ផ្ទេរអំណាចតពូជ
២០២៣ គឺជាឆ្នាំដែលអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ឆ្នាំនេះ ក៏ជាឆ្នាំអាក្រក់មួយដែលកម្ពុជាផុងខ្លួនចូលកាន់តែជ្រៅទៅក្នុងប្រព័ន្ធបណ្តាញគ្រប់គ្រងបែបសែស្រឡាយបក្ខពួកនិយមចាក់ស្រេះតពូជ«ឯងជួយអញ អញជួយឯង»របស់មន្ត្រីបក្សកាន់អំណាច។

កម្ពុជាបានរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសដោយមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន ចូលរួមឡើយ។ កម្ពុជានៅតែបន្តត្រូវបានមេដឹកនាំកាន់អំណាចយកធ្វើជាចំណាប់ខ្មាំងនៃការក្តោបក្តាប់អំណាចផ្ដាច់មុខ ជាដែនដី«សន្តិភាពហិង្សា» និងជា«គុក»ដាក់អ្នកទោសនយោបាយបក្សប្រឆាំង និងក្រុមអ្នករិះគន់ តាមទំនើងចិត្ត។
សេដ្ឋកិច្ចត្រដរខ្យល់
ឆ្នាំ២០២៣ ក៏ជាឆ្នាំដ៏លំបាកលំបិនដែលពលរដ្ឋកម្ពុជាប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដុនដាបមិនធ្លាប់មានពីមុនមក ខណៈរដ្ឋាភិបាលអសមត្ថភាពមិនអាចដោះស្រាយបញ្ហានេះបាន។ ពលរដ្ឋកម្ពុជាភាគច្រើនបានរឹតត្បិតការចាយវាយ អ្នកខ្លះធ្លាក់ខ្លួនជំពាក់បំណុលវ័ន្តក បង្ខំចិត្តបញ្ចាំខ្លួនដោះបំណុលក្នុងសិប្បកម្មឡឥដ្ឋ បង្ខំចិត្តលក់ដី កាត់បន្ថយម្ហូបអាហារ និងធ្វើចំណាកស្រុកខុសច្បាប់ ជាដើម។
ម្ចាស់ផ្ទះស៊ីហ្គេម
ឆ្នាំ២០២៣ កម្ពុជាបានហែលឆ្លងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមដ៏ហ៊ឹកហ៊ាក់ និងការរៀបចំពិធីបុណ្យអុំទូកឡើងវិញក្រោយអាក់ខាន៣ឆ្នាំ។ កម្ពុជាព្យាយាមបង្ហាញពិភពលោកឱ្យឃើញពីទឹកចិត្តជា«ប្រទេសតូច តែមានបេះដូងធំ»ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដោយជះលុយ១២៤លានដុល្លារដល់កីឡាករស៊ីហ្គេម តែមិនបានធ្វើដូចគ្នាឡើយសម្រាប់កីឡាករអុំទូកដែលជាពលរដ្ឋខ្លួនឯង។ ក៏គ្មានដែរ ការអនុវត្តទ្រឹស្ដីហៀរកែង «ប្រទេសតូច តែមានបេះដូងធំ» សម្រាប់ម្ចាស់អង្គរ។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានយកឈ្មោះអង្គការយូណេស្កូ និងលេសនៃការអភិរក្សធ្វើជាអាវុធដើម្បីបណ្តេញពលរដ្ឋ ឬម្ចាស់អង្គរជាង ១ម៉ឺនគ្រួសារស្មើនឹងជាង៤ម៉ឺននាក់ ទាំងបង្ខំក្នុងទ្រង់ទ្រាយធំចេញពីតំបន់រមណីយដ្ឋានអង្គរ។
មជ្ឈមណ្ឌល«ស្នូល»នៃអំពើឆបោកតាមអនឡាញ
ឆ្នាំ២០២៣ ក៏ជាឆ្នាំដ៏គ្រោះថ្នាក់សម្រាប់កម្ពុជាដែរ។ អង្គការសហប្រជាជាតិ រកឃើញថា មនុស្សយ៉ាងហោចណាស់ ១សែននាក់នៅកម្ពុជា ក្លាយជាជនរងគ្រោះនៃការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ កម្ពុជាកំពុងជាប់ឈ្មោះដកខ្លួនមិនរួចក្លាយជាមជ្ឈមណ្ឌលស្នូលនៃការប្រព្រឹត្តអំពើឆរបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យបរទេស សូម្បីតែមិត្តដែកថែបចិន ក៏រួញរាមិនហ៊ានធ្វើដំណើរមកទស្សនា។
អន្ទាក់ចិន និង វៀតណាម
ក្រៅពីជាប់អន្ទាក់ខ្លួនឯង ឆ្នាំនេះក៏ជាឆ្នាំដែលកម្ពុជាធ្លាក់ក្នុងអន្ទាក់របស់ចិននិងវៀតណាមស្ទើរដកខ្លួនមិនរួច។ ប្រទេសជាបងធំទាំងពីរកំពុងប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង នៅពីលើផលចំណេញនៃជម្លោះនយោបាយអូសបន្លាយរវាងខ្មែរនិងខ្មែរគ្នាឯងដែលជាម្ចាស់ស្រុក។
បន្ទាប់ពីសម្រេចមហិច្ឆតាបញ្ជ្រាបភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិរបស់ខ្មែរហើយ ចិនបានជំរុញឱ្យទូទាត់ទំនិញពាណិជ្ជកម្មជាលុយយ័នចិន ខណៈកម្ពុជាត្រៀមចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិន (CIPS) ដើម្បី«ទប់ទល់»នឹងទណ្ឌកម្មលោកខាងលិច។ នៅកំពង់ផែរាមឯណោះវិញ កម្ពុជាបានអនុញ្ញាតឱ្យុនាវាចំបាំងចិនពីរគ្រឿងបានចូលចតជាលើកដំបូង ដោយមិនខ្វល់ពីការរិះគន់ដែលថាកំពង់ផែនេះអាចក្លាយជាមូលដ្ឋានទ័ពរបស់ចិន។
ចំណែកឯ វៀតណាមឯណោះវិញ ក៏មិនភ្លេចបន្តដាក់សម្ពាធ និងដាស់តឿនឱ្យក្រុមមេដឹកនាំកម្ពុជាជួយមើលថែទាំពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ខណៈមេដឹកនាំខ្មែរមិនដែលហ៊ានអើពើតវ៉ារឿងអាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តមកលើពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម។ វៀតណាមក៏មិនញញើតនឹងលើកឡើងពីរឿងដែលខ្លួនមិនសប្បាយចិត្តជុំវិញករណីដែលកម្ពុជាគ្រោងឱ្យចិនសាងសង់ព្រែកជីកហ្វូណនតេជោ។ គម្រោងថ្មីនេះ អាចក្លាយជាចំណុចរសើបថ្មីមួយនៃការប៉ះទង្គិចឥទ្ធិពលអំណាចរវាងបងធំទាំងពីរនៅលើទឹកដីកម្ពុជា។
ក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៤
បើទោះជាត្រូវប្រឈមនឹងព្យុះព្យោមាយ៉ាងនេះក្តី ក្តីសង្ឃឹមនៅតែមានសម្រាប់មនុស្សជំនាន់ថ្មីរបស់កម្ពុជា។ យុវជនកម្ពុជាបានអង្រួនយកបេះដូងពិភពលោកដោយបានដណ្តើមបានពានរង្វាន់មានតម្លៃប្រហាក់ប្រហែលពានរង្វាន់ណូបែល គឺពានរង្វាន់ Right Livelihood ដ៏ល្បីល្បាញ។ ភាពអង់អាចក្លាហាន និងឆន្ទៈតស៊ូមោះមុតរបស់ពួកគេមិនខ្លាចនឿយហត់ក្នុងសកម្មភាពការពារបរិស្ថាន បាននាំមកជូននូវកិត្តិយសដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរ ឱ្យបន្តដំណើរប្រកបដោយភាពវិជ្ជមានក្នុងឆ្នាំថ្មីឆ្នាំ២០២៤បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។