ផល​វិបាក​របស់​យុវតី​ដែល​លះ​បង់​ខ្លួន​​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់

ប្រមាណ​ជា ៤ ឬ ៥​ឆ្នាំ​មក​នេះ យុវវ័យ​ខ្មែរ​កាន់​តែ​​ច្រើនៗ​ឡើង​ នាំ​គ្នា​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់ ឬ​បុណ្យ​​សង្សារ ថ្ងៃ​ទី ១៤ កុម្ភៈ ហើយ​នៅ​ថ្ងៃ​នោះ​ដែរ យុវជន​ភាគ​ច្រើន​មាន​គម្រោង​ការ​ទុក​រួច​ជា​ស្រេច​ថា​នឹង​ប្រព្រឹត្ត​ការ​រួម​ភេទ​ជាមួយ​គូសង្សារ​បើ​ទោះ​បី​ជា​យុវតី​ពុំ​ព្រម​ក៏ដោយ។

0:00 / 0:00

តើ​យុវតី​ខ្មែរ​ខ្លះ​ដែល​សុខ​ចិត្ត​លះ​បង់​ព្រហ្មចារី​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់ និង​ក្តី​ស្រឡាញ់​ដល់​យុវជន​ជា​សង្សារ​នោះ​មាន​បាន​គិត​អំពី​ផល​វិបាក​នានា​ទៅ​ថ្ងៃ​អនាគត​ដែរ ឬ​ទេ?

ការ​ស្រាវជ្រាវ​របស់​លោក តុង សុប្រាជ្ញ ទីប្រឹក្សា​ឯករាជ្យ និង​ជា​អនុបណ្ឌិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កម្ពុជា កាល​ពី​ឆ្នាំ ២០០៨ ស្តី​ពី​អាកប្បកិរិយា​និង​ការ​ប្រព្រឹត្ត​របស់​យុវវ័យ​នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​សង្សារ​១៤ កុម្ភៈ បាន​រក​ឃើញ​ថា យុវតី​ភាគ​ច្រើន​មិន​បាន​គិត​ទុក​អំពី​ផល​វិបាក​ទៅ​ថ្ងៃ​អនាគត​ក្រោយ​ពី​ការ​រួម​ភេទ​ជាមួយ​គូ​សង្សារ​នៅ​ថ្ងៃ​បុណ្យ​សង្សារ​នោះ​ឡើយ។

កញ្ញា កើត សុខារ៉ានី គ្រូ​បង្រៀន​ផ្នែក​សីលធម៌​ពលរដ្ឋ នៅ​វិទ្យាល័យ​ សុខ អាន ទន្លេ​បាទី និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​រូប​ចូល​រួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នោះ​បាន​មាន​ប្រសាសន៍​ថា គំនិត​របស់​យុវតី​ក្មេងៗ ដែល​សុខ​ចិត្ត​លះ​បង់​ព្រហ្មចារី នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​សង្សារ​នោះ គឺ​ដើម្បី​ចង់​បង្ហាញ​ពី​សក្ខីភាព​នៃ​ក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​សង្សារ។

កញ្ញា កើត សុខារ៉ានី មាន​ប្រសាសន៍​ដូច្នេះ ៖ «ភាគ​ច្រើន​អាយុ ១៥ ដល់ ១៩ ឆ្នាំ មាន​ច្រើន ព្រោះ​អី​ពួក​គាត់​មាន​សង្សារ​អាយុ​ប៉ុណ្ណឹង អ៊ីចឹង​គាត់​អត់​សូវ​គិត​ច្រើន​ទេ គាត់​គិត​ថា​បើសិន​ជា​ការ​ស្រឡាញ់​របស់​គាត់​ស្មោះ គឺ​គាត់​មាន​ការ​លះ​បង់​ខ្លួន​ប្រាណ​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ អ៊ីចឹង​គាត់​អត់​បាន​គិត​ពី​ពេល​ទៅ​មុខ​ទេ រឿង​កើត​ឡើង​គាត់​អត់​បាន​គិត​ទេ»

ការ​ប្រព្រឹត្ត​របស់​យុវតី​មួយ​ចំនួន​ដោយ​ពុំ​បាន​គិតគូរ​អំពី​អនាគត និង​ដោយ​ពុំ​បាន​អនុវត្ត​នូវ​សុវត្ថិភាព​ក្នុង​ការ​រួម​ភេទ​នេះ​បាន​ញ៉ាំង​ឲ្យ​យុវតី​ទាំង​នោះ មិន​ត្រឹម​តែ​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​នាំ​ឲ្យ​បាត់​បង់​កេរ្តិ៍​ឈ្មោះ​ក្រុម​គ្រួសារ និង​លះ​បង់​ការ​សិក្សា​ថែម​ទៀត​ផង។

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ហៅ​កាត់​ថា​រ៉ាក់ (RHAC) បាន​មាន​ប្រសាសន៍​អំពី​ផល​វិបាក​ទាំង​នោះ​យ៉ាង​ដូច្នេះ ៖ «យុវតី​ទាំង​នោះ​គឺ​គាត់​មាន​សង្សារ ហើយ​គាត់​មិន​សូវ​បាន​យល់​ដឹង​អំពី​សុខភាព​បន្ត​ពូជ មិន​បាន​សូវ​យល់​អំពី​ការ​ឆ្លង​កាម​រោគ​និង​អេដស៍។ យុវតី​មួយ​ចំនួន​គឺ​គាត់​បាន​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ទេ អ៊ីចឹង​ធ្វើ​ឲ្យ​គាត់​មាន​ផ្ទៃ​ពោះ។ ហើយ​ការ​ដែល​មាន​ផ្ទៃ​ពោះ​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ការ​រៀន​សូត្រ ជួន​កាល​អាច​បាត់​បង់​កិត្តិយស​របស់​គាត់ ជួនកាល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លែង​ទទួល​ស្គាល់»

លោកស្រី​វេជ្ជបណ្ឌិត វង ដាវី បាន​ប្រសាសន៍​បន្តថា ប្រសិន​ក្នុង​ករណី​ដែល​យុវតី​មាន​ផ្ទៃ​ពោះ មិន​ចង់​បាន គេ​គួរ​តែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជាមុន​សិន ៖ «នៅ​ពេល​ដែល​គេ​មាន​បញ្ហា​ហ្នឹង គឺ​ទៅ​រក​កន្លែង​ណា​ដែល​មាន​សុវត្ថិភាព ជា​ពិសេស​នៅ​មណ្ឌល​សុខភាព នៅ​មន្ទីរពេទ្យ​បង្អែក ឬ​ក៏​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន​ដែល​មាន​ជំនាញ​ខាង​សុខភាព​បន្ត​ពូជ​ហ្នឹង។ ការ​ដែល​គាត់​ចង់​ទៅ​ពន្លូត​ហ្នឹង អាច​មាន​គ្រោះ​ថ្នាក់​ច្រើន ជួន​កាល​ពេល​ដែល​គាត់​ពន្លូត​តែង​តែ​មាន​ការ​បង្ក​រោគ​ពី​ខាង​ក្រៅ​ចូល​ទៅ​ក៏​មាន​ដែរ ហើយ​ជួន​កាល​ទៀត​បើ​យើង​ទៅ​រក​អ្នក​ដែល​មិន​មាន​ជំនាញ ជួនកាល​អាច​មាន​ការ​ធ្លាយ​ស្បូន»

លោកស្រី​វេជ្ជបណ្ឌិត​ប្រធាន​គ្លីនិក​រ៉ាក់ ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា យុវវ័យ​ដែល​មក​ទទួល​ការ​ព្យាបាល គឺ​មាតា​បិតា​ពុំ​បាន​ដឹង​ទេ ម្ល៉ោះ​ហើយ​ដើម្បី​រក្សា​ការ​សម្ងាត់​គ្លីនិក​របស់​លោកស្រី​បាន​រៀប​ចំ​បន្ទប់​ស្ងាត់​ដាច់​ដោយ​ឡែក​ពី​អ្នក​ជំងឺ​ផ្សេង​ទៀត ៖ «យុវជន​យុវតី​ដែល​គាត់​មក​គ្លីនិក​ខ្ញុំ​ហ្នឹង ភាគ​ច្រើន​គឺ​ឪពុក​ម្ដាយ​អត់​បាន​ដឹង​ទេ ព្រោះ​គាត់​ច្រើន​តែ​មាន​ការ​ខ្មាស​អៀន។ ជួនកាល​គាត់​ទៅ​គ្លីនិក ខ្លាច​ជួប​ឪពុក​ម្ដាយ ឬ​ក៏​បង​ប្អូន​ជិត​ខាង​គាត់ ខ្លាច​ឃើញ។ អ៊ីចឹង​ហើយ​យើង​មាន​រៀប​ចំ​បន្ទប់​មួយ​សម្រាប់​ព្យាបាល​តែ​យុវវ័យ អ៊ីចឹង​យើង​រៀប​ចំក​ន្លែង​ធ្វើ​ម៉េច​ឲ្យ​ដាច់​គ្នា​ពី​ការ​ទទួល​អ្នក​ជំងឺ​ផ្សេង»

ស្តីពី​អាកប្បកិរិយា​និង​ផ្នត់​គំនិត​របស់​យុវវ័យ​ខ្មែរ​ក្នុង​រឿង​ផ្លូវ​ភេទ ជា​ពិសេស​នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​សង្សារ​នេះ លោក អ៊ូ រតនៈ នាយក​ប្រតិបត្តិ​នៃ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន បាន​មាន​ប្រសាសន៍​ថា ទង្វើ​ដោយ​ពុំ​គិត​ពិចារណា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រពៃណី​និង​វប្បធម៌​របស់​សង្គម​ជាតិ​ខ្មែរ។

លោក អ៊ូ រតនៈ មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា​បញ្ហា​ទាក់​ទង​នឹង​សីលធម៌​សង្គម ទាក់​ទង​នឹង​ទំនាក់​ទំនង​ផ្លូវ​ភេទ​របស់​យុវវ័យ ទាក់​ទង​ទាំង​ឥរិយាបថ​របស់​គាត់ ហាក់​ដូច​ជា​មាន​ការ​ប្រឈម​មុខ​ខ្លាំង ជា​ពិសេស​នៅ​ថ្ងៃ ១៤ ខែ​កុម្ភៈ នេះ។ ពីព្រោះ​តាម​របាយការណ៍​ពី​ឆ្នាំ​ចាស់ បើ​យើង​ប្រៀប​ធៀប​ទៅ យើង​ឃើញ​ថា​ការ​យល់​ច្រឡំ​មួយ​ចំនួន​ធំ​របស់​យុវជន ឬ​ក៏​យុវនារី​ក្នុង​ថ្ងៃ​នេះ វា​មាន​លក្ដណៈ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សីលធម៌​សង្គម វប្បធម៌​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ដោយ​ឡែក​យើង​ឃើញ​ថា នៅ​ក្នុង​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​យើង​ទទួល​ស្គាល់​ថា​មាន​ការ​មមាញឹក​ខ្លាំង​បំផុត គឺ​សកម្មភាព​ក្នុង​ការ​រួម​ភេទ ទំនាក់​ទំនង​ផ្លូវ​ភេទ​របស់​ពួកគាត់ គឺ​ស្ដែង​ឡើង​យ៉ាង​សំខាន់»

ទាក់​ទង​នឹង​សំណួរ​ដែល​ថា តើ​ហេតុ​ដូច​ម្តេច​បាន​ជា​មាន​យុវតី​ជា​ច្រើន​នាំ​គ្នា​ប្រារព្ធ​បុណ្យ​សង្សារ ១៤ កុម្ភៈ ? កញ្ញា ប៉ែន រាសី មន្ត្រី​គម្រោង​នៃ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន ដែល​បច្ចុប្បន្ន​ក៏​ជា​និស្សិត​កំពុង​បន្ត​បរិញ្ញាបត្រ​ខាង​គ្រប់គ្រង និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​រូប​ចូល​រួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​លោក តុង សុប្រាជ្ញ បាន​មាន​ប្រសាសន៍​ថា បរិយាកាស​សង្គម ការ​សេពគប់​មិត្ត គឺ​ជា​កត្តា​ចម្បង ដែល​ជំរុញ​ឲ្យ​យុវតី​ភាគ​ច្រើន​មាន​ទំនោរ​ធ្វើ​តាម​គ្នា។

កញ្ញា ប៉ែន រាសី មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ធ្លាប់​ជួប​ផ្ទាល់​តែម្ដង​ជាមួយ​នឹង​ក្មេង​ស្រី​មួយ​ចំនួន មាន​បញ្ហា​អ៊ីចឹង​ទៅ​គាត់​មក​ពិភាក្សា​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​សង្កេត​មើល ​ចុះ​ទៅ​សម្ភាស​គាត់​ហ្នឹង គឺ​ថា​ធ្វើ​តាម​គ្នា គាត់​ឃើញ​មិត្តភក្ដិ​គាត់​ធ្វើ​អ៊ីចឹង ក៏​គាត់​ធ្វើ​តាម។ ហើយ​មួយ​ទៀត​ដោយសារ​ការ​ចង់​របស់​គាត់ យើង​ដឹង​ហើយ​ថា យុវវ័យ​គាត់​ឈាម​រាវ អ៊ីចឹង​គាត់​ចង់​ដឹង ចង់​សាក ហើយ​តាម​ការ​អូស​ទាញ​លួងលោម​ពី​ដៃ​គូ​ខាង​គាត់​អ៊ីចឹង​ទៅ ចេះ​តែ​ថា​អ៊ីចេះ​ថា​អ៊ីចុះ ក៏​គាត់​ធ្វើ​តាម​អ៊ីចឹង​ទៅ។ វា​មាន​ច្រើន​ប្រការ។ មួយ​តាម​ការ​អូស​ទាញ បរិយាកាស​សង្គម មួយ​ទៀត​តាម​ចិត្ត​ខ្លួន​ឯង​ផ្ទាល់ វា​ពិបាក​ដែរ។ ហើយ​ដល់​ពេល​គាត់​មាន​បញ្ហា​ទៅ​បាន​គាត់​នឹក​ឃើញ​ថា​ស្ដាយ​ក្រោយ​អ៊ីចឹង ដល់​ពេល​អ្នក​ខ្លះ អត់​ស្ដាយ​ក្រោយ​ទេ គាត់​បែរ​ជា​ផុត​ពី​ដៃគូ​មួយ​ដែល​គេ​បោះ​បង់​គាត់​ចោល គាត់​ទៅ​រក​មួយ​ទៀត គាត់​ប្រព្រឹត្ត​អ៊ីចឹង​ទៀត»

សូម​ជម្រាប​ជូន​ផង​ដែរ​ថា តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត វង ដាវី នៃ​សមាគម​គ្លីនិក​រ៉ាក់ និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​នៃ​ការ​ស្រាវជ្រាវ​របស់​លោក តុង សុប្រាជ្ញ ក៏​បាន​ឲ្យ​ដឹង​ថា មាន​យុវតី​ខ្លះ ដោយ​ត្រូវ​មាតា​បិតា​កាត់កាល់ ហើយ​ត្រូវ​បោះ​បង់​ការ​សិក្សា​និង​ខូច​ចិត្ត ខូច​អារម្មណ៍​មិន​អាច​ទ្រាំទ្រ​ក្នុង​រឿង​វិបត្តិ​ស្នេហា​បាន​នោះ មាន​ខ្លះ​រហូត​ដល់​ធ្វើ​អត្តឃាត​ក៏​មាន ហើយ​ខ្លះ​ទៀត​ក៏​ត្រូវ​ស្លាប់​ដោយសារ​ការ​រំលូត​កូន៕