មេទ័ពជួរមុខកម្ពុជានិងថៃជួបគ្នាដើម្បីបង្កើតទំនាក់ទំនងឡើងវិញ ក្រោយមានបទឈប់បាញ់

ក្រុមមេបញ្ជាការភូមិភាគកម្ពុជានិងថៃ ដែលជាទ័ពជួរនៅតាមព្រំដែន បានជួបចរចាគ្នាដើម្បីកសាងទំនាក់ទងគ្នាឡើងវិញ និងព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ តាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់គ្នា ដែលសម្រេចឡើងដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ តាមការសម្របសម្រួលរបស់ប្រធានអាស៊ាន។

ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា​និង​ថៃ បាន​ស្ងប់ស្ងាត់​លែង​ឭ​សំឡេង​គ្រាប់​ផ្លោង​នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ខណៈ​បណ្ដា​មេបញ្ជាការ​ទ័ព​ជួរ​មុខ​កម្ពុជា​និង​ថៃ ក្នុង​នោះ​រួមមាន មេបញ្ជាការ​យោធភូមិ​ភាគ​ទី៤កម្ពុជា​លោក ពៅ ហេង និង​មេបញ្ជាការ​យោធ​ភូមិភាគ២ថៃ លោក ប៊ុនស៊ីង ផាកខ្លាង (Boonsin Padklang) បាន​ជួប​ចរចា​គ្នា​ដើម្បី​អនុវត្ត​តាម​បទ​ឈប់​បាញ់ នៅ​ច្រកទ្វារ​អន្តរជាតិ​អូស្មាច់ ខេត្ត​ឧត្តរមានជ័យ និង​ខេត្តសុរិន្ទ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​កងទ័ព​ភូមិភាគ​កម្ពុជា-ថៃ គឺ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា គោរព​បទ​ឈប់បាញ់ ឈប់​បង្កើន​ទ័ព ភ្ជាប់​ទំនាក់ទំនង និង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក និង​ឆ្លង​យោបល់​ថ្នាក់​លើ​ប្រសិន​បើ​មាន​បញ្ហា​ណា​មួយ។ អ្នកស្រី​បាន​បន្ត​ថា កិច្ច​ព្រមព្រៀង​ឈប់​បាញ់​បាន​ចង​នូវ​លក្ខខណ្ឌ​មួយ​ដើម្បី​ឱ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ​អនុវត្ត។

លក្ខខណ្ឌ​ទាំង​អស់​នោះ រួមមាន​ទី​១ ឈប់​បាញ់​គ្នា ទី២ មិន​ឱ្យ​មាន​ការ​ចល័ត​ទ័ព​ឬ​បន្ថែម​ទ័ព ទី៣ កងទ័ព​នៃ​ភាគី​ទាំង​ពីរ​ត្រូវ​រក្សា​នៅ​ទីតាំង​ដដែល​រាប់​ចាប់​តាំង​ពី​ម៉ោង ២៤​និង​០០​នាទី ម៉ោង​នៅ​ក្នុង​តំបន់​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង​ទី៤ ត្រូវ​បង្កើត​ក្រុម​ការងារ​ទំនាក់ទំនង ដើម្បី​ធ្វើ​ការជា​មួយ​គ្នា​។

—  អ្នកស្រី ម៉ាលី សុជាតា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ទៀ ស៊ីហា ក៏​បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា កងទ័ព​កម្ពុជា​បាន​អត់ធ្មត់​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​តាំង​ពី​ម៉ោង១២យប់ ហើយ​លោក​ក៏​បាន​ហៅ​ទូរស័ព្ទ​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្ដីទី​របស់​ថៃ ដើម្បី​ច្រាលចោល​ការ​លើកឡើង​ពី​ភាគី​ថៃ ដែល​ចោទ​ថា​កងទ័ព​កម្ពុជា​មិន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ។

លោក ទៀ សីហា បាន​បញ្ជាក់​ទៀត​ថា ក្រសួង​ការពារ​ជាតិ​នឹង​ដឹកនាំ​បណ្ដា​អង្គទូត និង​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជា ចុះ​ទៅ​ឃ្លាំមើល​ទីតាំង​និង​សភាពការណ៍​ជាក់ស្ដែង​តាម​ព្រំដែន ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​ម៉ឺងម៉ាត់​របស់​កងទ័ព​កម្ពុជា​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា។

ប្រធាន​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម TruthSocial ថា លោក​បាន​ហៅ​ទូរស័ព្ទ​ជាថ្មី​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដើម្បី​អបអរ​សាទរ​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដើម្បី​ទទួល​សន្ដិភាព តាម​សំណើ​របស់​លោក។ លោក ត្រាំ បាន​បន្ត​ថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​អាមេរិក​ចាប់​ផ្ដើម​ចរចា​រឿង​ពន្ធ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​និង​ថៃ​ឡើង​វិញ តាម​ការ​សន្យា​របស់​លោក។

ក្រៅ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក បណ្ដា​ប្រទេស​ធំៗ ជាច្រើន​ផ្សេង​ទៀត រួម​មាន​ចិន ជប៉ុន អង់គ្លេស បារាំង និង​សហភាព​អឺរ៉ុប​បាន​ចេញ​សារ​បន្តបន្ទាប់ សាទរ​ចំពោះ​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា និងថៃ តាម​ការ​សម្របសម្រួល​ពី​ប្រធាន​ប្ដូរ​វេន​អាស៊ាន​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។​

បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា អគ្គ​មេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី​លោក ម៉ូដ នីហ្សាម ប៊ីន ចាហ្វា (Mohd Nizam bin Jaffar) បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២៩ ខែ​កក្កដា​នេះ ដើម្បី​ជួប​ជាមួយ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន ដើម្បី​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​ស្ដារ​ស្ថិរភាព​ឡើង​វិញ​រវាង​កម្ពុជា​និង​ថៃ។

ជម្លោះ​ប្រដាប់​អាវុធ​តាម​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​រយៈពេល​៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី២៨​ខែកក្កដា បាន​បណ្ដាល​ឱ្យ​ជន​ស៊ីវិល​និង​កងទ័ព​ប្រទេស​ទាំង​សង​ខាង ស្លាប់​និង​របួស​ជាច្រើន​នាក់ ក្នុង​នោះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​ចាក​ចោល​ពី​ផ្ទះ​សម្បែង​ដើម្បី​គេច​ចេញ​ពី​គ្រាប់​ផ្លោង ខណៈ​កងទ័ព​ថៃ បាន​ប្រើប្រាស់​ធន់​ធ្ងន់​បំពាន​ច្បាប់​អន្តរជាតិ ដូចជា គ្រាប់​បែក​ចង្កោម ផ្សែង​គីមី និង​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 វាយ​ប្រហារ​មក​លើ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​នឹង​រៀបចំ​គោល​នយោបាយ​សម្រាប់​គាំទ្រ​យុទ្ធជន​របួស និង​ក្រុម​គ្រួសារ​យុទ្ធជន​ពលី​ឱ្យ​បាន​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។