ប្រពៃណី​ថែម​ប្រពន្ធ​ឬ​ប្ដី​របស់​ជនជាតិ​ដើម​​​ភាគ​តិច​

ប្រពៃណី​ថែម​ប្រពន្ធ​ឬ​ថែម​ប្តី​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី នៅ​តែ​ពេញ​និយម​នៅ​ឡើយ​បើ​ទោះ​ជា​គេ​ដឹង​ថា មាន​ការ​ប៉ះពាល់​ដល់​អនាគត​កំលោះ​ក្រមុំ​ខ្លះ​ក៏ដោយ។

0:00 / 0:00

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ សហគមន៍​ជនជាតិ​ដើម​រួម​មាន ទំពួន ចារ៉ាយ​និង​កាចក នៅ​តែ​ប្រកាន់​ខ្ជាប់​ប្រពៃណី​ថែម​នូវ​ប្រុស​កំលោះ ឬ​ស្រី​ក្រមុំ​ដែល​ជា​សាច់​ថ្លៃ​ឲ្យ​ធ្វើ​ជា​ប្តី ឬ​ជា​ប្រពន្ធ​ទី​ពីរ ឬ​ទី​បី​នៅ​ពេល​ដែល​ប្តី ឬ​ប្រពន្ធ​របស់​ពួកគេ​បាន​ស្លាប់។

មាន​ការ​ទទួល​ស្គាល់​ជា​ទូទៅ​ដោយ​សហគមន៍​ជនជាតិ​ដើម​ទាំង​នោះ​ថា ប្រពៃណី​លើក​ថែម​ស្រី​ក្រមុំ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទី​ពីរ​ឬ​ទី​បី ក្រោយ​ពី​ប្រពន្ធ​របស់​ពួកគេ​ស្លាប់​នោះ នៅ​មាន​បន្ត​ច្រើន​ជាង​ការ​ថែម​ប្រុស​កម្លោះ​ឲ្យ​ធ្វើ​ជា​ប្តី​ទី​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ស្រ្តី​មាន​ដើម​កំណើត​គ្រឹង​២​នាក់ បាន​រត់​គេច​ចេញ​ពី​ប្រពៃណី​ថែម​ប្រុស​កំលោះ​​ជា​សាច់​ថ្លៃ​ឲ្យ​ធ្វើ​ជា​ប្តី បន្ទាប់​ពី​ប្តី​របស់​ពួកគាត់​ជា​ជនជាតិ​ដើម​ទំពួន​បាន​ស្លាប់។ ស្រ្តី​ទាំង​២​នាក់​នេះ​កំពុង​រស់​នៅ​ភូមិ​តងណងឡិះ ឃុំ​អូរជុំ ស្រុក​អូរជុំ។

ស្រ្តី​ឈ្មោះ ដាំ ម៉ូ អាយុ​៥៤​ឆ្នាំ ជនជាតិ​គ្រឹង បាន​និយាយ​ប្រាប់​ថា គាត់​បាន​រៀបការ​តាំង​ពី​អាយុ​១៥​ឆ្នាំ​ម៉្លេះ​ជាមួយ​បុរស​ជនជាតិ​ទំពួន​រស់​នៅ​ភូមិ​បរញ៉ុក ឃុំ​ឯកភាព ស្រុក​អូរជុំ មាន​កូន​ចំនួន​៤​នាក់ ក្រោយ​មក​ប្តី​របស់​ខ្លួន​បាន​ស្លាប់។ ក្រោយ​ពេល​ធ្វើ​បុណ្យ​រួចរាល់ ចាស់​ទុំ​ភូមិ​និង​សាច់ញាតិ​ខាង​ប្តី​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​និយាយ​រឿង​តាម​ប្រពៃណី ដោយ​បាន​លើក​ប្រុស​កំលោះ​ម្នាក់​ឈ្មោះ វ៉ន អាយុ​១៧​ឆ្នាំ​ឲ្យ​ធ្វើ​ជា​ប្តី​ទី​ពីរ​របស់​ខ្លួន។

ស្រ្ដី​ឈ្មោះ ដាំ ម៉ូ បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ថា ៖ «គាត់​និយាយ​ថា ក្រោយ​ពី​ធ្វើ​បុណ្យ​សព​រួច បង​ប្អូន​ញាតិ​មិត្ត​និង​ក្មួយៗ​របស់​គាត់​លើក​កូន​កម្លោះ​ឲ្យ​គាត់»

ស្រ្តី​ឈ្មោះ ដាំ ម៉ូ និយាយ​ថា គាត់​បាន​ប្រកែក​មិន​ព្រម​ទទួល​ទេ ដោយសារ​ថា វា​មាន​អាយុ​ខុស​គ្នា​ច្រើន​ពេក ហើយ​កំលោះ វ៉ន ត្រូវ​ជា​ក្មួយ​របស់​ប្តី​ខ្លួន​ផង។ ឯ​ក្មេង​កំលោះ​នោះ​ក៏​បាន​បដិសេធ​មិន​ព្រម​ដូចគ្នា ហើយ​គេ​ថែមទាំង​បាន​រត់​គេច​ចេញ​ពី​ភូមិ​ទៀត​ផង។ ដូច្នេះ​គាត់​បាន​សុខ​ចិត្ត​ឲ្យ​ចាស់​ទុំ​ភូមិ​ផាក​ពិន័យ​ជា​ស្រាពាង​និង​មាន់ រួច​ហើយ​ក៏​នាំ​កូន​ត្រឡប់​មក​រស់​នៅ​ភូមិ​កំណើត​វិញ​កាល​ពី​ឆ្នាំ​២០០៦​កន្លង​មក​នេះ។

ស្រ្ដី​ឈ្មោះ ដាំ ម៉ូ បាន​ឲ្យ​ដឹង​បន្ថែម​តាម​រយៈ​អ្នក​បក​ប្រែ​ដូច្នេះ ៖ «គាត់​និយាយ​ថា នៅ​តែ​បង្ខំ​គាត់ បើ​មិន​យក​មិន​បាន​ទេ ព្រោះ​ថា​ប្រពៃណី​គេ​អ៊ីចឹង ប៉ុន្តែ វ៉ន ក៏​បាន​ចាក​ចេញ​ពី​ភូមិ​នោះ។ ក្រោយ​ពី វ៉ន ចាក​ចេញ​រួច គាត់​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នៅ​តងណងឡិះ​នេះ»

ស្រ្តី​គ្រឹង​ម្នាក់​ទៀត​ឈ្មោះ ចាវីន រំផ្លាយ អាយុ​៤០​ឆ្នាំ ក៏​បាន​នាំ​កូន​គេច​ចេញ​ពី​ភូមិ​ទំពួន នា​ស្រុក​អណ្តូងមាស មក​រស់​នៅ​ភូមិ​កំណើត​វិញ​ដែរ ខណៈ​ដែល​ប្រពៃណី​ទំពួន​របស់​ប្តី​គាត់​បង្ខំ​ឲ្យ​គាត់​ទទួល​យក​ប្រុស​កម្លោះ​ម្នាក់​ទៀត​ជា​ប្អូន​ថ្លៃ​ធ្វើ​ជា​ប្តី​ទី​ពីរ​បន្ទាប់​ពី​ប្តី​របស់​ខ្លួន​បាន​ស្លាប់។

អ៊ំ​ប្រុស ហ្វា ប្លឹក អាយុ​៦៥​ឆ្នាំ ជា​ចាស់​ទុំ​ជន​ជាតិ​ទំពួន នៅ​ភូមិ​ក្រាំងល្មីស ឃុំ​អូរជុំ ស្រុក​អូរជុំ និយាយ​ឲ្យ​ដឹង​ថា ខ្លួន​លោក​ផ្ទាល់​ពេញ​ចិត្ត​នឹង​ប្រពៃណី​នេះ​ណាស់ ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ លោក​បាន​លើក​ក្មួយ​ស្រី​ម្នាក់​ឲ្យ​បង​ប្រុស​របស់​លោក​ផ្ទាល់​ម្នាក់​ធ្វើ​ជា​ប្រពន្ធ និង​ក្រោយ​មក​ទៀត​បាន​លើក​ប្អូន​ស្រី​ថ្លៃ​ម្នាក់​ទៀត​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​បន្ថែម​របស់​ប្អូន​ប្រុស​សាច់​ឆ្ងាយ​ម្នាក់​ផ្សេង​ទៀត ក្រោយ​ពេល​ដែល​ប្រពន្ធ​របស់​ពួកគេ​បាន​ស្លាប់។

ទាក់​ទង​ទៅ​នឹង​ប្រពៃណី​ថែម​ប្រពន្ធ​ឬ​ថែម​ប្តី​នេះ លោក អ៊ំ ហ្វា ប្លឹក និយាយ​ថា ជា​ប្រពៃណី​ល្អ​របស់​ជន​ជាតិ​ដើម​ទំពួន មាន​តាំង​ពី​យូរ​លង់​មក​ហើយ​បន្ត​ដល់​ពេល​បច្ចុប្បន្ន។

ការ​ថែម​ប្រពន្ធ​ឲ្យ​នេះ​គឺ​វា​អាស្រ័យ​ទៅ​លើ​បុរស​នោះ​ដែរ ប្រសិន​ឧស្សាហ៍​ព្យាយាម​ធ្វើ​ស្រែ​ចម្ការ ចេះ​គោរព​សាច់​ញាតិ​ខាង​ស្រី​ទើប​គេ​ថែម​ឲ្យ បើ​មិន​ដូច្នេះ​គេ​មិន​ថែម​ឲ្យ​ទេ ហើយ​បើ​ក្នុង​ករណី​អាយុ​ខុស​គ្នា​ច្រើន ក្មេង​ស្រី​មិន​ព្រម​ទទួល​ធ្វើ​ជា​ប្រពន្ធ​ទី​ពីរ​ឬ​ទី​បី​ក៏ដោយ តែ​ឪពុក​ម្តាយ​របស់​ស្រី​ក្រមុំ​នោះ​នឹង​និយាយ​លួងលោម​ផ្តល់​ថ្នូរ​ដូច​ជា គោ ក្របី និង​លុយ​ជាដើម​ឲ្យ​ទៅ​ក្មេង​ស្រី​នោះ​ដើម្បី​ឲ្យ​នាង​ព្រម។

មូលហេតុ​នៃ​ការ​ថែម​ប្រពន្ធ​ឬ​ប្តី​នេះ បើ​តាម​សហគមន៍​ទំពួន​ឲ្យ​ដឹង​ថា ធ្វើ​ឡើង​ក្នុង​បំណង​បន្ត​ពូជ​ពង្ស​សាច់ឈាម​គ្រួសារ​ពួក​គេ​ផង និង​ដើម្បី​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​សំខាន់ៗ ដូចជា​គោ ក្របី ដីធ្លី​ស្រែ​ចម្ការ ឧបករណ៍​ភ្លេង​គង និង​របស់​របរ​ផ្សេង​ទៀត​ដែល​គ្រួសារ​គេ​មាន​មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ដៃ​អ្នក​ដទៃ។

អ្នកស្រី ដាំ ចន្ធី ជនជាតិ​ដើម​ទំពួន​កាត់​ចារ៉ាយ ជា​ប្រធាន​សមាគម​ខែ្មរ​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រពៃណី​ថែម​ប្រពន្ធ​ឬ​ប្តី ក្រោយ​ពី​ប្តី​ឬ​ប្រពន្ធ​គេ​ស្លាប់​នោះ មិន​មែន​តែ​ជនជាតិ​ទំពួន​មួយ​ទេ ផ្ទុយ​ទៅ​វិញ​ជនជាតិ​ចារ៉ាយ​និង​កាចក​ក៏​មាន​ប្រពៃណី​នេះ​ដែរ។ ឥឡូវ​នេះ​គ្រាន់​បើ​បន្តិច​ហើយ បើ​កាល​ពី​មុន​ក្នុង​ពេល​ដែល​ប្រពន្ធ​ស្លាប់​ទៅ បុរស​ជា​ប្តី​នឹង​សម្លឹង​មើល​សាច់​ញាតិ​របស់​អតីត​ប្រពន្ធ​ខ្លួន ទោះ​បី​នៅ​ក្មេង​តូច​ក្តី​គេ​នឹង​ឲ្យ​ឪពុក​ម្តាយ​ក្មេក​ថែទាំ​នាង​ទុក​រហូត​ដល់​ពេញ​វ័យ​ហើយ​រៀបការ​យក​ធ្វើ​ជា​ប្រពន្ធ​ថែម​តែម្តង។

អ្នកស្រី ដាំ ចន្ធី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ពី​ដើម​មែន​ទែន បើ​សិន​ណា​ម្នាក់​ហ្នឹង​ស្លាប់ បង​ប្អូន​គេ​មាន​កូន​ចៅ​ក្មេង​តូច​អ៊ីចឹង អាយុ​ត្រឹម​១០​ឆ្នាំ ថែ​វា​តាំង​ពី​ក្មេង ទាល់​តែ​គ្រប់ការ​បាន​គេ​ការ​ឲ្យ»

លោក រចំ ធីត ជនជាតិ​ចារ៉ាយ​នៅ​ស្រុក​អណ្តូងមាស និយាយ​ថា ប្រពៃណី​ជនជាតិ​ចារ៉ាយ​មាន​ដូច​គ្នា តែ​ការ​ថែម​នេះ​សំដៅ​ធ្វើ​តែ​ចំពោះ​មនុស្ស​ប្រុស​ប៉ុណ្ណោះ ឯ​ចំពោះ​មនុស្ស​ស្រី​វិញ​គេ​មិន​ថែម​ប្រុស​កំលោះ​ឲ្យ​ធ្វើ​ប្តី​ទេ។ លោក​ថា ឥឡូវ​នេះ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ទៀត​នៅ​ត្រង់​ថា បើ​ស្រី​នោះ​មិន​ព្រម​ទទួល​យក​ទេ គេ​មិន​បង្ខំ​ឡើយ ហើយ​បុរស​នោះ​ត្រូវ​ទៅ​រក​អ្នក​ផ្សេង​ដោយ​ខ្លួន​ឯង​ចុះ។

លោក អ៊ុន ស្រេង ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា ការ​លើក​បន្ថែម​សាច់​ញាតិ​របស់​ខ្លួន​ឲ្យ​ធ្វើ​ប្រពន្ធ​ឬ​ប្តី ក្រោយ​ពេល​ដែល​ប្រពន្ធ​ឬ​ប្តី​គេ​ស្លាប់​នោះ ខ្មែរ​យើង​ក៏​មាន​ដូច​គ្នា ព្រោះ​គេ​ស្រឡាញ់​អ្នក​ដែល​នៅ​រស់​នោះ​គេ​រៀបចំ​ផ្សំ​ផ្គុំ​ឲ្យ​ទៅ។ ដោយ​ឡែក​ចំពោះ​ប្រពៃណី​បង​ប្អូន​ជនជាតិ​ដើម​វិញ លោក​ជួប​តែ​ករណី​ថែម​ប្រពន្ធ​ប៉ុណ្ណោះ មិន​ធ្លាប់​ជួប​ករណី​ថែម​ប្តី​ឲ្យ​ទេ ហើយ​ករណី​ទាំង​នេះ​ជា​ការ​ព្រមព្រៀង​គ្នា មិន​មែន​ជា​ការ​បង្ខិត​បង្ខំ​អ្វី​ឡើយ។

លោក អ៊ុន ស្រេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ឥឡូវ​ហ្នឹង​កន្លែង​ក្បែរ​ក្រុង​ក៏​មាន​ការ​ប្រែប្រួល​ដែរ។ ពាក់ព័ន្ធ​នឹង​វប្បធម៌​និង​ប្រពៃណី​ហ្នឹង បើ​សិនជា​ប្រុស​ចាស់​ហើយ​ស្រី​ក្មេង​ខ្ញុំ​ធ្លាប់​ឃើញ បើ​សិន​ជា​ស្រី​ហ្នឹង​ចាស់​ប្រុស​ហ្នឹង​ក្មេង ជា​ប្អូន​ថ្លៃ​អី​ទៀត កម្រ​ជួប​ប្រទះ​ណាស់»

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និយាយ​ថា ប្រពៃណី​នេះ​មាន​ផល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត ហើយ​ជា​ការ​បង្ខំ​ដែល​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស។ ម្យ៉ាង​ទៀត​ការ​តម្រូវ​ឲ្យ​មនុស្ស​វ័យ​ខុស​គ្នា​យ៉ាង​ច្រើន​ទទួល​យល់​ព្រម​ធ្វើ​ប្តី ឬ​ប្រពន្ធ​ថែម​នេះ ក៏​អាច​នឹង​មាន​ផល​ប៉ះពាល់​ដូច​ជា សុខភាព​មិន​គ្រប់គ្រាន់​អាច​ជំរុញ​ឲ្យ​មាន​អំពើ​ផិត​ក្បត់ អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ក៏​អាច​ជា​បន្ទុក​មួយ​សម្រាប់​អ្នក​ដែល​ជា​ប្តី ឬ​ប្រពន្ធ​ក្រោយ​ត្រូវ​រែក​ពុន​ក្នុង​ការ​ចិញ្ចឹម​កូន​ពេល​ដែល​ប្តី​ឬ​ប្រពន្ធ​ចាស់ៗ​នេះ​ស្លាប់​ចោល​ទៅ​ទៀត។ លោក​បាន​ស្នើ​ឲ្យ​បញ្ឈប់​នូវ​ប្រពៃណី​បង្ខិតបង្ខំ​នេះ។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ៖ «ជា​ប្រពៃណី យើង​ឃើញ​មាន​ការ​បង្ខំ។ ភាគី​មួយ​អត់​ទទួល​យក​ភាគី​មួយ​ទៀត គឺ​មាន​ការ​ចាប់​បង្ខំ​ហើយ។ ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ ប្ដី​ត្រូវ​ស្លាប់​ទៅ​មុន ហើយ​បន្ទុក​អី​ត្រូវ​ស្ថិត​នៅ​លើ​ប្រពន្ធ វា​ហុច​ផល​លំបាក​ច្រើន វា​អាច​មាន​ឈាន​ដល់​ផិត​ក្បត់​អ៊ីចឹង​ដែរ»

ទាក់ទង​ទៅ​នឹង​ប្រពៃណី​ថែម​ប្តី​ឬ​ប្រពន្ធ​នេះ ស្រ្តី​២​នាក់​គឺ ដាំ ម៉ូ និង ចាវីន រំផ្លាយ ដែល​បាន​គេច​ចេញ​ពី​ការ​បង្ខំ​នោះ បាន​រៀបការ​ប្តី​ក្រោយ​ជា​ជនជាតិ​គ្រឹង​ដែល​រស់​នៅ​ភូមិ​តងណងឡិះ​ដូចៗ​គ្នា និង​មាន​វ័យ​ប្រហាក់​ប្រហែល​គ្នា។ ពួកគេ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​រស់​នៅ​យ៉ាង​សុខ​សាន្ត៕