វេជ្ជបណ្ឌិតជំនាញខាងរោគស្ត្រី និងក្នុងទំព័រវ៉ឹបសាយថ៍ជាច្រើន ស្តីអំពីការអស់រដូវរបស់ស្ត្រី ឬភាសាអង់គ្លេសហៅថា Menopause បានឲ្យដឹងថា ស្ត្រីដែលអស់រដូវជាអចិន្ត្រៃយ៍ គឺគេអាចកត់សម្គាល់បាននៅក្រោយដែលស្ត្រីពុំមានរដូវទាល់តែសោះជាប់ៗគ្នា ក្នុងអំឡុងពេល១២ខែ។
ស្ត្រីដែលអស់រដូវរហូតមានអាការៈនិងរោគសញ្ញាជាច្រើន ដែលមានការប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ក្នុងនោះមានក្តៅមុខភាយៗ បែកញើសពេលយប់ គេងមិនលក់ អស់កម្លាំង មានអារម្មណ៍ឆាប់ខឹងមួម៉ៅ កើតទុក្ខពិបាកចិត្តច្រើន អស់សង្ឃឹម ឆាប់ភ្លេច ពិបាកប្រមូលអារម្មណ៍គិតគូរអ្វីមួយ និងមានជំងឺពុកឆ្អឹង ជំងឺបេះដូង ជំងឺមហារីក។ល។
លោកស្រីវេជ្ជបណ្ឌិត អៀម មុន្នី ប្រធានផ្នែកសុខភាពបន្តពូជនៃអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ ហៅកាត់ថា អង្គការរ៉ាក់ឆា (RACHA) បានមានប្រសាសន៍រៀបរាប់បន្ថែមអំពីរោគសញ្ញាមួយចំនួនទៀតមាន ៖ «ដូចជា មាត់ស្បូតរួមតូច ផុយ បណ្តាលឲ្យមានការធ្លាក់ឈាមនៅពេលប៉ះពាល់វា។ យើងឃើញសាច់ទ្វារមាសរួមតូច ពុំមានបញ្ចេញរំអិល ធ្វើឲ្យមានការឈឺចាប់ពេលរួមភេទ និងឲ្យរមាស់ជាញឹកញាប់ ហើយផ្លោកនោមរួមតូចដែរ ដែលបណ្តាលឲ្យមានការបត់ជើងញឹកញាប់»។
លោកស្រីវេជ្ជបណ្ឌិត អៀម មុន្នី មានប្រសាសន៍បន្តថា ក្រោយអស់រដូវ ស្ត្រីនឹងប្រឈមមុខនូវជំងឺពុកឆ្អឹង ដែលងាយធ្វើឲ្យឆ្អឹងបាក់ប្រេះនិងជំងឺមហារីកជាដើម ៖ «គឺពុកឆ្អឹងយើងឃើញថា ស្ត្រីយើងចាប់ពីអាយុ៣៥ឆ្នាំឡើងឆ្អឺងលែងលូតលាស់ ដោយសារកោសិកាចាស់ៗនៃឆ្អឹងវាស្លាប់ ហើយកោសិកាថ្មីអត់អាចមកជំនួសទេ។ ហើយមួយទៀត គឺជំងឺបេះដូង ជំងឺមហារីកស្បូន និងមហារីកដោះ ហើយស្ត្រីខ្លះទៀតមានវិបត្តិនៅបំពង់បង្ហូរនោមដែរ នេះជាវិបត្តិប្រឈមមុខក្រោយការអស់រដូវរបស់ស្ត្រី»។
លោកស្រីវេជ្ជបណ្ឌិត វង ដាវី ប្រធានគ្លីនិកសមាគមថែទាំសុខភាពគ្រួសារកម្ពុជា ហៅកាត់ថា រ៉ាក់ បានមានប្រសាសន៍ថា ជំងឺពុកឆ្អឹង គឺច្រើនកើតមានឡើងចំពោះស្ត្រីដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ ហើយចំពោះមូលហេតុអ្វី លោកស្រីវេជ្ជបណ្ឌិតបានពន្យល់យ៉ាងដូចនេះ ៖ «ការប្រឈមមុខនឹងជំងឺពុកឆ្អឹងនេះ គឺថាមិនមែនអស់រដូវភ្លាមកើតភ្លាមទេ ហើយភាគច្រើនកើតចំពោះស្ត្រីអាយុលើសពី៦៥ឆ្នាំ ហើយអាស្រ័យលើប្រវត្តិធ្លាប់មានបាក់ឆ្អឹង ហើយមានការប្រើប្រាស់ថ្នាំមួយចំនួន ដែលនាំឲ្យផលរំខានដល់ការលូតលាត់ឆ្អឹង ដែលនាំឲ្យស្ត្រីមានទម្ងន់លើសពី៥៨គីឡូក្រា ម កង្វះជីវជាតិវ៉ីតាមីន ជាតិកាល់ស្យូម ស្ត្រីជក់បារី ស្ត្រីផឹកស្រាច្រើន លើសពី៥លីត្រក្នុងមួយសប្តាហ៍ ហើយស្ត្រីមានជំងឺផ្សេងៗទៀត ដូចជាជំងឺពកក»។
ក្នុងទំព័រវ៉ឹបសាយថ៍នៃក្រសួងសុខាភិបាលស.រ.អា ដែលមានអាសយដ្ឋាន www.womenshealth.gov/menopause បានឲ្យដឹងថា ជំងឺពុកឆ្អឹងនេះ គឺធ្វើឲ្យឆ្អឹងខ្សោយ ងាយបាក់ស្រួយ ដែលច្រើនកើតមាននៅឆ្អឹងខ្នង កដៃនិងត្រគាក ហើយដើម្បីកាត់បន្ថយនិងការពារ ស្ត្រីត្រូវពិសាអាហារដែលមានជាតិកាល់ស្យូម និងវ៉ីតាមីនឌី មានក្នុងទឹកដោះគោ ទឹកសណ្តែក ទឹកក្រូច តៅគួរ បន្លែពណ៌បៃតង សាច់មាន់ ត្រី ហើយបន្ថែមពីខាងលើនេះ គឺត្រូវហាត់ប្រាណដើរ ឬរត់ជាដើម។
លោកស្រីវេជ្ជបណ្ឌិត វង ដាវី ប្រធានគ្លីនិករ៉ាក់ មានប្រសាសន៍បន្តថា បន្ថែមពីលើបញ្ហាពុកឆ្អឹង ស្ត្រីអស់រដូវត្រូវប្រឈមមុខនឹងជំងឺមួយចំនួនទៀតដូចជា ជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែមផងដែរ។
លោកស្រីវេជ្ជបណ្ឌិត វង ដាវី មានប្រសាសន៍ដូច្នេះ ៖ «ស្ត្រីប្រឈមមុខនឹងជំងឺបេះដូង។ ការជក់បារីនាំឲ្យមានជំងឺបេះដូង ហើយមានជំងឺលើសឈាម ស្ត្រីធាត់ខ្លាំងពេកមានជាតិខ្លាញ់ច្រើនក្នុងឈាម ស្ត្រីមានជំងឺទឹកនោមផ្អែម ស្ត្រីផឹកស្រាច្រើនក៏អាចឲ្យមានជំងឺបេះដូង ស្ត្រីមានវិបត្តិផ្លូវចិត្ត»។
សូមជម្រាបជូនថា តាមប្រសាសន៍អះអាងរបស់លោកស្រីវេជ្ជបណ្ឌិត វង ដាវី ប្រធានគ្លីនិកសមាគមថែទាំសុខភាពគ្រួសារកម្ពុជា បានឲ្យដឹងថា ជំងឺមហារីកដែលច្រើនកើតឡើងចំពោះស្រ្តីអស់រដូវនោះ គឺមហារីកស្រទាប់ស្តើងខាងក្នុងរបស់ស្បូន។
លោកស្រីវេជ្ជបណ្ឌិត វង ដាវី ឲ្យដឹងដូច្នេះ ៖ «យើងមិនដឹងពិតប្រាកដនៃមូលហេតុជំងឺមហារីកទេ ក៏ប៉ុន្តែស្ត្រីមានកត្តាប្រឈមមុខនឹងមហារីកច្រើន ដូចជាស្ត្រីឆាប់រួមភេទក្រោមអាយុ២០ឆ្នាំ មានផ្ទៃពោះនៅវ័យក្មេងពេក ហើយមានដៃគូរួមភេទច្រើន ធ្លាប់មានជំងឺសេរមាន់នៅមាត់ស្បូន មានសាច់ញាតិធ្លាប់កើតមហារីក»។
ក្នុងទំព័រវ៉ឹបសាយថ៍នៃក្រសួងសុខាភិបាលស.រ.អាដដែលបន្តថា ដោយសារស្ត្រីម្នាក់ៗក្រោយអស់រដូវមានរោគសញ្ញា និងបញ្ហាសុខភាពខុសៗគ្នា សំខាន់បំផុត ស្ត្រីត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីជ្រើសយកនូវវិធីព្យាបាលរោគណាមួយ ដែលស្ត្រីប្រឈមមុខក្រោយការអស់រដូវ ហើយដែលបញ្ហាទាំងនេះ គឺអាស្រ័យទៅលើអាយុរបស់ស្ត្រី លក្ខខណ្ឌសុខភាពទូទៅ ការប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំរបស់ស្ត្រី និងជម្រើសរបស់ស្ត្រីក្នុងការទទួលការព្យាបាល ដើម្បីអាចឲ្យស្ត្រីដែលអស់រដូវទាំងនោះអាចបន្តជីវិតរស់នៅដោយសុខដុមរមនា និងប្រកបដោយសុខភាពល្អ អំឡុងពេលពី២៥ឆ្នាំទៅ៣០ឆ្នាំទៅមុខទៀត ក្រោយអស់រដូវអចិន្ត្រៃយ៍៕