ក្រុមពលរដ្ឋខ្មែរមួយចំនួនដែលសន្លប់បាត់ស្មារតីដោយសារត្រូវផ្សែងបង្ហូរទឹកភ្នែក និងទាហានខ្មែរម្នាក់ដែលរបួសធ្ងន់ត្រង់ភ្នែកដោយសារត្រូវគ្រាប់កាំភ្លើងជ័រ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបង្ក្រាយដោយហិង្សាពី ក្រុមទាហានថៃប្រដាប់ដោយអាវុធ អមដោយក្រុមប៉ូលិសថៃបង្ក្រាបបាតុកម្មប្រដាប់ដោយខែល និងដំបង។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងនៅសន្និសីទសារព័ត៌មានថា ក្រុមទាហាននិងប៉ូលិសថៃ បានប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ជំពាមបាញ់គ្រាប់ឃ្លី និងគ្រាប់កាំភ្លើងជ័រ រួមទាំងប្រើឧបករណ៍បំពងសំឡេងដែលធ្វើឱ្យប៉ះពាល់ត្រចៀកនិងខួរក្បាល ដើម្បីបង្ក្រាបមកលើក្រុមពលរដ្ឋ និងព្រះសង្ឃខ្មែរ ដែលលើកគ្នាតវ៉ារារាំងការបន្តរាយបន្លាលួសរំលោភយកដីខ្មែរនៅភូមិព្រៃចាន់។ លោក ប៉ែន បូណា បានបន្តថា ពលរដ្ឋ និងព្រះសង្ឃខ្មែរ រួមទាំងកងកម្លាំងចម្រុះខ្មែរដែលគ្មានអាវុធក្នុងដៃបានឈរពាំងការពារពលរដ្ឋ បានរងរបួសសរុប២៤នាក់ ដោយសារការបង្ក្រាបពីក្រុមកងកម្លាំងប្រដាប់អាវុធរបស់ថៃ។ លោកបានអំពាវនាវឱ្យភាគីថៃគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលទាំងពីរ នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាព្រំដែននាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើឈ្លានពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់។
— លោក ប៉ែន បូណា
ករណីបង្ក្រាបដោយហិង្សាពីក្រុមកងកម្លាំងរបស់ថៃនេះ បានកើតឡើងត្រឹមរយៈពេលខ្លី ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល ដឹកនាំដោយមន្ត្រីយោធាម៉ាឡេស៊ី បានបញ្ចប់ការចុះសង្កេតដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ នៅភូមិព្រៃចាន់។
ពាក់ព័ន្ធនឹងការរាយបន្លាលួសរបស់ទាហានថៃនៅភូមិព្រៃចាន់ និងភូមិជោគជ័យនេះ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានជួបពិភាក្សាជាមួយអភិបាលខេត្តស្រះកែវរបស់ថៃលោក ផារិនយ៉ា ពោធិសាត់ (Parinya Phothisat) នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងប៉ោយប៉ែត និងបានស្នើឱ្យភាគីថៃត្រូវរក្សាស្ថានភាពដើមនៃព្រំដែន ហើយអនុញ្ញាតឱ្យពលរដ្ឋខ្មែរអាចចូលទៅរស់នៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនវិញ រួមទាំងមិនត្រូវបញ្ជូនជនជាតិថៃចូលមកកាន់កាប់តំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាជាដើម។
ការលើកឡើងនេះ ស្របពេលសារព័ត៌មានថៃ Khoasod បានចុះផ្សាយថា ទាហានថៃគ្រោងនឹងបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងនៅភូមិព្រៃចាន់និងភូមិជោគជ័យនៅថ្ងៃទី២៦ ខែកញ្ញា ដែលទាហានថៃអះអាងថា ជាទឹកដីរបស់ខ្លួនស្ថិតនៅក្នុងខេត្តស្រះកែវ។
ក្រសួងការបរទេសខ្មែរនៅថ្ងៃទី១៧ ខែកញ្ញា បានចេញសេចក្ដីប្រកាសព័ត៌មានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅមេដឹកនាំពិភពលោក មានដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ដើម្បីសុំឱ្យជួយអន្តរាគមន៍ទៅប្រទេសថៃ គោរពតាមបទឈប់បាញ់និងកិច្ចព្រមព្រៀងកម្ពុជា-ថៃឱ្យបានពេញលេញ។
នៅក្នុងលិខិតនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ទាហានថៃបានពង្រីកតំបន់ជម្លោះ ដោយសារការរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ហើយបានបណ្ដេញពលរដ្ឋខ្មែរ២៥គ្រួសារចេញពីផ្ទះសម្បែង រួមទាំងការគំរាមបណ្ដេញពលរដ្ឋខ្មែររាប់រយគ្រួសារបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ទាហានថៃមានបំណងប្រើកម្លាំងដណ្ដើមយកទឹកដីនៅទីតាំងចំនួន១៧ផ្សេងទៀតពីកម្ពុជា គឺចាប់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។