កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់

អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កងទ័ពថៃបានចាប់ផ្ដើមបាញ់មកលើកងទ័ពកម្ពុជាជាថ្មីអំឡុងពេលអនុវត្តបទឈប់បាញ់ នៅតំបន់អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែសីហានេះ ដោយប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់ ប៉ុន្តែកងទ័ពកម្ពុជាបន្តអត់ធ្មត់និងមិនបានបាញ់តបតវិញនោះទេ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា កងទ័ព​ថៃ​បាន​ចាប់​ផ្ដើម​បើក​ការ​វាយហារ​នៅ​ម៉ោង​ជាង​១១ រហូត​ដល់​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់ មក​លើ​ទីតាំង​ឈរ​ជើង​របស់​កងទ័ព​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ខូចខាត​សំណង់​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា មាន​កងទ័ព​របួស​ឬ​ស្លាប់​នោះ​ទេ។

បណ្ដាញ​សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សេចក្ដី​ប្រកាស​របស់​កងទ័ព​ថៃ​ថា កងទ័ព​កម្ពុជា​ជា​អ្នក​ប្រើ​កាំភ្លើង​ធុនស្រាល និង​គប់​គ្រាប់​បែក​ចូល​ក្នុង​ទឹក​ដី​ថៃ ទើប​ធ្វើ​ឱ្យ​កងកម្លាំង​ថៃ​បាន​បាញ់​តបត​វិញ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា កងទ័ព​កម្ពុជា​បាន​ប្រកាន់​យក​គោលការណ៍​អត់ធ្មត់​កម្រិត​ខ្ពស់ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចាប់​តាំង​ពី​ថ្ងៃ​ទី២៨ ខែកក្កដា​មក។ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​រំលោភ​បទ​ឈប់​បាញ់​របស់​កងទ័ព​ថៃ បាន​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​តានតឹង និង​ស្មុគស្មាញ។

ជុំវិញបញ្ហា​នេះ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​ហ្វេសប៊ុក​ដែរ​ថា ដោយសារ​តែ​ភាគី​កម្ពុជា-ថៃ ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក រឿង​អ្នក​បង្ក​ឱ្យ​ផ្ទុះ​អាវុធ​ចុង​ក្រោយ​នេះ គឺ​លោក​បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​កងទ័ព​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បណ្ដោះអាសន្ន គួរ​តែ​ធ្វើ​វិនិច្ឆយគ្រាប់ ព្រោះ​កងទ័ព​កម្ពុជា-ថៃ​ប្រើប្រាស់​គ្រាប់​ខុស​គ្នា និង​ត្រូវ​ចុះ​ពិនិត្យ​ដល់​ទីតាំង​រណ្ដៅ​គ្រាប់​ធ្នាក់ ដើម្បី​កំណត់​ថា​តើ​គ្រាប់​បាញ់​ចេញ​ពី​ទិស​ខាងណា។

លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កងទ័ព​កម្ពុជា​ត្រូវ​រក្សា​ទុក​រណ្ដៅ​គ្រាប់​ឱ្យ​បាន​ល្អ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ដើម្បី​ធ្វើ​វិនិច្ឆយ​គ្រាប់ និង​ពិនិត្យ​រណ្ដៅ​គ្រាប់​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​លោក​សង្ឃឹម​ថា ភាគី​ថៃ​គួរ​តែ​ហ៊ាន​ធ្វើ​ដូច​កម្ពុជា​ដែរ ដើម្បី​បង្ហាញ​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង។

ការ​បាញ់​ប្រហារ​របស់​កងទ័ព​ថៃ​មក​លើ​ទីតាំង​ឈរ​ជើង​កងទ័ព​កម្ពុជា​នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា បាន​កើតឡើង​ក្រោយ​ពីរ​ថ្ងៃ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​បាញ់​កាំភ្លើង​ធុនស្រាល​ក្នុង​ដី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៥ ខែកញ្ញា ចាប់តាំង​ពី​ម៉ោង​២ទាបភ្លឺ រហូត​ដល់​ម៉ោង​៥ល្ងាច ក្នុង​ចេតនា​ព្យាយាម​បង្ក​ហេតុ ដើម្បី​កុំ​ឱ្យ​កងទ័ព​កម្ពុជា​អត់ធ្មត់​តទៅ​ទៀត។

ការ​ព្យាយាម​បង្កហេតុ​ឱ្យ​កងទ័ព​កម្ពុជា​ផ្ទុះ​អាវុធ​នេះ បាន​កើតឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រាប់​ទៅ​មេដឹកនាំ​អង្គការ​សហប្រជាជាតិ អាមេរិក ចិន បារាំង និង​ប្រធាន​អាស៊ាន​ថា កងទ័ព​ថៃ​ត្រៀម​បើក​ការ​វាយលុក​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​១៧​ទីតាំង​ផ្សេង​ទៀត ចាប់​ពី​ខេត្ត​ពោធិ៍សាត់​ដល់​ខេត្ត​កោះកុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។