"វត្តមាន​លោក​ ហ៊ុន​ សែន ក្នុង​កិច្ចប្រជុំអាស៊ាន-​អូស្ត្រាលី​អាច​ធ្វើ​ឲ្យ​បាក់​មុខអាស៊ាន​លើ​ឆាក​អន្តរជាតិ"

0:00 / 0:00

ក្រុម​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ កំពុង​នាំ​គ្នា​ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ធ្វើឡើង​ជា​លើក​ដំបូង​នៅ​លើ​ទឹកដី​អូស្ត្រាលី ពី​ថ្ងៃ​ទី១៧-​១៨ មីនា ចុង​សប្ដាហ៍​នេះ​។ វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រែក្លាយ​បរិយាកាស​កិច្ចប្រជុំ​នៅ​ទីនោះ ទៅជា​ល្អក់​កករ និង​កើន​ឡើង​កម្ដៅ ដោយសារ​តែ​មាន​ក្រុម​បាតុករ​ខ្មែរ​អូស្ត្រាលី​ជា​ច្រើន​រយ​នាក់​ កំពុង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ចាំ​ស្វាគមន៍​លោក​ តាមរយៈ​ការធ្វើ​បាតុកម្ម​តវ៉ា​ដុត​ទីងមោង​រូប​លោក។ អ្នកជំនាញ​ព្រមាន​ថា​ វត្តមាន​ដ៏​ចម្រូង​ចម្រាស់​របស់​លោក ហ៊ុន សែន នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ម្ចាស់ផ្ទះ​ និង​សមាគម​អាស៊ាន​ទាំងមូល​ ខូច​កិត្តិយស​ និង​បាក់​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​លោក​សេរី ក្រោយពេល​ដែល​លោក​បាន​សម្រេច​ដោយ​ជោគជ័យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ បិទ​អង្គការ​សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជា​លើក​ទីមួយ​ផង​ដែរ​ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​បាន​សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ដែល​ជា​បណ្ដុំ​ភ្នាក់ងារ​ចារកិច្ច​ចំនួន ១៧ ស្ថាប័ន ក្នុង​នោះ​រួមមាន​ទាំង​ភ្នាក់ងារ​ សេ.អ៊ី.អា (CIA) ផង បាន​ដាក់​លោក​ ហ៊ុន សែន ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ឈ្មោះ​ក្រុម​មេដឹកនាំ «បង្ក​ការ​គំរាម​កំហែង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍»។

បន្ថែម​លើ​រងើកភ្លើង​នៃ​ក្តី​ឈឺ​ចាប់​ និង​ភាព​អយុត្តិធម៌​សង្គម​ដែល​កំពុង​តែ​រោលរាល​ស្រាប់​ដោយ​សារ​ការ​រម្លាយ​ និង​ប្លន់​សំឡេង​ឆន្ទៈ​ស្របច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ​ពី​សំណាក់​របប​លោក ហ៊ុន សែន​នោះ វត្តមាន​របស់​លោក​ក្នុង​ប្រទេស​អូស្ត្រាលី​នា​ពេលនេះ​ បាន​ដុត​បញ្ឆេះ​សង្គ្រាម​ពាក្យ​សម្ដី និង​កំហឹង​ក្ដៅ​ក្រហាយ​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ឆាបឆេះ​កាន់​តែ​ខ្លាំងក្លា​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ដោយសារ​តែ​ការ​គំរាម​ប្រើ​ហិង្សា​វាយ​ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ដល់​ផ្ទះ ប្រសិន​បើ​ហ៊ាន​ដុត​រូប​ទីងមោង​លោក។

« ធ្វើ​ទៅ ស្រែក​ទៅ ! ប៉ុន្តែ សូម​ផ្តាំ​ណា ... កុំ​ដុត​រូប​ឲ្យ​សោះ​ណា! ដុត​រូប​ អញ​តាម​ដល់​ផ្ទះ អញ​ប្រាប់​ឲ្យ​ហើយ។ បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាស់​ជា​មាន​រឿង។ ... ហើយ​ខ្ញុំ​ប្តូរ​ផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង​រូប​ខ្ញុំ យក​ទៅ​ដុត អញ​តាម​វាយ​ដល់​ផ្ទះ ប្រាប់​ឲ្យ​ហើយ។ អ្នក​ឯង​ផ្ដើម​ដោយ​ហិង្សា​លើ​រូប​កាយ​គេ​ហើយ ... អ្នក​ឯង​ចាត់​ទុក​ថា​អា​ហ្នឹង​រូប​ ហ៊ុន សែន ហើយ​យក​ទៅ​ដុត ... តាម​ដល់​ផ្ទះ។ អត់​ទេ ក្របួច​យក​តែ​ម្តង។ ហើយ​អា​ចលនា​សង្គ្រោះជាតិ​ស្អី​គេ​នុះ ឃើញ​មួយ​វាយ​មួយ ឃើញ​ពីរ​វាយ​ពីរ។ ប្រាប់​ឲ្យ​ហើយ​ទៅ​ កុំ​ចេញ​មុខ​ឲ្យ​សោះ ! ចេញ​ម៉ោ ត្រូវ​ហើយ ឃើញ​មួយ​វាយ​មួយ ឃើញ​ពីរ​វាយ​ពីរ »

នៅ​បី​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អូស្ត្រាលី អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ អង្គការ​នេះ ស្នើ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ុល (Malcolm Turnbull) ឲ្យ​ផ្តោត​លើ​បញ្ហា​សិទ្ធិមនុស្ស​ជា​ចម្បង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​ក្រុម​មេដឹកនាំ​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

នាយិកា​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី អេលែន ផៀរសិន​ (Elaine Pearson) ព្រមាន​ថា ការ​បរាជ័យ​របស់​ប្រទេស​អូស្ត្រាលី​ក្នុងការ​លើក​យក​បញ្ហា​កង្វល់​នានា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន មក​ពិភាក្សា​ជា​សាធារណៈ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នេះ នឹង​ក្លាយ​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុម​មេដឹកនាំ​អាស៊ាន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​ការ​បន្ត​បោក​បញ្ចោត​មតិ​សាធារណៈ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​ក្នុង​តំបន់​នេះ បង្កើន​ការ​បង្ក្រាប​មក​លើ​អ្នកនយោបាយ​ ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ ឬ​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ខ្លួន។ អ្នកស្រី​បញ្ជាក់​ថា ការ​លើក​យក​បញ្ហា​អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស មក​ជជែក​ពិភាក្សា​ដោយ​ផុលផុស​ មិន​មែន​មាន​ន័យ​ថា ជា​ការ​ផ្តល់​មេរៀន​ដល់​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ពិភាក្សា​យ៉ាង​ហ្មត់ចត់​អំពី​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ផ្ដល់​សារសំខាន់​សម្រាប់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាស៊ាន​ទាំងមូល។

របាយការណ៍​សង្ខេប​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អាស៊ីអាគ្នេយ៍ កម្រាស់​៧០ទំព័រ សម្រាប់​ធ្វើ​ជា​ឯកសារ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្ត្រាលី​នេះ ដាក់​ចេញ​នូវ​កង្វល់​អំពី​អំពើ​រំលោភ​សិទ្ធិមនុស្ស​ចម្បង​ៗ ដោយ​ផ្ដោត​លើ​តួនាទី​របស់​អូស្ត្រាលី ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​នេះ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី លើក​យក​បញ្ហា​កង្វល់​អំពី​សិទ្ធិ​មនុស្ស​ជាក់លាក់​មក​ពិភាក្សា​ជា​សាធារណៈ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ដែល​រួមមាន​ដូចជា​ បញ្ហា​ការបង្ក្រាប​លើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គមស៊ីវិល និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បញ្ហា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​មក​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា និង​អំពើ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​ហ្វីលីពីន ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី និង​សិង្ហបុរី។

អ្នកស្រី អេលែន ផៀរសិន បញ្ជាក់​បន្ថែម​ថា អូស្ត្រាលី​នឹង​ប្រព្រឹត្តិ​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​មិន​ផ្ដោត​លើ​សារសំខាន់​នៃ​ការ​គោរព​បញ្ហា​សិទ្ធិមនុស្ស ដោយសារ​តែ​ភ័យ​ខ្លាច​ថា ខ្លួន​នឹង​រុញច្រាន​ឲ្យ​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​នោះ ងាក​ទៅ​រក​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ជាង​មុន។ អ្នកស្រី​ថា ការប្រកួត​ប្រជែង​ជាមួយ​ចិន នឹង​ក្លាយ​ជា​លទ្ធផល​អាក្រក់​បំផុត មិន​មែន​សម្រាប់​តែ​ប្រជាពលរដ្ឋ​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

អ្នកស្រី អេលែន ផៀរសិន គូស​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-​អូស្ត្រាលី មិន​គួរ​តែ​ជា​ឱកាស​មួយ​ក្នុង​ការ​ជួបជុំ​ជាមួយ​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ទេ ក៏​ប៉ុន្តែ​គួរ​តែ​ជា​ឱកាស​មួយ ក្នុង​ការគាបសង្កត់​ក្រុម​មេដឹកនាំ​ទាំងនោះ អំពី​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

បន្ថែម​ពី​លើ​នេះ អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) កាល​ពី​ថ្ងៃ​ទី​១៤ មីនា បាន​ចេញ​ផ្សាយ​សេចក្ដីថ្លែងការណ៍​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​រដ្ឋ​សមាជិក​អាស៊ាន ត្រូវ​ផ្ដល់​អាទិភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​តែ​កើន​ឡើង​ មក​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល។ ក្នុង​រយៈពេល​១២ ខែ​ខាង​មុខ​នេះ ប្រទេស​ចំនួន​បី ក្នុង​តំបន់​អាស៊ាន នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​មួយ ក្នុង​នោះ​មាន​ប្រទេស​ ម៉ាឡេស៊ី កម្ពុជា និង​ថៃ។ អង្គការ​នេះ​ថា មាន​សញ្ញាណ​ដ៏​គួរ​ឲ្យ​បារម្ភ​រួច​ជាស្រេច​ទៅ​ហើយ ដែល​ថា អាជ្ញាធរ​ក្នុង​ប្រទេស​ទាំង​នេះ នឹង​ប្រើប្រាស់​ការបោះឆ្នោត​ខាង​មុខ​នេះ ដើម្បី​រឹត​បន្តឹង​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

បើ​ទោះ​បី​ជា​មាន​ការ​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​របស់​លោក​នាយករដ្ឋមន្ត្រី ម៉ាល់ខុម ធឺនប៊ុល ឲ្យ​លើក​យក​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ក្នុង​ក្រុម​ប្រទេស​អាស៊ាន​ទាំង​នេះ​ក៏​ដោយ លោក​ អៀ សុផល​ មិន​មាន​ជំនឿ​ទាល់​តែ​សោះ​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ហ៊ាន​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​នេះ​មក​និយាយ​ជាមួយ​មេដឹកនាំ​ទាំងនេះ​ជា​សាធារណៈ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ឡើយ។ លោក​ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​មាន​ការចាប់​អារម្មណ៍​នឹង​រឿង​ជំនួញ​ពាណិជ្ជកម្ម មិនមែន​បញ្ហា​សិទ្ធិមនុស្ស​នោះ​ទេ។​លោក​បញ្ជាក់​ថា នេះ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ព្យាយាម​បង្កើន​អាជីវកម្ម​ជាមួយ​អាស៊ាន ក្នុង​គោលដៅ​ដើម្បី​ឲ្យ​ក្រុម​ប្រទេស​ក្នុង​ប្លុក​នេះ ទិញ​ផលិតផល​នាំ​ចេញ​របស់​អូស្ត្រាលី និង​ផ្សព្វផ្សាយ​អំពី​ផលិតផល​អូស្ត្រាលី ហើយ​ថា ព្រឹត្តិការណ៍​នេះ​ក៏​គឺ​ជា​រឿង​កិត្យានុភាព​ជាតិ​មួយ​របស់​ប្រទេស​អូស្ត្រាលី​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត លោក​ថា ប្រទេស​អូស្ត្រាលី​ខ្លួន​ឯង​ដែល​ជា​ម្ចាស់ផ្ទះ ក៏​មាន​កេរ្តិ៍ឈ្មោះ មិន​សូវ​ល្អ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​ជនភៀសខ្លួន ដោយ​ប្រទេស​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ដ៏​ចម្រូងចម្រាស​មួយ ជាមួយ​កម្ពុជា​កាល​ពី​ឆ្នាំ២០១៤ ជា​ថ្នូរ​នឹង​ការ​ផ្តល់​ទឹកប្រាក់​ជាង ៤០​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា ដែល​កិច្ចព្រមព្រៀង​នេះ​ទទួល​រង​នូវ​ការរិះគន់ និង​ថ្កោលទោស​ពី​អន្តរជាតិ។

យ៉ាង​ណា​ក៏​ដោយ​ កាសែត​ South China Morning Post របស់​ចិន​ ក្នុង​អត្ថបទ​ចុះ​ផ្សាយ​ថ្ងៃ​ទី១៥ មីនា បាន​ស្រង់​ប្រសាសន៍​អ្នកស្រី ជូលី​ ប៊ីស៊ីព (Julie Bishop) រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ដែល​អ្នកស្រី​បាន​បញ្ជាក់​ថា របប​ក្រុង​កង់បេរ៉ា (Canberra) មាន​បំណង​នឹង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​អស់​ទាំង​នេះ។ អ្នកស្រី​ថា នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​អូស្ត្រាលី ក្នុង​ការ​លើក​យក​បញ្ហា​កង្វល់​នានា​មក​ពិភាក្សា​ដោយ​ផ្ទាល់​មុខ ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន ពាក់ព័ន្ធ​នឹង​គុណ​តម្លៃ​ដែល​អូស្ត្រាលី​បាន​ផ្សារភ្ជាប់​ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស។ កាសែត​ដដែល​នេះ ក៏​បាន​ស្រង់​ប្រសាសន៍​លោក ចន ផ្លាកស៍ឡែន​(John Blaxland) នាយក​វិទ្យាស្ថាន​អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) ដែល​លោក​ថា លោក​មិន​រំពឹង​ទាល់​តែ​សោះ​ថា នឹង​មាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណា​មួយ​នោះ​ទេ​ពី​កិច្ចប្រជុំ​កំពូល​នេះ តែ​លោក​ថា កិច្ចប្រជុំ​កំពូល​នេះ ស្តែង​ឲ្យ​ឃើញ​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​ក្នុង​ការ​ផ្សាភ្ជាប់​របស់​អូស្ត្រាលី​ជាមួយ​ក្រុម​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

យ៉ាង​ណា​ក៏​ដោយ ដោយ​មើល​ឃើញ​ពី​សន្ទុះ​ពុះ​កញ្ជ្រោល​នៃ​ទឹកចិត្ត និង​ជំហរ​ដ៏​មោះមុត មិន​រួញរា​របស់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ក្នុង​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ផ្តើម​ចេញ​ពី​សារ​ហិង្សា​ដ៏​ចម្រូង​ចម្រាស់​នេះ​ លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រមាន​ផ្ទួនៗ​ជា​បន្ត​បន្ទាប់​អំពី​លទ្ធភាព​ដែល​លោក​នឹង​ធ្វើ​ឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​អូស្ត្រាលី​អាម៉ាស់​មុខ តាមរយៈ​ការ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ឬ​ការ​រាំង​ខ្ទប់​មិន​ឲ្យ​អាស៊ាន​អាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ណា​មួយ​បាន​ជាមួយ​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​ហេតុផល​ថា រាល់​ការ​សម្រេច​របស់​អាស៊ាន​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ជា​ឯកច្ឆ័ន្ធ ដែល​នេះ​ទំនង​ជា​លក្ខខណ្ឌ​មួយ​ដែល​លោក​ចង់​ប្រាប់​ទៅ​អូស្ត្រាលី​ថា មិន​ត្រូវ​លើក​យក​បញ្ហា​ផ្ទៃក្នុង​នៅ​កម្ពុជា មក​គាប​សង្កត់​លោក​នៅ​ក្នុង​ពេល​ជំនួប​ទ្វេភាគី ឬ​ក្នុង​កិច្ចប្រជុំ​ជា​លក្ខណៈ​ពហុភាគី​នោះ​ឡើយ។ លោក​ ហ៊ុន សែន​ ក៏​ធ្លាប់​បាន​ថ្លែង​ដោយ​មោទនភាព​ថា វត្តមាន​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ​គឺ​ជា​កិត្តិយស​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​រដ្ឋាភិបាល​អូស្ត្រាលី គួរ​តែ​អរគុណ​លោក​ទៅ​វិញទេ​ ហេតុដូច្នេះ​ហើយ​លោក​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​ ត្រូវ​តែ​ទទួល​ខុសត្រូវ​ពី​វត្តមាន​របស់​លោក​នៅ​អូស្ត្រាលី​នេះ​។

«ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​ខ្ញុំ ទៅ​ប្រទេស​អូស្ត្រាលី។ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ មិនមែន​ខ្ញុំ​ព្រះករុណា​ខ្ញុំ ត្រូវ​ទៅ​ជិះ​តាក់ស៊ី​ទេ។ ជិះ​ឡាន​ដាក់​ទង់ជ័យ ... បើ​ប្រទេស​ណា​ជិះ​ឡាន​ដាក់​ស្អី គឺ​ដាក់​ដូច​គ្នា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឯករាជ្យ អធិបតេយ្យ​មួយ ហើយ​ក៏​ជា​សមាជិក​អាស៊ាន។ បើ​អាស៊ាន​មាន​តែ ៩ គឺ​មិន​ហៅ​ថា​អាស៊ាន​ទេ។ ហើយ​បើ​សិន​ជា​អាស៊ាន កម្ពុជា​ប្រឆាំង​ជំទាស់​នឹង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ណា​មួយ ក៏​វា​ទៅ​មិន​រួច​ដែរ។ ... ហើយ​ពេល​ហ្នឹង​អូស្ត្រាលី គួរ​តែ​អរគុណ ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​គាំទ្រ ...»។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល​ ប្រាប់​អា​ស៊ី​សេ​រី​តាម​សារ​អេឡិចត្រូនិក ថា ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​រាំង​ខ្ទប់​មិន​ឲ្យ​អាស៊ាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ណា​មួយ​ជាមួយ​អូស្ត្រាលី ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី ពោល​គឺ​ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​កាល​ពី​ឆ្នាំ​២០១២ និង​២០១៦ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កន្លងទៅ​ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ចិន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដណ្ដើម​ប្រជុំ​កោះ​ដ៏​រ៉ាំរ៉ៃ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នោះ​លោក ហ៊ុន សែន នឹង​បំផ្លាញ​កិត្តិយស​របស់​អាស៊ាន​ទាំង​មូល ហើយ​ពេល​នោះ របប​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​របប​ដែល​គ្មាន​ប្រទេស​ណា​មួយ​រាប់​រក​ឡើយ។

ដោយឡែក​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ី​អាគ្នេយ៍​របស់ សិង្ហបុរី (Singapore’s ISEAS-Yusof Ishak Institute) លោក​បណ្ឌិត ឈាង វណ្ណរិទ្ធ វិញ លោក​យល់​ថា​ សេណារីយ៉ូ ដែល​ថា​លោក ហ៊ុន សែន អាច​នឹង​រាំង​ខ្ទប់​មិន​ឲ្យ​អាស៊ាន-​អូស្ត្រាលី​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ណា​មួយ​ ក្រោយ​កិច្ចប្រជុំ​កំពូល​នេះ គឺ​នឹង​មិន​កើត​មាន​ឡើយ ព្រោះ​ថា​ អូស្ត្រាលី​ទំនង​ជា​នឹង​មិន​យក​បញ្ហា​កម្ពុជា​ទៅ​និយាយ​ជា​លក្ខណៈ​ពហុភាគី​នោះ​ទេ។

« អញ្ចឹង​ទេ នឹង​មិន​មាន​ប្រតិកម្ម​ណា​មួយ​ពី​កម្ពុជា​ក្នុង​ការ​វ៉េតូ ឬ​ក៏​ទប់​មិន​ឲ្យ​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម​ណា​មួយ​រវាង​អូស្ត្រាលី និង​អាស៊ាន​ហ្នឹង​ទេ។ ហើយ​ខ្ញុំ​គិត​ថា នៅ​ក្នុង​វិស័យ​ការទូត និង​ការបរទេស យើង​មិន​ត្រូវ​ប្រើ​អារម្មណ៍ ដើម្បី​នឹង​ឆ្លើយ​តប​ទៅ​លើ​អ្វី​មួយ​បាន​ទេ។ គឺ​យើង​ប្រើ​ជា​លក្ខណៈ​យុទ្ធសាស្ត្រ ដែល​មាន​ការ​គិតគូរ​ជា​យុទ្ធសាស្ត្រ ដោយ​គិត​ពី​ផលប្រយោជន៍​ខ្លី មធ្យម និង​យូរ​អង្វែង។ ហើយ​អ្វី​ទៅ​ជា​ផលប្រយោជន៍​ជាតិ អ្វី​ទៅ​ជា​ផលប្រយោជន៍​តំបន់ និង​អ្វី​ទៅ​ជា​ផលប្រយោជន៍​អាស៊ាន ... យើង​ត្រូវ​យក​មក​ដាក់​ថ្លឹងថ្លែង​មើល​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ទាំង​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​តំបន់ »

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​អស់ លើក​លែង​តែ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូទឺតេ (Rodrigo Duterte) នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី​នេះ ដែល​នឹង​មាន​ផងដែរ កិច្ចប្រជុំ​កំពូល​វិស័យ​ធុរកិច្ច និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។ ក្រុម​មេដឹកនាំ​អាស៊ាន​ស្ទើរ​តែ​ទាំងអស់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ សុទ្ធ​តែ​ជា​មេដឹកនាំ​រដ្ឋាភិបាល និង​របប​គ្រប់គ្រង​ប្រទេស ដែល​មាន​ការ​បដិសេធ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន។

ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី១៤ មីនា នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ាល់ខុម ធឺនប៊ុល ថ្លែង​ថា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី​នេះ គឺ​ជា​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​តំបន់​ទាំង​ពីរ​មាន​សន្តិសុខ និង​វិបុលភាព​ប្រសើរ​ជាង​មុន។ លោក​ថា អូស្ត្រាលី​ និង​អាស៊ាន គឺ​ជា​ដៃគូ​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ដ៏​ជិត​ដិត ហើយ​មេដឹកនាំ​អាស៊ាន និង​រូប​លោក​ផ្ទាល់ នឹង​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​នានា​ក្នុង​ការ​បង្កើន​ការ​ផ្សារភ្ជាប់​លើ​វិស័យ​អប់រំ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដទៃ​ទៀត​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី​នេះ។

ក្រៅ​ពី​ជំនួប​រវាង​ក្រុម​មេដឹកនាំ​កំពូល​ប្រចាំ​តំបន់​អាស៊ាន និង​អូស្ត្រាលី​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី​នេះ ក៏​នឹង​មាន​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​ពីរ​ផ្សេង​ទៀត​ផង​ដែរ​ គឺ​កិច្ចប្រជុំ​វិស័យ​ធុរកិច្ច​អាស៊ាន-​អូស្ត្រាលី ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ការងារ ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​តំបន់​អាស៊ាន និង​អូស្ត្រាលី និង​កិច្ចប្រជុំ​ស្វែងរក​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ អូស្ត្រាលី​បាន​កំណត់​បង្កើត​សប្ដាហ៍​ទិវា​អាស៊ាន-​អូស្ត្រាលី ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៨ មីនា ដែល​រួមមាន​ព្រឹត្តិការណ៍​អប់រំ កីឡា និង​វប្បធម៌ ដើម្បី​បង្ហាញ​អំពី​ការ​ផ្សា​ភ្ជាប់​រវាង​អូស្ត្រាលី និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ សមាគម​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជិត ៦៥០​លាន​នាក់ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​ទីបី របស់​ប្រទេស​អូស្ត្រាលី ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រហូត​ដល់​ទៅ​ជាង ៧២,១១ ពាន់​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។