ប្រធានសហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) ស្ត្រីវ័យក្មេងកញ្ញា ឈឹម ស៊ីថរ ត្រូវបានក្រុមហ៊ុនព្យួរការងារជិត ១ខែមកហើយ ទាក់ទងនឹងការទាមទារអត្ថប្រយោជន៍សម្រាប់បុគ្គលិក ដែលជាសមាជិករបស់សហជីពនេះ។ បុគ្គលិកជាង ១ពាន់នាក់ បានរួមគ្នាទាមទារឱ្យស្ត្រីជាមេដឹកនាំសហជីពរូបនេះបានចូលធ្វើការងារវិញ ដើម្បីបន្តការពារសិទ្ធិបុគ្គលិក ដូចដែលនាងធ្លាប់ធ្វើកន្លងមក។
តើកញ្ញា ឈឹម ស៊ីថរ បានធ្វើអ្វីខ្លះ ដើម្បីការពារអត្ថប្រយោជន៍បុគ្គលិក និងហេតុអ្វីស្ត្រីវ័យក្មេងរូបនេះជ្រើសរើសតួនាទីជាប្រធានសហជីព ដែលត្រូវប្រឈមមុខជាមួយភាគីថៅកែក្រុមហ៊ុនណាហ្គា វើលដ៍?
ក្នុងវ័យ២៦ឆ្នាំ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ កំពុងជាប់ផុងក្នុងសំណុំរឿងវិវាទជាមួយក្រុមហ៊ុនណាហ្គា វើលដ៍ ដែលគេស្គាល់ថាជាក្រុមហ៊ុនរកចំណូលបានខ្ពស់ និងមានឥទ្ធិពលមួយ បន្ទាប់ពីនាងចាប់ផ្ដើមចេញមុខដឹកនាំក្រុមបុគ្គលិកទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ។
កញ្ញា ស៊ីថរ ឱ្យដឹងថា បើទោះជាយ៉ាងណានាងនឹងមិនបោះបង់ការតស៊ូ ដើម្បីអត្ថប្រយោជន៍បុគ្គលិកជាសមាជិករបស់នាង ពោលគឺមិនបោះបង់គោលដៅនេះឡើយ៖ «ចេតនាដែលគេធ្វើមើលថ្នាក់ដឹកនាំសហជីព ដើម្បីកុំឱ្យមនុស្សហ៊ានងើបតវ៉ាហ៊ាននិយាយ ទាមទារអត្ថប្រយោជន៍រស់នៅសមរម្យ ដើម្បីកុំឱ្យថៅកែកេងប្រវ័ញ្ចកម្លាំងរបស់កម្មករ។ គេធ្វើអ៊ីចឹង ដើម្បីកុំឱ្យគេហ៊ានងើបតវ៉ានឹងរឿងអស់ហ្នឹង អ៊ីចឹងបើសិនជាយើងខ្លាចជាមួយរឿងអស់ហ្នឹង ធ្វើតាមនូវអ្វីដែលគេចង់បាន គឺនៅស្ងៀមអត់ហ៊ានធ្វើអ្វីទាំងអស់»។
ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ ណាហ្គា វើលដ៍ បានសម្រេចព្យួរការងារកញ្ញា ឈឹម ស៊ីថរ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា។ ស្ត្រីជាមេដឹកនាំសហជីពវ័យក្មេងរូបនេះរៀបរាប់ថា កាលណោះនាងបានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុនឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងបានដកហូតអាវយឺត ដែលមានសរសេរថា «ក្រុមហ៊ុនរីកចម្រើនបុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទថា កញ្ញាជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
កាលពីដើមខែតុលាកន្លងទៅ ក្រសួងការងារបានហៅតំណាងក្រុមហ៊ុន និងតំណាងសហជីពទៅផ្សះផ្សា ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ដោយក្រុមហ៊ុននៅតែបដិសេធទទួលយក កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ។ លើសពីនេះមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានចាត់ទុកករណីព្យួរការងារនេះថា ពុំមែនជាវិវាទរួម ឬវិវាទដែលកើតចេញពីការទាមទារប្រយោជន៍រួមរបស់បុគ្គលិកឡើយ គឺចាត់ទុកថាជាវិវាទបុគ្គលទៅវិញ។
បុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៍ ជាង ១ពាន់នាក់កាលពីថ្ងៃទី១៥ តុលា ជួបជុំគ្នាពិភាក្សាពីវិធីសាស្ត្រ និងបែបបទផ្លូវច្បាប់ផ្សេងៗ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកញ្ញា ស៊ីថរ ចូលធ្វើការវិញ។
សមាជិកសហជីពម្នាក់ កញ្ញា ប៉ិច សាលាង ជាបុគ្គលិកផ្នែកសណ្ឋាគារ លើកឡើងថា ក្រុមបុគ្គលិកមិនចង់បាត់បង់ប្រធានសហជីព ដែលប្រឹងប្រែងបំពេញការងារ ដើម្បីបុគ្គលិកដទៃទៀតដូចកញ្ញា ស៊ីថរ ឡើយ ហេតុនេះពួកគេនឹងតស៊ូដើម្បីឱ្យនាងបានចូលធ្វើការវិញ។
សហជីពនៅក្រុមហ៊ុនណាហ្គា វើលដ៍ នៅអាណត្តិចុងក្រោយនេះគឺមានសមាសភាពសុទ្ធតែជាស្ត្រីទាំងអស់ ទាំងប្រធាន អនុប្រធាន និងអគ្គលេខាធិការ។ ប្រធានសហជីពគឺកញ្ញា ឈឹម ស៊ីថរ បានចូលរួមការងារសហជីពដោយចាប់ផ្ដើមពីសមាជិកធម្មតានៅក្នុងឆ្នាំ២០០៧ គឺនៅមួយឆ្នាំក្រោយពេលនាងបានចូលធ្វើការនៅក្រុមហ៊ុនណាហ្គា វើលដ៍។
កញ្ញា ឈឹម ស៊ីថរ រម្លឹកថា នាងឈឺចាប់នៅពេលដែលនាងឃើញសហជីពជំនាន់មុននាងនៅក្រុមហ៊ុនណាហ្គា វើលដ៍ ត្រូវបញ្ឈប់ពីការងារទាំងគ្មានកំហុស នៅពេលពួកគេទាមទារលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ សម្រាប់បុគ្គលិកដូច ដែលនាងកំពុងធ្វើនៅពេលនេះ។ នាងថាគឺចិត្តចង់ជួយបុគ្គលិកគ្នាឯង និងសង្កេតឃើញភាពអយុត្តិធម៌នេះ ហើយដែលជំរុញទឹកចិត្តឱ្យនាងប្រឹងប្រែងក្នុងតួនាទីសហជីពនេះរហូតមក។
ក្រុមសមាជិកសហជីពឱ្យដឹងថា តំណាងសហជីពរបស់ពួកគេជាក្រុមស្ត្រីនោះបានបំពេញការងារដោយស្ម័គ្រចិត្ត និងប្រឹងប្រែងអស់ពីចិត្ត។
បុគ្គលិកផ្នែកសណ្ឋាគារម្នាក់ទៀតកញ្ញា សៀក ច័ន្ទណាគ្រី លើកឡើងថា ប្រធានសហជីពរបស់ពួកគេធ្វើការដោយយកប្រយោជន៍បុគ្គលិកជាធំ ហើយទទួលបានការគោរពស្រឡាញ់ពីបុគ្គលិកជាសមាជិក។ កញ្ញាបន្តថា សមាជិកទាំងអស់ត្រូវការប្រធានសហជីពឱ្យត្រឡប់ចូលធ្វើការវិញ ដ្បិតនៅក្នុងកន្លែងការងាររបស់ពួកគេត្រូវការសហជីព ដើម្បីជួយពួកទាមទារឱ្យនិយោជកកែប្រែលក្ខខណ្ឌការងារ និងដោះស្រាយរាល់ការទាមទាររបស់បុគ្គលិក។ ណាគ្រីបញ្ជាក់ថា កញ្ញាធ្វើការងារជាច្រើនឆ្នាំហើយនៅតែមិនទាន់បានប្រាក់ខែសមរម្យនៅឡើយ ហើយនាងក៏សង្កេតឃើញថា ស្ត្រីជាច្រើន ដែលបម្រើការនៅផ្នែកសណ្ឋាគារដូចនាងដែរនោះក៏មានប្រាក់ខែទាប បើទោះបីជាពួកគេបានធ្វើការងារនៅទីនេះខ្លះជាង២០ឆ្នាំហើយក្ដី។ ណាគ្រីបន្តថា មានតែបុគ្គលិកដែលមានតួនាទីតំណែងខ្ពស់ៗ ប៉ុណ្ណោះដែលអាចបានប្រាក់ខែល្អ៖ «ពួកខ្ញុំរស់នៅសព្វថ្ងៃនេះខ្វះមុខខ្វះក្រោយណាស់បង ខ្ញុំមិនអាចទទួលយកបានពាក្យថាពួកខ្ញុំរស់នៅសមរម្យទទួលបានប្រាក់ខែខ្ពស់ខ្ញុំមិនអាចទទួលយកទេ»។

កញ្ញា ស៊ីថរ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ហើយបានមកធំធាត់ក្នុងក្រុងភ្នំពេញ នៅពេលឪពុកម្ដាយ ដែលជាអ្នករកស៊ីបានផ្លាស់ទីលំនៅចេញពីខេត្តព្រៃវែង។ ស៊ីថរធ្លាប់ជាសិស្សក្នុងថ្នាក់សិស្សពូកែផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ នាងបានអាហារូបករណ៍ផ្នែកសេដ្ឋកិច្ច និងព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ ស៊ីថរ ថា នាងប្រាថ្នាក្លាយជាវិស្វករម្នាក់ ប៉ុន្តែដោយសារជីវភាពគ្រួសារនាងមិនបានសម្រេចតាមក្ដីប្រាថ្នានោះទេ។ បើទោះជាយ៉ាងណានាងស្រឡាញ់ការងារ និងអាជីពរបស់នាង។ នៅពេលនេះ ស៊ីថរ មានតួនាទីជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសក្នុងកាស៊ីណូពោលគឺជាជំនាញ ដែលទាក់ទងទៅនឹងអ្វី ដែលនាងបានរៀននៅមហាវិទ្យាល័យ។ តាមតួនាទីនាងឋិតក្នុងចំណោមអ្នកដែលមានប្រាក់ខែល្អរួចទៅហើយ ប៉ុន្តែនាងថា នាងជ្រើសរើសយកការជួយឈឺឆ្អាល និងជួយសម្រួលការលំបាករបស់មិត្តរួមការងារទាំងអស់ ជាជាងសន្សំសុខតែម្នាក់ឯង។ ស៊ីថរ ថា នាងប្រកាន់យកគោលការណ៍មួយ គឺជម្នះរាល់ការលំបាក និងកត្តារាំងស្ទះ ចំពោះអ្វីដែលនាងគិតថា ជារឿងត្រឹមត្រូវ និងយុត្តិធម៌៖ «បើនិយាយឱ្យធំទៅ គឺជនជាតិខ្មែរយើងទាំងមូល ត្រូវនៅធ្វើការក្រោមការកេងប្រវ័ញ្ចក្រោមថៅកែបរទេសរបស់ជនបរទេស ដែលគេមករកស៊ី ហើយគេកើបផលប្រយោជន៍យ៉ាងច្រើនស្រុកយើងទៅវិញ។ ឯយើងជាម្ចាស់ស្រុក ម្ចាស់ប្រទេស ក្លាយជាទាសករឱ្យគេកេងប្រវ័ញ្ចកម្លាំងពលកម្មទៅវិញ»។
ណាហ្គា វើលដ៍ ជាក្រុមហ៊ុន ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ដែលរកប្រាក់ចំណេញបានច្រើនបំផុត។ ក្រុមហ៊ុននេះមានមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ ឬបនល្បែង ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីរយៈពេល ៧០ឆ្នាំនៅកម្ពុជា។ ណាហ្គា វើលដ៍ ក៏មានអាជ្ញាប័ណ្ណផ្ដាច់មុខក្នុងរយៈពេល ៤១ឆ្នាំ ដែលធានាថា មានតែកាស៊ីណូប្រភេទនេះតែមួយគត់នៅនៅក្នុងរង្វង់ចម្ងាយ ២០០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះកើនឡើងយ៉ាងខ្លាំង គឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូតដល់ជិត ៤០០លានដុល្លារ (៣៩០,៦លាន) កាលពីឆ្នាំ២០១៨ កើនឡើង ៥៣ភាគរយ។ ប្រាក់ចំណេញនេះ ស្ទើរតែប្រហាក់ប្រហែលនឹងប្រាក់ចំណេញ ១ឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា។
នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទ ដែលបែកធ្លាយកាលពីឆ្នាំ២០១៧ បង្ហាញថា ម្ចាស់កាស៊ីណូណាហ្គា មានទំនាក់ទំនងជាមួយភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ កូនៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ៤នាក់ ដែលសារបែកធ្លាយបង្ហាញថា មានទំនាក់ទំនងជាមួយថៅកែ ណាហ្គា រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា។
នៅក្នុងប្រវត្តិនៃការទាមទាររបស់សហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៏ មានឥទ្ធិពលនេះ ថ្នាក់ដឹកនាំសហជីពតែងត្រូវធ្វើទុក្ខបុកម្នេញដោយការព្យួរការងារ និងចុងក្រោយគឺបណ្ដេញចេញពីការងារ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅថា សង់ត្រាល់លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ពិតមែនថា សហជីពនៅណាហ្គា វើលដ៏ ដ៏ធ្លាប់ជួបបទពិសោធន៍អាក្រក់ ដោយការធ្វើទុក្ខបុកម្នេញពីភាគីនិយោជក ប៉ុន្តែពេលនេះលោករំពឹងថា និយោជកនឹងងាកមកដោះស្រាយបញ្ហាដោយយុត្តិធម៌ ក្រោមការសម្របសម្រួលដ៏ត្រឹមត្រូវរបស់មន្ត្រីក្រសួង។ លោកថា ចំណុចចម្បង ដែលលោកគិតថា អាចនឹងជំរុញឱ្យមានដំណោះស្រាយគឺសាមគ្គីភាពនៅក្នុងចំណោមបុគ្គលិកជាសមាជិកសហជីព ដែលមានចំនួនច្រើនគឺជាង ៤.០០០នាក់នោះ៖ «កំឡុងពេលកម្មករគាត់ទាមទារទៅទៀត សមាជិកមានចូលរួមបន្ថែមទៀត។ អ៊ីចឹងទំហំ ដែលគាត់ចូលរួមសហជីពហ្នឹង វាធំធេង ដែលក្រុមហ៊ុនអាបារម្ភពីឥទ្ធិពលរបស់សហជីព»។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកតំណាងឱ្យក្រុមហ៊ុន ណាហ្គា វើលដ៏ អ្នកស្រី ឌី សីហា បាននៅឡើយទេ។
សហជីពរបស់បានចាប់ផ្ដើមយុទ្ធនាការទាមទារលក្ខខណ្ឌការងារមួយចំនួន ជាពិសេស គឺទាមទារដំឡើងប្រាក់ឈ្នួល ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ និង ៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារនៅក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍។
នៅក្នុងការទាមទារប្រយោជន៍របស់ក្រុមកម្មករនេះដែរ កញ្ញា ឈឹម ស៊ីថរ កំពុងជាប់បណ្ដឹងរដ្ឋប្បវេណីមួយនៅតុលាការ ដែរគឺនាងត្រូវក្រុមហ៊ុនប្ដឹងទាមទារសំណងចំនួន ១លាន ៧សែនដុល្លារ ដោយសារតែការដឹកនាំធ្វើកូដកម្មនៅក្នុងឆ្នាំ២០១៣។ ពេលនេះតុលាការក៏កំពុងដំណើរការរឿងក្ដីនេះ ចូលទៅដល់អង្គសេចក្ដី។
ករណីនេះ ស៊ីថរ អះអាងថា នាងបានត្រៀមខ្លួនទុកជាមុនរួចហើយថា នាងនឹងជួបរឿងរ៉ាវទាំងនេះ នៅពេលដែលសេរីភាពសហជីពនៅកម្ពុជាមិនត្រូវបានធានាឱ្យបានពេញលេញនៅឡើយនេះ។ កញ្ញាបន្តថា ក្នុងនាមសហជីព ដែលការពារប្រយោជន៍បុគ្គលិកនាងមិនរាថយឡើយ គឺថែមទាំងចង់បង្ហាញថា ទៅយុវតីផ្សេងទៀតថា ត្រូវរឹងមាំប្រឈមមុខនឹងបញ្ហា ដែលកើតឡើងនៅក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីការពារយុត្តិធម៌។
នៅក្នុងរបាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ មកដល់ពេលនេះ មានបណ្ដឹងប្រឆាំងសហជីពចំនួនជាង ១៣០ករណីហើយ ក្នុងនោះមានទាំងករណីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ សង្គមស៊ីវិលមើលឃើញថា ក្រៅពីការធ្វើទុក្ខបុកម្នេញដោយផ្ទាល់ទៅលើសហជីព បទដ្ឋានច្បាប់មួយចំនួនក៏កំពុងរឹតត្បិតសិទ្ធិសេរីភាពសហជីព និងការចងក្រងសហជីព។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារមើលឃើញថា ក្នុងពេលដែលសេរីភាពសហជីពត្រូវគណៈកម្មការសហភាពអឺរ៉ុបចាត់ចូលថា ជាចំណុចទាមទារមួយ ដើម្បីឱ្យរដ្ឋាភិបាលកែប្រែឱ្យប្រសើរជាថ្នូរនឹងការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែអាវុធ ឬEBA ក៏ដោយ ក៏រដ្ឋាភិបាលនៅមិនទាន់ធ្វើឱ្យមានការប្រែពិតប្រាកដនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។