ពលរដ្ឋខេត្តព្រះសីហនុឡើងមកសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ឱ្យជួយការពារដីព្រៃសហគមន៍

ប្រជាសហគមន៍​ព្រៃឈើ​​ជាង​៦០​នាក់​មក​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្តព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​ឧសភា បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​នៅ​មុខ​ផ្ទះ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក​ ហ៊ុន​ សែន​ នៅ​ក្រុម​តាខ្មៅ​ខេត្ត​កណ្ដាល​និង​បាន​ដាក់​ញត្តិ​​ស្នើ​​ឱ្យ​ លោក ហ៊ុន សែន​ ជួយ​អន្តរាគមន៍​ការពារ​ព្រៃ​សហគមន៍​របស់​ពួកគាត់​។

តំណាង​សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន​នេះ ដោយសារ​ពួកគាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បាន​ដោះស្រាយ​​បញ្ហា​របស់​​ពួកគាត់​តាម​ការ​ស្នើ​សុំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។ ពួកគាត់​ទាមទារ​ឱ្យ​អាជ្ញាធរ​ធ្វើ​មោឃៈ​ប័ណ្ណ​កម្មសិទ្ធិ​ខុសច្បាប់​ ដែល​ជនខិលខូច​បាន​លួច​ចុះ​បញ្ជី លើ​ដី​ព្រៃ​សហគមន៍ ​ឱ្យ​លុប​ចោល​សំណើ​សុំ​ដីរដ្ឋចំនួន៩១ ហិកតារ ​ដែល​បាន​ជាន់​លើ​ព្រៃ​សហគមន៍​អ្នកតា​ថ្ម​ព្រង់ ​ដើម្បី​ធ្វើ​ជា​កន្លែង​ចាក់សំរាម ​របស់​ក្រុមហ៊ុន​ឯកជន​ និង​​​ស្នើ​ឱ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​សហគមន៍ ដើម្បី​ថែរក្សា​ព្រៃ​ទាំង​នោះ​ទុក​ជា​សម្បត្តិ​រួម​របស់​សហគមន៍។

សំណូម​ពរ​ឱ្យ​លុប​ប័ណ្ណ​លើ​ដី​នឹង​ចេញ​ទៅ​ ហើយ​សំណូម​ពរ​ឱ្យ​គាត់​ទុក​ព្រៃ​សហគមន៍​នៅ​ស្ថានភាព​ដដែល​ ។​ព្រោះ​ដើម្បី​ជា​ប្រយោជន៍​សហគមន៍​ ម្យ៉ាង​ទៀត​ព្រៃ​ឈើ​ដែល​យើង​ថែរក្សា​ម្ភៃ​សាមសិប​ឆ្នាំ​​នឹង​ដើម​វាធំៗ​ណាស់ ហើយ​រដូវ​ផ្សិត​រដូវ​ផ្លែឈើ​ អនុផល​ព្រៃឈើ​​គាត់​ទទួល​បាន​ពី​សហគមន៍​ច្រើន។

—  តំណាងពលរដ្ឋ

​ក្រោយ​ពី​​ប្រជាពលរដ្ឋ​បាន​លើក​បដា​ប្រមាណ​២០​នាទី​ មន្ត្រី​ខុទ្ទកាល័យ​ព្រឹទ្ធសភា​ម្នាក់​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពួកគាត់ ហើយ​បាន​ប្រាប់​​អ្នក​ភូមិ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សន្យា​ថា ​នឹង​ផ្ដល់​ដំណឹង​​ដល់​ពួកគាត់​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​ មន្ត្រី​​ដែល​មក​ទទួល​ញត្តិ​បាន​លើក​ហេតុ​ផល​ថា មូលហេតុ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ពួកគាត់​ ព្រោះ​អាជ្ញាធរ​រវល់​​ដោះស្រាយ​រឿង​ជម្លោះ​​ប្រដាប់​អាវុធ​នៅ​ព្រំដែន​កម្ពុជា​ថៃ​។ អ្នក​ភូមិ​បាន​រំសាយ​ការ​ជួប​ជុំ ​​ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្រោយ​ពេល​ដាក់​ញត្តិ​រួច​នៅ​ព្រឹក​ថ្ងៃ​ដដែល។​

ជុំ​វិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​(Adhoc)​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ​ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ​​ជា​សិទ្ធិ​សេរីភាព​ស្រប​តាម​ច្បាប់ ដោយសារ​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​បាន​ដោះស្រាយ​​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់។ លោក​បញ្ជាក់​ថា ​រដ្ឋាភិបាល​គួរតែ​ការពារ​ដី​ព្រៃ​សហគមន៍​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ។

យើង​ចង់​ឱ្យ​ថ្នាក់​ជាតិ​កុំ​បង្វិល​បញ្ហា​នេះ​ទៅ​ឱ្យ​ថ្នាក់​ខេត្ត​វិញ​ ព្រោះ​ទំនាស់​នេះ​ យើង​ឃើញ​ហើយ​ថា​ថ្នាក់​ខេត្ត​ហាក់​បី​ដូច​ព្រងើយកន្តើយ​។​អីចឹង​សុំ​ឱ្យ​ថ្នាក់​ជាតិ​នឹង​គឺ​ចាត់​មន្ត្រី​ហ្មង​ជា​ពិសេស​​ក្រសួង​ពាក់ព័ន្ធ​ ទី​មួយ​ក្រសួង​កសិកម្ម​ ចុះ​ទៅ​ពិនិត្យ​មើល​ ពាក់ព័ន្ធ​នឹង​សហគមន៍​ពាក់ព័ន្ធ​រដ្ឋបាល​ព្រៃឈើ​ ។​អីចឹង​ពិនិត្យ​មើល​ឡើង​វិញ​ថា បញ្ហា​ហ្នឹង​​យ៉ាង​ម៉េច​បាន​ជា​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ស្ងៀម​ ក្រសួង​រៀបចំ​ដែន​ ពិនិត្យ​មើល​ឡើង​វិញ​ពី​នីតិ​វិធី​​សាងសង់​សុរិយោដី​ហ្នឹង​ ហេតុ​បាន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​​ ក្លាយ​ទៅ​ជា​មាន​ប្លង់​របស់​ឯកជន​ទៅ​វិញ។

—  លោក យិន ម៉េងលី

សហគមន៍​ព្រៃឈើ​អ្នកតា​ថ្ម​ព្រង់ ​មាន​ផ្ទៃ​ដី​ជាង​៧០០​ហិកតារ​ ស្ថិត​នៅ​ឃុំ​កំពង់សីលា ។​ កន្លង​មក​ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ព្រះសីហនុ​ដើម្បី​ឱ្យ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​​ ប៉ុន្តែ​​គ្មាន​ដំណោះស្រាយ។ ញត្តិ​របស់​សហគមន៍​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​ធ្វើ​មោឃភាព​លើ​ប្លង់​ដី​ឯកជន​ដែល​ក្រុម​ហ៊ុន​បាន​ទិញ ជាន់​លើ​ដី​ព្រៃ​សហគមន៍ និង​ជួយ​ការពារ​ដី​ព្រៃ​សហគមន៍​ ដែល​ពួកគាត់​បាន​ការពារ​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​មក​ហើយ។

​​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ព្រមាន​ថា ប្រសិន​បើ​លោក ហ៊ុន សែន​ មិន​បាន​ដោះស្រាយ​តាម​សំណើ​របស់​ពួកគាត់​ទេ​នោះ​ ពួកគាត់​នឹង​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​របស់​លោក ហ៊ុន សែន និង​​ក្រសួង​ពាក់ព័ន្ធ​បន្ត​ទៀតក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។