យុវជនពិការព្រួយបារម្ភរឿងអត់ការងារធ្វើ
2017.08.05
ការរើសអើងជនពិការនៅតែជាបញ្ហាក្នុងសង្គមកម្ពុជា នៅឡើយ។ យុវជនពិការមួយចំនួនអះអាងថា ពួកគេនៅតែប្រឈមនឹងការរើសអើងនៅពេលស្វែងរកការងារធ្វើដដែល។ បញ្ហានេះ ធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតរបស់ខ្លួន បើទោះបីជាពួកគេបានប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីជម្នះបញ្ហាពិការភាពក្តី។ អង្គការសង្គមស៊ីវិល ស្នើឱ្យវិស័យរដ្ឋ និងឯកជន អនុវត្តគោលការណ៍កំណត់កូតាជនពិការនៅកន្លែងការងារឱ្យបានត្រឹមត្រូវ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
យុវជនពិការមួយចំនួនដែលជានិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យ កំពុងព្រួយបារម្ភនឹងអនាគតរបស់ពួកគេ ក្រោយបញ្ចប់ការសិក្សា ដោយសារពួកគេធ្លាប់រងការរើសអើងនៅពេលដាក់ពាក្យស្វែងរកការងារធ្វើ។
យុវជន សៅ ចន គឺជានិស្សិតពិការម្នាក់ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ នៅឯសាកលវិទ្យាល័យមួយក្នុងខេត្តព្រៃវែង។ យុវនិស្សិតដែលមកពីខេត្តស្វាយរៀង រូបនេះថ្លែងថា រូបគេព្រួយបារម្ភជាខ្លាំងអំពីបញ្ហាការងារ ខណៈកំពុងសិក្សាឆ្នាំទី៤ ជិតបញ្ចប់ការសិក្សាទៅហើយនោះ។
យុវជន សៅ ចន ថ្លែងថា រូបគេធ្លាប់បានដាក់ពាក្យស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជនមួយចំនួននៅខេត្តព្រៃវែង ប៉ុន្តែអ្នកជ្រើសរើសបុគ្គលិកបានបង្ហាញការខកចិត្តនៅពេលឃើញរូបគេជាជនពិការ។
ដោយសារមិនមានសង្ឃឹមនឹងទទួលបានការងារនៅខេត្ត យុវជន សៅ ចន បានសម្រេចចិត្តឡើងមករាជធានីភ្នំពេញ ដោយទទួលបានការជួយទំនុកបម្រុងខ្លះពីអង្គការយុវជនពិការ និងការអភិវឌ្ឍ។ សព្វថ្ងៃនេះ សៅ ចន កំពុងបំពេញការងារជាអ្នកហាត់ការនៅអង្គការជនពិការកម្ពុជា ក៏ប៉ុន្តែបើទោះជាមានចំណេះ និងជំនាញខ្លះៗក្តី យុវនិស្សិតរូបនេះមិនប្រាកដទេថា នឹងអាចទទួលបានការងារធ្វើក្រោយបញ្ចប់ការសិក្សា៖ «បើគាត់គ្មានការងារធ្វើ អនាគតទៅគាត់មិនអាចចិញ្ចឹមជីវិតបានស្រួលនោះទេ ទោះជាគាត់ពឹងឪពុកម្ដាយ និងបងប្អូនក៏មិនអាចទៅរួចដែរ។ អ៊ីចឹងសូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន សូមឱ្យផ្ដល់ឱកាសការងារដល់គាត់ផង ព្រោះវាមានភាពលំបាកណាស់សម្រាប់ជនពិការ»។
ចំណែកឯជនពិការម្នាក់ទៀត គឺយុវជន រឿង បូនី ក៏បង្ហាញក្តីបារម្ភដូចគ្នានេះដែរ។ មានស្រុកកំណើតនៅខេត្តកំពង់ចាម យុវជន រឿង បូនី អះអាងថា រូបគេមិនដែលទទួលបានជំនួយណាមួយឡើយចំពោះការសិក្សាតាំងតែពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្ដមសិក្សា។ ការសិក្សាជាង ១០ឆ្នាំមកនេះ គឺទទួលបានការឧបត្ថម្ភទាំងស្រុងពីគ្រួសាររបស់គាត់។
សព្វថ្ងៃ បូនី កំពុងសិក្សាជំនាញគ្រប់គ្រង ឆ្នាំទី១ នៅសាកលវិទ្យាល័យឯកជនមួយក្នុងក្រុងភ្នំពេញ។ អ្វីដែលជាបំណងប្រាថ្នារបស់និស្សិតពិការជើងរូបនេះ គឺការទទួលបានការងារធ្វើ ក្រោយរូបគាត់រៀនចប់៖ «ខ្ញុំរៀនផ្នែកគ្រប់គ្រង ហើយផ្នែកនេះគេត្រូវការទាំងអស់ ទាំងកាយសម្បទានល្អជាដើម អ៊ីចឹងខ្ញុំមានការបារម្ភខ្លះដែរចំពោះបញ្ហាហ្នឹង។ មិនថាវិស័យរដ្ឋ និងឯកជនទេ សូមឱ្យគាត់លុបបំបាត់ការរើសអើងជនពិការ ព្រោះជនពិការក៏មានបេះដូង មានចិត្ត និងមានគំនិតធ្វើការងារឱ្យបានល្អដែរ»។
ការផ្ដល់ឱកាសការងារដល់ជនពិការត្រូវបានអ្នកជំនាញអះអាងថា មិនត្រឹមតែជួយឱ្យជនពិការមានប្រាក់ចំណូលចិញ្ចឹមជីវិតនោះទេ តែវាក៏ជាការលើកទឹកចិត្តដល់ជនពិការឱ្យមានសង្ឃឹមក្នុងជីវិតផងដែរ។ ម្យ៉ាងវិញទៀត វាស្របទៅនឹងការខំប្រឹងប្រែងលើកកម្ពស់សិទ្ធិជនពិការរបស់រាជរដ្ឋាភិបាលទៀតផង។
អនុក្រឹត្យស្ដីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងាររបស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១០ តម្រូវឱ្យស្ថាប័នរដ្ឋដែលមានមន្ត្រីចាប់ពី ៥០នាក់ ឡើងទៅត្រូវមានជនពិការ ២ភាគរយ និងវិស័យឯកជនដែលមានកម្មករ និយោជិត ១០០នាក់ឡើងទៅ ត្រូវមានជនពិការ ១ភាគរយ។
ទោះបីជាយ៉ាងណា អនុក្រឹត្យនេះ មិនទាន់ត្រូវបានអនុវត្តឱ្យបានពេញលេញនៅឡើយទេ ជាពិសេសនៅក្នុងវិស័យឯកជន។
ការអង្កេតសេដ្ឋកិច្ច និងសង្គម ឆ្នាំ២០១៤ បង្ហាញថា កម្ពុជាមានអត្រាពិការភាពប្រហែល ៤ភាគរយ ឬប្រហែលជាជាងកន្លះលាននាក់ (៥២៤.០០០) នៃចំនួនប្រជាជនសរុប។ ក៏ប៉ុន្តែជនពិការដែលបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន មានចំនួនសរុបតែជាង ៥ពាន់នាក់ (៥.៦០១) ប៉ុណ្ណោះ ពោលគឺប្រមាណ ១ភាគរយនៃចំនួនជនពិការសរុប។ ក្នុងចំណោមជនពិការដែលមានការងារធ្វើនោះ ជាង ៣ពាន់នាក់ បម្រើការក្នុងវិស័យរដ្ឋ (៣.៥២៩) និងជាង ២ពាន់នាក់ (២.០៧២) ក្នុងវិស័យឯកជន។
នេះគឺជាតួលេខទាបនៅឡើយ ដែលក្រុមអង្គការសង្គមស៊ីវិលផ្នែកជនពិការទាមទារឱ្យវិស័យរដ្ឋ និងឯកជន អនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍កំណត់កូតា ដែលដាក់ចេញដោយរដ្ឋាភិបាល។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន សង្កេតឃើញថា មានបញ្ហាប្រឈមមួយចំនួនដែលនៅតែជាឧបសគ្គសម្រាប់ជនពិការក្នុងការទទួលបានឱកាសការងារសមស្រប។ នោះគឺជាបញ្ហាសមត្ថភាពការងាររបស់ជនពិការខ្លួនឯង កង្វះការផ្ដល់ឱកាសពីវិស័យឯកជន និងហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងការងារមិនអំណោយផលសម្រាប់ជនពិការ៖ «ជនពិការអាចធ្វើការងារបាន ក៏ដោយសារគាត់មានឱកាសគ្រប់គ្រាន់ តែការបើកឱកាសក្នុងវិស័យឯកជនហាក់ដូចជានៅមានកម្រិតនៅឡើយ ដោយសារវិស័យឯកជនមានរាប់ម៉ឺននាក់ មានតែ ២ ឬ ៣ស្ថាប័ន ដែលបានផ្តល់ឱកាសដល់ជនពិការ។ ដូច្នេះ យើងទាមទារឱ្យមានការគោរពអនុក្រឹត្យឱ្យបានកាន់តែល្អប្រសើរពីវិស័យឯកជន ហើយរដ្ឋយើងធ្វើយ៉ាងម៉េចត្រូវតែបំពេញឱ្យបាន ២ភាគរយ ជាគំរូដល់ស្ថាប័នឯកជន»។
ទន្ទឹមនឹងនេះ ការអប់រំបណ្ដុះបណ្ដាលជនពិការឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដមួយ ក៏ជារឿងចាំបាច់ដែលត្រូវជួយដល់ជនពិការផងដែរ។
ប្រធានគម្រោងនៃអង្គការយុវជនពិការកម្ពុជា និងការអភិវឌ្ឍ លោក ញ៉ក់ គឹមហោ ថ្លែងថា សមត្ថភាពរបស់ជនពិការ ភាគច្រើននៅមានកម្រិត ដូច្នេះពួកគាត់ត្រូវការការលើកទឹកចិត្ត និងបំពាក់បំប៉នជំនាញបន្ថែម៖ «យើងត្រូវផ្ដល់ប្រឹក្សាយោបល់ឱ្យចំទិសដៅ និងស្ថានភាពរបស់គាត់ ហើយជនពិការគួរតែរើសជំនាញឱ្យសមស្របទៅតាមសមត្ថភាព កាយសម្បទាន និងពិការភាពរបស់គាត់»។
លោកក៏ស្នើឱ្យជនពិការត្រូវខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនទៅតាមចំណង់ចំណូលចិត្ត និងទៅតាមប្រភេទនៃពិការភាពរបស់ខ្លួន។
ទាក់ទងនឹងបញ្ហាជនពិការនេះដែរ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក កែវ បូរេន្ទ្រ បានថ្លែងកាលពីថ្ងៃទី២៤ ខែកក្កដា ក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់សិទ្ធិជនពិការថា នៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងដាក់ឱ្យដំណើរការរដ្ឋបាលសិទ្ធិជនពិការ ដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញសកម្មភាពការងាររបស់មូលនិធិជនពិការ សំដៅបង្កើនការកៀរគរធនធានដើម្បីជួយដល់ជនពិការ។
លោកប្រកាសថា ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវតែគោរពតាមអនុក្រឹត្យរបស់រដ្ឋាភិបាលស្ដីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ បើមិនដូច្នេះទេនឹងត្រូវទទួលរងការផាកពិន័យ៕