អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែសីហាថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន បានសរសេរលិខិតដាច់ដោយឡែកចំនួនពីរចុះថ្ងៃទី១១ ខែសីហា ផ្ញើទៅប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ កំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដោយសារកងទ័ពថៃបានបង្កើនការរំលោភចូលដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
លោកបានបន្តថា នៅក្នុងលិខិតនោះ បានលើកឡើងពីសកម្មភាពទាហានថៃបញ្ជូនគ្រឿងចក្រធន់ធ្ងន់ចូលឈូសឆាយធ្វើផ្លូវ និងជីកលេណដ្ឋានជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា រួមទាំងរាយបន្លាលួស និងរុះរើផ្ទះសម្បែងពលរដ្ឋខ្មែរនៅចំណុចច្រកអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាដើម។
ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។ ចាប់តាំងពីបទឈប់បាញ់ចូលធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងកម្លាំងយោធាថៃ បានបន្តជ្រៀតចូលទឹកដីដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។
— លោក ជុំ សុន្ទរី
លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា លោក ប្រាក់ សុខុន ក៏បានរាយការណ៍ទៅអង្គការសហប្រជាជាតិ ជុំវិញការព្រមានកាលពីថ្ងៃទី១០ ខែសីហា របស់មេទ័ពភូមិភាគ២របស់ថៃគឺលោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) ដែលថានឹងវាយចូលកាន់កាប់ប្រាសាទតាក្របី រួមទាំងបិទប្រាសាទតាមាន់ធំ ខណៈប្រាសាទទាំងនោះ ស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីទទួលស្គាល់ជាអន្តរជាតិខ្នាត១លើ២០០ពាន់ ផលិតឡើងពីគណៈកម្មការព្រំដែនចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រួមទាំងឯកសារមានតម្លៃជាគតិយុត្តិជាច្រើនផ្សេងទៀត។
លោកបានបញ្ជាក់ថា កម្ពុជាទាមទារឱ្យកងទ័ពថៃគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលត្រូវបញ្ឈប់ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ រួមទាំងត្រូវដកកម្លាំងនិងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជា ហើយអនុវត្តឱ្យបានពេញលេញនិងដោយគ្មានលក្ខខណ្ឌនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី០៧ ខែសីហា។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅក្នុងប្រទេសម៉ាឡេស៊ីថា កងទ័ពប្រទេសទាំងពីរ មិនត្រូវដាក់ពង្រាយកម្លាំងបន្ថែម មិនត្រូវចល័តឬដើរល្បាតរុលចូលមកទីតាំងភាគីម្ខាងទៀត និងមិនត្រូវសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅព្រំដែនជាដើម។
ទោះជាយ៉ាងណា កងទ័ពថៃបានរំលោភលើលក្ខខណ្ឌឈប់បាញ់នេះ ដូចជាដាក់គ្រឿងចក្រធ្វើផ្លូវនិងលេណដ្ឋានចូលទឹកដីកម្ពុជា រួមទាំងដាក់ពង្រាយកម្លាំងបន្ថែម រាយបន្លាលួស ដាក់បាវខ្សាច់ធ្វើលេណដ្ឋានក្នុងប្រាសាទតាមាន់ធំ និងប្រើជំពាមបាញ់គ្រាប់ឃ្លីនិងកូនដុំដែកមកលើកងទ័ពកម្ពុជាជាដើម។
នៅថ្ងៃទី១២ ខែសីហា អ្នកនាំពាក្យយោធាថៃ លោក វិនថៃ ស៊ូវារី (Winthai Suvaree) បានលើកឡើងថា កងទ័ពថៃនឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីឆ្លើយតបកងទ័ពកម្ពុជា ខណៈមេបញ្ជាការភូមិភាគ២របស់ថៃក៏បានលើកឡើងថា កងទ័ពថៃកំពុងត្រៀមចាត់វិធានការឆ្លើយតបមួយចំនួន បន្ទាប់ពីទាហានថៃម្នាក់ទៀតបានជាន់គ្រាប់មីនរបួសនៅតំបន់ប្រាសាទតាមាន់ធំ។
ឆ្លើយតបករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ជាថ្មីថា ករណីផ្ទុះគ្រាប់មីននេះ ដោយសារទាហានថៃបន្តដើរល្បាតចូលមកទឹកដីកម្ពុជា ក្នុងតំបន់ដែលកម្ពុជាតែងតែរំឭកពីគ្រាប់មីនមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ហើយកម្ពុជាពុំបានដាក់គ្រាប់មីនថ្មី ដូចការចោទប្រកាន់គ្មានមូលដ្ឋានពីភាគីកងទ័ពថៃឡើយ។ ក្រសួងការពារជាតិកម្ពុជាជំរុញឱ្យភាគីថៃ ត្រូវបើកការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិត ហើយបញ្ឈប់ការសន្និដ្ឋាននាំឱ្យមានការយល់ច្រលំ ធ្វើឱ្យការប្រឈមមុខដាក់គ្នាកាន់តែតានតឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
