មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ លោកឧត្ដមសេនីយ៍ នាក់ វង្ស បានប្រាប់បណ្ដាអនុព័ន្ធយោធាបរទេសនៅថ្ងៃទី១០ ខែសីហាថា ក្រោយបទឈប់បាញ់មួយថ្ងៃ កងទ័ពថៃបានបញ្ជូនកម្លាំងឡើងមកប្រាសាទតាមាន់ធំ និងបានដាក់បាវខ្សាច់ធ្វើលេណដ្ឋានសម្រាប់ឈរជើងគ្រប់គ្រងប្រាសាទ ទោះជាមានការហាមឃាត់ឱ្យដកថយពីកងទ័ពកម្ពុជាយ៉ាងណាក្ដី។ លោកបានបន្តថា ផ្ទុយទៅវិញ កងថៃបានរាយបន្លាលួសព័ទ្ធប្រាសាទ ហើយបានប្រើគ្រាប់ជំពាមបាញ់មកលើកងទ័ពកម្ពុជាថែមទៀត។
ក្រោយបទឈប់បាញ់ហ្នឹង គឺថ្ងៃទី១ ថៃបានចូលក្នុងប្រាសាទ ហើយបានរៀបចំបាវខ្សាច់ធ្វើជាលេណដ្ឋាន ហើយឥឡូវនេះ វាចាប់ផ្ដើមរាយបន្លាលួសម្ដង។ យើងទៅហាមឃាត់យ៉ាងម៉េច ក៏គេអត់ធ្វើតាមដែរ។
— លោក នាក់ វង្ស
លោក នាក់ វង្ស បានប្រាប់ដំណឹងនេះទៅកាន់ក្រុមអនុព័ន្ធយោធាបរទេស មកពីស្ថានទូតអូស្ដ្រាលី (Australia) អង់គ្លេស (England) កាណាដា (Canada) ចិន (China) បារាំង (France) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) ឡាវ (Laos) និងវៀតណាម (Vietnam) ដែលបានចុះទៅពិនិត្យការរស់នៅរបស់ជនភៀសសឹក និងស្ថានភាពបទឈប់បាញ់នៅតាមព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោក នាក់ រង្ស បានបញ្ជាក់ទៀតថា ដោយសារតែមានបទឈប់បាញ់ កងទ័ពកម្ពុជាមិនបានប្រើប្រាស់កម្លាំងបណ្ដេញកងទ័ពថៃចេញឡើយ ដោយគ្រាន់តែរាយការណ៍ប្រាប់ទៅរដ្ឋាភិបាលប៉ុណ្ណោះ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានលើកឡើងថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ យោធាថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែកដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យកងទ័ពកម្ពុជាអនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ហាក់កំពុងកាត់ទឹកដីឱ្យថៃ ដើម្បីប្ដូរយកសន្ដិភាព បន្ទាប់ពីកងទ័ពថៃអាចចូលមកគ្រប់គ្រង និងរាយបន្លាលួសយកប្រាសាទតាមាន់ធំ និងច្រកអានសេះដោយសេរី។
ខ្ញុំជឿថា ថៃនឹងទាមទារគ្រប់គ្រងរួមប្រាសាទតាមាន់ធំជាមួយកម្ពុជាឡើងវិញ កម្ពុជាយើងគ្មានជម្រើស ក៏អនុញ្ញាតឱ្យថៃគ្រប់គ្រងរួមនៅប្រាសាទតាមាន់ធំ។ ដូច្នេះ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យថៃគ្រប់គ្រងប្រាសាទតាមានធំ ការធ្វើសង្គ្រាមប៉ុន្មានថ្ងៃហ្នឹង គឺអត់មានន័យ។ ធ្វើសង្គ្រាមធ្វើអី បើឱ្យថៃគ្រប់គ្រងឡើងវិញជាមួយយើង នៅប្រាសាទតាមាន់ធំដដែល អ៊ីចឹងការពលីជីវិតរបស់ទាហានខ្មែរ ដែលការពារប្រាសាទតាមាន់ធំ ទៅជាអត់ន័យ។
— លោក អ៊ុំ សំអាន
ក្រសួងការពារជាតិកម្ពុជាបានប្រកាសព័ត៌មាននៅយប់ថ្ងៃទី១០ ខែសីហា បានស្នើឱ្យសហគមន៍អន្តរជាតិ ដែលបានជួយឱ្យកម្ពុជានិងថៃមានបទឈប់បាញ់យ៉ាងលំបាកត្រូវជំរុញទៅភាគីថៃឱ្យគោរពបទឈប់បាញ់ឱ្យបានពេញលេញ។ ការជំរុញនេះ ក្រោយពីមេបញ្ជាការយោធភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀត ចង់ប្រើកម្លាំងកងទ័ពជាលើកទី២ ដើម្បីវាយដណ្តើមចូលកាន់កាប់ប្រាសាទតាក្របី និងចង់បិទប្រាសាទតាមាន់ធំ ដែលជាប្រាសាទស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ក្រសួងការពារជាតិបញ្ជាក់ថាការប្រកាសរបស់មេទ័ពភូមិភាគ២ថៃរូបនេះជាភស្តុតាងបញ្ជាក់ពីការបង្កហេតុនិងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនានិងគិតទុកជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
