ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃពុធនេះដែរ បានព្រមានថា រដ្ឋាភិបាលនឹងប្តឹងលោក សម រង្ស៊ី ក្រោមបទក្លែងបន្លំឯកសារសាធារណៈឬផែនទីក្លែងបន្លំ។
ការថ្លែងការពាររបស់លោក សម រង្ស៊ី បានធ្វើទ្បើងនៅក្នុងសន្និសីទកាសែតមួយតាមរយៈវីដេអូពីប្រទេសបារាំង ភ្ជាប់តាមរយៈប្រព័ន្ធអ៊ិនថឹណិត នៅឯទីស្នាក់ការធំរបស់គណបក្សសមរង្ស៊ី ក្នុងទីក្រុងភ្នំពេញ។
ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «អ្វីដែលគណបក្សសមរង្ស៊ីបានប៉ុន្មានសប្ដាហ៍មុននេះ គឺត្រឹមត្រូវទាំងអស់ អ៊ីចឹងហើយបានយើងស្នើឲ្យអ្នកដែលចោទប្រកាន់យើងថា ឯកសារទាំងនោះមិនត្រឹមត្រូវ តួលេខទាំងនោះមិនត្រឹមត្រូវ។ សូមឲ្យបង្ហាញមកថាអ្វីដែលហៅថា ត្រឹមត្រូវនោះ? ដែលខ្លួនចាត់ថាត្រឹមត្រូវ បង្ហាញមក! ដើម្បីយើងប្រៀបធៀប វាខុសគ្នាកន្លែងណា? ហើយដែលហៅថាត្រឹមត្រូវនេះគឺមូលដ្ឋានវិទ្យាសាស្ត្រ។ ក្នុងវិទ្យាសាស្ត្រវាមានដំណោះស្រាយតែមួយទេ វាមិនដែលមានច្រើនលើសពីមួយទេ!»។
លោកបានមានប្រសាសន៍អះអាងទៀតថា ផែនទីដែលត្រឹមត្រូវនោះ គឺត្រូវបានក្រុមជំនាញឬវិស្វករជាតិនិងអន្តរជាតិ បានចូលរួមសិក្សានិងទទួលស្គាល់។ ក្រៅពីនេះ មានអ្នកជំនាញភូមិសាស្រ្ត ប្រវត្តិសាស្រ្តនិងអ្នកជំនាញកុំព្យូទ័របានចូលរួមផងដែរមកពីមហាវិទ្យាល័យនៅសហភាពអឺរ៉ុប។
លោកបានបន្ទោសថា រដ្ឋាភិបាលកម្ពុជា បានយកសន្ធិសញ្ញាឆ្នាំ១៩៨៥ ធ្វើជាមូលដ្ឋានក្នុងការវាស់និងបោះតម្រុយព្រំដែននោះ។ ប៉ុន្តែរូបលោកយកផែនទីឆ្នាំ១៩៥២ តម្កល់នៅឯអង្គការសហប្រជាជាតិធ្វើជាមូលដ្ឋាន។
កាលពីខែមករាកន្លងទៅ លោក សម រង្ស៊ី បានចេញផ្សាយរបាយការណ៍ជាច្រើនទំព័រ ដោយផ្អែកលើឯកសារផែនទីរូបភាពផ្កាយរណបឈ្មោះ Google Earth បានបង្ហាញថា តម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ១៨៤ លេខ១៨៥ លេខ១៨៦ និងលេខ១៨៧ បានបង្ខិតចូលក្នុងទឹកដីប្រទេសកម្ពុជា។
មិនយូរប៉ុន្មានក្រោយមក លោក វ៉ា គឹមហុង ប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែននៃរដ្ឋាភិបាលកម្ពុជា កាលពីថៃ្ងទី២២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានធ្វើសន្និសីទកាសែតនៅឯទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញឯកសារនានាលាតត្រដាងឲ្យដឹងថា ផែនទីសំអាងរបស់លោក សម រង្ស៊ី នោះមិនត្រឹមត្រូវ បំភ្លៃការពិត។
លោក វ៉ា គឹមហុង បានប្រកាសប្តឹងលោក សម រង្ស៊ី មួយករណីទៀតក្រោមបទក្លែងបន្លំឯកសារសាធារណៈរបស់រដ្ឋជុំវិញរឿងផែនទីនោះ។
នៅថៃ្ងពុធ ២៤ កុម្ភៈនេះទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានព្រមានឲ្យដឹងជាចំហដោយមានប្រសាសន៍ធ្ងន់ៗថា ៖ «ផែនទីក្លែងក្លាយត្រូវបានឯកឧត្ដម វ៉ា គឹមហុង បកស្រាយហើយ។ រាជរដ្ឋាភិបាលជំពាក់ត្រូវតែប្ដឹងខាងផ្លូវច្បាប់ ព្រោះជាការក្លែងបន្លំឯកសារសាធារណៈ។ បង្គោល១៨៦ អត់ទាន់ទៅធ្វើអីផងស្រាប់តែមានក្នុងផែនទីនឹងគេដែរ។ រាជរដ្ឋាភិបាលជំពាក់ ត្រូវធ្វើសកម្មភាពផ្លូវច្បាប់ដើម្បីការពារកិត្យានុភាពរបស់រាជរដ្ឋាភិបាល»។
នៅមិនទាន់មានមន្រ្តីរដ្ឋាភិបាលឬមេធាវីរបស់រដ្ឋាភិបាលណាបញ្ជាក់ថា គេនឹងដាក់ពាក្យបណ្ដឹងនោះនៅពេលណានៅទ្បើយទេក្រោយពីការប្រកាសនេះ។
លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខ កាលពីថៃ្ងទី២៧ ខែកមរា កន្លងទៅនេះ ឲ្យជាប់គុក២ឆ្នាំ ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជាវៀតណាម នៅខេត្តស្វាយរៀង កាលពីថៃ្ងទី២៥ ខែតុលា ឆ្នាំ២០០៩។
ប្រជាពលរដ្ឋ២នាក់ គឺលោកស្រី មាស ស្រី និងលោក ព្រំ ជា ដែលបានចូលរួមដកតម្រុយបង្គោលព្រំដែននោះ ត្រូវបានតុលាការដដែលកាត់ទោសចំពោះមុខឲ្យជាប់គុកម្នាក់ៗ១ឆ្នាំ៕