មន្ត្រីបក្សប្រឆាំងថា ចិនគួរផ្អាកសមយុទ្ធទ័ពអាកាសជាមួយថៃ ប្រសិនបើជាមិត្តដែកថែបកម្ពុជា

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា ចិននិងថៃបានកំណត់ពេលធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពដែនអាកាសរួមគ្នានៅចុងខែកញ្ញានេះនៅក្នុងប្រទេសថៃ។ មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ប្រសិនបើចិនចាត់ទុកកម្ពុជាជាមិត្តដែកថែប ចិនគួរផ្អាកការធ្វើសមយុទ្ធជាមួយថៃ ដែលបានប្រើទ័ពអាកាសឈ្លានពានទឹកដីកម្ពុជា។

សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ (Xinhua) បាន​ចុះ​ផ្សាយ​ដោយ​ដកស្រង់​ព័ត៌មាន​ពី​គេហទំព័រ​ក្រសួង​ការពារ​ជាតិ​ចិន​ថា ប្រទេស​ចិន​នឹង​បញ្ជូន​យន្តហោះ​យោធា​ជាច្រើន​ប្រភេទ និង​កងទ័ព​ការពារ​ដែន​អាកាស​មក​កាន់​ប្រទេស​ថៃ ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​ទ័ព​អាកាស​រួមគ្នា។

មន្ត្រីបក្សប្រឆាំងថា ចិនគួរផ្អាកសមយុទ្ធទ័ពអាកាសជាមួយថៃ ប្រសិនបើជាមិត្តដែកថែបរបស់កម្ពុជា មន្ត្រីគណបក្សប្រឆាំងថា ចិនគួរផ្អាកការធ្វើសមយុទ្ធជាមួយថៃ ដែលបានប្រើទ័ពអាកាសឈ្លានពានទឹកដីកម្ពុជា។

ប៉ុន្តែ​ភាគី​ចិន​និង​ថៃ​មិន​ទាន់​បញ្ជាក់​ថ្ងៃ​ពិត​ប្រាកដ ចំពោះ​ការ​ធ្វើ​សមយុទ្ធ​នៅ​ចុង​ខែ​កញ្ញា​នេះ​នៅ​ឡើយ​ទេ។.

ក្រសួង​ការពារ​ជាតិ​ចិន​ក៏​បញ្ជាក់​ថា សមយុទ្ធ​យោធា​រួម​គ្នា​នេះ ដើម្បី​ពង្រឹង​ជំនាញ​បច្ចេកទេស​និង​យុទ្ធសាស្ដ្រ​នៃ​កងទ័ព​ដែល​ចូលរួមហ្វឹកហ្វឺន និង​ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​នៃ​វិស័យ​យោធា​ប្រទេស​ទាំង​ពីរ។

ចិន​និង​ថៃ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ដែនអាកាស​ប្រចាំ​ឆ្នាំ​តាំង​ពី​ឆ្នាំ២០១៥ នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​របស់​ថៃ ស្ថិត​នៅ​ខេត្ត​ឧដនថានី (Udon Thani) ភាគ​ឦសាន​នៃ​ប្រទេស។ ប៉ុន្តែ​ការ​ធ្វើ​សមយុទ្ធ​ដែន​អាកាស​នៅ​ឆ្នាំ​២០២៥​នេះ បាន​ធ្វើ​ឡើង​ចំ​ពេល​ថៃ​កំពុង​មាន​ជម្លោះ​ព្រំដែន​ដ៏​តានតឹង​ជាមួយ​កម្ពុជា ដែល​ជា​មិត្ត​ដែក​ថែប​របស់​ចិន។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​បញ្ហា​សង្គម​និង​នយោបាយ​លោក ប៉ោ មករា បាន​លើកឡើង​ថា សមយុទ្ធ​ដែន​អាកាស​រវាង​ចិន-ថៃ​នេះ អាច​ជា​សមយុទ្ធ​ជា​ប្រពៃណី​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​អាច​បង្កប់​របៀបវារៈ​នយោបាយ​របស់​ប្រទេស​ថៃ​ផង។

បើ​យើង​ងាក​មក​មើល​ក្នុង​របៀបវារៈ​នយោបាយ​វិញ យើង​ឃើញ​ថា ថៃ​កំពុង​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ការទូត​ទៅ​លើ​ឆាក​អន្តរជាតិ​ដែរ ជាពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ជា​មហាអំណាច ដូច​ជា​ចិន និង​សហរដ្ឋអាមេរិក។ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​មក នយោបាយ​ការទូត​របស់​ថៃ ហាក់​បី​ដូច​ជា​ធ្លាក់​ចុះ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស​មហា​អំណាច។

—  លោក ប៉ោ មករា

នៅ​ក្នុង​សង្គ្រាម​រយៈពេល​៥​ថ្ងៃ​ជាមួយ​កម្ពុជា គឺ​ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៨ ខែកក្កដា កងទ័ព​អាកាស​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 និង​យន្តហោះ​ចម្បាំង Gripen រួម​ទាំង​ដ្រូន បើក​ការ​វាយប្រហារ​ឈ្លានពាន​លើ​កម្ពុជា បណ្ដាល​ឱ្យ​ស្លាប់​ទាំង​ទាហាន​និង​ជនស៊ីវិល រួម​ទាំង​បំផ្លាញ​ផ្ទះ​សម្បែង វត្តអារាម និង​ប៉ះពាល់​ប្រាសាទ​ព្រះវិហារ​ជាដើម។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​មើលឃើញ​ថា ការ​បន្ត​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​ចិន-ថៃ បាន​បង្ហាញ​ថា ចិន​មិន​បាន​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប និង​មាន​ទំនាក់ទំនង​ជា​ត្បូងពេជ្រ ដូច​កម្ពុជា​បាន​ចាត់ទុក​ចិន​នោះ​ទេ។ លោក​បាន​បន្ត​ថា ចិន​គ្រាន់​តែ​យក​កម្ពុជា​ជា​ឧបករណ៍​ប្រើប្រាស់​ឱ្យ​គាំទ្រ​ចិន​នៅ​ឆាក​អន្តរជាតិ ជុំវិញ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ប៉ុណ្ណោះ។

មាន​ន័យ​ថា ចិន​គ្រាន់​តែ​ទុក​កម្ពុជា​ជា​កូន​ជឹង​របស់​ខ្លួន ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ពង្រីក​អំណាច​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​និង​ដើម្បី​ជួយ​ការពារ​ចិន​ក្នុង​ទំនាស់​ភូមិសាស្ដ្រ​នយោបាយ ហើយ​ដើម្បី​ឱ្យ​កម្ពុជា​ជួយ​ជំទាស់​ចំពោះ​សមាជិក​អាស៊ាន​ណា ដែល​ចង់​ប្រឆាំង​ចិន ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ហ្នឹង មាន​ទំនាស់​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

—  លោក អ៊ុំ សំអាន

កាល​ពី​ខែ​ឧសភា ចិន-កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​នាគមាស​ប្រចាំ​ឆ្នាំ​លើក​ទី​០៧ ទាំង​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស ប៉ុន្តែ​ផ្ដោត​តែ​ទៅ​លើ​ការ​ប្រឆាំង​ភេរវកម្ម និង​ការងារ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌។ សហរដ្ឋ​អាមេរិក​បាន​មើលឃើញ​ថា ចិន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា ដើម្បី​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​អាច​គំរាមកំហែង​ដល់​សន្ដិសុខ​និង​សន្ដិភាព​នៅ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។