នៅក្នុងឱកាសជួបជាមួយលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានស្នើសុំឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បញ្ឈប់សាលាក្ដីខ្មែរក្រហមមិនឲ្យបន្តការកាត់ទោសលើសំណុំរឿង០០៣ ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ហើយនិងសុំឲ្យដកប្រធានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងបិទការិយាល័យនេះ។
ប្រធានការិយាល័យនៃឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានោះ គឺលោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) ជាជនជាតិបារាំង។
ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នៅក្នុងវិមានសន្តិភាពនៃទីស្ដីការនាយករដ្ឋមន្ត្រី នៅក្នុងទីក្រុងភ្នំពេញ រយៈពេល ២ម៉ោង ដោយបិទទ្វារជិត។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃទី២៧ ខែតុលាថា ជំនួបនេះមានសារសំខាន់ក្នុងការជម្រាបជូនលោក បាន គីមូន ៖ «សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា មិនឲ្យមានករណី០០៣ ទៀតទេ យើងត្រូវគិតដល់បញ្ហាសន្តិភាពនៅកម្ពុជា...។ កាត់ទោសឲ្យមានជោគជ័យ ចប់ត្រឹមករណី០០២។ បញ្ហាការិយាល័យសិទ្ធិមនុស្សនៅភ្នំពេញ សម្ដេចសុំឲ្យផ្លាស់លោក ប៉េស៊ូ ចេញ ដោយសារលោក ប៉េស៊ូ នេះ មិនមែនជាអ្នកធ្វើការសិទ្ធិមនុស្សរដ្ឋាភិបាលទេ តែជាអ្នកនាំពាក្យរបស់អ្នកប្រឆាំង។ បើមិនផ្លាស់លោក ប៉េស៊ូ ទេ នឹងបិទការិយាល័យនៅកម្ពុជា»។
លោកបានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបលោក បាន គីមូន ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនដោយសារតែកម្ពុជា បានដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌលោកនោះទេ ហើយក៏មិនមែនដោយសារតែការតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ជាទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជានោះទេ គឺដោយសារតែប្រទេសថៃ បានមកឈ្លានពានទឹកដីប្រទេសកម្ពុជា។
នៅជុំវិញជំហរ និងការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការសុំឲ្យឈប់កាត់ក្ដីសំណុំរឿង០០៣ និងដកលោក គ្រីស្តូហ្វ ប៉េស៊ូ ខាងលើនេះ ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក បានមានប្រសាសន៍អត្ថាធិប្បាយថា លោកស្រីមានការសោកស្ដាយ។
លោកស្រីបន្តថា ៖ «ព្រោះខ្មែរយើងជាជនរងគ្រោះចង់ឃើញឲ្យមានយុត្តិធម៌ឲ្យបានកាត់តែច្រើនជាងនេះ គឺថា ពួកណាធ្វើខុសនៅជំនាន់ខ្មែរក្រហមត្រូវតែទទួលទោស។ ទី២ រឿងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនេះ ខ្ញុំក៏មានការសោកស្ដាយដែរ ព្រោះការិយាល័យនេះបានជួយប្រទេសយើងច្រើន»។
គេនៅមិនទាន់បានទទួលសេចក្ដីប្រតិកម្មជាផ្លូវការភ្លាមៗទេពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះជំហររបស់រដ្ឋាភិបាលនោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៨ ខែតុលា ដើម្បីមកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទស្សនាសាលាក្ដីខ្មែរក្រហមនៅថ្ងៃដំបូង។
នៅថ្ងៃទី២៨ ខែតុលា ជាថ្ងៃនៃដំណើរទស្សនកិច្ចចុងក្រោយ គឺអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងរបស់ខ្មែរក្រហម ឬមន្ទីរស-២១ និងទៅទស្សនាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងទីក្រុងភ្នំពេញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន គ្រោងនឹងទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាន នៅក្នុងប្រទេសវៀតណាម ក្រោយពីបានបញ្ចប់ទស្សនកិច្ច ២ថ្ងៃនៅកម្ពុជា និងទៅប្រទេសចិនទៀត ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao)៕
