សម្ភាស សុន ឆ័យ ស្ដីពី​ដំណើរការ​បង្កើត​សភា​និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី (ភាគ​២)

ការបោះ​ឆ្នោត​ជាតិ​អាណត្ដិ​ទី​៤​បាន​ប្រព្រឹត្ត​រួច​ហើយ កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​នេះ ហើយ​បន្ត​ទៀត​នោះ​គេ​នឹង​មាន​ធ្វើការ​បើក​សម័យ​ប្រជុំ​មួយ​ដើម្បី​បង្កើត​រដ្ឋសភា​ក៏​ដូច​ជា​ការបង្កើត​រដ្ឋាភិបាល​ថ្មី ។

0:00 / 0:00

តើ​ការបង្កើត​នោះ​មាន​លក្ខណៈ​យ៉ាង​ណា ? លោក កឹម សុស បាន​សម្ភាស​អ្នក​តំណាង​រាស្ត្រ​មួយ​រូប​របស់​គណបក្ស​សមរង្សី គឺ​លោក សុន ឆ័យ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

កឹម សុស ៖ តាម​សេចក្ដី​ប្រកាស​របស់​គណបក្ស​សមរង្ស៊ី ជាពិសេស​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី​នេះ បាន​មាន​ប្រសាសន៍​ថា មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នេះ ដូច្នេះ​មាន​ន័យ​ថា មិន​ចូល​រួម​ក្នុង​សភា ឬ​មួយ​ក៏​យ៉ាងម៉េច ?

សុន ឆ័យ ៖ ជា​គោលការណ៍ តាម​ពលរដ្ឋ មិន​ថា​តែ​គណបក្ស​សមរង្ស៊ី​ទេ ពលរដ្ឋ​យើង​ទាំងអស់ ដែល​បាន​ឃើញ បាន​ជួប​ប្រទះ​ការងារ​បោះឆ្នោត​យើង គឺ​បាន​ឃើញ​ភាព​អយុត្តិធម៌​ច្រើន​ណាស់ ។ អ្វី​ដែល​ជា​លទ្ធផល​នេះ​ក៏​យើង​ត្រូវតែ​ហ៊ាន​និយាយ​ថា មិន​មែន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ពលរដ្ឋ​យើង​នោះ​ទូទៅ​នៅ​​ឡើយ​ទេ អា​ហ្នឹង​ជា​ការពិត​មួយ​ដែល​យើង​មិន​អាច​ប្រកែក​បាន ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​សមរង្ស៊ី​បាន​បញ្ជាក់​ថា អំពើ​ខុស​ឆ្គង​ទាំងឡាយ​នោះ​បាន​ធ្វើ​ឲ្យ​លទ្ធផល​នេះ មិន​ឆ្លុះបញ្ចាំង​ការបោះ​ឆ្នោត​ត្រឹមត្រូវ ។ ក៏ប៉ុន្តែ​យើង​ជា​អ្នក​តំណាង​រាស្រ្ដ ឬក៏​ជា​គណបក្ស​នយោបាយ​ដ៏​សំខាន់​មួយ ក៏​មាន​តួនាទី​ដើម្បី​ទៅ​ជំរុញ​ឲ្យ​មាន​ការធានា ដូច​យើង​បាន​ធ្វើ​ហើយ ទី​១ គឺ​ឲ្យ​មាន​ការគោរព​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ​របស់​យើង​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដីអំពី​សិទ្ធិ​បោះ​ឆ្នោត ។

សិទ្ធិ​នេះ​មាន​ការរំលោភ​ច្រើន​អាណត្តិ​មក​ហើយ ។ ខ្ញុំ​ក៏ដូចជា​អ្នក​វិភាគ​នយោបាយ​ជាច្រើន មាន​ការព្រួយបារម្ភ​ថា បើសិនជា​ករណី​កើត​មាន​ការបំពាន​ទាំងនេះ​មិន​ត្រូវ​បាន​កែ​លម្អ ការណ៍​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការឈឺចាប់​កាន់តែ​ខ្លាំង ។ ហើយ​បើ​គេ​អស់​សង្ឃឹម​ថា ការបោះ​ឆ្នោត​នឹង​មិន​បាន​ផ្ដល់​នូវ​យុត្តិធម៌ និង​ក្ដីសង្ឃឹម​ដល់​គេ​ទេ​នោះ គឺ​ថា​អាច​នឹង​មាន​តែ​ជម្រើស​មួយ គឺ​ការប្រើ​ការទាមទារ​ដោយ​ធ្វើ​ជា​មហា​បាតុកម្ម ដើម្បី​នឹង​ផ្ដួល​រំលំ​របប​គ្រប់គ្រង​នោះ​តែម្ដង ។ ដូច្នេះ​ហើយ បាន​ជា​យើង​គណបក្ស​សមរង្ស៊ី ទី​មួយ​គឺ​ប្រកាស​ដើម្បី​ទាមទារ​ជាមុន​ឲ្យ​មាន​ការផ្ដល់​សិទ្ធិ​ហ្នឹង ហើយ​បើសិន​ណា​ជា​គណបក្ស​កាន់​អំណាច គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត អាច​នឹង​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​យើង ហើយ​ត្រូវ​តែ​រក​យុត្តិធម៌​ឲ្យ​គេ ។ នេះ​ជា​កត្តា​មួយ​ដែល​ជា​គោលការណ៍​ដែល​យើង​ជា​អ្នក​នយោបាយ​មិន​ត្រូវ​បំភ្លេច ឬ​ក៏​បំផ្លើស ឬ​ក៏​បំពាន ។

កឹម សុស ៖ ចំណុច​មួយ​គឺ​យុត្តិធម៌ ។ តើ​យុត្តិធម៌​ហ្នឹង​ជា​អ្វី​ទៅ​ដែល​មាន​ក្នុង​គំនិត​របស់​លោក​ហ្នឹង ? សុន ឆ័យ ៖ យុត្តិធម៌​គឺ​អ្វី​ដែល​ជា​ការធានា​ដំបូង​បំផុត គឺ​សិទ្ធិ​របស់​ពលរដ្ឋ​របស់​ខ្លួន ។

កឹម សុស ៖ ខ្ញុំ​បាន​ឮ​លោក សម រង្ស៊ី គាត់​មាន​ប្រសាសន៍​ថា ត្រូវ​តែ​បោះ​ឆ្នោត​ម្ដង​ទៀត តើ​អាហ្នឹង​ជា​យុត្តិធម៌ ឬ​មួយ​ក៏​យ៉ាង​ម៉េច ?

សុន ឆ័យ ៖ សំខាន់ យើង​បាន​ធ្វើ​លិខិត​ហើយ ខាង​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ក៏បាន​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែរ ព្រោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​ធានា​ការអនុវត្តផង​ដែរ នូវ​រដ្ឋធម្មនុញ្ញ​យើង ហើយ​យើង​ក៏​បាន​ធ្វើ​លិខិត​តាម​រយៈ​គណបក្ស​នយោបាយ​មួយ​ក្រុម​ហ្នឹង​ទៅ​ព្រះ​មហាក្សត្រ​ដែរ ។

កឹម សុស ៖ ឥឡូវ​ត្រឡប់​ទៅ​រឿង​សភា​វិញ រឿង​បង្កើត​សភា​វិញ តើ​ចេញ​រួច​ទេ​មើល​ទៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ឬ​មួយ​ក៏​យ៉ាងម៉េច ?

សុន ឆ័យ ៖ ជា​ជម្រើស​វា​ស្ថិត​តែ​ទៅ​លើ​គណបក្ស​កាន់​អំណាច គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មក​ទល់​ពេល​នេះ​បាន​ទទួល​ស្គាល់​ថា នឹង​បន្ត​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ត​ទៅ​ទៀត​ឬ​អត់ ។ បើសិនណា​ជា​មាន​គំនិត​​ថា ទោះបីជា​បាន​ប្រព្រឹត្ត​ខុសឆ្គង​ហើយ... ។

កឹម សុស ៖ អា​ហ្នឹង​ជា​លក្ខខណ្ឌ​ចម្បង​ជាង​គេ ឬ​មួយ​ជា​លក្ខខណ្ឌ​ចម្បង​ឯទៀត​ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុះស្រួល ឲ្យ​សភា​ហ្នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ ?

សុន ឆ័យ ៖ ជា​លក្ខខណ្ឌ​ថ្នាក់​ទាប​ទេ ដូច​យើង​ដឹង​ហើយ​គឺ​ជម្រើស​ធំ សំខាន់​ជាង​គេ គឺត្រូវ​ផ្ដល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ជាមុន ។ បើ​យើង​មិន​ដោះស្រាយ​ទេ តែ​យើង​មិន​បញ្ជាក់​ថា សារភាព​ថា​មាន​កំហុស ហើយ​ត្រូវតែ​សម្រួល​ឲ្យ​ពលរដ្ឋ​ដែល​មិន​បាន​បោះ​ឆ្នោត អាច​ទៅ​បោះ​ឆ្នោត​បាន ហើយ​យក​សំឡេង​ថ្មី​ហ្នឹង​មក​បន្ថែម បូក​សរុប​ចែក​ទេ​នោះ គឺ​ថា​វា​ជា​ជម្រើស​សំខាន់​ណាស់ ។

កឹម សុស ៖ តើ​អាច​ធ្វើ​ទៅ​បាន​ទេ ? សុន ឆ័យ ៖ រឿង​នេះ​ជា​បញ្ហា ដោយសារ​ច្បាប់​របស់​យើង​មិន​មាន​ចែង ហើយ​ការមិន​មាន​ចែង​នេះ​គឺ​ធ្វើ​ឲ្យ​វា​ដូច​ស្មុគស្មាញ ដូចជា​យើង​មិន​បាន​ចែង​អំពី​ថា ពលរដ្ឋ​ដែល​មក​ដល់​កន្លែង​បោះ​ឆ្នោត ហើយ​ឈ្មោះ​ត្រូវ​គេ​លួច​បោះ​ឆ្នោត​បាត់​នោះ តើ​យើង​គួរ​តែ​ឲ្យ​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោតឬ​អត់ ? បើ​ច្បាប់​ចែង​បើ​វា​អត់​មាន​បញ្ហា​ទេ គាត់​អាច​ទៅ​ជ្រលក់ដៃ​ទៀត​ទៅ ព្រោះ​គាត់​អត់​មាន​ខុស​អី គេ​លួច​របស់​គាត់ អា​ហ្នឹង​ត្រូវ​តែ​លម្អិត​ដោះស្រាយ ប៉ុន្តែ​រឿង​នេះ វា​អត់​មាន​អី​ចែង ម្ល៉ោះហើយ​បាន​ជា​ត្រូវ​មាន​ការ​ជជែក​គ្នា ។

កឹម សុស ៖ ប៉ុន្តែ​មាន​ប្រសាសន៍​អម្បាញ់មិញ គឺ​ថា​ឲ្យ​អ្នក​ដែល​មិន​បាន​បោះ​ឆ្នោត​បាន​ទៅ​បោះ​ឆ្នោត ហើយ​យក​មក​ចែក​ម្ដង​ទៀត ។ តើ​អាហ្នឹង​ធ្វើ​បាន​ទេ ?

សុន ឆ័យ ៖ រឿង​ហ្នឹង​វា​ពិបាក​ដូច​ដែល​ខ្ញុំ​បាន​ជម្រាប វា​អត់​មាន​អ្វី​ចែងៗ ក៏​វា​អត់​មាន​អ្វី​មក​ហាម​ឃាត់​ដែរ ដូច្នេះ​វា​ត្រូវការ​ការអង្គុយ​ជជែក​គ្នា រវាង​គណបក្ស​នយោបាយ​ទាំងអស់​ដើម្បី​រក​វិធី​ណា​ថា តើ​យើង​អាច​ចេញ​ច្រក​ណា​រួច ? ដើម្បី​ទី​មួយ យើង​ទាំងអស់​គ្នា​ដែល​ជា​អ្នក​នយោបាយ​ដែល​គ្រប់គ្រង​ប្រទេស​នេះ​ត្រូវតែ​ទទួល​ស្គាល់​ថា យើង​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​យើង​មុន​គេ ហើយ​ដើម្បី​គោរព​នេះ គឺ​ថា​សិទ្ធិ​ពលរដ្ឋ​យើង​ដែល​មិន​ត្រូវ​បាន​ការពារ មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​នេះ យើង​ត្រូវ​តែ​រក​វិធីមើល​ថា​តើ​មាន​វិធីអី​ផ្សេង​ខ្លះ ?