អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា នៅក្នុងកិច្ចប្រជុំលើកដំបូង ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ រវាងក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃលើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្ដោយព្រំដែននៅថ្ងៃទី២៤ ខែកញ្ញា គឺបានប្រកាសពីសមាសភាពក្រុមការងារ និងបានផ្លាស់ប្ដូរឯកសារសម្រាប់បន្តការពិភាក្សាគ្នានៅពេលបន្ទាប់ទៀត។
អ្នកស្រីបានបន្តថា នៅក្នុងកិច្ចប្រជុំ ភាគីកម្ពុជាបានបញ្ជាក់ប្រាប់ទៅភាគីថៃថា រាល់សកម្មភាពដោះមីនមនុស្សធម៌តាមបណ្ដោយព្រំដែនខាងមុខ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរឡើយ ពីព្រោះការងារនេះ ជាដែនសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រមដែនកម្ពុជា-ថៃ (JBC)។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ទៀតថា កម្ពុជាបានចាប់ផ្ដើមដោះមីនមនុស្សធម៌អស់រយៈពេល៣៣ឆ្នាំមកហើយ ដោយបានរំដោះផ្ទៃដីជាង ៣ពាន់ (៣.៣០៧) គីឡូម៉ែត្រការ៉េ ហើយបានបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់ រួមទាំងបានប្រែក្លាយជាប្រទេសចូលរួមបេសកកម្មរក្សាសន្ដិភាពតាមរយៈការជួយដោះមីននៅតាមប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃលើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្ដោយព្រំដែននេះ បានបង្កើតតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង រវាងរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា និងជាអ្នកស្ថិតក្នុងក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃសម្រាប់ដោះមីន បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា ការបោសសម្អាតមីនមនុស្សធម៌នៅភូមិជោគជ័យ និងភូមិព្រៃចាន់ រួមទាំងតាមបណ្ដាភូមិនានា នៅបណ្ដោយព្រំដែន ដើម្បីគាំទ្រដល់សុវត្ថិភាពរបស់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តតាំងពីឆ្នាំ១៩៩២ ហើយបានធ្វើជាដំណាក់កាលៗ។
កន្លងមក ភាគីកម្ពុជាបានលើកឡើងថា ទាហានថៃដែលបានដើរជាន់មីនរបួសជាបន្តបន្ទាប់នៅតាមព្រំដែន ដោយសារតែពួកគេដើរចូលរំលោភបូរណភាពទឹកដីកម្ពុជា ស្ថិតនៅក្នុងតំបន់ដែលនៅសេសសល់គ្រាប់មីនមិនទាន់ផ្ទុះពីសម័យសង្គ្រាម និងមិនមែនជាគ្រាប់មីនដាក់ថ្មីក្នុងទឹកដីថៃ ដូចការចោទប្រកាន់ពីកងទ័ពថៃនោះទេ។
ក្រុមមន្ត្រីគណបក្សប្រឆាំងធ្លាប់បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនគួរយល់ព្រមដោះមីនតាមព្រំដែនជាមួយភាគីថៃឡើយ ព្រោះវានឹងជួយឱ្យកងទ័ពថៃកាន់តែងាយស្រួលចូលឈ្លានពានយកទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទតាក្របី ដែលទាហានថៃមិនអាចចូលមករាយបន្លាលួសព័ទ្ធយក ដូចប្រាសាទតាមាន់ធំ បន្ទាប់ពីទាហានរបស់ខ្លួនបានដើរជាន់គ្រាប់មីនផ្ទុះនៅតំបន់ប្រាសាទតាក្របី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។