដាំផ្ញើទៅអ្នកមានកូន សូមកុំជឿចិត្តគេ កុំស្រឡាញ់គេអស់ពីចិត្តអី ហើយកុំទុកចិត្តគេពេកអីខ្លាចអ៊ីចឹង ខ្លាចគេធ្វើបាបដូចកូនខ្ញុំអ៊ីចឹង។ មនុស្សឥឡូវដូចជាពិបាកដែរ មានឪរំលោភកូន ជីតារំលោភចៅអ៊ីចឹង បងរំលោភប្អូន វាចេះតែឃើញហេតុការណ៍ហ្នឹង»។
ឯកសារជាច្រើនដែលចងក្រងឡើងដោយអង្គការមិនមែនរដ្ឋាភិបាល ដោយសហការជាមួយក្រសួងកិច្ចការនារី បានណែនាំពីវិធីមួយចំនួន ដើម្បីបញ្ចៀសកុមារចេញពីការធ្វើបាបលើរាងកាយពួកគេ ឬការរំលោភបំពានផ្លូវភេទកុមារ។ ក្នុងនោះរួមមានអាណាព្យាបាលកុមារ ពិសេសម្ដាយគួរចាប់ផ្ដើមបង្រៀនកុមារតាំងពីពួកគេមានអាយុតិចនៅឡើយ គឺចាប់តាំងពីពេលដែលគេចាប់ផ្ដើមស្គាល់អាវៈយវៈទាំងឡាយនៅលើរាងកាយ ឱ្យពួកគេដឹងពីភាពខុសគ្នារវាងរាងកាយមនុស្សប្រុស និងស្រី ណែនាំឱ្យកុមារយល់អំពីចំណែកលាក់កំបាំងនៃរាយកាយរបស់ពួកគេ និងប្រាប់ថា គ្មាននរណាម្នាក់អាចទៅលូកលាន់ ឬធ្វើឱ្យគេឈឺចាប់ឡើយជាពិសេសគឺអវយវៈភេទ ឬចំណែកលាក់កំបាំងនៃរាងកាយកុមារ ហើយកុមារក៏មិនគួរប៉ះពាល់ចំណែកលាក់កំបាំងរបស់អ្នកដទៃ ទោះជានរណាបង្គាប់ក៏ដោយ បង្រៀនកុមារឱ្យដឹងពីតម្រូវការឯកជនភាព ការបិទបាំងរាងកាយ រួមទាំងពេលងូតទឹក និងផ្លាស់ប្ដូរសំលៀកបំពាក់ជាដើម។ លើសពីនេះម្ដាយគួរបង្រៀនកូនឱ្យក្លាហាន ហ៊ាននិយាយទេចំពោះការបង្គាប់របស់មនុស្សចាស់ ឬសមាជិកគ្រួសារណា ដែលពាក់ព័ន្ធនឹងការំលោភបំពានផ្លូវភេទកុមារ និងហ៊ាននិយាយប្រាប់ពីអំពើរំលោភបំពាន ដែលកើតលើរាងកាយពួកគេ។
នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព ទទួលស្គាល់ថា ការបង្កើនការប្រុងប្រយ័ត្ននៅក្នុងគ្រួសារ ជារឿងល្អមួយ។ អ្នកស្រីថា ក្នុងប្រទេសជឿនលឿន គេថែមទាំងធានាដោយច្បាប់ ការបែងចែកឱ្យដាច់រវាងបន្ទប់ស្នាក់របស់ក្មេងទាំង ២ភេទ និងមនុស្សចាស់ក្នុងគ្រួសារ ដោយមិនឱ្យឡូកឡំគ្នាឡើយ។ ប៉ុន្តែអ្នកស្រីថា ការណ៍នេះពិតជាពិបាកអនុវត្ត នៅពេលដែលពលរដ្ឋខ្មែរភាគច្រើនមានផ្ទះ ដែលគ្រាន់តែបិទបាំងជញ្ជាំងឱ្យជិត ពុំដែលមានបន្ទប់ដាច់គ្នាផងនោះ។ មួយវិញទៀតចំពោះការតាមឃ្លាំមើលកុមារជាប់ជានិច្ចក៏ពិបាក ដោយសារតែឪពុកម្ដាយ ត្រូវបង្ខំចិត្តទៅរកចំណូលចិញ្ចឹមគ្រួសារ ខុសពីបណ្ដាប្រទេសមួយចំនួន ដែលមានប្រាក់សង្គមកិច្ចសម្រាប់ផ្គត់ផ្គង់ ដល់ឪពុក ឬម្ដាយ ដែលជ្រើសរើសនៅផ្ទះមើលថែកុមារ៖ «យើងមើលកូនអ្នកដែលនៅមូលដ្ឋាន ហើយកូនគាត់មានអាយុ ៦ ឬ ៧ឆ្នាំអីហ្នឹង គាត់តែងតែប្រើឱ្យទៅរកអុស ទៅជួយចាប់គោ ឬទៅជួយអីផ្សេងទៀតអ៊ីចឹងទៅ គាត់មិនអាចមានមនុស្ស ដើម្បីចាំមើលទេ គឺគាត់ត្រូវបញ្ចេញពលកម្មទាំងអស់គ្នាទើបអាចរស់បាន ហើយស្ទើរតែរស់មិនបានផង»។
ចំពោះលោក អំ សំអាត វិញ លោក មើលឃើញថា ការអប់រំបង្កើនការយល់ដឹងរបស់ពលរដ្ឋពីករណីរំលោភបំពានផ្លូវភេទកុមារដោយសាច់ញាតិនេះ នៅមានចំណុចខ្វះខាតច្រើននៅឡើយ ទាំងពីខាងអាជ្ញាធររដ្ឋ និងពីខាងអង្គការសង្គមស៊ីវិល៖ «អ្វីដែលសំខាន់បំផុតគឺអាជ្ញាធរមូលដ្ឋាន ហើយនឹងសហគមន៍របស់គាត់ផ្ទាល់ដែលត្រូវបន្តការផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់ផ្ទាល់ ឱ្យបានយល់ដឹង ពីព្រោះគ្រួសារខ្លះគាត់លើកឡើងថា គាត់មិនជឿទេ ពេលមានរឿងកើតឡើងគឺគាត់នឹកស្មានមិនដល់»។
បើទោះជាយ៉ាងណាអ្នកសិទ្ធិមនុស្សសុទ្ធតែមើលឃើញថា ក្នុងស្ថានភាពនៅកម្ពុជាការផ្ដល់យុត្តិធម៌ពេញលេញ ទៅដល់អ្នករងគ្រោះ គឺការនាំជនប្រព្រឹត្តល្មើសទៅផ្ដន្ទាទោសតាមច្បាប់ គឺជាចំណែកសំខាន់ ដែលធានាទប់ស្កាត់ករណីរំលោភបំពានផ្លូវភេទកុមារនេះដែរ។
អង្គការលីកាដូរកឃើញថា ៥៣ភាគរយនៃករណីរំលោភផ្លូវភេទ ដែលអង្គការនេះកត់ត្រា អាជ្ញាធរបានផ្ដន្ទាទោសជនល្មើសដាក់ពន្ធនាគារពេញលេញតាមច្បាប់។ ក្រៅពីនេះជនល្មើសត្រូវបានផ្ដន្ទាទោសក្នុងកម្រិតស្រាល ការកាត់ទោសកំបាំងមុខ និងមិនត្រូវបានចាប់ខ្លួនហើយក៏មានការដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ និងពន្យារពេលកាត់ក្តី ហើយជនរងគ្រោះមានសង្ឃឹមតិចតួចទទួលបានយុត្តិធម៌។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីនាក់នាំពាក្យក្រសួងកិច្ចការនារី បាននៅឡើយទេ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ឆ្លើយតបថា មន្ត្រីនគរបាលតែងបានឆ្លងកាត់ការបណ្ដុះបណ្ដាលពីវិធានការបន្ទាន់ករណីមានបណ្ដឹងពីករណីរំលោភបំពានទាំងឡាយ។ លោកទទួលស្គាល់ថា មានបញ្ហាខ្វះចន្លោះមួយចំនួនដែរ ដែលទាមទារឱ្យមានការសហការពីគ្រួសារជនរងគ្រោះដែរ៖ «ការរៀបចំសំណុំរឿងគឺទាល់តែត្រឹមត្រូវស្របតាមបច្ចេកទេស និងនីតិវិធី។ អ៊ីចឹងពេលខ្លះរឿងខ្លះ យើងមានការយឺតយ៉ាវ ដោយសារការប្រមូលព័ត៌មានបន្ថែម។ យើងអត់មានធ្វេសប្រហែសទេ»។
ចំណែករដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ទទួលស្គាល់អំពីការកើនឡើងនៃអំពើរំលោភសេពសន្ថវៈលើស្ត្រី និងកុមារីដែលប្រព្រឹត្តដោយសាច់ញាតិរបស់ខ្លួន ដោយសារតែការផ្សព្វផ្សាយរូបភាព និងវីដេអូអាសអាភាសនៅលើប្រព័ន្ធអ៊ីនធឺណិត (Internet) ឬអនឡាញ(Online)។ លោកស្រីថា អាជ្ញាធរតែងអប់រំពលរដ្ឋពីបញ្ហានេះជាប្រចាំ ហើយគ្រោងនឹងបង្កើតច្បាប់ថ្មីគ្រប់គ្រងប្រព័ន្ធអនឡាញ។
សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងជនរងគ្រោះនៅតែទទូចឱ្យអាជ្ញាធរចាត់វិធានការផ្ដល់យុត្តិធម៌តាមក្រមព្រហ្មទណ្ឌ ដែលមានស្រាប់នោះ។ បើតាមអង្គការលីកាដូកត្តាជាឧបសគ្គនាំឱ្យពិបាកនឹងទទួលបានយុត្តិធម៌នោះ រួមមាន អំពើពុករលួយ កង្វះការការពារជនរងគ្រោះ សម្ពាធពីសមាជិកគ្រួសារ និងប៉ូលិសមិនឱ្យរាយការណ៍ទៅខាងក្រៅ ដើម្បីការពារកិត្តិយស អាជ្ញាធរមួយចំនួនជួយជ្រោមជ្រែងឱ្យបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ការធ្វើដំណើរវែងឆ្ងាយ និងចំណាយប្រាក់ច្រើនក្នុងដំណើរការរឿងក្តីនៅតុលាការ។ ករណីខ្លះទៀត ជនរងគ្រោះសម្រេចដកបណ្ដឹងវិញ ដោយសារតែជនល្មើសជាអ្នករកស៊ីផ្គត់ផ្គងជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។