ប្រធានគណបក្សប្រជាជនកម្ពុជាបានសម្ដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលរដ្ឋសភាកម្ពុជានឹងធ្វើការអនុម័តនាពេលឆាប់ៗខាងមុខ។
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានជាប់គាំងក្នុងដៃរដ្ឋាភិបាលអស់រយៈពេលជាង ១០ឆ្នាំមកហើយ គេទើបតែនឹងឃើញមេដឹកនាំចាប់ផ្តើមគិតគូរនាពេលនេះក្នុងខណៈដែលស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្តិ។
ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
ថ្លែងក្នុងឱកាសខួបលើកទី៣១ ថ្ងៃជ័យជម្នះ ៧មករា ឯទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាទីក្រុងភ្នំពេញនៅព្រឹកថ្ងៃ៧ ខែមករា ឆ្នាំ២០១០ ប្រធានគណបក្សគឺលោក ជា ស៊ីម បានអះអាងថា នៅពេលដែលច្បាប់នេះចូលជាធរមាន សង្គមនឹងមានសមភាពនិងយុត្តិធម៌។
លោក ជា ស៊ីម បានថ្លែងថា ៖ «គណបក្សប្រជាជនកម្ពុជាគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដែលគណៈរដ្ឋមន្ត្រីទើបនឹងបានអនុម័តដោយបានឆ្លុះបញ្ចាំងនូវឆន្ទៈរួមរបស់រដ្ឋនិងប្រជាជន យើងមានជំនឿថា ក្រោយពេលច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តយន្តការនានានឹងត្រូវបានពង្រឹង និងបង្កើនថែមទៀតដើម្បីធានាការអនុវត្តដោយប្រសិទ្ធភាព ឆ្លើយតបនឹងសំណូមពរដ៏ទទូចរបស់ប្រជាជន»។
ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបច្ចុប្បន្នជាប្រធានគណៈកម្មការវិន័យនៃគណបក្សសិទ្ធិមនុស្ស គឺលោក ប៉ែន សុវណ្ណ មិនយល់ស្របនឹងប្រសាសន៍របស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ដែលបានអះអាងនោះទេ។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំអត់សង្ឃឹមទេ សព្វថ្ងៃហ្នឹងអ្នកមាននៅប្រទេសកម្ពុជាគឺប្លែកពីអ្នកមាននៅបរទេស។ អ្នកមាននៅប្រទេសកម្ពុជា អ្នកកាន់អំណាច និយាយរួមមន្ត្រីរាជការ ជារដ្ឋមន្ត្រីផង ជាតំណាងរាស្ត្រផង ម្នាក់ៗកាន់៤-៥តួនាទីម្នាក់ឯង ហើយតើគេស្ម័គ្រចិត្តដើម្បីបង្ហាញនូវទ្រព្យសម្បត្តិរបស់គេជាសាធារណៈឲ្យប្រជាពលរដ្ឋដឹងទេ? តាមខ្ញុំ អត់សង្ឃឹមទេ»។
អ្នកវិភាគឯករាជ លោកស្រី ជា វណ្ណាត មានប្រសាសន៍ថា ច្បាប់អាចល្អ តែគេក៏ត្រូវការយន្តការដែលអនុវត្តច្បាប់, ការអប់រំផ្នត់គំនិតនិងឥរិយាបថសង្គមផងដែរ ទើបអាចធ្វើឲ្យសង្គមមានសមភាព យុត្តិធ៌មនិងស្អាតស្អំ និងមានការអភិវឌ្ឍបាន។
អ្នកស្រី ជា វណ្ណាត បានបញ្ជាក់ថា ៖ «ប្រទេសមួយដែលមានជោគជ័យក្នុងការប្រឆាំងនឹងអំពើពុករលួយហ្នឹង នៅត្រង់ថា គេអប់រំហើយនិងការពារកុំឲ្យអំពើពុករលួយកើតទាន់»។
ថ្លែងក្នុងឱកាសនោះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ក៏បានអះអាងផងដែរថា ក្នុងរយៈកាល ៣១ឆ្នាំនៃការគ្រប់គ្រងអំណាច គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាថ្មីម្តងទៀត គណបក្សប្រជាជនកម្ពុជាក៏បានអះអាងពីការគ្រាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាអាណត្តិក្រោយៗទៀត៕