សម្ភាស​ស្ថាបត្យករ​ទាក់​ទង​នឹង​ការ​ដាក់​អំពូល​ភ្លើង​ជាប់​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត

2009-05-27

ស្ថាបត្យករ​ខ្មែរ​មួយ​រូប​បាន​ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​​ដាក់​ភ្លើង​ហ្វា​អគ្គិសនី​នៅ​ឯ​ថែវ​ប្រាសាទ​អង្គរ​វត្ត​ថ្មីៗ​នេះ គឺ​នឹង​ឈាន​ដល់​ការ​បំផ្លាញ​ប្រាសាទ​អង្គរ​វត្ត ដែល​ជា​កេរ​មរតក​ដ៏​អស្ចារ្យ​និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​កម្ពុជា។

RFA Photo/Savyouth

អំពូល​ភ្លើង​ដែល​ដាក់​ភ្ជាប់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត។

លោក ហ៊ុយ វណ្ណៈ បាន​ធ្វើ​កិច្ច​សម្ភាសន៍​មួយ​រវាង​ស្ថាបត្យករ​ខ្មែរ គឺ​លោក ភួន ភូម៉ូនីរតន៍ ទាក់​ទង​នឹង​បញ្ហា​ខាង​លើ ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម​នេះ ៖

ហ៊ុយ វណ្ណៈ ៖ បាទ! ដូច​លោក​បាន​ជ្រាប​ហើយ មាន​ព័ត៌មាន​ផ្សាយ​ទាក់​ទិន​ទៅ​នឹង​ការ​តាំង​លម្អ​ភ្លើង​នៅ​ឯ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត នៅ​ឯ​ទឹក​ដី​ខេត្ត​សៀមរាប។ តើ​លោក​មើល​ឃើញ​ថា​ការ​តាក់​តែង​នេះ បើ​តាម​លក្ខណៈ​ស្ថាបត្យកម្ម ឬ​ក៏​រូប​វិទ្យា​អី​ហ្នឹង តើ​វា​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ដែរ ឬ ទេ?

ភួន ភូម៉ូនីរតន៍ ៖ ចំពោះ​យោបល់​ខ្ញុំ​ជា​ស្ថាបត្យករ​ម្នាក់ ប្រាសាទ​អង្គរ​វត្ត​គឺ​សាង​សង់​យូរ​លង់​មក​ហើយ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សតវត្សរ៍​ទី​២១ ហើយ អ៊ីចឹង​ពេល​វេលា​ដែល​យើង​គិត​ទៅ​ជា​ឆ្នាំ សឹង​តែ ១​ពាន់​ឆ្នាំ​ទៅ​ហើយ។ ហើយ​ប្រាសាទ​អង្គរ​វត្ត​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អច្ឆរិយ​វត្ថុ​ទី​៧ នៃ​លោក ហើយ​ដោយ​មិន​បាន​គិត​ថា អង្គរ​ហ្នឹង​មិន​បាន​ភ្លើង​បំភ្លឺ​លម្អ​ឲ្យ​ទៅ​ជា​លក្ខណៈ​ទាន់​សម័យ​និយម​នៃ​ការ​បំភ្លឺ​ភ្លើង​ទេ អ៊ីចឹង​ទោះ​ជា​មិន​ដាក់​ក៏​មិន​ចំណោទ​អី​ចាំបាច់​ដែល​ត្រូវ​បច្ចុប្បន្ន​នេះ​ត្រូវ​ដាក់​ដែរ ព្រោះ​អ្វី​ដែល​យើង​មាន​នោះ គឺ​មាន​គ្រប់​គ្រាន់​ទៅ​ហើយ។

ហើយ​ការ​ដាក់​បំភ្លឺ​ភ្លើង​នៅ​ជញ្ជាំង​ប្រាសាទ ចំពោះ​ខ្ញុំ ខ្ញុំ​ថា​មិន​គួរ​ចាំ​បាច់​នឹង​ដាក់ ហើយ​ខ្ញុំ​គិត​ថា បើ​សិន​ជា​ការ​ដាក់​ហ្នឹង​គ្រាន់​តែ​ជា​ការ​លម្អ​ភ្នែក។ ខ្ញុំ​គិត​ថា​ដូច​ជា​មិន​ជា​ការ​ចាំបាច់ ព្រោះ​ដាក់​ហ្នឹង​វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​ជញ្ជាំង​នៃ​ថ្ម​ប្រាសាទ ហើយ​លក្ខណៈ​ជា​បច្ចេកទេស មើល​ទៅ​ដូច​ជា​មិន​មាន​តម្លៃ​យក​ទៅ​ដាក់​លើ​ជញ្ជាំង​ថ្ម​ដែល​មាន​តម្លៃ។ ហើយ​អំពួល​ហ្វា​ហ្នឹង គិត​ទៅ​អំពូល​មួយ​ហ្នឹង គុណ​នឹង​មួយ​ពាន់​ដង​នៃ​តម្លៃ​អំពូល​ហ្នឹង​មិន​ស្មើ​នឹង​ថ្ម​ម្ដុំ​ដែល​បែក​ធ្លាក់​មក​នៃ​ប្រាសាទ​អង្គរ​វត្ត​ទេ។

ការ​ដែល​ដាក់​បំពាក់​ដោយ​ខ្សែ​រត់ ហើយ​ការ​យក​ឈើ​ទៅ​ដាប់​ចោះ មើល​ទៅ​មិន​ជា​លក្ខណៈ​គយ​គន់​ឲ្យ​គួរ​នឹង​ដាក់។ ហើយ​ខ្ញុំ​គិត​ថា ការ​ដាក់​ហ្នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​អារម្មណ៍​នៃ​អ្នក​ទេសចរ​ទៅ​វិញ។ ពេល​ដែល​ពេល​ថ្ងៃ​គាត់​មក​ឃើញ​ខ្សែ​រត់​អត់​របៀប។ ហើយ​អំពូល​ហ្នឹង​ចាប់​ដាក់​តាម​ផ្លូវ សួន​ច្បារ ទី​កន្លែង​កម្សាន្ត​បាន។ លក្ខណៈ​នៃ​ការ​ផលិត​អំពូល​វា​មិន​ផលិត​ទៅ​តាម​កន្លែង​ដែល​ប្រើ​ប្រាស់។

ហ៊ុយ វណ្ណៈ ៖ មាន​ន័យ​ថា អំពូល​ភ្លើង​ទាំង​អស់​ហ្នឹង​មិន​បាន​ផលិត​ក្នុង​គោល​ដៅ​នៃ​ការ​ដាក់​ប្រាសាទ​ទេ មាន​ន័យ​អ៊ីចឹង​ឬ? ភួន ភូម៉ូនីរតន៍ ៖ បាទៗ។

ហ៊ុយ វណ្ណៈ ៖ ឥឡូវ​ខ្ញុំ​ចង់​បញ្ជាក់​អំពី​លក្ខណៈ​រូប​វិទ្យា ការ​ដាក់​ភ្លើង​ហ្វា​បញ្ចាំង​ទៅ​ថ្ម​អ៊ីចឹង ថា​តើ​វា​ប្រតិកម្ម​រវាង​ភ្លើង​និង​ថ្ម​ហ្នឹង វា​អាច​មាន​បញ្ហា​អី​ដែរ ឬ​ទេ?

ភួន ភូម៉ូនីរតន៍ ៖ តាម​ដែល​ខ្ញុំ​ធ្លាប់​បាន​សិក្សា​ទាក់​ទង​នឹង​ការ​ថែ​ទាំ​និង​ជួស​ជុល​ប្រាសាទ ការ​ដែល​ដាក់​អំពូល​វា​មាន​កម្ដៅ ហើយ​កម្ដៅ​ហ្នឹង​វា​ចាំង​ទៅ​លើ​ជញ្ជាំង​នៃ​ថ្ម ហើយ​ជញ្ជាំង​ថ្ម​យើង​ហ្នឹង​វា​ទទួល​នូវ​សំណើម ហើយ​ប្រតិកម្ម​របស់​វា​ប៉ះ​ទៅ វា​អាច​នឹង​ធ្វើ​ឲ្យ​ថ្ម​ហ្នឹង​អាច​ប្រេះ​ពេល​ដែល​ក្ដៅ ព្រោះ​អី​ភ្លើង​ហ្វា​វា​ខ្លាំង ១​ពាន់​វ៉ាត់ ១​ពាន់​វ៉ាត់​ជាង។ អ៊ីចឹង​កម្ដៅ​និង​ជញ្ជាំង​ដែល​មាន​ជាតិ​សំណើម​ហ្នឹង វា​អាច​ធ្វើ​ឲ្យ​ទៅ​ជា​ប្រេះ អាច​បណ្ដាល​ឲ្យ​ទៅ​ជា​ពុក​ជា​ផុយ អ៊ីចឹង​អាយុកាល​របស់​ប្រាសាទ​ថ្ម​រឹង​ហ្នឹង ដែល​វា​ត្រូវ ឧទាហរណ៍​ថា ១​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត​ត្រូវ​ខូច អ៊ីចឹង​វា​អាច​កាត់​បន្ថយ​នៅ​សល់ ៥០០​ឆ្នាំ​ទៀត​ទៅ។

ហ៊ុយ វណ្ណៈ ៖ ចំណុច​មួយ​ទៀត​គឺ​ថា ការ​ដែល​ប្រាសាទ​អង្គរ​វត្ត​សាង​សង់​មក ហើយ​មាន​ចន្លោះ​ប្រហោង ឬ​ក៏​រន្ធ តើ​តាម​លក្ខណៈ​ស្ថាបត្យកម្ម រន្ធ​ហ្នឹង​ពី​មុន​មក​គេ​ឲ្យ​មាន​ទស្សនៈ​វិស័យ​ថា​អាច​យក​ឈើ​ទៅ​ស៊ក​អ៊ីចឹង​បាន ឬ​ក៏​គេ​ធ្វើ​រន្ធ​ក្នុង​ន័យ​អ្វី​ក្នុង​ន័យ​ស្ថាបត្យកម្ម? ភួន ភូម៉ូនីរតន៍ ៖ ការ​ដែល​គេ​ធ្វើ​មក ដូច​ជា​មិន​មាន​ន័យ​ថា​សម្រាប់​គេ​យក​ឈើ​ទៅ​ដោត​ទេ។

ហ៊ុយ វណ្ណៈ ៖ ប៉ុន្តែ​ចំណុច​មួយ​ទៀត​គឺ​ថា ឈើ​ដែល​ដាក់​ចូល​នៅ​ក្នុង​ចន្លោះ​រន្ធ​ប្រហោង​ប្រាសាទ​ហ្នឹង វា​អាច​មាន​យូរ​ទៅ​ពុក​ផុយ ឬ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ថ្ម​ប្រាសាទ​ហ្នឹង​ដែរ ឬ ទេ?

ភួន ភូម៉ូនីរតន៍ ៖ កាល​ណា​យើង​យក​ឈើ​ទៅ​ដោត​នៅ​ក្នុង​រន្ធ​នៃ​ថ្ម ពេល​ហ្នឹង កាល​ណា​មាន​ភ្លៀង គឺ​មាន​សំណើម ឈើ​ហ្នឹង​វា​អាច​ស្រូប​យក​ជាតិ​សើម​ហ្នឹង​ទុក​ទៅ​ដក់​នៅ​ក្នុង​ក្រហែង​ថ្ម​ហ្នឹង ហើយ​ឈើ​ហ្នឹង មិន​មែន​ថា​អាច​ថ្ម​ហ្នឹង​ពុក​ទេ ឈើ​ហ្នឹង​ក៏​វា​ពុក​ដែរ ព្រោះ​អី​កាល​ណា​សំណើម​ជាប់ សើម​នៅ​ក្នុង​រន្ធ​ថ្ម​ហ្នឹង​យូរ​ទៅ។ ឧទាហរណ៍ សូម្បី​តែ​ទឹក​មួយ​តំណក់​ធ្លាក់​លើ​ថ្ម​យូរ ក៏​ថ្ម​ហ្នឹង​ត្រូវ​ពុក​ក្រហូង​ដែរ ផុយ ចុះ​ទម្រាំ​តែ​វា​នៅ​សើម​ជា​ប្រចាំ​ជាប់​នៅ​ហ្នឹង ហើយ​ត្រូវ​មាន​អំពូល​ភ្លើង​ដែល​ត្រូវ​បាញ់​ទៀត ដែល​កម្ដៅ​ហ្នឹង​ធ្វើ​ឲ្យ​ថ្ម​ហ្នឹង​វា​ស្ងួត​លឿន​ពេក ស្ងួត​លឿន​វា​ទៅ​ជា​ប្រេះ វា​ទៅ​អាច​ជា​ផុយ ហើយ​យូរៗទៅ កាល​ណា​ផុយ យក​ដៃ​ទៅ​ប៉ះ​ទៅ​ក៏​នេះ​ដែរ... ហើយ​រូប​សំណាក​អស់​ហ្នឹង​ក៏​លែង​ជាប់​ដែរ អ៊ីចឹង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទេសចរ​ហ្នឹង​ប៉ះ​ទង្គិច។ ការ​ដែល​គេ​ទៅ ចង់​ឃើញ​ប្រាសាទ​មួយ​ដែល​ពី​បុរាណ​យូរ​លង់​មក​ហើយ តែ​ទៅ​ដល់​ឃើញ​មាន​ខ្សែ​ភ្លើង មាន​អំពូល មាន​ហ្វា អ៊ីចឹង​វា​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​គេ​លែង​ឲ្យ​តម្លៃ អ៊ីចឹង​ឱនភាព​កិត្តិយស​និង​កិត្តិស័ព្ទ​របស់​អង្គរ​វា​អាច​នឹង​ធ្លាក់​ចុះ​វិញ។

ហ៊ុយ វណ្ណៈ ៖ តើ​អ្វី​ដែល​ខាង​មន្រ្តី​រដ្ឋាភិបាល ឬ​អ្នក​ដែល​បាន​រៀប​ចំ​ដាក់​អំពូល​អះអាង​ថា ការ​ដាក់​នេះ​មាន​ការ​សិក្សា​ត្រឹម​ត្រូវ ហើយ​មិន​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ប្រាសាទ​ដល់​អី តើ​ការ​លើក​ឡើង​ហ្នឹង​ត្រឹម​ត្រូវ​ដែរ ឬ ទេ?

ភួន ភូម៉ូនីរតន៍ ៖ អាជ្ញាធរ​អប្សរា​និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​ហ្នឹង ខ្ញុំ​មិន​មាន​យោបល់​អី​ទេ ព្រោះ​អី​អា​នេះ​ជា​ការ​ចាត់​តាំង​របស់​រដ្ឋាភិបាល ហើយ​ការ​សម្រេច​ក្រុម​ជំនាញ និង​ក្រុម​អាជ្ញាធរ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​សិក្សា​បែប​ណា​ដែរ ហើយ​គាត់​យល់​ឃើញ​បែប​ណា​ដែរ​បាន​ជា​គាត់​នាំ​គ្នា​ឯកភាព ហើយ​សម្រេច​ឲ្យ​ការ​ដាក់​អំពូល​ទៅ​លើ​ប្រាសាទ​ហ្នឹង។ នេះ​ខ្ញុំ​មិន​មាន​យោបល់​អី​ច្រើន​ទេ​ទាក់​ទង​នឹង​ការ​សម្រេច​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ។ ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​វា​មិន​សម​ទេ។

ហ៊ុយ វណ្ណៈ ៖ ប៉ុន្តែ​បើ​តាម​លោក​ជា​ស្ថាបត្យករ​មួយ​រូប គឺ​ថា​តើ​ភ្លើង​ហ្នឹង​គួរ​បន្ត​ដាក់​អ៊ីចឹង ឬ​ក៏​គួរ​ដោះ​ចោល?

ភួន ភូម៉ូនីរតន៍ ៖ ជា​យោបល់​ខ្ញុំ​តាម​សំណួរ​បង ខ្ញុំ​ថា​គួរ​តែ​បញ្ឈប់ ប៉ុន្តែ​ការ​សម្រេច​របស់​អាជ្ញាធរ​អប្សរា ឬ​ក្រុម​ជំនាញ​ផ្នែក​រដ្ឋាភិបាល អាហ្នឹង​ជា​រឿង​របស់​គាត់ តែ​ជា​ទស្សនៈ​របស់​ខ្ញុំ​ផ្ទាល់​ដោយ​ឡែក ហើយ​យោង​ទៅ​នឹង​មតិ​សាធារណជន យោង​ទៅ​មតិ​បរទេស ហើយ​ក្រុម​ការងារ​របស់​ខ្ញុំ គេ​បាន​ស្នើ​ថា គ្រាន់​តែ​ដាក់​អំពូល​ហើយ​ឲ្យ​មនុស្ស​មក​ដើរ​មើល ដូច​ជា​មិន​មាន​ន័យ​អី​គ្រប់​គ្រាន់​ទេ​សម្រាប់​ជា​ផល​ប្រយោជន៍​ប្រជាជន៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

រដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​កត្តា​សំខាន់​សម្រាប់​បង្កើន​ថវិកា​ជាតិ

សម្ភាស​ជាមួយ​សម​រង្ស៊ី​ស្ដីពី​ការ​កាត់​ទោស​របស់​តុលាការ

នាយករដ្ឋមន្រ្តី៖ ទេសចរ​កើន​ឡើង​នៅ​កម្ពុជា​ដោយសារ​ស្ថិរភាព​នយោបាយ​ល្អ

ទេសចរ​ទៅ​ប្រាសាទ​តាមាន់​ធំ​កើន​ឡើង​នៅ​ដើម​ឆ្នាំ​២០១០

ទេសចរ​កើន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល

ចំនួន​ទេសចរ​បរទេស​កើន​ឡើង​ក្នុង​ឆ្នាំ២០០៩

សម្ភាស​សុន​ឆ័យ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា

សម្ភាស​មូរសុខហួរ​ជុំវិញ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​បញ្ហា​ស្ត្រី

កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡា​បែប​ទេសចរណ៍​នៅ​សៀមរាប

មន្ត្រី​ក្រសួង​ទេសចរណ៍៖ ចំនួន​ភ្ញៀវ​បរទេស​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩