សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន៨០ ស្នើសុំ​រដ្ឋាភិបាល​ដក​សិទ្ធិ​វិនិយោគ​កោះកុង​ក្រៅ​ពី​ក្រុមហ៊ុន​លោក លី យ៉ុងផាត់

ដោយ ឡេង ម៉ាលី
2020.07.31
កោះកុងក្រៅ ទេសភាព​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ថ្លា​ដូច​កញ្ចក់ នៃ​កោះកុង​ក្រៅ ខេត្ត​កោះកុង។
រូប៖ ពី​វីឌីអូ​ជា​អង្គការ​មាតា​ធម្មជាតិ

សង្គម​ស៊ីវិល ក្រុមយុវជន និង​សហគមន៍​មូលដ្ឋាន​ចំនួន​៨០ ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​នៅថ្ងៃទី៣១ កក្កដា ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​សិទ្ធិវិនិយោគ​កោះកុង​ក្រៅ​ពីក្រុមហ៊ុន​លោក លី យ៉ុងផាត់ មក​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹងគម្រោង​វិនិយោគ​កោះកុង​ក្រៅជា​សាធារណៈ​ឡើយ។ ក្រសួង​បរិស្ថាន​ចាត់​ទុក​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល យុវជន និង​សហគមន៍​មូលដ្ឋាន​នេះថា ជា​របៀប​វារៈ​នយោបាយ​ទុច្ចរិត។

ក្រុម​យុវជន អង្គកា​រសង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​ចំនួន​៨០ យល់ថា ការ​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន​កោះកុង​អេសអ៊ីហ្សិត (Koh Kong SEZ) របស់​លោក លី យ៉ុងផាត់ ដើម្បី​អភិវឌ្ឍកោះកុង​ក្រៅទាំងមូល អាច​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះនោះ ដោយ​សារ​តែ​ក្រុមហ៊ុន​ធ្លាប់​មាន​ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិដីធ្លី និង​បំផ្លាញ​ធនធាន​ធម្មជាតិ។ ពួក​គេ​បារម្ភថា ការ​ផ្តល់​សិទ្ធិ​វិនិយោគ​នេះ នឹង​បណ្តាល​ឱ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ការ​សាងសង់​អាគារ​លើ​ឆ្នេរ​សមុទ្រ ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ ការ​បាត់​បង់​សោភ័ណភា​ព​ធម្មជាតិ​នៃ​កោះ ជាពិសេសគឺ​ការ​បាត់​បង់​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងមូល។

អង្គការ​សង្គម​ស៊ីវិល​ ក្រុម​យុវជន និង​សហគមន៍​មូលដ្ឋាន​ដែល​លើក​ឡើង​ពី​កង្វល់អំពី​គម្រោង​វិនិយោគ​ខ្វះតម្លាភាពនេះ មាន​ដូច​ជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការលីកាដូ (LICADHO) សមាគមបណ្តាញ​យុវជន​កម្ពុជា (CYN) ក្រុម​យុវជន​មាតាធម្មជាតិ ក្រុម​យុវជន​ខ្មែរ​ថាវរៈ សហគមន៍​ព្រៃឡង់ សហគមន៍​រងគ្រោះដីធ្លី​ខេត្ត​កោះកុង និង​សហគមន៍​ជាច្រើន​ទៀត។ ​ពួក​គេ​ស្នើ​​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់ ដើម្បី​រក្សា​សភាពដើម​នៃ​កោះ ទុក​ជា​តំបន់​ទេសចរណ៍​ធម្មជាតិបែប​ផ្សងព្រេង ជា​កន្លែង​សិក្សាស្រាវជ្រាវ​​ជីវចម្រុះ និង​ជា​កេរដំណែល​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ឆ្លើយតប​រឿងនេះ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សិក្សា​ពី​ផល​ប៉ះពាល់​ ដើម្បីកំណត់​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ និង​តំបន់​ដែល​ត្រូវ​អភិរក្សនៅកោះកុង​ក្រៅ។ តែជាមួយ​គ្នានេះ​ លោក​​ចោទ​ក្រុម​សង្គម​ស៊ីវិល យុវជន និង​សហគមន៍​មូលដ្ឋានថា កំពុង​យក​រឿង​កោះកុង​ក្រៅនេះ​ជា​លេស​ដើម្បី​ញុះញង់​បង្កចលាចល​សង្គម ដែល​លោក​ថា ជា​របៀប​វារៈនយោបាយ​ទុច្ចរិត៖ «ការ​ធ្វើ​យុទ្ធនាការ​ណាមួយ​ដោយ​យក​បញ្ហា​បរិស្ថាន​មក​ធ្វើជា​លេស​នៅ​ក្នុង​ការ​ញុះញង់​បង្ក​ចលាចល​សង្គម វា​ជា​របៀបវារៈ​នយោបាយ​ទុច្ចរិត ហើយ​ពួក​គេ​មិន​គួរ​មាន​ជំងឺ​តួឯក​ថា មានតែ​ខ្លួន​ទេ ជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នោះ»

សកម្មជន​បរិស្ថាន​មាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​នេះ​ គឺជាការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មិន​ស្រប​តាមច្បាប់​កម្ពុជា ដែល​ធានា​ពី​សិទ្ធិ និង​ករណី​យកិច្ច​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍​នេះស្តែង​ពី​កង្វល់​ និង​សំណើ​រួម​គ្នារបស់​ក្រុម​អង្គកា​​រ​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​ចំនួន៨០ មិន​មែន​ជា​ការ​លើក​ឡើង​របស់​មនុស្ស​តែម្នាក់ ឬ​ក្រុម​តែមួយ​នោះទេ។

លោក​ ថុន រដ្ឋា យល់ថា គឺ​ក្រសួង​បរិស្ថាន​ខ្លួន​ឯងទៅវិញទេ ដែល​មាន​ជំងឺតួឯកនិយម ព្រោះ​ក្រសួង​តែង​ហាម​ឃាត់​ និង​បំបិទ​សិទ្ធិពលរដ្ឋ​ដោយ​បំពាន នៅពេល​ពួក​គេ​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ ស្រប​តាម​ច្បាប់៖ «បើ​យើង​មើល​ទៅដូច​​ក្រសួង​បរិស្ថាន​ដើរ​តួជាជើងកាង អាច​ប្រហែល​ជា​មាន​រឿង​ខ្មៅ ឬ​ក៏​រឿង​ទុច្ចរិត​ណាមួយ​ដែល​យើង​មិន​ដឹង ហើយ​អាច​ថា​មាន​ឃុបឃិត​គ្នាអ៊ីចឹង​ទៅ។ អ៊ីចឹង​បាន​ជា​គេ​មិន​ចង់​ឱ្យ​ពួក​យើង​ខ្វល់​ខ្វាយ ហើយ​គេ​ចោទ​យើង​ទៅ​រក​នយោបាយផងថា ពួក​យើង​មាន​ជំងឺតួឯក​និយម​។ តាម​ពិត​ជាក់​ស្តែង​ហ្នឹង គាត់​ប្រហែល​ជា​ភ្លេច​មើល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ មាន​ច្បាប់​ក្រសួង​បរិស្ថាន​ ​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ចូល​រួម​កិច្ច​ការងារ​បរិស្ថាន​ដែល​ពួក​គាត់​ជា​អ្នក​តាក់​តែង​ឡើង​ផង​ដែរ»

ចំណែក ប្រធាន​កម្មវិធីនៃ​សមាគម​បណ្តា​ញយុវជន​កម្ពុជា (CYN) លោក ស ម៉ូរី ថ្លែង​ថា លោក​សោកស្តាយ​ដែល​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ចោទ​ប្រកាន់​ក្រុម​យុវជន និង​សកម្មជន​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនយោបាយដោយខ្វះភស្តុតាង​ នៅពេល​ពួក​គេ​ធ្វើ​សកម្មភាពការពារ​ធនធាន​ធម្មជាតិ។ លោក​ថា នេះ​បង្ហាញ​ឱ្យ​ឃើញច្បាស់ថា ក្រសួង​បរិស្ថាន​មិន​បាន​លើក​ទឹក​ចិត្ត​ដល់​ការងារ​ការពារ​ធនធាន​ធម្មជាតិ​នោះទេ ផ្ទុយ​ទៅវិញ​ក្រសួង​កំពុង​គំរាម​កំហែង​ និង​បំបាក់​ស្មារតីក្រុម​យុវជន និង​សកម្មជន​បរិស្ថាន៖ «យើង​ចង់​ឃើញ​ការ​អភិរក្ស​ធនធាន​ធម្មជាតិរបស់​ប្រទេស​កម្ពុជា​ប្រកប​ដោយ​តម្លា​ភាព ហើយ​និង​​និរន្តរភាព​ ហើយ​ចង់​ឱ្យ​រាជ​រដ្ឋាភិបាល​បង្ហាញ​អំពី​តម្លា​ភាព​នៃ​ការ​អភិវឌ្ឍ។ ជាពិសេស ដំណើរ​ការ​នៅក្នុង​ការ​ផ្តល់​ដី​សម្បទាន​នៅ​ក្នុង​​តំបន់​ណាមួយ​​ទៅ​ឱ្យ​​ក្រុមហ៊ុន​អភិវឌ្ឍ​ មិន​មែន​ជាការ​សម្រេច​ចិត្ត​បែប​ស៊ុមគ្រលុំ​ បែប​លាក់​លៀម​ពី​ប្រជាពលរដ្ឋ។ ការ​សម្រេច​ចិត្ត​កន្លកមក យើង​ឃើញថា វា​គ្មាន​​តម្លាភាព​​សម្រាប់​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​មិន​បាន​ចូល​រួម​នៅក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ឱ្យ​បាន​ពេញលេញ​ និង​ប្រកប​ដោយ​អត្ថន័យ»

កោះកុង ឬ​ដែល​អ្នក​គេ​និយម​ហៅថា កោះកុង​ក្រៅ នេះ គឺ​ជា​កោះធំ​ជាងគេ​នៅ​កម្ពុជា។ កោះ​នេះ​មាន​ផ្ទៃ ១០៣គីឡូម៉ែត្រ​ការ៉េ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទីរួម​ខេត្ត​កោះកុង។ កោះ​នេះ​សម្បូរ​ដោយ​សក្ដានុពល​ផ្នែក​ធនធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ រួមមាន​ព្រៃឈើ ឆ្នេរខ្សាច់​សក្បុស ទឹកសមុទ្រ​ថ្លា​ឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ។

ទោះ​ជា​បែបនេះក្តី រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​វិនិយោគ​កោះ​នេះ​ទាំងមូល​ដោយ​ស្ងាត់ៗ ទៅ​ឱ្យ​ក្រុមហ៊ុន​កោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជាសមាជិក​ព្រឹទ្ធសភា និង​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ប្រគល់​សិទ្ធិ​វិនិយោគ​នេះ ធ្វើឡើង​តាំងពី​ឆ្នាំ២០១៩ តែ​រដ្ឋាភិបាល​មិនបាន​បង្ហាញ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ឡើយ ទាល់តែ​ក្រុម​យុវជន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​កាលពី​ខែ​មិថុនា​ថ្មីៗ នេះ ទើប​រដ្ឋាភិបាល​សម្រេច​ទម្លាយ​ព័ត៌មាន​នេះ។ ការ​ទម្លាយ​ព័ត៌មាន​នេះ​ទៀតសោត រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ឱ្យ​លម្អិត​នោះ​ទេ ដោយ​គ្រាន់តែ​រំលេច​នៅ​ក្នុង​លិខិត​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ត្រួតពិនិត្យ​គម្រោង​អភិវឌ្ឍ​កោះកុង​របស់​ក្រុមហ៊ុន​អេសអ៊ីហ្សិត​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្ត្រា ​មិនបាន​​ឆ្លើយតប​នឹង​សំណួរទាក់ទង​នឹងការ​ចុះ​​ត្រួតពិនិត្យ ឬ​លទ្ធផល​ការ​ងារ​ត្រួតពិនិត្យ​របស់​គណៈកម្មការ​ថ្មីនេះទេ។

ដោយ​ឡែក បុគ្គលិកមួយរូប​ប្រចាំនៅ​ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ចពិសេសកោះកុង ឬហៅដោយ​ខ្លីថា កោះកុងអេសអ៊ីហ្សិត (Koh Kong SEZ) ប្រាប់​អាស៊ីសេរីថា រហូត​មក​ដល់​ពេល​នេះ ​គម្រោង​វិនិយោគនៅកោះកុង​ក្រៅ មិន​ទាន់​មាន​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ដឹកនាំនៅឡើយទេ។ បុគ្គលិក​ដដែល​បាន​បង្វែរ​សំណួរ​ផ្សេង​ទៀត​ទៅ​ក្រុមហ៊ុន​លីយ៉ុង​ផាត់ ដែល​ជា​ក្រុមហ៊ុន​មេវិញ។

អាស៊ីសេរី​បាន​ទាក់ទង​ទៅក្រុមហ៊ុន​លីយ៉ុងផាត់ (LYP Group) តាម​លេខ​ទូរស័ព្ទដែល​ក្រុមហ៊ុន​ដាក់​នៅលើ​គេហទំព័រ​របស់​ខ្លួន ប៉ុន្តែ​ទូរស័ព្ទ​ចូល​ ពុំ​មាន​អ្នក​ទទួល។ អាស៊ីសេរីក៏​បាន​ព្យាយាម​ទាក់ទងសុំ​ការ​បំភ្លឺ​រឿងនេះ​ពី​ម្ចាស់​ក្រុមហ៊ុន គឺលោក លី យ៉ុងផាត់ ដែរ តែទូរស័ព្ទ​របស់លោក​ មិន​អាច​ទាក់ទង​បាន​ នៅថ្ងៃទី៣១ កក្កដា។

សកម្មជន​បរិស្ថានមាតាធម្មជាតិ​ លោក ថុន រដ្ឋា អះអាងថា ក្រុម​យុវជន​នឹងបន្ត​យុទ្ធនាការ​សង្គ្រោះកោះកុង​ក្រៅ​ រហូត​ទាល់តែ​​រដ្ឋាភិបាល​ដាក់តំបន់​នេះ​​ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​ដក​ហូត​សិទ្ធិវិនិយោគ​កោះនេះ​ពីក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដែលមានកេរ្តិ៍ឈ្មោះ​អាក្រក់​ខាង​​​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ធនធាន​ធម្មជាតិនៅកម្ពុជា

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។