ខាងក្រោមនេះ គឺជាបទសម្ភាសន៍របស់លោក សំ បូរិន្ទ ជាមួយអ្នកនាំពាក្យគណៈរដ្ឋមន្ត្រីខ្មែរ លោក ផៃ ស៊ីផាន ជុំវិញក្ដីសង្ស័យចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនោះ។
សំ បូរិន្ទ ៖ ពីល្ងាចមិញនេះ ដូចឯកឧត្ដមបានជ្រាបហើយ គឺរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានជួបជុំគ្នាលៀងសាយភោជន៍នៅសណ្ឋាគារតុសិត នៃប្រទេសថៃ។ តើឯកឧត្ដមមានអ្វី ជម្រាបអស់លោកអ្នកនាងនិងមិត្តអ្នកស្ដាប់ ទាក់ទងនឹងកិច្ចប្រជុំហ្នឹងយ៉ាងម៉េច?
ផៃ ស៊ីផាន ៖ នេះជារូបភាពមួយ ដែលមានលក្ខណៈតំណាងមួយ គឺក្រសួងការពារជាតិ បូកជាមួយនឹងក្រសួងការបរទេស ដែលគេនិយាយថា ក្រសួងការបរទេសជាតំណាងអធិបតេយ្យ ក្រសួងការពារជាតិ តំណាងបូរណភាពទឹកដី។ ការជំនួបថ្នាក់រដ្ឋមន្រ្តីលើកនេះ គឺយើងសង្ឃឹមថា នឹងអាចប្រសើរជាងការប្រជុំថ្នាក់រដ្ឋមន្រ្តីនៅសៀមរាប ដោយសារការជួបប្រជុំលើកនេះ គឺចាប់ផ្ដើមពីលៀងភោជនាហារស្វាគមន៍រាក់ទាក់គ្នា។ ហើយយើងឃើញមានអ្វី ដែលជាព្រឹត្តិការណ៍ចាប់ផ្ដើមមុនពេលលៀងភោជនាហារនេះ យើងឃើញមានការដកកម្លាំងប្រដាប់អាវុធ ជាអ្នកប្រយុទ្ធហ្នឹង ចេញពីតំបន់វត្តនៃប្រាសាទព្រះវិហារ ក៏ដូចជាតំបន់ប្រាសាទព្រះវិហារ។
នេះជានិមិ្មតសញ្ញាមួយ ដែលគេហៅថា សន្ដិភាព យើងទាំងអស់គ្នាចាប់ផ្ដើម គឺចាកចេញពីការប្រយុទ្ធ ទៅដល់លើតុក្នុងការជជែកគ្នា បកមករកពីអ្វីដែលយើងបានព្រមព្រៀងជាមួយគ្នា កាលនៅអនុស្សរណៈព្រមព្រៀងគ្នា ឆ្នាំ២០០០ ក៏ដូចជាអ្វីដែលជានីតិវិធីនិងបច្ចេកទេស ក្នុងការជជែកគ្នាអំពីបញ្ហាព្រំដែន ដែលយកអ្វីដែលជាស្មារតីនៃសន្ធិសញ្ញា អនុសញ្ញាឆ្នាំ១៩០៤, ១៩០៧ និងការគូសវាសផែនទីនៅឆ្នាំ១៩០៨។ នេះជាការសង្កេតរបស់ខ្ញុំ។
សំ បូរិន្ទ ៖ ឯកឧត្ដម មានចំណុចជាច្រើន ដែលតែងបានលើកឡើងជាសំណួរទាក់ទងនឹងការធ្វើការចរចានេះ ដោយហេតុថា នៅក្នុងភ្នែកនៃសហគមន៍សង្គមស៊ីវិល មើលឃើញថា បញ្ហាដែលមានទំនាស់នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃនេះ គឺកើតឡើងចេញមកពីការឈ្លានពាននៃកងទ័ពរបស់ថៃ ហើយការចូលទៅជួបប្រជុំនៅកន្លែងអ្នកឈ្លានពានហ្នឹង បង្ហាញអំពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលកម្ពុជា។ ក្នុងចំណុចនេះ តើឯកឧត្ដមឆ្លើយតបយ៉ាងម៉េច?
ផៃ ស៊ីផាន ៖ ចម្លើយរបស់ខ្ញុំយ៉ាងខ្លី គឺរហូតដល់ពេលនេះ គឺយើងបានជោគជ័យ ជោគជ័យនៅក្នុងកិត្តិយសជាមនុស្សជាតិ ជោគជ័យនៅក្នុងអ្វីដែលជាស៊ីវីល័យនៃសម័យថ្មីនេះ គឺការនឹងមិនយកដំណោះស្រាយនៃការប្រយុទ្ធគ្នានោះទេ។
នេះហើយជាគោលជំហររបស់រាជរដ្ឋាភិបាល យើងឃើញហាក់បីដូចជាខ្សោយ ដូចជាអ្វីដែលជាការវាយតម្លៃរបស់សង្គមស៊ីវិល ក៏ប៉ុន្តែ សង្គមស៊ីវិលទាំងអស់គ្នាហ្នឹង គួរត្រេកអរថា គ្មានមនុស្សម្នាក់ណាស្លាប់ដោយសារការប្រយុទ្ធគ្នា ដោយសារការវិវាទគ្នានៅលើព្រំដែននេះ។ ដូចនេះ យើងដោះស្រាយតាមអ្វីដែលជាភាពស៊ីវីល័យ ភាពថ្លៃថ្នូររបស់មនុស្សជាតិ គឺមិនមែនយកការប្រយុទ្ធគ្នាជាការដោះស្រាយទេ។ ហើយយើងឃើញថា ព្រំដែនរវាងកម្ពុជាថៃហ្នឹង គឺកើតឡើងពីសន្ធិសញ្ញា មិនមែនកើតឡើង លើកទ័ពទៅវាយប្រហារគ្នាដើម្បីដណ្ដើមទឹកដីនោះទេ នេះហើយជាកិត្តិយសរបស់មនុស្សជាតិ ដែលយកវិធីសាស្រ្ដ និងយកទិសដៅការដោះស្រាយដោយសន្តិវិធី ដែលគ្មានអ្នកណាស្លាប់។ នេះជាជោគជ័យរបស់មនុស្សជាតិ ដែលជាពិសេសកម្ពុជាហ្នឹង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សន្តិភាព ហើយគ្មានការបាត់បង់ជីវិតដោយការផ្ទុះអាវុធនេះហើយ គឺជានិម្មិតរូបថ្មីមួយនៃសាមគ្គីភាពរវាងកម្ពុជាថៃ ហើយគ្មានអ្នកណាមួយខាត គ្មានអ្នកណាមួយចំណេញ។
សំ បូរិន្ទ ៖ បាទ! ឯកឧត្ដមបានជ្រាបស្រាប់ហើយ កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ ដែលលោកក៏ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃរាជាណាចក្រថៃផង បានអញ្ជើញទៅធ្វើទស្សនកិច្ចជាមួយមេទ័ពរបស់ថៃ នៅតំបន់ទំនាស់ទាំងពីរហ្នឹង គឺនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ។ ហើយសេចក្ដីរាយការណ៍ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេះ លោកបានធ្វើជាចុងភៅស្ល ដាំម្ហូបចំណីអាហារជូនដល់កងទ័ពថៃ នៅក្នុងតំបន់ព្រំដែននោះផង។
តាមកាយវិការនេះ ជាធម្មតា គឺជាកាយវិការលើកទឹកចិត្តកងទ័ពរបស់ខ្លួន ដែលកំពុងតែប្រឈមមុខជាមួយបច្ចាមិត្ត ក្នុងពេលជាមួយគ្នា ក៏កំពុងតែធ្វើការរៀបចំការចរចាស្ដីអំពីទំនាស់នៅតាមព្រំដែនជាមួយបច្ចាមិត្តផងដែរ។ តើឯកឧត្ដមមើលឃើញ កាយវិការរបស់លោកនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនថរ៉ាវេទ និងកាយវិការនៃការជួបចរចាព្រឹកនេះ តើឆ្លុះបញ្ចាំងគ្នាយ៉ាងដូចម្ដេច?
ផៃ ស៊ីផាន ៖ ចំពោះខ្ញុំផ្ទាល់ ខ្ញុំឃើញថា ជាសកម្មភាពមួយដ៏ល្អ នៅក្នុងការបង្កើតឲ្យមានឯកភាពរវាងរដ្ឋាភិបាលស៊ីវិល ដែលកើតឡើងដោយការបោះឆ្នោត ហើយនិងកងទ័ពរបស់ថៃ។ នេះហើយជាសញ្ញាមួយល្អ ដែលបង្កើតឲ្យមានបរិយាកាសមួយ ដែលយើងអាចនិយាយគ្នាបាន ពិភាក្សាគ្នាបាន ហើយយើងនាំមកលើតុវិញ និយាយអំពីអ្វីដែលយើងមានកិច្ចព្រមព្រៀងគ្នា ដែលគេហៅថា អនុស្សរណៈយោគយល់គ្នា នៅឆ្នាំ២០០០ ដើម្បីលើកស្ទួយសន្តិភាពនិងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ហើយនិងមិត្តភាព។
ដូច្នេះ កាលពីកន្លងមកយើងឃើញ នៅថ្ងៃទី២១ កក្កដា ពេលនោះ យើងឃើញយោធាតំណាងខាងរាជាណាចក្រថៃ ជួបគ្នាជាមួយនឹងឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ លោកក៏តំណាងខាងកងទ័ពខ្មែរ ទៅជួបគ្នា ក៏ប៉ុន្តែ យើងឃើញមានភាពបាត់បង់នូវតួនាទីរបស់ក្រសួងការបរទេស ហើយដោយសារអ៊ីចឹងហើយ យើងឃើញថា ការនិយាយគ្នាហ្នឹង មិនទាន់បានជាអ្វី ដែលជាឯកភាពគ្នាក្រៅពីនិយាយថា យើងមិនឈ្លោះគ្នា យើងមិនប្រយុទ្ធគ្នាទេ។ ដល់បន្ទាប់មកទៀត យើងឃើញការឯកភាពគ្នា បន្ទាប់ពីការប្រជុំគ្នា នៅថ្ងៃទី២៨ គេហៅថា ការប្រជុំថ្នាក់រដ្ឋមន្រ្តី គឺមានរដ្ឋមន្រ្តីក្រសួងការបរទេស ជាមួយនឹងខាងការពារជាតិហ្នឹង មកនិយាយគ្នា នោះហើយដែលជាភាគីតំណាងនៃប្រជាជាតិនីមួយៗ តំណាងពីអ្វី ដែលគេហៅអធិបតេយ្យ ហើយតំណាងអ្វីដែលគេហៅថា បូរណភាពដែនដី។
ហើយដែលយើងឃើញថា សញ្ញានយោបាយរាជរដ្ឋាភិបាលថៃ កើតឡើងពីសាមគ្គីភាពគ្នា ឯកភាពគ្នា រវាងរាជរដ្ឋាភិបាលថៃ ស៊ីវិល ជាមួយនឹងយោធារបស់ថៃ។ ដូចយើងឃើញ នៅពេលមុនឯកឧត្ដម រដ្ឋមន្រ្តីក្រសួងការបរទេសត្រូវបានលាលែងហ្នឹង លោកបាននិយាយប្រាប់ថា លោកចង់ឃើញការសាមគ្គីភាពគ្នា រវាងរាជរដ្ឋាភិបាល ក្រសួងការបរទេសថៃ ជាមួយនឹងមន្រ្តីដទៃទៀត ជាពិសេសជាមួយនឹងកងការពារជាតិ យោធារបស់ថៃ អាហ្នឹងចំណុចទី១។ ចំណុចទី២ មុននឹងប្រជុំថ្នាក់រដ្ឋមន្រ្តីនៅសៀមរាបហ្នឹង បានដំបូន្មានរបស់ឯកឧត្ដម ឈួន លីកផៃ បាននិយាយថា គួរតែរដ្ឋមន្រ្តីការបរទេសថៃហ្នឹង ត្រូវតែឯកភាពគ្នាទៅនិយាយគ្នា សហការគ្នាជាមួយនឹងយោធាថៃ ដើម្បីឲ្យមានដំណោះស្រាយនៅពេលនេះ។
សំ បូរិន្ទ ៖ ឯកឧត្ដម ប្រសិនបើខ្ញុំស្ដាប់សេចក្ដីពន្យល់របស់ឯកឧត្ដម មិនច្រឡំទេ គឺថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនថរ៉ាវេទ នៅព្រំដែនកាលពីម្សិលមិញនេះ មានន័យត្រឹមតែជាសំណើសុំឲ្យមានសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាមួយនឹងកងយោធា ដែលក្នុងនោះ មានរួមទាំងលោកនាយករដ្ឋមន្រ្តី ជាមួយកងយោធា ព្រមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ជាមួយកងយោធាថៃផងដែរ អ៊ីចឹងមែនទេ?
ផៃ ស៊ីផាន ៖ ហ្នឹងជាយោបល់ខ្ញុំផ្ទាល់ទេ ដែលខ្ញុំក្លាយការវាយតម្លៃនៃនយោបាយ ក៏ប៉ុន្តែ នេះជាការលើកទឹកចិត្តរបស់យុទ្ធជនរបស់ថៃ ជាមួយនឹងនាយករដ្ឋមន្រ្តីរបស់ថៃ៕
